ប័ណ្ណពិសេសនេះមានពណ៌ផ្ទៃមេឃ ដែលមានសណ្ឋាន និងរូបរាងមិនសូវខុសគ្នាប៉ុន្មានពីកាតអេធីអ៊ឹម (ATM Card) ដោយនៅលើកាតនេះមានសរសេរថា រួមគ្នាប្រឆាំងអំពើពុករលួយ។
នាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានអោយដឹងនៅថ្ងៃទី១៩ សីហា នេះថា ប័ណ្ណនេះបង្កើតឡើងក្នុងចំណែកមួយអោយប្រជាពលរដ្ឋ ជាពិសេសយុវវ័យរួមគ្នាប្រឆាំងអំពើពុករលួយក្នុងបុព្វហេតុស្នេហាជាតិ ហើយអ្នកប្រើប្រាស់ប័ណ្ណនេះមិនមានអភ័យឯកសិទ្ធិគំរាមកំហែងអ្នកណាម្នាក់ ឬមាននិន្នាការគាំទ្រគណបក្សនយោបាយណាមួយ ដើម្បីផលប្រយោជន៍ខ្លួនឡើយ។
លោក ព្រាប កុល៖ «មូលហេតុដែលយើងបង្កើតប័ណ្ណនេះឡើង គឺដើម្បីអោយប្រជាពលរដ្ឋ និងសាធារណជនគាត់បានចូលរួមនៅក្នុងការរាយការណ៍អំពីបញ្ហាពុករលួយ ដែលគាត់បានជួបប្រទះ។ អ៊ីចឹង នៅក្នុងប័ណ្ណហ្នឹង មានលេខទូរស័ព្ទហតឡាញ (Hotline) ដែលគាត់អាចខល (Call) លេខ ១២៩២ និងលេខការេប្រាំពីរ (៧៧៧៧) ជាលេខអង្គការតម្លាភាព លេខ ១២៨២ ជាលេខអង្គភាពប្រឆាំងអំពើពុករលួយ»។
ប្រធានកម្មវិធីនៃកម្មវិធីជំរុញការចូលរួមរបស់ប្រជាពលរដ្ឋ និងយុវជន នៃអង្គការតម្លាភាពកម្ពុជា អ្នកស្រី នៅ សុវត្ថា បានបញ្ជាក់ថា ប័ណ្ណនេះក៏អាចផ្តល់អត្ថប្រយោជន៍ជាច្រើនទៀតដល់អ្នកដែលមានប័ណ្ណនេះ ដើម្បីទទួលបានព័ត៌មានផ្សេងៗដែលទាក់ទងនឹងវគ្គបណ្ដុះបណ្ដាលនានា កម្មវិធីសិក្ខាសាលា ពាក្យស្លោកផ្សេងៗក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ តាមរយៈទូរស័ព្ទដៃ អ៊ីម៉ែល (Email) ហ្វេសប៊ុក (Facebook) និងវែបសាយ (Website) របស់អង្គការតម្លាភាពកម្ពុជា។ បន្ថែមពីអត្ថប្រយោជន៍ទាំងនេះ អ្នកដែលមានប័ណ្ណនេះ នឹងទទួលបានការបញ្ចុះតម្លៃពីក្រុមហ៊ុនមួយចំនួន អង្គការផ្សេងៗ រោងកុននានា និងហាងកាត់វ៉ែនតាជាដើម ដើម្បីជាការលើកតម្កើងវិស័យឯកជន ក្នុងការចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ។
អ្នកស្រី នៅ សុវត្ថា៖ «បច្ចុប្បន្ន យើងមានក្រុមហ៊ុនប្រហែលជា ១៦ ដែលក្នុងនោះមានជាភោជនីយដ្ឋាន ហាងម៉ាស្សារបៀបធ្វើសរសៃ ជាហាងស្ប៉ា ហើយនិងក្រុមហ៊ុនកាត់កញ្ចក់វ៉ែនតា ធ្វើវ៉ែនតា ក្រុមហ៊ុន ភោជនីយដ្ឋានអីជាដើមហ្នឹង ហើយរោងកុនស្ថិតក្នុងដំណើរការដែលភ្នាក់ងាររបស់យើងកំពុងតែចរចាហាងកាហ្វេអីជាដើម ដែលគាត់យល់ព្រមចុះតម្លៃពី ៣ ទៅ ៣៥%»។
លោក ព្រាប កុល បានប្រាប់អោយដឹងទៀតថា មកដល់ពេលនេះ កាតនេះមានចំនួនជិត ២ម៉ឺន ដែលបោះពុម្ពដោយអង្គការតម្លាភាពកម្ពុជា ប៉ុន្តែក៏មានការសហការជាមួយអង្គភាពប្រឆាំងអំពើពុករលួយដែរ ដើម្បីចែកជូនប្រជាពលរដ្ឋដែលចង់ចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយ រាយការណ៍អំពីអំពើពុករលួយ ដោយធានាលាក់ការណ៍សម្ងាត់ដល់អ្នកដែលបានរាយការណ៍ទាំងនោះ ប៉ុន្តែអាទិភាពទីមួយ គឺផ្ដោតតែលើបណ្ដាញក្រុមការងារនៃអង្គការតម្លាភាព ដែលគាត់បានយល់ដឹងពីការប្រើប្រាស់កាតនេះ។ មិនតែប៉ុណ្ណោះ ក្រៅពីបណ្ដាញបច្ចុប្បន្ន ដែលភាគច្រើនជាយុវជននោះ អង្គការតម្លាភាពនឹងពង្រីកវិសាលភាពបណ្ដាញនេះទៅកាន់ប្រជាពលរដ្ឋទូទៅបន្ថែមទៀត៖ «បណ្ដាញបច្ចុប្បន្ននេះ គឺជាយុវជន ហើយតទៅមុខទៀត យើងនឹងពង្រីកវិសាលភាពបណ្ដាញហ្នឹងរហូតដល់អ្នកធ្វើការងារក្នុងស្ថាប័នផ្សេងៗ ក៏ដូចជាអាជីវករដែរ អោយគាត់មានកាត មានព័ត៌មាន ដើម្បីជាការចូលរួមចំណែកផ្តល់ព័ត៌មានទាក់ទងនឹងអំពើពុករលួយ»។
បច្ចុប្បន្ននេះ អង្គការតម្លាភាពកម្ពុជា កំពុងបន្តរៀបចំអំពីការប្រើប្រាស់កាតនេះ ដែលកាតនេះបានចាប់ផ្ដើមអោយប្រើប្រាស់ហើយ ហើយនឹងសម្ពោធអោយចាប់ផ្ដើមប្រើប្រាស់ជាផ្លូវការនាដើមខែកញ្ញា ឆ្នាំ២០១៣ ខាងមុខនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
