អង្គការ​តម្លាភាព​កម្ពុជា​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចូល​រួម​ប្រឆាំង​អំពើ​ពុករលួយ

អង្គការ​តម្លាភាព​កម្ពុជា (Transparency International Cambodia) អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្ដា​រាជធានី​ខេត្ត​ទាំង​អស់ ចូល​រួម​ប្រឆាំង​អំពើ​ពុករលួយ តាម​រយៈ​ការ​ប្រកួត​គូរ​គំនូរ​ការ​ប្រកួត​ចម្រៀង​សរសេរ​កំណាព្យ និង​ការ​ប្រកួត​អត្ថបទ​តែង​សេចក្ដី។

​មន្ត្រី​កម្មវិធី​យុវជន​នៃ​អង្គការ​តម្លាភាព​កម្ពុជា លោក លី ពិជ័យ មាន​ប្រសាសន៍​ថា គោលបំណង​សំខាន់​នៃ​ការ​ប្រកួត​ប្រជែង​នេះ គឺ​ដើម្បី​ឲ្យ​ពលរដ្ឋ​ដែល​មាន​ឆន្ទៈ​ប្រឆាំង​អំពើ​ពុករលួយ​អាច​លាត​ត្រដាង​ពី​បំណង​និង​គំនិត​របស់​ខ្លួន តាម​រយៈ​ជា​ការ​គូរ​គំនូរ តែង​ជា​បទ​ចម្រៀង សរសេរ​កំណាព្យ និង​ជា​ការ​តែង​សេចក្ដី​ក៏​បាន។

​លោក លី ពិជ័យ៖ «ការ​ចូល​រួម​អំពើ​ពុករលួយ​ក្នុង​នាម​គាត់​ជា​ពលរដ្ឋ​ក្តី ក្នុង​នាម​គាត់​ជា​យុវជន​ក្តី គាត់​អាច​ធ្វើ​បាន​អ្វី​ខ្លះ គាត់​មាន​ស្មារតី​ប្រឆាំង​អំពើ​ពុករលួយ​ក្នុង​ប្រទេស​កម្ពុជា​យើង។ គឺ​ជា​ខ្លឹមសារ​ដែល​យើង​ចង់​ឲ្យ​ប្រជាពលរដ្ឋ​សម្ដែង​មតិ​ដោយ​ខ្លួនឯង តាម​រយៈ​ការ​ប្រកួត​នេះ​ខ្លះ​គាត់​មិន​អាច​និយាយ មិន​ហ៊ាន​និយាយ​សរសេរ​ជា​រឿង​អំពី​គេ​គំរាម​ផ្សេងៗ​បាន»

​បេក្ខជន​ដែល​ចាប់​អារម្មណ៍​ចូលរួម​ប្រកួត​ប្រជែង​នេះ អាច​ទាក់ទង​ទៅ​កាន់​លេខ​ទូរស័ព្ទ ០១០ ៥៥៥ ៨៧៦ ឬ​លេខ ០៩៧ ៦៨៨៨ ៨២៥។ ថ្ងៃ​ផុត​កំណត់​ចូល​រួម​ប្រកួត​នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០១៤ ហើយ​ថ្ងៃ​ប្រកាស​លទ្ធផល​នឹង​ត្រូវ​ប្រកាស​នៅ​ក្នុង​ទិវា​យុវជន​អន្តរជាតិ នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៤។ ជយលាភី​លេខ​១ ទទួល​បាន​ប្រាក់​រង្វាន់ ៤០០​ដុល្លារ។ ជយលាភី​លេខ​២ ទទួល​ប្រាក់​រង្វាន់ ៣០០​ដុល្លារ និង​ជយលាភី​លេខ​៣ ទទួល​ប្រាក់​រង្វាន់ ២០០​ដុល្លារ។ លក្ខខណ្ឌ​នៃ​ការ​ប្រកួត​គឺ​រាល់​ស្នាដៃ​ប្រកួតប្រជែង​ទាំង​អស់ ត្រូវ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន ហាម​ថត​ចម្លង និង​ផ្ញើ​អត្ថន័យ​សង្ខេប​នៃ​ស្នាដៃ​នីមួយៗ មក​ជាមួយ»។

​អង្គការ​តម្លាភាព​កម្ពុជា មាន​គណៈកម្មការ​វិន័យ​និង​ជ្រើសរើស​គំនូរ ឬ​អត្ថបទ​ប្រកួតប្រជែង។ ក្នុង​លក្ខខណ្ឌ​គំនូរ ឬ​អត្ថបទ​សរសេរ ឬ​គូរ បែប​បរិហារកេរ្តិ៍​បុគ្គល ឬ​ស្ថាប័ន​ណា​មួយ​នោះ គណៈកម្មការ​នេះ​អាច​ទម្លាក់​ចេញ​ពី​ការ​ជ្រើស​រើស៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។