គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មរបស់រដ្ឋសភា បានចាត់ទុកថា ក្រុមហ៊ុនសូគីម៉ិច (SOKIMEX) របស់លោកឧកញ៉ា សុខ គង់ ដែលទទួលសិទ្ធិលក់សំបុត្រឱ្យភ្ញៀវទេសចរបរទេសចូលទស្សនាប្រាសាទបុរាណក្នុងខេត្តសៀមរាបជាច្រើនឆ្នាំមកហើយមិនបានដេញថ្លៃត្រឹមត្រូវទេ។
គណៈកម្មការទី២នៃរដ្ឋសភា បានចោទប្រកាន់ថា រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសូគីម៉ិច បានធ្វើកិច្ចសន្យាជាមួយគ្នាក្នុងរឿងប្រមូលចំណូលពីអង្គរវត្តនោះ គឺមិនត្រឹមត្រូវតាមច្បាប់ឡើយ។
ប្រធានគណៈកម្មការទី២ នៃរដ្ឋសភាបានដឹកនាំសមាជិកដែលជាតំណាងរាស្ត្រចំនួន ៩រូប មកដល់ខេត្តសៀមរាប កាលពីថ្ងៃត្រង់ថ្ងៃអាទិត្យ ទី២១ ខែធ្នូ ក្នុងបំណងស្រាវជ្រាវអំពីចំណូលទេសចរណ៍ពិតប្រាកដដើម្បីទប់ស្កាត់ការកេងបន្លំប្រាក់ចំណូលជាតិ។
ក្រុមគណៈកម្មការរបស់រដ្ឋសភាទាំងនោះ មានគម្រោងស្នាក់នៅទឹកដីខេត្តសៀមរាប រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ធ្នូ ទៅ។
អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា គឺលោក សុន ឆ័យ។ លោកប្រសាសន៍ថា វត្តមានរបស់លោកនិងសមាជិកគណៈកម្មការចំនួន ៨រូបទៀត នៅខេត្តសៀមរាប ពេលនេះ គឺដើម្បីស្រាវជ្រាវលើចំណូលដែលបានពីការលក់សំបុត្រឱ្យអ្នកទេសចរបរទេសចូលទស្សនាប្រាសាទបុរាណ តើបានចំនួនប៉ុន្មានលានដុល្លារពិតប្រាកដក្នុង១ឆ្នាំៗ។
លោក សុន ឆ័យ បញ្ជាក់ថា បើមើលតាមរបាយការណ៍របស់អាជ្ញាធរអប្សរា គឺចំណូលដែលបានពីការលក់សំបុត្រឱ្យអ្នកទេសចរបរទេសចូលទស្សនាអង្គរនោះ បានប្រហែលជាង ៣០លានដុល្លារក្នុង១ឆ្នាំៗ ក៏ប៉ុន្តែរបាយការណ៍នេះផ្ទុយពីក្រុមអ្នកឯកទេសដែលរកឃើញថា ភ្ញៀវទេសចរណ៍បរទេសម្នាក់អាចស្នាក់នៅខេត្តសៀមរាប រយៈពេលយ៉ាងតិចក៏ ៣ថ្ងៃ។ ចំណែកឯការលក់សំបុត្រឱ្យចូលទស្សនាប្រាសាទ គឺមានតម្លៃចាប់ពី ២០ដុល្លារ ៤០ និង ៦០ដុល្លារនោះ ធ្វើឱ្យប្រាក់ចំណូលជាតិដែលរកបានពីវិស័យទេសចរណ៍មិនតិចជាង ១៥០លានដុល្លារក្នុង១ឆ្នាំឡើយ។
លោក សុន ឆ័យ ឱ្យដឹងថា គណៈកម្មការទី២នៃរដ្ឋសភានឹងជួបជាមួយមន្ត្រីអាជ្ញាធរអប្សរា ជាមួយអភិបាលខេត្តសៀមរាប និងអ្នកគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីស្រាវជ្រាវរកមូលហេតុនៃការធ្វើឱ្យបាត់ប្រាក់ចំណូលជាតិដ៏ច្រើននោះ។ សមាជិកសភាមកពីគណប្រឆាំងបានចាត់ទុកការប្រគល់អង្គរវត្ត ទៅឱ្យក្រុមហ៊ុន សុខ គង់ លក់សំបុត្រយកលុយពីអ្នកទេសចរបរទេសនោះថា គឺមិនបានដេញថ្លៃជាសាធារណៈទេ ឯកិច្ចសន្យារវាងរដ្ឋាភិបាលជាមួយក្រុមហ៊ុនសូគីម៉ិច ក៏មិនត្រឹមត្រូវដែរ។
មន្ត្រីអាជ្ញាធរអប្សរាឱ្យដឹងថា គេបានត្រៀមខ្លួនជាស្រេចហើយ ដើម្បីចាំស្វាគមន៍គណៈកម្មការទី២នៃរដ្ឋសភាដែលនឹងស្រាវជ្រាវអំពីប្រាក់ចំណូលទេសចរណ៍នោះ។
មន្ត្រីនាយកដ្ឋានផ្សព្វផ្សាយរបស់អាជ្ញាធរអប្សរា លោក លឹម ស្រ៊ួ ឱ្យដឹងថា ថ្នាក់ដឹកនាំរបស់អាជ្ញាធរនេះនឹងរៀបចំទទួលគណៈកម្មការទី២នៃរដ្ឋសភា ដែលមកស្រាវជ្រាវជុំវិញចំណូលទេសចរណ៍នៅថ្ងៃច័ន្ទ ចាប់ពីម៉ោង ៩ព្រឹក ក៏ប៉ុន្តែលោកមិនដឹងច្បាស់លាស់ថា តើអាជ្ញាធរអប្សរានឹងមានរៀបចំឯកសារអ្វីខ្លះសម្រាប់បំភ្លឺដល់ក្រុមគណៈកម្មការសភានោះទេ។
ចំណែកក្រុមអង្គការក្រៅរដ្ឋាភិបាលក៏ស្វាគមន៍គណៈកម្មការទី២នៃរដ្ឋសភា ដែលចុះស្រាវជ្រាវចំណូលទេសចរណ៍នៅខេត្តសៀមរាប នោះដែរ ដោយគេចាត់ទុកថា វាអាចជាសញ្ញាដែលដាស់ឱ្យមន្ត្រីរដ្ឋាភិបាលចាប់ផ្ដើមភ្ញាក់ខ្លួន ហើយគ្រប់គ្រងចំណូលជាតិឱ្យត្រឹមត្រូវ និងប្រើប្រាស់ចំគោលដៅ។
មន្ត្រីសម្របសម្រួលបណ្ដាញរួបរួមដើម្បីគណនេយភាពសង្គមអាស៊ីបូព៌ា និងអាស៊ី-ប៉ាស៊ីហ្វិកប្រចាំកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថា នេះគឺជាការចាប់ផ្ដើមមួយរបស់អ្នកតំណាងរាស្ត្រទៅលើការលើកកម្ពស់អភិបាលកិច្ច និងចង់ឱ្យសេដ្ឋកិច្ចកើនឡើងតាមរយៈការប្រមូលចំណូលដោយត្រឹមត្រូវនិងសុចរិតភាពច្បាស់លាស់។
ការចាប់ផ្ដើមត្រួតពិនិត្យទៅលើចំណូលដែលបានពីវិស័យទេសចរណ៍នេះធ្វើឡើងនៅស្របពេលដែលចំនួនអ្នកទេសចរណ៍មកកាន់កម្ពុជា កាន់តែច្រើនឡើងៗ។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ធ្លាប់មានប្រសាសន៍កាលពីថ្ងៃទី៧ ខែធ្នូ កន្លងទៅក្នុងពេលបើកព្រឹត្តិការណ៍រត់ប្រណាំងពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិថា រយៈពេល ១០ខែ ឆ្នាំ២០១៤ គឺកម្ពុជា ទទួលបានភ្ញៀវទេសចរណ៍បរទេស ៣.៧លាននាក់។ ប៉ុន្តែរយៈពេល ២ខែចុងក្រោយគឺចំនួនអ្នកទេសចរធ្លាក់ចុះបន្តិច។ ទោះយ៉ាងណាលោក ថោង ខុន រំពឹងថា ពេញ១ឆ្នាំ២០១៤ កម្ពុជានៅតែអាចទទួលបានកំណើនអ្នកទេសចរបរទេសខ្ពស់។
អនុប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា លោក សុន ឆ័យ រិះគន់ថា ខេត្តសៀមរាប ថ្វីត្បិតតែជាតំបន់ទេសចរណ៍បរទេស ក៏ប៉ុន្តែការរៀបចំផ្លូវថ្នល់និងសោភ័ណភាពទីក្រុងបច្ចុប្បន្ននៅមិនទាន់ល្អស្អាត និងសមរម្យទេបញ្ហានេះ គឺពាក់ព័ន្ធនឹងការគ្រប់គ្រងចំណូលដែលបានពីវិស័យទេសចរណ៍មិនល្អ។
លោក សុន ឆ័យ បញ្ជាក់ថា ការចុះស្រាវជ្រាវទៅលើចំណូលទេសចរណ៍ទស្សនាអង្គរវត្តនេះ ប្រសិនបើរកឃើញថា មានការកេងបន្លំប្រាក់ចំណូលជាតិតាមរូបភាពអំពើពុករលួយ គឺប្រធានគណៈកម្មការទី២នៃរដ្ឋសភា មានសិទ្ធិដ៏ធំមួយធ្វើសំណើដាក់ជូនប្រធានសភាដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ដូចជាប្ដឹងទៅតុលាការនិងសមត្ថកិច្ច ឬក៏ហៅរដ្ឋមន្ត្រីដែលពាក់ព័ន្ធមកបន្ទោស។ ប៉ុន្តែប្រសិនបើប្រធានគណៈកម្មការទី២ មិនចាត់វិធានការលើបញ្ហានេះទេ គឺតំណាងរាស្ត្រម្នាក់ៗសុទ្ធតែមានសិទ្ធិធ្វើរឿងនេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
