ភ្ញៀវ​ទេសចរ​ត្អូញត្អែរ​ពី​សកម្មភាព​ចោរ​ឆក់​និង​លួច​នៅ​តាម​ឆ្នេរ​ខ្លះ​នា​ខេត្ត​ព្រះសីហនុ

ដោយ ដែន អយុធ្យា
2014.10.25
ឆ្នេរ​អូរឈើទាល ៦២០ ឆ្នេរ​អូរឈើទាល ខេត្ត​ព្រះសីហនុ នា​ពេល​រាត្រី កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៤។
RFA/Den Ayuthyea

ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ បាន​ត្អូញត្អែរ​អំពី​សកម្មភាព​ចោរកម្ម​កើត​មាន​ច្រើន​នៅ​តាម​តំបន់​ឆ្នេរ​មួយ​ចំនួន នា​ខេត្ត​ព្រះសីហនុ ពិសេស​នៅ​ពេល​រាត្រី ហើយ​ប៉ូលិស​បង្ក្រាប​មិន​បាន​ទាន់​ពេល។

ក្តី​ព្រួយ​បារម្ភ​នេះ ត្រូវ​អភិបាល​ខេត្ត​ព្រះសីហនុ និង​ស្នងការ​ប៉ូលិស​អះអាង​ថា ពេល​នេះ​មិន​មាន​ចោរកម្ម​កើត​ឡើង​ទៀត​ទេ ប៉ុន្តែ​ទទួល​ស្គាល់​ថា ពី​មុន​បាន​កើត​ឡើង​ពិត​មែន។

ភ្ញៀវ​ទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ ដែល​បាន​ទៅ​កម្សាន្ត​ខេត្ត​ព្រះសីហនុ បាន​រអ៊ូរទាំ​ថា ចោរ​លួច ឬ​ចោរ​ឆក់​កាបូប និង​សម្ភារៈ​ផ្សេងៗ បាន​កើត​មាន​គួរ​ឲ្យ​ព្រួយ​បារម្ភ​នៅ​តាម​តំបន់​ឆ្នេរ​មួយ​ចំនួន នា​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ ពិសេស​នៅ​ពេល​រាត្រី។ ផ្ដើម​ពី​បញ្ហា​នេះ ពួក​គេ​ក៏​បាន​បង្ហាញ​អារម្មណ៍​ខ្លាច​រអា ឬ​មិន​ហ៊ាន​នាំ​គ្រួសារ ឬ​គូសង្សារ ទៅ​កម្សាន្ត​តំបន់​ឆ្នេរ​នា​ខេត្ត​ព្រះសីហនុ ទៀត​ទេ​នា​ថ្ងៃ​អនាគត។

ភ្ញៀវ​ទេសចរ​ជនជាតិ​អង់គ្លេស ម្នាក់ ស្ថិត​ក្នុង​ចំណោម​អ្នក​ទេសចរ​បរទេស​ច្រើន​ទៀត បាន​ឲ្យ​ដឹង​ថា បទល្មើស​ចោរកម្ម​នៅ​តាម​ឆ្នេរ​ខេត្ត​ព្រះសីហនុ កន្លង​មក រូប​លោក​ធ្លាប់​ជូន​ដំណឹង​ទៅ​ស្ថានទូត​ខ្លួន​ប្រចាំ​ប្រទេស​កម្ពុជា ឲ្យ​ចេញ​សេចក្តី​អំពាវនាវ​ទៅ​ជនជាតិ​អង់គ្លេស ដែល​ចូល​មក​ទស្សនា​តំបន់​ឆ្នេរ​នា​ខេត្ត​ព្រះសីហនុ ឲ្យ​ប្រុង​ប្រយ័ត្ន​ពី​បញ្ហា​សន្តិសុខ និង​ចោរកម្ម។

ជន​បរទេស​រូប​នេះ បង្ហាញ​អារម្មណ៍​ខ្លាច​រអា ឬ​ស្ទើរ​រាងចាល កាល​បើ​រូប​លោក​បាន​ជួប​ប្រទះ​បទល្មើស​ចោរកម្ម​នៅ​តាម​តំបន់​ឆ្នេរ​ខេត្ត​ព្រះសីហនុ ហើយ​សមត្ថកិច្ច​មិន​អាច​បង្ក្រាប ឬ​ទប់ស្កាត់​ឲ្យ​ទាន់​ពេល​វេលា។

សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ និង​អាជីវករ​លក់​ដូរ​នៅ​តាម​ឆ្នេរ​មួយ​ចំនួន នា​ខេត្ត​ព្រះសីហនុ បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ចោរកម្ម​លួច​ម៉ូតូ ឬ​កាបូប និង​សម្ភារៈ​ផ្សេងៗ​របស់​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​តំបន់​នេះ​ពិត​មែន ពិសេស​កើត​មាន​ទៅ​លើ​ជន​បរទេស ដែល​ដើរ​កម្សាន្ត​ពេល​រាត្រី​នៅ​តាម​ឆ្នេរ​អូរឈើទាល ជាដើម។

ផ្ដើម​ពី​កង្វល់​នេះ ទាំង​ភ្ញៀវ​ទេសចរ និង​អាជីវករ​លក់​ដូរ​នៅ​តាម​ឆ្នេរ​ខេត្ត​ព្រះសីហនុ ស្នើ​ឲ្យ​សមត្ថកិច្ច​គ្រប់​ជំនាញ ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់ ឬ​ដាក់​កម្លាំង​ប្រចាំ​ការ​នៅ​ពេល​ថ្ងៃ និង​យប់​ជា​ប្រចាំ ដើម្បី​ឃ្លាំ​មើល​បទល្មើស​ផ្សេងៗ​ឲ្យ​បាន​ប្រសើរ​នា​ថ្ងៃ​អនាគត។

ទាក់ទិន​បញ្ហា​នេះ លោក​ឧត្តមសេនីយ៍ត្រី ស៊ាង កុសល ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​សុក្រ ទី​២៤ ខែ​តុលា ថា បច្ចុប្បន្ន​នេះ បទល្មើស​ចោរ​ឆក់ ឬ​លួច​កាបូប​របស់​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​តាម​ឆ្នេរ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ មិន​មាន​ទៀត​ទេ។ ប៉ុន្តែ លោក​ទទួល​ស្គាល់​ថា កន្លង​មក បទល្មើស​ទាំង​នេះ​ធ្លាប់​ធ្វើ​សកម្មភាព​នៅ​តាម​ឆ្នេរ​មួយ​ចំនួន​នា​ខេត្ត​ព្រះសីហនុ ពិត​មែន។

លោក ស៊ាង កុសល សង្កត់​ធ្ងន់​ថា កម្លាំង​សមត្ថកិច្ច​បាន​ដាក់​ពង្រាយ​នៅ​តាម​ទីតាំង​ដែល​ធ្លាប់​កើត​មាន​ចោរកម្ម មាន​ឆ្នេរ​អូរឈើទាល ឬ​ឆ្នេរ​អូរត្រេះ ជាដើម។ ប៉ុន្តែ​ក្នុង​ខែ​តុលា នេះ មិន​មាន​របាយការណ៍​ជុំវិញ​បទល្មើស​ណា​មួយ​កើត​ឡើង​ទៀត​ទេ៖ «ខ្ញុំ​តាម​ដាន​រាល់​ព្រឹក​មិន​មាន​ព័ត៌មាន​ចោរកម្ម​អី​ទេ ហើយ​នេះ​ជា​ព័ត៌មាន​មិន​ពិត​ទេ។ នៅ​ឆ្នេរ​អូរឈើទាល គឺ​យើង​មាន​កម្លាំង​របស់​យើង​ដាក់​ជា​ប្រចាំ​នៅ​ទីនោះ។ ដោយ​ឡែក​ឆ្នេរ​អូរត្រេះ មាន​ដាក់​ប៉ុស្តិ៍ ឬ​ការិយាល័យ​សន្តិសុខ​នៅ​ទីនោះ។ និយាយ​រួម នៅ​តាម​តំបន់​ឆ្នេរ គឺ​មាន​ប៉ូលិស​ដាក់​ប្រចាំ ដើម្បី​រង់ចាំ​ទទួល​ព័ត៌មាន​រាល់​ថ្ងៃ​អំពី​ជន​ល្មើស។ ពី​មុន មាន​ព័ត៌មាន​ពី​ជន​ល្មើស​នេះ​ដែរ ប៉ុន្តែ​ឥឡូវ​ខ្ញុំ​ឆែក​មើល​រាល់​ព្រឹក គឺ​អត់​មាន​ទេ»

បញ្ហា​នេះ​ដែរ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​ដែរ​ថា ចោរ​លួច ឬ​ឆក់​កាបូប​របស់​ភ្ញៀវ​ទេសចរ ដែល​បាន​កើត​មាន​នៅ​តាម​ឆ្នេរ​ខេត្ត​ព្រះសីហនុ គឺ​ភាគ​ច្រើន​ជា​កុមារ​មិន​ទាន់​គ្រប់​អាយុ ហើយ​មក​តាម​អាណាព្យាបាល ដែល​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ខេត្ត​នេះ។ ប៉ុន្តែ​លោក​ថា ករណី​នេះ ស្ថាប័ន​ពាក់ព័ន្ធ​ខេត្ត​បាន​សហការ​ជាមួយ​អង្គការ​ម្លប់​តាប៉ាង បាន​ប្រមូល​កុមារ​អនាថា​ទាំង​នោះ​ទៅ​ធ្វើ​ការ​អប់រំ ឬ​គ្រប់គ្រង។ លោក​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ មិន​មាន​ក្មេង​អនាថា​ដើរ​ធ្វើ​សកម្មភាព​លួច ឬ​ឆក់​កាបូប​ភ្ញៀវ​ទេសចរ​ទៀត​ទេ៖ «ការងារ​ហ្នឹង​យើង​បាន​ចាត់​ចែង​ដើម្បី​កែលំអ​ហើយ គឺ​ក្មេងៗ​ដែល​ឪពុក​ម្តាយ​វា​មក​ពី​ខេត្ត​ឆ្ងាយៗ ហើយ​ពេល​ភ្ញៀវ​ទុក​ខោអាវ​ចុះ​ងូត​ទឹក​ហ្នឹង ពី​មុន​កើត​មាន​បញ្ហា​លួច​ហ្នឹង​មែន ប៉ុន្តែ​ឥឡូវ​យើង​បាន​ពង្រឹង គឺ​ឲ្យ​ក្មេងៗ​ទាំងអស់​ហ្នឹង​ហៅ​វា​មក​ពន្យល់ និង​អប់រំ​វា ដោយ​សហការ​ជាមួយ​អង្គការ​ម្លប់​តាប៉ាង»

ទោះ​ជា​បែប​នេះ​ក្តី ក្រុម​អាជីវករ​ដែល​បើក​របរ​លក់​ដូរ​នៅ​ពេល​រាត្រី​តាម​ឆ្នេរ​មួយ​ចំនួន នា​ខេត្ត​ព្រះសីហនុ ពិសេស​ឆ្នេរ​អូរឈើទាល បាន​អះអាង​ថា បទល្មើស​ចោរ​លួច​សម្ភារៈ​ភ្ញៀវ​ទេសចរ​បរទេស ពិសេស​ចោរ​លួច​ម៉ូតូ ដែល​ជន​បរទេស​ជួល​ជិះ ត្រូវ​ចោរ​លួច​អស់​ជាច្រើន​គ្រឿង និង​កើត​ឡើង​ជា​បន្តបន្ទាប់​នៅ​ពេល​រាត្រី។ ហើយ​បទល្មើស​ទាំង​នេះ ជន​រងគ្រោះ​បាន​ត្រឹម​សម្រួល​ចេញ​ថ្លៃ​សង​សំណង​ទៅ​ម្ចាស់​ម៉ូតូ ដើម្បី​បញ្ចប់​សាច់​រឿង ហើយ​ប៉ូលិស​មូលដ្ឋាន​មិន​បាន​ផ្តល់​ព័ត៌មាន ឬ​ជូន​របាយការណ៍​ជូន​ថ្នាក់​លើ​របស់​ខ្លួន​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។