អាជ្ញាធរ​ខេត្ត​រតនគិរី​ត្រៀម​ទទួល​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ថ្ងៃ​ឈប់​សម្រាក​នៃ​ពិធី​បុណ្យ​អុំ​ទូក

0:00 / 0:00

អាជ្ញាធរ​ខេត្ត​រតនគិរី មិន​បាន​ចាត់​ចែង​ទូកង​ទៅ​ចូលរួម​ប្រណាំង​ក្នុង​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប អក​អំបុក និង​សំពះ​ព្រះ​ខែ​ឆ្នាំ​នេះ​នៅ​ភ្នំពេញ​ទេ ក៏ប៉ុន្តែ​ក្រុម​អាជ្ញាធរ​ពាក់ព័ន្ធ បាន​រៀបចំ​តំបន់​រមណីយដ្ឋាន​សំខាន់ៗ​ក្នុង​ខេត្ត ដើម្បី​ទទួល​ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​ពេល​ឈប់​សម្រាក​នៃ​ពិធី​បុណ្យ​ជាតិ​នេះ។

តំបន់​ទេសចរណ៍​ធម្មជាតិ​ចំនួន​បី​នៅ​ខេត្ត​រតនគិរី រួម​មាន បឹង​យក្ស​ឡោម ទឹក​ជ្រោះ​កាចាញ និង​តំបន់​ទឹក​ជ្រោះ ៧​ជាន់ ឬ​ទឹក​ជ្រោះ​អូរសៀនឡែ ត្រូវ​បាន​អាជ្ញាធរ​រៀបចំ​សណ្ដាប់ធ្នាប់ អនាម័យ សន្តិសុខ​រួច​រាល់​សម្រាប់​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នា​ពិធី​បុណ្យ​អុំ​ទូក ដែល​នឹង​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា។

ប៉ុន្មាន​ថ្ងៃ​មុន​ពេល​ប្រារព្ធ​ពិធី​បុណ្យ​អុំ​ទូក នៅ​ក្រុង​បានលុង សភាពការណ៍​ជាទូទៅ​មាន​សភាព​ស្ងប់ស្ងាត់​ខុស​ធម្មតា ប្រជាពលរដ្ឋ អាជីវករ មន្ត្រី​រាជការ​ខ្លះ​ឈប់​សម្រាក ខ្លះ​នាំ​ក្រុម​គ្រួសារ​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត និង​ទីក្រុង​ភ្នំពេញ។ ដោយ​ឡែក​តាម​មន្ទីរ ស្ថាប័ន​រដ្ឋ​នានា បាន​រៀបចំ​តុប​តែង​ដោយ​ទង់ជាតិ​ទង់ជ្វាលា​តាម​អគារ​រដ្ឋបាល​ជុំវិញ​ខេត្ត សម្អាត​ដង​ផ្លូវ​សាធារណៈ ដាក់​តាំង​ភ្លើង​លំអ​តាម​សួន​សាធារណៈ និង​ជាពិសេស​នៅ​តំបន់​មាត់​បឹង​កន្សែង អាជីវករ​លក់​ដូរ​បាន​រៀបចំ​ភ្លើង​បំភ្លឺ​ព្រោងព្រាត សម្រាប់​ទទួល​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​នៅ​មាត់​បឹង​នេះ។

អភិបាល​រង​ខេត្ត និង​ជា​អ្នក​នាំ​ពាក្យ​សាលា​ខេត្ត​រតនគិរី លោក លី វិន ចាត់​ទុក​សក្ដានុពល​វិស័យ​ទេសចរណ៍ គឺ​ជា​ចំណុច​សំខាន់​ដែល​អាជ្ញាធរ​ខេត្ត​យក​ចិត្ត​ទុក​ដាក់​រៀបចំ ដើម្បី​ទទួល​ប្រជាពលរដ្ឋ​ដែល​អញ្ជើញ​ពី​បណ្ដា​ខេត្ត​នានា រួម​ទាំង​ទីក្រុង​ភ្នំពេញ មាន​បំណង​មក​កម្សាន្ត​នៅ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ។ លោក​បន្ត​ថា តំបន់​រមណីយដ្ឋាន​សំខាន់ៗ​ក្នុង​ខេត្ត ជាពិសេស​បឹង​យក្ស​ឡោម នឹង​អាច​ទាក់ទាញ​អ្នក​ទេសចរ​បាន​ច្រើន​នា​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ៖ «រៀបចំ​តំបន់​រមណីយដ្ឋាន​ទាំងអស់​ក្នុង​ខេត្ត​ហ្នឹង​ឲ្យ​បាន​សមរម្យ និង​មាន​ដាក់​តុប​តែង​សួនច្បារ កោស​លាប​ថ្នាំ​ដាក់​ភ្លើង​ឲ្យ​វា​ស័ក្ដិសម​ទៅ យើង​ចាំ​ទទួល​ភ្ញៀវ យើង​ជឿជាក់​ថា​ភ្ញៀវ​គាត់​នឹង​អញ្ជើញ​មក​ហើយ។ យើង​អត់​មាន​ទូក​អុំ​នឹង​គេ ពី​មុន​មក​មាន​ទូក​ត្រពាំង​ក្រហម​មួយ ប៉ុន្តែ​ឥឡូវ​វា​បាក់​បែក​អស់​ហើយ ឃើញ​ខាន​បី​ឆ្នាំ​ហ្នឹង»

មុន​ផ្ទុះ​ព្រឹត្តិការណ៍​មនុស្ស​ផ្អើល​ជាន់​គ្នា​ស្លាប់​រាប់​រយ​នាក់​នៅ​លើ​ស្ពាន​មជ្ឈមណ្ឌល​កម្សាន្ត​កោះ​ពេជ្រ នា​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​២០១០ យ៉ាង​ហោច​ណាស់​មាន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​អ្នក​ទេសចរ​ក្រៅ​ខេត្ត មក​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​រតនគិរី ប្រមាណ ៦​ពាន់​នាក់ នា​ឱកាស​បុណ្យ​អុំ​ទូក​ម្តងៗ។

អនុប្រធាន​គណៈកម្មការ​គ្រប់គ្រង​រមណីយដ្ឋាន​បឹង​យក្ស​ឡោម លោក សុណ្ណ ហ៊ាន រៀបរាប់​ថា បឹង​យក្ស​ឡោម បច្ចុប្បន្ន​បាន​ពង្រីក​ការ​រៀបចំ​ទីតាំង​បាន​ល្អ​ប្រសើរ​ទាំង​សន្តិសុខ សណ្ដាប់ធ្នាប់ និង​អនាម័យ។ ជាមួយ​គ្នា​នោះ សហគមន៍​អ្នក​អភិរក្ស​តំបន់​ទេសចរណ៍​នេះ បាន​ពង្រីក​ផែ​សម្រាប់​មុជ​ទឹក និង​ផ្លូវ​ធ្វើ​ដំណើរ​ជុំវិញ​មាត់​បឹង​បាន​ល្អ រួម​ទាំង​រក្សា​បាន​នូវ​លក្ខណៈ​ធម្មជាតិ​សុទ្ធសាធ គ្មាន​ការ​កែច្នៃ។ ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ថា ការ​ចូលរួម​របស់​ភ្ញៀវ​ទេសចរ​ទាក់ទិន​ការ​វេច​ខ្ចប់​កាក​សំណល់​ដាក់​ធុង​សំរាម គឺ​ជា​កត្តា​សំខាន់ ដែល​ជួយ​ធ្វើ​ឲ្យ​តំបន់​បឹង​យក្ស​ឡោម​ក្លាយ​ជា​តំបន់​ទេសចរណ៍​បរិសុទ្ធ​ជាមួយ​ធម្មជាតិ​ស្រស់​ស្អាត៖ «របស់​ដែល​សល់​ពី​ដៃ​គេ​បោះ​ចោល​ពាស​វាល​ពាស​កាល​អ៊ីចឹង វា​អត់​ល្អ​មើល តំបន់​នេះ​ជា​តំបន់​រមណីយដ្ឋាន។ ម្យ៉ាង​ទៀត នៅ​ពេល​គេ​ផឹក​ស៊ី​សុំ​កុំ​ឲ្យ​គេ​ឈ្លោះ​ប្រកែក ឬ​ក៏​បង្ក​អំពើ​ហិង្សា​របួស​ស្នាម អ៊ីចឹង​វា​មិន​ល្អ​មើល​តំបន់​ហ្នឹង។ បើ​សិន​បរទេស​គេ​ឃើញ គេ​រិះគន់​ថា កម្ពុជា យើង​អត់​ទាន់​មាន​ច្បាប់​ទម្លាប់»

នៅ​ឯ​តំបន់​ទឹក​ជ្រោះ​កាចាញ វិញ ក្រុម​សហគមន៍​អភិរក្ស​ទឹក​ជ្រោះ​នេះ ក៏​បាន​ត្រៀម​លក្ខណៈ​ធ្វើ​អនាម័យ​សម្អាត​បរិវេណ​ទឹក​ជ្រោះ រួម​ទាំង​កន្លែង​កម្សាន្ត​មាន​ស្ពាន​យោល​ឆ្លង​ជ្រោះ ជាដើម។

ប្រធាន​រមណីយដ្ឋាន​ទឹក​ជ្រោះ លោក ហៃ វាសនា អះអាង​ថា តំបន់​ទឹក​ជ្រោះ​កាចាញ បាន​កែលំអ​កន្លែង​កម្សាន្ត​មាន​ស្ពាន​យោល​ឆ្លង​ជ្រោះ កន្លែង​អង្គុយ​ហូប​អាហារ មាន​ធុង​សំរាម ធ្លា​ចត​រថយន្ត និង​មាន​កង​សន្តិសុខ​ការពារ​សណ្ដាប់ធ្នាប់ និង​សន្តិសុខ​សម្រាប់​អ្នក​ទេសចរ៖ «ធ្វើ​កញ្ចុះ​បាន​ពីរ ហើយ​ជួសជុល​ផ្ទះ​គ្រួសារ​គ្រឹង​កូន​កំលោះ​កូន​ក្រមុំ សម្អាត ហើយ​និង​ដាំ​កូន​ឈើ។ នៅ​ហ្នឹង​មាន​ស្រូប​យក​ខ្យល់​អាកាស​ធម្មជាតិ​មាន​ទឹក​ធ្លាក់ ហើយ​និង​ស្ពាន​យោល​សម្រាប់​កម្សាន្ត ហើយ​លេង​ទឹក»

អាជ្ញាធរ​ក្រុង​បានលុង ឲ្យ​ដឹង​ថា នៅ​ឆ្នាំ​២០១៤ នេះ សណ្ឋាគារ និង​ផ្ទះ​សំណាក់ បាន​កើន​ឡើង​រហូត​ជាង ១​ពាន់​បន្ទប់ ក្នុង​នោះ​សណ្ឋាគារ​មាន ១៤​កន្លែង និង​ផ្ទះ​សំណាក់​មាន ៣៥​កន្លែង។ ដោយ​ឡែក​មាន​សណ្ឋាគារ​ខ្នាត​ទំនើប​ចំនួន​បី និង​តំបន់​កម្សាន្ត​ទំនើប មាន​អាង​ហែល​ទឹក​ចំនួន​២ បាន​សាងសង់​រួច។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី លោក ង៉ែត វិទូ កត់​សម្គាល់​ថា រហូត​មក​ទល់​នឹង​ថ្ងៃ​ទី​៤ ខែ​វិច្ឆិកា ចំនួន​អ្នក​ទេសចរ​មក​កាន់​ខេត្ត​រតនគិរី នៅ​មាន​ចំនួន​តិចតួច​នៅ​ឡើយ ក៏ប៉ុន្តែ​តាម​ផ្ទះ​សំណាក់ សណ្ឋាគារ បន្ទប់​ស្នាក់នៅ​ត្រូវ​បាន​ភ្ញៀវ​កក់​ទុក​ជា​បន្តបន្ទាប់។ លោក​វាយ​តម្លៃ​ថា ឆ្នាំ​នេះ​ផ្លូវ​ធ្វើ​ដំណើរ និង​អាកាសធាតុ​អំណោយ​ផល​ល្អ ហេតុ​នេះ​អ្នក​ទេសចរ​នឹង​ធ្វើ​ដំណើរ​មក​កម្សាន្ត​ក្នុង​ខេត្ត​នេះ​ច្រើន មិន​ចាញ់​ពិធី​បុណ្យ​អុំ​ទូក​កន្លង​ទៅ​ឡើយ៖ «យើង​បាន​ហៅ​គាត់​មក​ប្រជុំ ហើយ​អត់​ធ្វើ​ដូច​ពេល​ចូល​ឆ្នាំ​ទេ។ ចូល​ឆ្នាំ​បាន​យើង​ធ្វើ​កម្មវិធី​មាន​វាយ​គង​សម្រាប់​បង្ហាញ​ភ្ញៀវ​ទេសចរ ដល់​ពេល​អុំ​ទូក យើង​គ្រាន់​ត្រៀម​លក្ខណៈ​សុវត្ថិភាព អនាម័យ​តាម​តំបន់​រមណីយដ្ឋាន និង​អូតែល (Hotel) យើង​ប្រជុំ​និយាយ​ជារឿយៗ ដោយសារ​ថា​កុំ​ឲ្យ​ឡើង​ថ្លៃ ប៉ុន្តែ​ជានិច្ចកាល តែង​ឡើង​បន្តិចបន្តួច»

ខេត្ត​រតនគិរី ឋិត​នៅ​តំបន់​ភាគ​ឦសាន​ប្រទេស ចម្ងាយ​ជិត ៦០០​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ។ ប្រជាពលរដ្ឋ ៨០​ភាគរយ គឺ​ជា​ជនជាតិ​ដើម​ភាគ​តិច។ ក្រៅ​ពី​តំបន់​ទេសចរណ៍​សំខាន់​ទាំង​បី ខេត្ត​នេះ​មាន​បឹង​លង្គុត ទឹក​ជ្រោះ​តាតតៃ ទឹក​ជ្រោះ​ចាអ៊ុង កាទៀង បឹង​កម្សាន្ត​តំបន់​វប្បធម៌​ជនជាតិ​ដើម​ភាគ​តិច តំបន់​វាល​រំប្លង់ ដំណើរ​កម្សាន្ត​តាម​ដង​ទន្លេ​សេសាន ទន្លេ​ស្រែពក តំបន់​ទស្សនា​សត្វ​ព្រៃ​នៃ​ឧទ្យាន​ជាតិ​វីរជ័យ។ ជាពិសេស បឹង​កន្សែង​នៅ​កណ្ដាល​ក្រុង​បានលុង ដែល​ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​មក​ប្រមូល​ផ្តុំ​គ្នា​ធ្វើ​ប្រទីប​តូចៗ បណ្ដែត​ក្នុង​បឹង​ដូច​ពិធី​បុណ្យ​អុំ​ទុក បណ្ដែត​ប្រទីប​នៅ​ទីក្រុង​ភ្នំពេញ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។