ប្រធានមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ ស្នើដល់ប្រតិបត្តិករទេសចរទូទៅ ត្រូវចូលរួមសហការជាមួយអាជ្ញាធរ ដើម្បីឈានដល់រួមសហការគ្នាអភិវឌ្ឍ ឬបង្កើតតំបន់ទេសចរណ៍ថ្មីៗឲ្យបានច្រើនទីតាំងបន្ថែមទៀត សម្រាប់ផ្តល់ជម្រើសកម្សាន្តជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឲ្យចូលមកទស្សនាខេត្តជាប់ឆ្នេរសមុទ្រមួយនេះបានច្រើនថែមទៀតនាថ្ងៃខាងមុខ។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្រគ្រឹស្នា ស្នើដល់វិស័យឯកជន ឬប្រតិបត្តិករទេសចរទាំងអស់នាមូលដ្ឋាននេះ ឲ្យបង្កើនគុណភាពសេវាកម្មទេសចរណ៍របស់ខ្លួនឲ្យមានគុណភាព និងបើកធ្វើអាជីវកម្មត្រូវសុំការអនុញ្ញាតច្បាប់ពីស្ថាប័នពាក់ព័ន្ធឲ្យបានត្រឹមត្រូវ។
លោក គ្រឹស្នា គាំទ្រប្រតិបត្តិករទេសចរដែលបានអភិវឌ្ឍតំបន់ទេសចរណ៍ថ្មីៗជាច្រើនទីតាំងសម្រាប់ផ្តល់ជូនភ្ញៀវទេសចរចូលទៅកម្សាន្ត មានដូចជា កោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង ប្រកបដោយសោភ័ណភាពតាមបែបធម្មជាតិ និងមានអនាម័យគួរជាទីគយគន់៖ « យើងចង់ឲ្យការវិនិយោគហ្នឹងប្រកបដោយគុណភាព និងការទទួលខុសត្រូវ ដូចជាការរៀបចំអភិវឌ្ឍនូវរមណីយដ្ឋានកោះឋានសួគ៌របស់ក្រុមប្រតិបត្តិករទេសចរ ដែលបានរៀបចំស្ថាបនានៅតំបន់ឆ្នេរនោះ ដែលខ្ញុំបានចុះទៅពិនិត្យផ្ទាល់ ឃើញមានការរៀបចំអភិវឌ្ឍបានល្អ។ សំខាន់នៅថ្ងៃអនាគត ស្នើឲ្យប្រតិបត្តិករទេសចរអភិវឌ្ឍកោះឋានសួគ៌ ស្នើឲ្យគាត់បន្តថែរក្សាបរិស្ថានអនាម័យនៅទីតាំងដែលពួកគាត់បានវិនិយោគហ្នឹង ដើម្បីឲ្យមានការទាក់ទាញដល់ភ្ញៀវ គឺស្នើឲ្យគាត់រៀបចំបង្កើតនូវសកម្មភាពកម្សាន្តបន្ថែមទៀត ដើម្បីអាចឲ្យភ្ញៀវទេសចរអាចស្នាក់នៅបានយូរថ្ងៃ ជាដើម »។
ឆ្នេរកោះឋានសួគ៌ ឬឆ្នេរភ្លោះកោះរ៉ុង គឺជាតំបន់ឆ្នេរប្រកបដោយសោភ័ណភាពតាមបែបធម្មជាតិ ទើបត្រូវបានប្រតិបត្តិករទេសចរមួយចំនួន រួមសហការគ្នាបង្កើតឡើងថ្មីកាលពីចុងឆ្នាំ២០១៦។ បច្ចុប្បន្ន ឆ្នេរកោះឋានសួគ៌គេសង្កេតឃើញមានភ្ញៀវទេសចរជាតិ និងអន្តរជាតិ ពិសេសភ្ញៀវទេសចរជនជាតិចិន បានចាប់អារម្មណ៍ និងចូលទៅកម្សាន្តជាបន្តបន្ទាប់ និងមានចំនួនរាប់រយនាក់ក្នុងមួយសប្ដាហ៍នាខែមករា ដើមឆ្នាំ២០១៧ នេះ។
ប្រធានក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត កម្ពុជា (GTVC Speed Boat Cambodia) លោក ទៀ វិចិត្រ ដែលបានរួមសហការបង្កើតឆ្នេរកម្សាន្តថ្មីមានឈ្មោះកោះឋានសួគ៌ ឆ្នេរភ្លោះកោះរ៉ុង ស្វាគមន៍ចំពោះសារអំពាវនាវរបស់ថ្នាក់ដឹកនាំមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ដែលទទូចដល់វិស័យឯកជនចូលរួមបង្កើតតំបន់ទេសចរណ៍សម្រាប់ជាការទាក់ទាញកំណើនភ្ញៀវទេសចរ ឲ្យចូលមកទស្សនាខេត្តជាប់ឆ្នេរសមុទ្រមួយនេះបានច្រើននាថ្ងៃអនាគត។
លោកបន្តថា តំបន់កម្សាន្តកោះឋានសួគ៌ឆ្នេរភ្លោះកោះរ៉ុង ដែលទើបអភិវឌ្ឍថ្មីនេះ គឺមានឆ្នេរខ្សាច់សក្បុស មានទឹកសមុទ្រថ្លាឆ្លុះ មានផ្កាថ្មស្រស់បំព្រង និងមានត្រីសមុទ្រជាច្រើនប្រភេទនៅបាតសមុទ្រសម្រាប់ជាជម្រើសផ្តល់ជូនភ្ញៀវទេសចរអាចចុះមុជទឹក និងទស្សនាជីវចម្រុះនៅក្នុងបាតសមុទ្រយ៉ាងសប្បាយរីករាយ។
លោក ទៀ វិចិត្រ ឲ្យដឹងថា ភ្ញៀវទេសចរទាំងជាតិ និងអន្តរជាតិ ដែលចង់ធ្វើដំណើរទៅកម្សាន្តនៅកោះឋានសួគ៌ឆ្នេរភ្លោះកោះរ៉ុង អាចធ្វើដំណើរតាមកប៉ាល់ ឬទូកអូប័រដឹកភ្ញៀវទេសចរ ហើយអាចធ្វើដំណើរវិលល្ងាចមកដីគោកវិញក៏បាន៖ « ភ្ញៀវទេសចរដែលចង់ចុះលេងទឹកនៅតាមឆ្នេរ ឬព្រែកនានានៅតាមឆ្នេរកោះឋានសួគ៌ គឺយើងបានរៀបចំជាផែអណ្ដែតទឹក សម្រាប់ផ្តល់ជូនភ្ញៀវទេសចរងូតទឹកកម្សាន្ត។ គោលដៅរបស់យើង គឺចង់ឲ្យបងប្អូនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរជាតិ អន្តរជាតិ បានស្គាល់ទីតាំងទេសចរណ៍ថ្មីដែលទើបបង្កើតឡើង មានបរិស្ថានអនាម័យល្អ និងមានសុវត្ថិភាព ជាពិសេសឆ្នេរកោះឋានសួគ៌ឆ្នេរភ្លោះកោះរ៉ុងនេះ គឺមានឆ្នេរទាក់ទាញដ៏ស្រស់ស្អាតបំផុត ក្នុងនោះម្ហូបអាហារដែលបានដាក់លក់នៅលើកោះឋានសួគ៌ បានកំណត់តម្លៃលក់ជូនភ្ញៀវទេសចរក្នុងតម្លៃធម្មតា ដូចគ្នាតម្លៃម្ហូបអាហារនៅលើទីផ្សារដីគោកដែរ គឺធានាថាមិនមានតម្លៃខ្ពស់នោះទេ។ គោលដៅរបស់យើង គឺចង់ឲ្យបងប្អូនប្រជាពលរដ្ឋ ឬភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលទៅកម្សាន្ត ឬបានចូលទៅស្គាល់កោះឋានសួគ៌ឆ្នេរភ្លោះកោះរ៉ុង ឲ្យបានគ្រប់ៗគ្នា ព្រោះទីកន្លែងកម្សាន្តថ្មីទើបបង្កើតឡើងនេះ គឺជាទីតាំងទាក់ទាញតាមបែបធម្មជាតិពិតៗ និងមានឆ្នេរមានអនាម័យស្រស់ស្អាតមែនទែន »។
ចំណែកម្ចាស់កប៉ាល់ដឹកភ្ញៀវទេសចរចេញទៅកម្សាន្តតាមកោះរបស់ក្រុមហ៊ុន អាយលែន ស្ពីដហ្វឺរី ខេមបូឌា (Island Speed Ferry Cambodia) លោកស្រី ស៊ុយ ស្រីមុំ ដែលបានសហការអភិវឌ្ឍតំបន់ទេសចរណ៍កោះឋានសួគ៌ឆ្នេរភ្លោះកោះរ៉ុង។ លោកស្រីមានប្រសាសន៍ថា ដើម្បីរួមចំណែកទាក់ទាញកំណើនភ្ញៀវទេសចរឲ្យចូលមកទស្សនាខេត្តព្រះសីហនុ ឲ្យបានច្រើននាថ្ងៃអនាគត ក្រុមហ៊ុននេះបានរួមសហការបង្កើតតំបន់កម្សាន្តឆ្នេរកោះឋានសួគ៌សម្រាប់ផ្តល់ជូនភ្ញៀវទេសចរ មានដូចជា បង្កើតឲ្យមានសេវាដឹកជញ្ជូន សេវាស្នាក់នៅ និងសេវាចំណីអាហារ ជាដើម។
លោកស្រីឲ្យដឹងថា សេវាស្នាក់នៅនៅលើកោះឋានសួគ៌ឆ្នេរភ្លោះកោះរ៉ុង គឺភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចជ្រើសយកទីកន្លែងស្នាក់នៅជាលក្ខណៈគ្រួសារ មានដូចជា បឹងកាឡូ ឬផ្ទះដាច់ដោយឡែកពីគ្នាមួយៗ និងការបោះតង់សម្រាប់ការស្នាក់នៅរបស់ភ្ញៀវទេសចរទៅតាមចំណង់ចំណូលចិត្ត។
លោកស្រី ស៊ុយ ស្រីមុំ បញ្ជាក់ថា ឆ្នេរកោះឋានសួគ៌ដែលទើបអភិវឌ្ឍថ្មី គឺមានជម្រើសកម្សាន្តជាច្រើនសម្រាប់ផ្តល់ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ មានដូចជា ភ្ញៀវទេសចរអាចមុជទឹកមើលផ្កាថ្ម និងទស្សនាត្រីក្នុងបាតសមុទ្រ ជិះទូកស្ទូចត្រីកម្សាន្តនៅលើលំហសមុទ្រ ជិះទូក ឬអុំទូកកម្សាន្តនៅតាមឆ្នេរមានដុះព្រៃកោងកាង ជិះម៉ូតូទឹក ឬទូកអុំនៅតាមឆ្នេរ និងធ្វើដំណើរកម្សាន្តក្នុងព្រៃធម្មជាតិ ជាដើម។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុចិត្តគ្រឹស្នា គាំទ្រក្រុមប្រតិបត្តិករទេសចរដែលបានរួមសហការគ្នាបង្កើត ឬអភិវឌ្ឍឲ្យមានតំបន់ទេសចរណ៍មានដូចជា កោះឋានសួគ៌ឆ្នេរភ្លោះកោះរ៉ុង និងតំបន់កម្សាន្តផ្សេងៗទៀតសម្រាប់ទាក់ទាញកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមកកម្សាន្តខេត្តជាប់ឆ្នេរសមុទ្រមួយនេះនាថ្ងៃអនាគត។ ប៉ុន្តែទន្ទឹមគ្នានេះ លោក គ្រឹស្នា ក៏ស្នើដល់ប្រតិបត្តិករទេសចរទាំងអស់ដែលបើកធ្វើអាជីវកម្មបម្រើវិស័យទេសចរណ៍ ត្រូវឲ្យមានគុណភាព ជាពិសេសត្រូវសុំច្បាប់អនុញ្ញាតធ្វើអាជីវកម្មពីក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តព្រះសីហនុ ឲ្យបានស្របច្បាប់។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បង្ហាញថា ឆ្នាំ២០១៦ កន្លងទៅ ខេត្តទេសចរណ៍ជាប់ឆ្នេរសមុទ្រមួយនេះទទួលបានភ្ញៀវទេសចរជាតិ និងអន្តរជាតិកើនឡើងជាង ២០ភាគរយ ក្នុងនោះភ្ញៀវអន្តរជាតិមានចំនួនជិត ៤០ម៉ឺននាក់ និងភ្ញៀវជាតិទទួលបានជាង ១លាន ២សែននាក់។
ឆ្នេរសមុទ្រខេត្តព្រះសីហនុ មានប្រវែងជាង ១៧១គីឡូម៉ែត្រ (១៧១.៣៥គីឡូម៉ែត្រ) មានខ្សាច់សស្អាត ទឹកសមុទ្រថ្លា ឆ្នេររាក់ ទឹកធ្លាក់ ផ្កាថ្ម ឧទ្យានជាតិ និងមានកោះចំនួន ៣២មានជីវចម្រុះធម្មជាតិស្រស់ស្អាត ជាសក្ដានុពលក្នុងការអភិវឌ្ឍវិស័យទេសចរណ៍៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
