ម្ចាស់​ទូក​ទេសចរណ៍​គ្រោង​ផ្អាក​អាជីវកម្ម​និង​តវ៉ា​ប្រឆាំង​ការ​តម្រូវ​ឲ្យ​ដំឡើង​ថ្លៃ​សំបុត្រ

0:00 / 0:00

ម្ចាស់​ក្រុមហ៊ុន​កប៉ាល់ ឬ​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ គ្រោង​លើក​បដា​តវ៉ា និង​ផ្អាក​សកម្មភាព​ដឹក​ភ្ញៀវ​ចេញ​ទៅ​កោះ​មួយ​រយៈពេល ដើម្បី​ប្រឆាំង​ចំពោះ​ការ​កំណត់​របស់​គណៈកម្មាធិការ​អភិវឌ្ឍន៍​ឆ្នេរ​សមុទ្រ ដែល​ឲ្យ​ពួក​គេ​ដំឡើង​តម្លៃ​លក់​សំបុត្រ​ដល់ ២០​ដុល្លារ និង​ការ​ជំរិត​យក​លុយ​ពី​ពួក​គេ​ចំនួន ៣​ដុល្លារ​ពី​ការ​លក់​សំបុត្រ ១​សន្លឹក បង់​ជូន​រដ្ឋបាល​ខេត្ត។

បញ្ហា​នេះ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បញ្ជាក់​ថា ថវិកា​ចំនួន ៣​ដុល្លារ​នេះ គឺ​ត្រូវ​យក​ទៅ​អភិវឌ្ឍ​តំបន់​ឆ្នេរ​នានា​នៅ​មូលដ្ឋាន​នេះ​ឲ្យ​មាន​អនាម័យ និង​សោភ័ណភាព ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​ចូល​មក​ទស្សនា​ខេត្ត​នេះ​បាន​ច្រើន​នា​ថ្ងៃ​អនាគត គឺ​មិន​មែន​ចូល​ហោប៉ៅ​បុគ្គល​ណា​ម្នាក់​នោះ​ទេ។

ម្ចាស់​ក្រុមហ៊ុន​កប៉ាល់ និង​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ភាគច្រើន ដែល​កំពុង​បើក​ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចេញ​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​នានា​ក្នុង​ខេត្ត​ព្រះសីហនុ បាន​បន្ត​រិះគន់​ចំពោះ​សកម្មភាព​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ និង​គណៈកម្មាធិការ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ដែល​ជំរិត​ឲ្យ​ពួក​គេ​ត្រូវ​តែ​បង់​លុយ ៣​ដុល្លារ​សហរដ្ឋ​អាមេរិក ជូន​រដ្ឋបាល​ខេត្ត ក្រោម​លេស​យក​ទៅ​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ ថា​ធ្វើ​ឡើង​តាម​របៀប​ផ្ដាច់ការ និង​មាន​លក្ខណៈ​គំរាម​កំហែង។

ផ្ដើម​ពី​បញ្ហា​នេះ ម្ចាស់​ក្រុមហ៊ុន​កប៉ាល់ និង​ទូក​ដឹក​ភ្ញៀវ​ទេសចរ​មួយ​ចំនួន បាន​អះអាង​ថា ពួក​គេ​មាន​គម្រោង​លើក​បដា​តវ៉ា​នៅ​មុខ​វិមាន​លំហែ​កាយ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ឆ្នេរ​អូរឈើទាល និង​ផ្អាក​សកម្មភាព​ដឹក​ភ្ញៀវ​មួយ​រយៈពេល​ខ្លី នៅ​មុន ឬ​ក្រោយ​ពិធី​បុណ្យ​សមុទ្រ​ដែល​នឹង​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​២៣ ដល់​ថ្ងៃ​ទី​២៥ ខែ​ធ្នូ ឆ្នាំ​២០១៦។

ម្ចាស់​ក្រុមហ៊ុន​ដឹក​ភ្ញៀវ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​មួយ​ចំនួន មាន​កោះ​រ៉ុង និង​កោះ​រ៉ុង​សន្លឹម ជាដើម បាន​ស្នើ​កិច្ច​អន្តរាគមន៍​ពី​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល ឲ្យ​ជួយ​មាន​វិធានការ និង​ទទូច​ដល់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ពិសេស​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា ឲ្យ​ពិចារណា​ឡើង​វិញ​ចំពោះ​ការ​កំណត់​ឲ្យ​ពួក​គេ​ត្រូវ​តែ​បង់​ថវិកា ៣​ដុល្លារ​ជូន​រដ្ឋបាល​ខេត្ត​នេះ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ខេត្ត​នេះ​នា​ថ្ងៃ​ខាង​មុខ។

ទាក់ទិន​បញ្ហា​នេះ អភិបាល​ខេត្ត​ព្រះសីហនុ លោក យន្ត មីន ផ្តល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី កាល​ពី​ថ្ងៃ​ទី​៨ ខែ​ធ្នូ ថា ការ​កំណត់​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​កប៉ាល់ ឬ​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​ទាំងអស់ ដែល​បើក​ធ្វើ​អាជីវកម្ម​ក្នុង​ខេត្ត​នេះ ត្រូវ​បង់​ថវិកា ៣​ដុល្លារ​សហរដ្ឋ​អាមេរិក​ពី​ការ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ ១​សន្លឹក ជូន​រដ្ឋបាល​ខេត្ត ប្រយោជន៍​ដើម្បី​យក​ទៅ​អភិវឌ្ឍ​តំបន់​ឆ្នេរ​ឲ្យ​មាន​សោភ័ណភាព។

លោក យន្ត មីន អំពាវនាវ​ដល់​ម្ចាស់​ក្រុមហ៊ុន​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ទាំងអស់ ត្រូវ​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត និង​គណៈកម្មាធិការ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​ឲ្យ​បាន​ទាំងអស់​គ្នា ដើម្បី​ឲ្យ​រដ្ឋបាល​ខេត្ត​មាន​ថវិកា​យក​ទៅ​អភិវឌ្ឍ​តំបន់​ឆ្នេរ​នានា​ឲ្យ​មាន​សោភ័ណភាព និង​អនាម័យ សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេសចរ​នា​ថ្ងៃ​អនាគត៖ « ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ​កម្ពុជា គឺ​បាន​គាំទ្រ និង​ជំរុញ​ឲ្យ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ សុំ​វិភាគទាន​ពី​បង​ប្អូន​ម្ចាស់​ក្រុមហ៊ុន​កប៉ាល់ និង​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​បណ្ដា​កោះ​នានា​ក្នុង​ការ​លក់​សំបុត្រ ១​សន្លឹក​ចំនួន ៣​ដុល្លារ ដើម្បី​យក​ថវិកា​ទាំងនេះ​ទៅ​ជួយ​គាំពារ អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ របស់​យើង ក្នុង​នោះ គឺ​យើង​បាន​ប្រមូល​បង​ប្អូន​ដែល​ធ្វើ​អាជីវកម្ម​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​តាម​សមុទ្រ​ទាំងអស់ ឲ្យ​ពួក​គាត់​ចូលរួម​គាំទ្រ និង​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត ហើយ​មក​ដល់​ពេល​នេះ គឺ​ម្ចាស់​អាជីវកម្ម​ទាំងនោះ ពួក​គេ​បាន​ឯកភាព​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៦ »

ការ​កំណត់​ឲ្យ​ម្ចាស់​ក្រុមហ៊ុន​កប៉ាល់ ឬ​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ទាំងអស់ ត្រូវ​បង់​ថវិកា ៣​ដុល្លារ​សហរដ្ឋ​អាមេរិក ជូន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ តាម​រយៈ​ការ​ចេញ​លិខិត​ចុង​ក្រោយ ចុះ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា មាន​បោះ​ត្រា និង​ចុះ​ហត្ថលេខា​លោក សុខ ផន អភិបាល​រង​ខេត្ត​ព្រះសីហនុ។ លក្ខខណ្ឌ​ខ្លះ​នៅ​ក្នុង​លិខិត​នេះ បាន​រំឭក​ដល់​ម្ចាស់​ក្រុមហ៊ុន និង​ម្ចាស់​ទូក​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​នានា អំពី​ការ​កំណត់​តម្លៃ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ ១​សន្លឹក ត្រូវ​ដំឡើង​ដល់​ចំនួន ២០​ដុល្លារ និង​ការ​កំណត់​ថវិកា​បង់​ជូន​រដ្ឋបាល​ខេត្ត ៣​ដុល្លារ សម្រាប់​ទ្រទ្រង់​ការ​អភិវឌ្ឍ​តំបន់​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ។

ត្រង់​ចំណុច​នេះ ភ្ញៀវ​ទេសចរ សាធារណជន​ទូទៅ ពិសេស​ម្ចាស់​ក្រុមហ៊ុន​កប៉ាល់ និង​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ចេញ​ទៅ​កម្សាន្ត​តាម​កោះ​នានា បង្ហាញ​ការ​ហួស​ចិត្ត កាល​បើ​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​តម្រូវ​ឲ្យ​ពួក​គេ​ដំឡើង​ថ្លៃ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ធ្វើ​ដំណើរ​ចេញ​ទៅ​តាម​កោះ​ទាំង​ទៅ​ទាំង​មក ត្រូវ​ដំឡើង​ដល់ ២០​ដុល្លារ​ក្នុង​ថ្លៃ​លក់​សំបុត្រ ១​សន្លឹក ដែល​តម្លៃ​នេះ ក្រុមហ៊ុន​ដឹក​ភ្ញៀវ​ទេសចរ​ខ្លះ​បាន​ទម្លាក់​តម្លៃ​សំបុត្រ​មក​ត្រឹម ១២ ឬ ១៥​ដុល្លារ​ក្នុង ១​សន្លឹក ដើម្បី​ជា​ការ​រួម​ចំណែក​កាត់​បន្ថយ​ភាព​ក្រីក្រ​ជាមួយ​ប្រមុខ​ដឹកនាំ​រាជ​រដ្ឋាភិបាល និង​រួម​ចំណែក​ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរ​ឲ្យ​មក​ទស្សនា​ប្រទេស​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ច្រើន​ថែម​ទៀត​នា​ថ្ងៃ​អនាគត។

យ៉ាង​នេះ​ក្តី លិខិត​ចុង​ក្រោយ​ចុះ​ថ្ងៃ​ទី​២៩ ខែ​វិច្ឆិកា របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ក៏​បាន​ចោទ​ម្ចាស់​ក្រុមហ៊ុន​ទូក​ទេសចរណ៍​ដឹក​ភ្ញៀវ​ចេញ​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ ថា​មាន​ភាព​មិន​ប្រក្រតី​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ មាន​ដូចជា ក្រុមហ៊ុន​បាន​បញ្ចុះ​តម្លៃ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទាប​ពេក និង​ដណ្ដើម​ភ្ញៀវ​គ្នា បង្ក​ឲ្យ​មាន​ភាព​មិន​ល្អ និង​បង្ក​ភាព​អវិជ្ជមាន​ក្នុង​មុខ​របរ​ប្រកប​អាជីវកម្ម បង្កើត​ជា​ភាព​អនាធិបតេយ្យ​ក្នុង​វិជ្ជាជីវៈ​ជាដើម។ ក្នុង​ន័យ​នេះ ដើម្បី​ឲ្យ​ការ​ប្រកប​មុខ​របរ​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​តាម​បណ្ដា​កោះ​បាន​ល្អ​ប្រសើរ និង​មាន​របៀប​រៀបរយ​ឡើង​វិញ រដ្ឋបាល​ខេត្ត​ព្រះសីហនុ បាន​ដាក់​ចេញ​នូវ​វិធានការ ៧​ចំណុច ជូន​ដល់​ម្ចាស់​ក្រុមហ៊ុន​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ទាំងអស់ រួម​មាន៖

  • ត្រូវ​លក់​សំបុត្រ​ជូន​ភ្ញៀវ​ទេសចរ​ក្នុង​ម្នាក់​តម្លៃ ២០​ដុល្លារ​សហរដ្ឋ​អាមេរិក

  • ក្រុមហ៊ុន​ត្រូវ​បង់​ថ្លៃ​លក់​សំបុត្រ ១​សន្លឹក​ចំនួន ៣​ដុល្លារ​ជូន​រដ្ឋបាល​ខេត្ត សម្រាប់​ទ្រទ្រង់​ការ​អភិវឌ្ឍ​ឆ្នេរ​សមុទ្រ

  • ក្រុមហ៊ុន និង​ម្ចាស់​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ទាំងអស់​ត្រូវ​ចងក្រង​ជា​សមាគម

  • ត្រូវ​រៀបចំ​ពេលវេលា​ចេញ​ដំណើរ និង​ពេលវេលា​វិល​វិញ​ឲ្យ​បាន​ច្បាស់លាស់ ឬ​ចែក​វេន និង​លេខ​រៀង​ទូក​កំណត់​ដោយ​ក្រុម​ការងារ​ចម្រុះ​ខេត្ត​ព្រះសីហនុ

  • ក្រុមហ៊ុន ឬ​សេវាករ​ទាំងអស់ ត្រូវ​ស្នើសុំ​អាជ្ញាប័ណ្ណ​ធ្វើ​អាជីវកម្ម​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​តាម​ផ្លូវ​ទឹក​ឲ្យ​បាន​ត្រឹមត្រូវ​នៃ​ច្បាប់​ចរាចរណ៍

  • ក្រុមហ៊ុន ឬ​ម្ចាស់​អាជីវកម្ម​ណា​ដែល​គ្មាន​អាជ្ញាប័ណ្ណ​ប្រកប​អាជីវកម្ម​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​តាម​ផ្លូវ​ទឹក មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ធ្វើ​អាជីវកម្ម​ក្នុង​ខេត្ត​ព្រះសីហនុ​ទេ

  • ជាង​នេះ ក្រុមហ៊ុន ឬ​ម្ចាស់​អាជីវកម្ម​ណា​ដែល​មិន​អនុវត្ត​តាម​ខ្លឹមសារ​នៃ​សេចក្តី​ជូន​ដំណឹង​នេះ ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ធរមាន ដោយ​ត្រូវ​ដកហូត​អាជ្ញាប័ណ្ណ ឬ​លុប​ចោល​អាជ្ញាប័ណ្ណ​មិន​ឲ្យ​ប្រកប​អាជីវកម្ម​ដឹក​ភ្ញៀវ​ទេសចរ​ត​ទៅ​ទៀត​ទេ។

ទោះ​យ៉ាង​ណា នៅ​ក្នុង​លិខិត​ចំហ​មួយ​ចំនួន​ដែល​ម្ចាស់​ក្រុមហ៊ុន​កប៉ាល់ និង​ទូក​ទេសចរណ៍​ខ្លះ​បាន​ផ្ញើ​ជូន​អ្នក​យក​ព័ត៌មាន​អាស៊ីសេរី ប្រចាំ​ខេត្ត​ព្រះសីហនុ ជាបន្តបន្ទាប់ ស្នើ​ឲ្យ​ជួយ​ផ្សព្វផ្សាយ​ព័ត៌មាន​នេះ បាន​ដឹង​ឮ​ដល់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន។ ម្ចាស់​ក្រុមហ៊ុន​ខ្លះ​បាន​សរសេរ​សារ​រិះគន់​ថ្នាក់​ដឹកនាំ​គណៈកម្មាធិការ​អភិវឌ្ឍន៍​តំបន់​ឆ្នេរ​សមុទ្រ និង​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​មក​កំណត់​ឲ្យ​ពួក​គេ​ដំឡើង​តម្លៃ​លក់​សំបុត្រ​កប៉ាល់ ឬ​ទូក​ជូន​ភ្ញៀវ​ទេសចរ ត្រូវ​ឡើង​ដល់ ២០​ដុល្លារ និង​ត្រូវ​បង់​លុយ ៣​ដុល្លារ​ពី​ការ​លក់​សំបុត្រ​ទូក​ជូន​ភ្ញៀវ​ទេសចរ ១​សន្លឹក ជូន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ថា​ជា​សកម្មភាព​ចាប់​ជំរិត មាន​លក្ខណៈ​គំរាម​កំហែង និង​ធ្វើ​ឡើង​តាម​របៀប​ផ្ដាច់ការ។

ម្ចាស់​ក្រុមហ៊ុន​ខ្លះ បាន​ប្រដូច​ការ​កំណត់​ឲ្យ​ពួក​គេ​ត្រូវ​តែ​បង់​លុយ ៣​ដុល្លារ​ជូន​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ថា​ធ្វើ​ឡើង​តាម​របៀប​ធ្វើ​នំ​អត់​ម្សៅ ដោយ​ការ​កំណត់​ឲ្យ​ពួក​គេ​បង់​លុយ ៣​ដុល្លារ​នេះ មិន​ទាន់​មាន​ការ​ឯកភាព​ពី​ម្ចាស់​ក្រុមហ៊ុន​កប៉ាល់ និង​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ភាគច្រើន​នៅ​ឡើយ​ទេ​នា​ពេល​កន្លង​មក។

ម្ចាស់​ក្រុមហ៊ុន​ខ្លះ បាន​ចាត់​ទុក​ការ​តម្រូវ​របស់​រដ្ឋបាល​ខេត្ត​ព្រះសីហនុ កំណត់​ឲ្យ​ក្រុមហ៊ុន​ទូក ឬ​កប៉ាល់​ដឹក​ភ្ញៀវ​ទេសចរ ត្រូវ​ដំឡើង​តម្លៃ​លក់​សំបុត្រ​ដល់ ២០​ដុល្លារ និង​ត្រូវ​បង់ ៣​ដុល្លារ​ជូន​រដ្ឋបាល​ខេត្ត​នេះ ថា​បាន​អនុវត្ត​ផ្ទុយ ឬ​មិន​ស្តាប់​តាម​គោល​នយោបាយ​កាត់​បន្ថយ​ភាព​ក្រីក្រ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់​ចេញ​នោះ​ទេ។ ជាង​នេះ​ទៀត ចំពោះ​ការ​កំណត់​តម្លៃ​លក់​សំបុត្រ​ខ្ពស់​ហួស​ហេតុ​ពេក ឬ​តម្រូវ​ឲ្យ​ពួក​គេ​ដំឡើង​តម្លៃ​សំបុត្រ​រហូត​ដល់ ២០​ដុល្លារ គឺ​បារម្ភ​ខ្លាច​នាំ​ឲ្យ​ភ្ញៀវ​ទេសចរ​លែង​ចាប់​អារម្មណ៍​ធ្វើ​ដំណើរ​មក​ទស្សនា​ខេត្ត​នេះ​នៅ​ថ្ងៃ​អនាគត។

ត្រង់​ចំណុច​នេះ ម្ចាស់​ក្រុមហ៊ុន​ទូក​ដឹក​ភ្ញៀវ​ទេសចរ​ភាគច្រើន​នា​ខេត្ត​ព្រះសីហនុ សំណូមពរ​ដល់​ប្រមុខ​ដឹកនាំ ឲ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ទៅ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ ដែល​កំណត់​ឲ្យ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​ភ្ញៀវ​ទេសចរ​ទាំងអស់ ចេញ​ទៅ​កម្សាន្ត​តាម​កោះ​នានា តម្រូវ​ឲ្យ​ដំឡើង​តម្លៃ​លក់​សំបុត្រ និង​ជំរិត​ឲ្យ​ក្រុមហ៊ុន​ត្រូវ​តែ​បង់​ប្រាក់ ៣​ដុល្លារ​ឲ្យ​រដ្ឋបាល​ខេត្ត​ជា​ដាច់ខាត​នោះ​ជា​ថ្មី​ឡើង​វិញ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ជីវភាព​ប្រជាពលរដ្ឋ ពិសេស​កំណើន​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ នា​ថ្ងៃ​ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។