ការហាមប្រាមនោះ ដោយសារតែគេយល់ថា វត្ថុអនុស្សាវរីយ៍ខ្លះរបស់ខ្មែរ ដូចជាប្រភេទគ្រឿងអលង្កា និងត្បូង គឺជារបស់ក្លែងក្លាយ ហើយលក់ក្នុងតម្លៃថ្លៃបំផុត។
តើបញ្ហានេះ វាកំពុងកើតមាននៅតំបន់ដែលទាក់ទាញភ្ញៀវទេសចរដ៏ច្រើនលាននាក់ក្នុង១ឆ្នាំៗមែនឬក៏យ៉ាងណា?
ទីភ្នាក់ងារទេសចរណ៍ផ្នែកឯកជនខ្លះបានអំពាវនាវឱ្យក្រសួង និងសមត្ថកិច្ចរបស់រដ្ឋាភិបាលខ្មែរ សូមជួយចាត់វិធានការជាបន្ទាន់ ដើម្បីបញ្ឈប់ការលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយខ្លះ ទៅឱ្យអ្នកទេសចរបរទេសក្នុងតម្លៃថ្លៃ ដែលជាការបោកប្រាស់។
ការអំពាវនាវបានធ្វើឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយតាមគេហទំព័រ បានរិះគន់ជុំវិញរឿងអាស្រូវនេះ ហើយគេព្រួយបារម្ភអំពីបញ្ហាប៉ះពាល់ទៅដល់អ្នកផ្សេងទៀត ដែលកំពុងប្រកបរបរទទួលទានដោយសុចិតពីវិស័យទេសចរណ៍។
សហប្រធាននៃក្រុមការងារវិស័យទេសចរណ៍ឯកជន គឺ លោក ហូ វណ្ឌី។ លោកបានមានប្រសាសន៍ថា បញ្ហាដែលហាងវត្ថុអនុស្សាវរីយ៍ខ្លះ បានលក់វត្ថុអនុស្សាវរីយ៍ ដូចជាគ្រឿងអលង្ការ ឬក៏ត្បូងក្លែងក្លាយទៅឱ្យភ្ញៀវទេសចរបរទេស គឺនៅតែបន្តកើតមាននៅក្នុងខេត្តសៀមរាប។
លោក ហូ វណ្ឌី បានបញ្ជាក់ថា បញ្ហានេះវាមិនមែនជារឿងថ្មីទេ គឺបានកើតមានតាំងតែពីជាង ១០ឆ្នាំ មកហើយ។ លោក ហូ វណ្ឌី បានសង្កត់ធ្ងន់ថា ប្រសិនបើរដ្ឋាភិបាល និងសមត្ថកិច្ចនៅតែនិយាយបញ្ហានេះ ជាភាសាទូតលំៗ ហើយមិនបានចាត់វិធានការលុបបំបាត់ឱ្យតឹងរ៉ឹងទេ គឺវានឹងប៉ះពាល់ធ្ងន់ធ្ងរទៅដល់អាជីវកម្មទេសចរណ៍កម្ពុជា ទាំងមូល សម្រាប់អនាគត។
លោក ហូ វណ្ឌី៖ «វាជាផលប្រយោជន៍ទាំងអស់គ្នានៅពេលដែលភ្ញៀវទេសចរ លោកអញ្ជើញមកទស្សនា ហើយគាត់ត្រឡប់ទៅវិញ គាត់ទិញវត្ថុអនុស្សាវរីយ៍។ នេះហើយជាការបង្កើននូវផលចំណូលទៅដល់ពួកគាត់។ ក៏ប៉ុន្តែ បើសិនជាមានបាតុភាពហ្នឹងកើតឡើង នោះហើយគឺជាការខាតបង់ខ្លាំងណាស់។ អ៊ីចឹង សមត្ថកិច្ច ជាពិសេសក្រសួងទេសចរណ៍ លោកដាក់វិធានការជួយ។ ក្រសួងទេសចរណ៍ កន្លងមក លោកក៏បានលើកឡើង ហើយលើកឈ្មោះចំៗតែម្ដង ហើយលោកក៏បានប្រាប់ថា ឈប់ឱ្យមានករណីហ្នឹងកើតឡើង តែមិនដឹងថាមូលហេតុអី។ ឥឡូវហ្នឹង វានៅតែកើតឡើងទៀត។ អីចឹង យើងមានការសោកស្ដាយដែរ វាប៉ះពាល់ដល់អ្នករកទទួលទានសុចរិតទៀងត្រង់»។
កាលពីថ្ងៃទី១ ខែតុលា កន្លងទៅ គេហទំព័រក្នុងស្រុកមួយបានចេញផ្សាយថា ក្រុមហ៊ុនទេសចរណ៍ក្នុងប្រទេសចិន ជាច្រើន បានហាមដល់ជនជាតិចិន ដែលមានគោលដៅមកទស្សនានៅខេត្តសៀមរាប ប្រទេសកម្ពុជា សូមកុំទិញវត្ថុអនុស្សាវរីយ៍របស់ខ្មែរជាច្រើនប្រភេទ ព្រោះតែវត្ថុអនុស្សាវរីយ៍ខ្លះ ក្នុងចំណោមទាំងនោះ ជាវត្ថុក្លែងក្លាយ ហើយលក់ក្នុងតម្លៃខ្ពស់បំផុត។
ទោះយ៉ាងណា មគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិខ្មែរ ដែលនិយាយភាសាចិន ខ្លះ បានបដិសេធចោលថា ការផ្សព្វផ្សាយព័ត៌មាននោះ ដោយថា ជារឿងមិនពិត។
បុរសជនជាតិខ្មែរម្នាក់ជាមគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាចិន ដែលសុំមិនបញ្ចេញឈ្មោះ បានមានប្រសាសន៍ថា តាមពិត មិនមានបញ្ហាដែលថាមានហាងវត្ថុអនុស្សាវរីយ៍ខ្លះយកវត្ថុក្លែងក្លាយដូចជាគ្រឿងអលង្ការ ឬក៏ត្បូងជាដើម ទៅលក់ឱ្យភ្ញៀវទេសចរជនជាតិចិន ដូចព័ត៌មានផ្សព្វផ្សាយនោះទេ។ មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន ដដែល បានបញ្ជាក់ថា កន្លងមក គឺមានភ្ញៀវទេសចរជនជាតិចិន ខ្លះ បានចូលទៅតាមហាងលក់វត្ថុអនុស្សាវរីយ៍មួយចំនួនមែន ហើយភ្ញៀវទាំងនោះតែងតែចង់បានរបស់ល្អ តែតម្លៃថោក ក៏ប៉ុន្តែ ការចំណាយរបស់ពួកគាត់បន្តិចបន្តួច មិនអាចទិញបានវត្ថុអនុស្សាវរីយ៍ល្អនោះឡើយ។
មគ្គុទ្ទេសក៍ដដែល បានបញ្ជាក់បន្ថែមថា ថ្មីៗនេះ ក្រសួងទេសចរណ៍ចិន ពិតជាបានចេញច្បាប់មួយ ដោយប្រកាសឱ្យជនជាតិចិន ដែលធ្វើទេសចរណ៍ទាំងអស់ បញ្ឈប់ការចូលហាងទិញវត្ថុអនុស្សាវរីយ៍មែន ក៏ប៉ុន្តែមិនមែនហាមមិនឱ្យទិញតែរបស់ខ្មែរទេ គឺនៅគ្រប់ប្រទេសទាំងអស់នៃតំបន់អាស៊ីអាគ្នេយ៍។ បញ្ហានេះ ទំនងជារដ្ឋាភិបាលចិន ចង់សន្សំសំចៃការចំណាយនៅពេលដែលកំណើនសេដ្ឋកិច្ចរបស់គេមិនសូវល្អ៖ «កាលមុនៗវាតម្លៃធួរ (Tours) ថោក តែមានចូលសប់ភីង (Shopping) អ៊ីចឹង ហើយឥឡូវ ដល់ក្រោយចេញច្បាប់ថ្មីហ្នឹង គឺអត់ឱ្យចូលជាហាងជាអីទេ ហើយតម្លៃធួរវាអាចឡើងកប់ពពក ដូចថាតម្លៃមុនតែ ៤០០-៥០០ដុល្លារ គឺអាចចេញមកដើរលេងបាន ឥឡូវនេះឡើងដល់ ៧០០-៨០០ ទៅ ៩០០ ហើយកន្លែងខ្លះ តាមតំបន់អាច ១.០០០ដុល្លារជាង។ គេធ្វើច្បាប់ហ្នឹង អាចមកពីចេញទៅក្រៅមិនឱ្យមានការចាយវាយ។ ពីមុនភាគច្រើនចិន សេដ្ឋកិច្ចឡើងទៅស្រុកគេ លុយគឺចាយច្រើនណាស់»។
នៅស្របពេលដែលប្រទេសចិន បានហាមប្រាមអ្នកទេសចរមិនឱ្យចូលហាងទិញវត្ថុអនុស្សាវរីយ៍ពីបរទេសនេះ គឺមគ្គុទ្ទេសក៍ទេសចរណ៍ដែលតែងជូនភ្ញៀវចិន ដើរកម្សាន្ត ត្រូវបានក្រុមហ៊ុនដំឡើងថ្លៃសេវាឱ្យបន្ថែមច្រើនជាងមុន។
ទោះយ៉ាងណា មគ្គុទ្ទេសក៍ទេសចរណ៍ភាសាជាច្រើនទៀត នៅខេត្តសៀមរាប ក្រៅតែពីភាសាចិន នៅតែអះអាងថា ហាងវត្ថុអនុស្សាវរីយ៍មួយចំនួន គឺពិតជាបានរកស៊ីបោកប្រាស់ភ្ញៀវទេសចរបរទេស ដោយយកគ្រឿងអលង្ការ ឬក៏ត្បូងក្លែងក្លាយមកលក់ក្នុងតម្លៃថ្លៃមែន។
មគ្គុទ្ទេសក៍ទេសចរណ៍និយាយភាសាអាល្លឺម៉ង់ មួយរូប ដែលមិនហ៊ានចេញឈ្មោះ បានប្រាប់ថា បញ្ហាដែលហាងវត្ថុអនុស្សាវរីយ៍មួយចំនួនរកស៊ីទុច្ចរិត បោកប្រាស់អ្នកទេសចរបរទេស គឺនៅតែបន្តកើតមាន។ មគ្គុទ្ទេសក៍ទេសចរណ៍ដដែល បានឱ្យដឹងថា កាលពី ៣-៤ឆ្នាំមុន អ្នកទេសចរណ៍អឺរ៉ុប ម្នាក់ គឺជាអ្នកមានលុយ បានមកទស្សនាខេត្តសៀមរាប ហើយមគ្គុទ្ទេសក៍បាននាំទៅទិញគ្រឿងពេជ្រក្លែងក្លាយនៅហាងវត្ថុអនុស្សាវរីយ៍មួយកន្លែង ដោយមគ្គុទ្ទេសក៍នោះក៏បានទទួលប្រាក់កម្រៃជើងសាពីម្ចាស់ហាងយ៉ាងក្រាស់ក្រែល។ ក៏ប៉ុន្តែ ប្រហែល ១ឆ្នាំក្រោយមក គឺអ្នកទេសចរនោះ បានយកគ្រឿងអលង្ការទៅពិនិត្យ ហើយដឹងថាក្លែងក្លាយ ក៏ធ្វើពាក្យបណ្ដឹងមកតាមរយៈក្រសួងការបរទេសខ្មែរ។
មគ្គុទ្ទេសក៍ភាសាអាល្លឺម៉ង់ ដដែល បានបញ្ជាក់ថា បច្ចុប្បន្ន គឺភ្ញៀវទេសចរចិន ខ្លះ អាចជួបបញ្ហាដូចភ្ញៀវអឺរ៉ុប នោះ ពីព្រោះតែលោកឃើញថា មគ្គុទ្ទេសក៍ភាសាចិនខ្លះ រកបានលុយកាក់ជាច្រើន៖ «រាល់ថ្ងៃហ្នឹង Guide ចិន គឺគេរកបានណាស់។ មួយៗសុទ្ធតែមានណាស់ គេរកគេលក់ក្នុងឡាន យ៉ាងម៉េចក៏ក្រុមហ៊ុនគេអត់ថាអីទេ បើកដៃ។ អ៊ីចឹង បានឃើញហាងលក់វត្ថុអនុស្សាវរីយ៍ទាំងអស់ ភាគច្រើនមិនមែនអឺរ៉ុប ចូលទេ ភាគច្រើនចិន។ ចូលទៅហើយ របស់លក់ឱ្យចិន ហ្នឹង មិនមែនសុទ្ធទេ ភាគច្រើនគឺក្លែងក្លាយ។ អាហ្នឹង យើងមិនមែនច្រណែនឈ្នានីសគេទេ ប៉ុន្តែក្នុងមុខរបរមគ្គុទ្ទេសក៍ អ្នកដែលរកបានច្រើនជាងគេ គឺភាសាចិន»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានមន្ទីរនៅខេត្តសៀមរាប ដើម្បីសុំប្រតិកម្មជុំវិញបញ្ហានេះបានថាយ៉ាងណានៅឡើយទេ។
ក៏ប៉ុន្តែ គេហទំព័រក្នុងស្រុកមួយ បានដកស្រង់សម្ដីប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប គឺ លោក ង៉ូវ សេងកាក់ ដោយថា លោកបានឮអំពីបញ្ហានេះ ប៉ុន្តែមិនទាន់បានទទួលលិខិតស្នាមច្បាស់លាស់ពីក្រុមហ៊ុនទេសចរណ៍ ឬក៏រដ្ឋាភិបាលចិន នៅឡើយទេ។
លោក ង៉ូវ សេងកាក់ បានបញ្ជាក់ថា កន្លងទៅ ធ្លាប់មានការប្ដឹងផ្ដល់ខ្លះៗ ជុំវិញរឿងលក់វត្ថុអនុស្សាវរីយ៍ក្លែងក្លាយក្នុងតម្លៃខ្ពស់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
