ទេសចរ​បរទេស​មក​កម្សាន្ត​ខេត្ត​សៀមរាប​ថយ​ចុះ​បន្ទាប់​ពី​មាន​ជំងឺ​ផ្លូវ​ដង្ហើម​នៅ​តំបន់​អាស៊ី​បូព៌ា

0:00 / 0:00

ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​ជនជាតិ​ខ្មែរ​មួយ​ចំនួន ដែល​និយាយ​ភាសា​បរទេស​នៅ​តំបន់​អឺរ៉ុប បាន​ត្អូញត្អែរ​ថា ពួក​គេ​កំពុង​ប្រឈម​មុខ​នឹង​ការ​គ្មាន​កម្រៃ​ប្រចាំ​ថ្ងៃ​រយៈពេល​ជិត ២​ខែ​មក​ហើយ។ ការ​រក​ប្រាក់​កម្រៃ​ប្រចាំ​ថ្ងៃ​មិន​បាន​នេះ គឺ​ដោយសារ​តែ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​ទស្សនា​ខេត្ត​សៀមរាប បាន​ធ្លាក់​ចុះ​ក្នុង​មួយ​រយៈពេល​កន្លង​មក។

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​មក​ទស្សនា​ខេត្ត​នេះ​តាម​រយៈ​ច្រក​ទ្វារ​ព្រំដែន​គោក និង​ជើង​យន្តហោះ បាន​ថយ​ចុះ​មួយ​កម្រិត​ក្នុង​រយៈពេល ២​ខែ​ចុង​ក្រោយ​នៃ​ឆមាស​ទី​១ ឆ្នាំ​២០១៥។

ភ្ញៀវ​ទេសចរ​បរទេស​ដែល​តែង​មក​ទស្សនា​ខេត្ត​សៀមរាប ហើយ​ធ្លាក់​ចុះ​គួរ​ឲ្យ​កត់​សម្គាល់​ទាំង​នោះ គឺ​មក​ពី​តំបន់​អឺរ៉ុប តំបន់​អាស៊ី​បូព៌ា មាន​ជប៉ុន និង​កូរ៉េ ជាដើម។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប គឺ​លោក ង៉ូវ សេងកាក់។ លោក​មាន​ប្រសាសន៍​ថា ក្នុង​រយៈពេល ២​ខែ​ចុង​ក្រោយ​នេះ ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ចូល​តាម​ច្រក​ទ្វារ​ព្រំដែន​គោក​នៃ​ប្រទេស​ថៃ និង​តាម​ជើង​យន្តហោះ​មក​ទស្សនា​ខេត្ត​សៀមរាប បាន​ធ្លាក់​ចុះ​មួយ​កម្រិត។ លោក ង៉ូវ សេងកាក់ មាន​ប្រសាសន៍​ថា ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​មក​ទស្សនា​ខេត្ត​សៀមរាប រយៈពេល ៦​ខែ​ឆ្នាំ​២០១៥ នេះ គឺ​មាន​ការ​ថយ​ចុះ ១១% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៤។ ប្រធាន​មន្ទីរ​ទេសចរណ៍​ដដែល​បញ្ជាក់​ថា លោក​មិន​ដឹង​ពី​មូលហេតុ​ច្បាស់លាស់​នៃ​ការ​ថយ​ចុះ​ចំនួន​អ្នក​ទេសចរ​នោះ​ទេ ប៉ុន្តែ​លោក​គិត​ថា ប្រហែល​មក​ពី​ស្ថានភាព​នៅ​ក្នុង​តំបន់ ឬ​ក៏​បណ្ដាល​មក​ពី​ការ​ភ័យ​ខ្លាច​នៅ​ពេល​ធ្វើ​ដំណើរ៖ «ថយ វៀតណាម ជប៉ុន កូរ៉េ កើន​ចិន សម្រាប់​ខែ​ឆមាស​ទី​១។ វា​អាច​ប៉ះពាល់​ពី​សភាពការណ៍​តំបន់​ផង ហើយ​ទំនង​ជា​ភ័យ​ខ្លាច​នឹង​ព្រឹត្តិការណ៍​ធ្លាក់​យន្តហោះ​ច្រើន​នៅ​តំបន់​អាស៊ី​ផង»

ការ​ថយ​ចុះ​ចំនួន​អ្នក​ទេសចរ​បរទេស​មក​កាន់​ខេត្ត​សៀមរាប ដែល​ជា​បេះដូង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា នេះ គឺ​នៅ​ក្រោយ​ពេល​ដែល​ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ី​បូព៌ា បាន​ទទួល​រង​ការ​គំរាម​កំហែង​ដោយ​ជំងឺ​ផ្លូវ​ដង្ហើម ដែល​ភាសា​អង់គ្លេស​ហៅ​ថា មើស (MERSE)។

កាល​ពី​ពាក់​កណ្ដាល​ខែ​មិថុនា កន្លង​ទៅ ប្រទេស​កូរ៉េ​ខាង​ត្បូង បាន​រក​ឃើញ​អ្នក​កើត​ជំងឺ​ផ្លូវ​ដង្ហើម​ចំនួន ១៦២​ករណី ហើយ​ក្នុង​ចំណោម​អ្នក​ជំងឺ​នោះ គឺ ២១​នាក់​បាន​ស្លាប់។ ក្រៅ​ពី​នេះ អ្នក​ដែល​បាន​ប៉ះពាល់​អ្នក​ជំងឺ​មើស​ចំនួន ៦.៥០០​នាក់​ផ្សេង​ទៀត ត្រូវ​បាន​គេ​ដាក់​ឲ្យ​នៅ​ដាច់​ដោយឡែក​ពី​គេ ដើម្បី​តាម​ដាន​ស្ថានភាព​សុខភាព។

កាល​ពី​រាត្រី​ថ្ងៃ​ទី​៩ ខែ​កក្កដា កន្លង​ទៅ នៅ​ឯ​ព្រលាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀមរាប ក៏​មាន​ការ​ភ្ញាក់ផ្អើល​ជុំវិញ​បញ្ហា​ជំងឺ​មើស​នេះ​ដែរ បន្ទាប់​ពី​ជនជាតិ​កូរ៉េ​ម្នាក់ ចុះ​ពី​យន្តហោះ​មាន​អាការៈ​ក្ដៅ​ខ្លួន​ខ្លាំង ហើយ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ។

ទោះ​យ៉ាង​ណា ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​សៀមរាប លោក​វេជ្ជបណ្ឌិត ក្រូស សារ៉ាត់ បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ នៅ​ខេត្ត​សៀមរាប និង​ខេត្ត​ដទៃ​ទៀត​របស់​កម្ពុជា មិន​មាន​ករណី​ជំងឺ​មើស​នៅ​ឡើយ​ទេ។

កាល​ពី​សប្ដាហ៍​មុន អាជ្ញាធរ​ជាតិ​អប្សរា​ទទួល​បន្ទុក​ការពារ និង​ថែរក្សា​ប្រាសាទ​បុរាណ បាន​ចេញ​របាយការណ៍​បញ្ជាក់​ថា ក្នុង​រយៈពេល ៦​ខែ​នៃ​ឆមាស​ទី​១ ឆ្នាំ​២០១៥ គឺ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ដែល​ទិញ​សំបុត្រ​ចូល​ទៅ​ទស្សនា​រមណីយដ្ឋាន​អង្គរ មាន​ការ​កើន​ឡើង ១,៦១%។

ទោះ​យ៉ាង​ណា ប្រធាន​នាយកដ្ឋាន​ផ្សព្វផ្សាយ​របស់​អាជ្ញាធរ​អប្សរា លោក ឡុង កុសល ទទួល​ស្គាល់​ថា ថ្វីត្បិត​តែ​តួលេខ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ដែល​ទិញ​សំបុត្រ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​មាន​ការ​កើន​ឡើង ក៏ប៉ុន្តែ​ចំនួន​ភ្ញៀវ​ដែល​មក​ទស្សនា​ខេត្ត​សៀមរាប ទាំង​មូល គឺ​អាច​ថយ​ចុះ​ជាង​កាល​ពី​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៤ មែន៖ «ជាទូទៅ គឺ​យើង​តែងតែ​ផ្អែក​ទៅ​លើ​មូលដ្ឋាន និង​ទិន្នន័យ​តួលេខ​របស់​មន្ទីរ​ទេសចរណ៍​ដូច​គ្នា អ៊ីចឹង​ខ្ញុំ​គិត​ថា តួលេខ​របស់​មន្ទីរ​ទេសចរណ៍​ដែល​ថា​ភ្ញៀវ​ធ្លាក់​ចុះ​នៅ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​២០១៥ គឺ​ជា​តួលេខ​ដ៏​ត្រឹមត្រូវ​ហើយ»

ក្រុម​មគ្គុទ្ទេសក៍​ទេសចរណ៍​ជនជាតិ​ខ្មែរ​ដែល​និយាយ​ភាសា​អឺរ៉ុប មួយ​ចំនួន បាន​ត្អូញត្អែរ​អំពី​ការ​បាត់​បង់​ចំណូល​ប្រចាំ​ថ្ងៃ ដោយសារ​ការ​ធ្លាក់​ចុះ​នៃ​ចំនួន​អ្នក​ទេសចរ​បរទេស​នេះ។

អ្នក​មគ្គុទ្ទេសក៍​ទេសចរណ៍​ភាសា​អាល្លឺម៉ង់ លោក ឃ្លោក សាខឿន បាន​ត្អូញត្អែរ​ថា រយៈពេល​ជាង ៥០​ថ្ងៃ​មក​ហើយ រូប​លោក​មិន​ដែល​បាន​នាំ​ភ្ញៀវ​ទេសចរ​ដើរ​កម្សាន្ត​ទេ។ លោក ឃ្លោក សាខឿន បញ្ជាក់​ថា ការ​ធ្លាក់​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ពី​តំបន់​អឺរ៉ុប មាន​អង់គ្លេស អាល្លឺម៉ង់ ឬ​ក៏​អេស្ប៉ាញ ជាដើម​នោះ មិន​មែន​តែ​រូប​លោក​ម្នាក់​ទេ​ដែល​ប្រឈម​មុខ​នឹង​ការ​បាត់​បង់​ចំណូល​ប្រចាំ​ថ្ងៃ គឺ​មាន​មគ្គុទ្ទេសក៍​ទេសចរណ៍​ជាច្រើន​ទៀត៖ «តាម​ធម្មតា​ភ្ញៀវ​អង់គ្លេស ភ្ញៀវ​មក​ពី​អឺរ៉ុប ដូចជា​អាល្លឺម៉ង់ អី គឺ​ខែ​៥ ខែ​៦ តែងតែ​មាន​ភ្ញៀវ​យ៉ាង​ហោច​ណាស់​ក៏ ៣-៤​ក្រុម​ដែរ​ក្នុង​ម្នាក់ៗ ប៉ុន្តែ​ឆ្នាំ​នេះ​គឺ ៥០​ថ្ងៃ​មក​ហើយ ខ្ញុំ​មិន​ដែល​មាន​ភ្ញៀវ​សោះ»

មគ្គុទ្ទេសក៍​ទេសចរណ៍​ដដែល​បញ្ជាក់​ថា លោក​មិន​ដឹង​ច្បាស់​ពី​មូលហេតុ​ថា ហេតុ​អ្វី​បាន​ជា​ភ្ញៀវ​ទេសចរ​បរទេស​ធ្លាក់​ចុះ​នៅ​ក្នុង​ពេល​នេះ ដែល​ជា​រដូវ​ពុំ​ធ្លាប់​ធ្លាក់​ចុះ​ដូច្នេះ​ទេ។

ស្ថិតិ​របស់​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប ឲ្យ​ដឹង​ថា ក្នុង​រយៈពេល ៥​ខែ​ឆ្នាំ​២០១៥ នេះ គឺ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ប្រមាណ ៩៩​ម៉ឺន​នាក់ បាន​មក​ទស្សនា​ខេត្ត​សៀមរាប។ ចំនួន​នេះ គឺ​ថយ​ចុះ ១១% បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​២០១៤ កន្លង​ទៅ គឺ​មាន​ចំនួន ១​លាន ១​សែន​នាក់​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។