ភ្ញៀវទេសចរទៅទស្សនារមណីយដ្ឋានខេត្តក្រចេះ ត្អូញត្អែរតម្លៃអាហារ និងតម្លៃចតរថយន្តថ្លៃខុសប្រក្រតី បន្ទាប់ពីពួកគាត់បានទៅកម្សាន្តនៅរមណីយដ្ឋានទឹកជួរកាំពី កាលពីថ្ងៃទី២១ កុម្ភៈ។ ចំណែកប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ អះអាងថា ភ្ញៀវទេសចរមានបញ្ហានេះ អាចទូរស័ព្ទផ្តល់ព័ត៌មានជូនគណៈកម្មការគ្រប់គ្រង។
ការត្អូញត្អែរនេះ បន្ទាប់ពីភ្ញៀវទេសចរមកទស្សនានៅរមណីយដ្ឋានទឹកជួរកាំពី កាលពីថ្ងៃទី២១ កុម្ភៈ ឃើញស្លាកសញ្ញាតម្លៃផ្ញើរថយន្តខាងមុខផ្លូវចូលរមណីយដ្ឋានតម្លៃ ៥ពាន់រៀល ប៉ុន្តែកន្លែងបង់ប្រាក់តម្លៃ ១ម៉ឺនរៀល។ ចំណែកតម្លៃម្ហូបអាហារដែលលក់នៅទីនោះ ក៏ថ្លៃ។
ភ្ញៀវទេសចរដើរកម្សាន្តនៅរមណីយដ្ឋានទឹកជួរកាំពី មកពីរាជធានីភ្នំពេញ លោក គង់ ស៊ូត ឲ្យដឹងថា ការយកតម្លៃចតរថយន្តផ្ទុយពីស្លាកសញ្ញា ហាក់បង្ហាញពីភាពមិនប្រក្រតីនៃការផ្តល់សេវាកម្មទេសចរណ៍ជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ចំណែកតម្លៃម្ហូបអាហារដែលដាក់នៅទីនោះ ហាក់មានតម្លៃថ្លៃ ដែលអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍អ្នកមកកម្សាន្ត ឬអាចធ្វើឲ្យអ្នកមកទស្សនារាងចាល៖ « យើងមិនស្ដាយលុយទេ ៥ពាន់ ប៉ុន្តែយើងចង់ធ្វើតាមស្លាកគេដាក់ប៉ុន្មាន យើងបង់ប៉ុណ្ណឹង។ តាំងពី ១០០ឡើងទៅ ក៏ចូលរួមអំពើពុករលួយដែរ ប្រសិនមន្ត្រីនៅខាងក្រោម ហើយខ្មែរគ្រប់រូបនៅតែគាំទ្រតម្លៃប៉ុណ្ណឹង មានន័យថា មិនគាំទ្រគោលការណ៍របស់រដ្ឋាភិបាលទេ »។
អាជីវករលក់អាហារនៅរមណីយដ្ឋានទឹកជួរកាំពី សុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា នាងលក់អាហារបានកំណត់តម្លៃក្នុងបញ្ជីរាយមុខម្ហូបជាក់លាក់ ហើយភ្ញៀវមកកម្សាន្ត អាចតថ្លៃបាន។ ចំណែកតម្លៃអាហារក៏មិនខ្ពស់ដែរសម្រាប់ការលក់នៅតំបន់រមណីយដ្ឋាននោះ៖ « មីនុយ ( បញ្ជីមុខម្ហូប ) ហ្នឹង គេ ដាក់តម្លៃ ៥ម៉ឺន ៥ម៉ឺន ៥ពាន់ ៦ម៉ឺន ប៉ុន្តែគេលក់តែមួយៗ ជួនកាលត្រីមួយ ៥០ដុល្លារ ដូចជាត្រីប៉ាវ៉ា តែភ្ញៀវខ្លះគាត់អត់ដឹងទេ គាត់ស្អែកថា ម្ហូបហ្នឹងថ្លៃ »។
ឆ្លើយតបការលើកឡើងនេះ ប្រធានគណៈកម្មការគ្រប់គ្រងតំបន់ទេសចរណ៍ទឹកជួរកាំពី និងជាអភិបាលរងខេត្តក្រចេះ លោក ខណ្ឌ ចំណាន បំភ្លឺថា គណៈកម្មការគ្រប់គ្រងតំបន់ទេសចរណ៍ធម្មជាតិ បានកំណត់តម្លៃរថយន្តជាក់លាក់ និងបានដាក់ស្លាកសញ្ញាបង្ហាញភ្ញៀវ ដូចជារថយន្តធំតម្លៃ ១ម៉ឺនរៀល រថយន្តតូចតម្លៃ ៥ពាន់រៀល។ ចំណែកតម្លៃអាហារ គណៈកម្មការធ្លាប់ផ្សព្វផ្សាយដល់អាជីវករ ឲ្យកំណត់តម្លៃសមរម្យដែលមានចែងច្បាស់ក្នុងបញ្ជីរាយនាមមុខម្ហូប។ លោកបន្តថា ប្រសិនភ្ញៀវទេសចរចង់ផ្តល់ព័ត៌មានពីភាពមិនប្រក្រតីផ្សេងៗ អាចទូរស័ព្ទផ្តល់ព័ត៌មានមកគណៈកម្មការ ឬប្រធានមន្ទីរទេសចរណ៍៖ « គណៈកម្មការហ្នឹងបានបញ្ជាក់ជាមួយបងប្អូនដែលសុំធ្វើចំណតរថយន្តហ្នឹង ឲ្យគោរពតាមហ្នឹង ក្នុងកិច្ចសន្យាក៏យើងបានបញ្ជាក់ច្បាស់លាស់ បានជាយើងលើកតម្លៃបង្ហាញជាសាធារណៈ »។
ប្រធានមន្ទីរទេសចរណ៍ខេត្តក្រចេះ លោក រុន ធារ៉ា មានប្រសាសន៍ថា លោកពុំទាន់ទទួលព័ត៌មានស្ដីពីការយកតម្លៃលើស ទាក់ទិនការចតរថយន្តរបស់ភ្ញៀវចូលមកទស្សនានៅឡើយទេ។ លោកថា ប្រសិនអ្នកដេញថ្លៃរថយន្តពិតជាយកតម្លៃផ្ទុយពីកិច្ចសន្យា លោកនឹងព្រមានម្ចាស់ដេញថ្លៃចំណតរថយន្ត ឲ្យប្រតិបត្តិតាមគោលការណ៍ដែលបានព្រមព្រៀងកន្លងមក។ លោកបញ្ជាក់ថា មន្ទីរជំនាញមានក្រុមការងារដែលប្រចាំការនៅតំបន់នោះ តែងតែតាមដានយ៉ាងយកចិត្តទុកដាក់ពីបញ្ហានេះ៖ « ភ្ញៀវណាមានបញ្ហា យើងបានបិទលេខទូរស័ព្ទនៅតាមផ្ទះទឹកហ្នឹង។ យើងដាក់លេខទូរស័ព្ទកុំឲ្យពួកគាត់កោរភ្ញៀវទាំងតម្លៃម្ហូបអាហារក៏ដោយ។ យើងរៀបចំហើយគណៈកម្មការយើង គឺយើងមិនបានធ្វេសប្រហែសទេ។ អ្នកដំណើរទាំងភ្ញៀវជាតិ អន្តរជាតិ សូមជួយយោគយល់បញ្ហាហ្នឹង មានបញ្ហាអីយើងចុះដោះស្រាយភ្លាម »។
របាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តក្រចេះ បង្ហាញថា កាលពីឆ្នាំ២០១៥ ភ្ញៀវមកកម្សាន្តនៅរមណីយដ្ឋានទឹកជួរកាំពី ជាង ៤ម៉ឺននាក់ កើនឡើង ៨០ភាគរយបើធៀបឆ្នាំ២០១៤។ រមណីយដ្ឋានទឹកជួរកាំពី បង្កើតឡើងតាំងពីឆ្នាំ២០០០ មានអាជីវករកំពុងលក់ដូរជាង ៣០០គ្រួសារ មានផ្ទះទឹក ឬខ្យូស (kiosk) ៤៧០ មានតូបលក់សម្ភារៈអនុស្សាវរីយ៍ និងតូបលក់ម្ហូបអាហារជាង ៤០តូប។ ក្នុងខ្យូសនីមួយៗ ត្រូវបង់ថវិកាចូលរដ្ឋ ឬគណៈកម្មការគ្រប់គ្រងតំបន់ទេសចរណ៍ធម្មជាតិទឹកជួរកាំពី ចាប់ពី ៣ម៉ឺនរៀលដល់ ៧ម៉ឺនរៀល រយៈពេល ៥ខែ។ អភិបាលរងខេត្តក្រចេះ លោក ខណ្ឌ ចំណាន បន្ថែមទៀតថា គោលបំណងនៃការបង្កើតរមណីយដ្ឋាននោះ គឺបង្កើតមុខរបរជូនសហគមន៍ ដើម្បីបញ្ចៀសការនេសាទដែលអាចប៉ះពាល់ជម្រកត្រីផ្សោត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
