កាលពីជាង ២ឆ្នាំមុន ស្ថានទូតនៃប្រទេសមួយចំនួនធ្លាប់បានប្រកាសហាមឃាត់ កុំឲ្យជនជាតិរបស់គេឡើងទៅទស្សនាប្រាសាទព្រះវិហារលើកំពូលភ្នំដងរែក ក្នុងស្រុកជាំក្សាន្ត ដោយសារតែព្រួយបារម្ភចំពោះគ្រោះថ្នាក់ ក្នុងពេលដែលទាហានខ្មែរ-ថៃ ប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងជុំវិញរឿងជម្លោះព្រំដែននៅក្បែរនោះ។
បច្ចុប្បន្ន ស្ថានទូតនៃបណ្ដាប្រទេសទាំងនោះ បានដកបម្រាមវិញហើយ បន្ទាប់ពីតុលាការយុត្តិធម៌អន្តរជាតិ អាយ.ស៊ី.ជេ (ICJ) បានបកស្រាយសាលដីកាជាថ្មី ហើយស្ថានភាពជម្លោះព្រំដែនរវាងខ្មែរ-ថៃ នៅជិតតំបន់ប្រាសាទព្រះវិហារ បានស្ងប់ស្ងាត់ និងប្រសើរមក។ ពេលនេះ អាជ្ញាធរជាតិព្រះវិហារ ទទួលបន្ទុកថែរក្សា និងការពារប្រាសាទបុរាណនៅលើកំពូលភ្នំដងរែក កំពុងខិតខំទាក់ទាញភ្ញៀវទេសចរបរទេស ឲ្យទៅទស្សនាទីនោះបានកាន់តែច្រើនថែមទៀត។
មន្ត្រីអាជ្ញាធរជាតិព្រះវិហារ ឲ្យដឹងថា ក្នុងរយៈពេល ១១ខែឆ្នាំ២០១៥ ចំនួនភ្ញៀវទេសចរបរទេសដែលឡើងទៅទស្សនាប្រាសាទបុរាណលើកំពូលភ្នំដងរែក គឺមានការកើនឡើងតិចតួច បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤ កន្លងទៅ។
អាជ្ញាធរជាតិព្រះវិហារ ទទួលបន្ទុកការពារ និងថែរក្សាប្រាសាទព្រះវិហារ កំពុងតែប្រឹងប្រែងកែលំអទៅលើបណ្ដាញផ្លូវគមនាគមន៍ បញ្ហាសេវាកម្មផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ព្រមទាំងសុជីវធម៌សាធារណៈ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឲ្យទៅទស្សនាប្រាសាទព្រះវិហារបានកាន់តែច្រើនថែមទៀត។
អគ្គនាយកនៃអាជ្ញាធរជាតិព្រះវិហារ គឺលោក គង់ ពុទ្ធិកា។ លោកមានប្រសាសន៍ថា គោលនយោបាយរបស់រដ្ឋាភិបាល បានផ្សារភ្ជាប់បណ្ដាញគមនាគមន៍ផ្លូវគោកពីខេត្តកំពង់ធំ ពីខេត្តស្ទឹងត្រែង និងពីខេត្តសៀមរាប ឆ្ពោះទៅកាន់ប្រាសាទព្រះវិហាររួចរាល់អស់ហើយ។ ចំណែកឯផ្លូវអាកាស ថ្វីត្បិតតែខេត្តព្រះវិហារ មិនមានយន្តហោះចុះចតជាអចិន្ត្រៃយ៍ក៏ដោយ ក៏ភ្ញៀវទេសចរខ្លះដែលមានលុយកាក់ អាចជួលឧទ្ធម្ភាគចក្រតូចៗពីក្រុមហ៊ុន ជិះទៅចុះចតក្បែរជើងភ្នំ ហើយឡើងទៅទស្សនាប្រាសាទបានដែរ។
លោក គង់ ពុទ្ធិកា បញ្ជាក់ថា បច្ចុប្បន្ន អាជ្ញាធរជាតិព្រះវិហារ កំពុងសហការជាមួយមន្ទីរទេសចរណ៍ខេត្តព្រះវិហារ ដោយរៀបចំកែលំអសេវាកម្មទេសចរណ៍មួយចំនួននៅភូមិស្រអែម ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឲ្យទៅទស្សនាប្រាសាទព្រះវិហារកាន់តែច្រើនឡើងៗ៖ «យើងក៏បានពង្រឹងគុណភាពសេវាកម្ម ការដឹកជញ្ជូនភ្ញៀវហ្នឹង ក៏យើងបានពង្រឹងជារៀងរាល់ខែ ដោយបានប្រជុំជាមួយក្រុមអាជីវករ ដើម្បីពង្រឹងសណ្ដាប់ធ្នាប់ ពង្រឹងវិន័យ និងអាកប្បកិរិយា»។
អាជ្ញាធរជាតិព្រះវិហារ ឲ្យដឹងថា ក្នុងរយៈពេល ១១ខែនៃឆ្នាំ២០១៥ គឺមានភ្ញៀវទេសចរជាតិទៅទស្សនាប្រាសាទព្រះវិហារ ចំនួនជិត ៩ម៉ឺននាក់។ ចំណែកភ្ញៀវទេសចរបរទេស គឺប្រហែលជា ១ម៉ឺននាក់។ ចំនួននេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៤ គឺភ្ញៀវទេសចរជាតិប្រហាក់ប្រហែលគ្នា ប៉ុន្តែចំពោះភ្ញៀវទេសចរបរទេសវិញ មានការកើនឡើងតិចតួចលើសពីឆ្នាំមុន។ ភ្ញៀវជាតិដែលទៅទស្សនាប្រាសាទព្រះវិហារ មិនតម្រូវឲ្យទិញសំបុត្រទេ។ ចំណែកឯភ្ញៀវទេសចរបរទេសវិញ គឺទិញសំបុត្រតម្លៃ ១០ដុល្លារក្នុងម្នាក់ៗ ប៉ុន្តែបើក្មេងបរទេសក្រោមអាយុ ១២ឆ្នាំ ក៏មិនយកលុយដែរ។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចសុំការអធិប្បាយពីប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ លោក គង់ វិបុល ជុំវិញរឿងទេសចរណ៍នេះបានថាយ៉ាងណានៅឡើយ នៅថ្ងៃទី១៣ ខែធ្នូ ដោយសារតែលោកកំពុងជាប់រវល់បើករថយន្តតាមដងផ្លូវ។
ប្រាសាទព្រះវិហារ បានទាក់ទាញភ្ញៀវទេសចរជាតិដែលរស់នៅខេត្តជុំវិញ ដូចជាខេត្តស្ទឹងត្រែង ខេត្តកំពង់ធំ សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ និងខេត្តបាត់ដំបង ជាដើម ឲ្យនាំគ្នាទៅលេងនៅរដូវបុណ្យទាន ដូចជាខែចូលឆ្នាំ និងភ្ជុំបិណ្ឌ ជាដើម។ ចំណែកឯពេលដែលមិនមានបុណ្យទានវិញ គឺច្រើនតែប្រជាពលរដ្ឋខ្មែរដែលស្កាត់ពីខេត្តឆ្ងាយ នាំគ្នាទៅទស្សនា។
បុរសចំណាស់អាយុ ៦៨ឆ្នាំ លោក យ៉ុង យាន់ ខំស្កាត់មកតាំងពីស្រុកមេសាង ខេត្តព្រៃវែង បាននាំប្រពន្ធ និងកូនជាច្រើននាក់ ឡើងទៅទស្សនាប្រាសាទព្រះវិហារជាលើកដំបូង។ លោក យ៉ុង យាន់ មានប្រសាសន៍ថា កូនៗបានចំណាយលុយប្រហែល ២០ម៉ឺនរៀលសម្រាប់ធ្វើដំណើរនាំរូបគាត់មកទស្សនាប្រាសាទព្រះវិហារនេះ។ លោក យ៉ុង យាន់ មានអារម្មណ៍ខុសពីមុន បន្ទាប់ពីរូបគាត់បានឈរនៅចំពោះមុខគោបុរៈទី៥ នៃប្រាសាទព្រះវិហារ៖ «អារម្មណ៍រំភើបដែរ វត្ថុបុរាណថ្វីត្បិតតែថ្ម ប៉ុន្តែសម័យនេះបែបធ្វើមិនកើតទេ? មិនដែលឃើញទេប្រាសាទនេះ ធ្លាប់តែឮចាស់និយាយ កាលពីដើមមក»។
ស្ត្រីចំណាស់ឈ្មោះ ថោ តយ បានបន្ទរតាមប្ដីរបស់គាត់ គឺលោកតា យ៉ុង យាន់។ គាត់មានប្រសាសន៍ថា គាត់មានបំណងមកលេងប្រាសាទព្រះវិហារយូរហើយ ពីព្រោះមិនដែលឃើញសោះ ឮតែចាស់ៗនិយាយប្រាប់ប៉ុណ្ណោះ។ លុះមកឃើញផ្ទាល់ភ្នែក គឺប្រាសាទបុរាណមួយនេះល្អស្អាត ព្រមទាំងធ្វើឲ្យចិត្តរបស់គាត់មនោរម្យជាងអ្វីដែលមនុស្សចាស់ជំនាន់មុនៗ ធ្លាប់និយាយប្រាប់ទៅទៀត៖ «កន្លែងនេះត្រជាក់ស្រួលណាស់ រហើយសប្បាយ រីករាយក្នុងចិត្តណាស់ ដែលបានមកដល់ ព្រោះមិនដែលស្គាល់ទេប្រាសាទព្រះវិហារនេះ»។
ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅក្បែរប្រាសាទព្រះវិហារ បានពឹងផ្អែកទៅលើការរកចំណូលពីភ្ញៀវទេសចរដែលឡើងទៅកម្សាន្តនៅប្រាសាទព្រះវិហារនេះ។
យុវជនម្នាក់ជាម្ចាស់តូបលក់កាហ្វេនៅក្បែរកន្លែងលក់សំបុត្រឲ្យភ្ញៀវទេសចរបរទេសឡើងទស្សនាប្រាសាទ ដែលសុំមិនបញ្ចេញឈ្មោះ មានប្រសាសន៍ថា នៅពេលណាដែលមិនសូវសម្បូរភ្ញៀវឡើងទៅទស្សនាប្រាសាទ គឺក្នុងមួយថ្ងៃគាត់រកលុយបានពីក្រុមអ្នកបើកឡាន និងបើកម៉ូតូឌុបប្រមាណ ២ ទៅ ៣ម៉ឺនរៀល ប៉ុន្តែបើពេលណាសម្បូរភ្ញៀវ គាត់អាចរកប្រាក់បានពី ៥ ទៅ ៦ម៉ឺនរៀលដែរក្នុងមួយថ្ងៃៗ។ ប្រាក់ដែលរកបាននេះ សម្រាប់ដោះស្រាយការហូបចុក និងថ្លៃកូនទៅសាលារៀនប្រចាំថ្ងៃ ជាដើម៖ «ចំណេញបាន ១-២ម៉ឺន ព្រោះយើងមិនទៅលក់ដូរធំដុំឯណា តែបើសិនថ្ងៃណាមានបុណ្យទាន និងមានភ្ញៀវធំដុំអី គឺលក់ដាច់ច្រើន»។
ប្រជាពលរដ្ឋខ្លះដែលរស់នៅឃុំស្រអែម និងភូមិធម្មជាតិសម្ដេចតេជោ គឺពឹងផ្អែកទៅលើមុខរបរប្រចាំថ្ងៃ ដោយរកកម្រៃពីភ្ញៀវទេសចរដែលទៅទស្សនាប្រាសាទព្រះវិហារ។ ការងាររបស់ពួកគេទាំងនោះ គឺបើកឡានមួយបាំងកន្លះ និងបើកម៉ូតូ ដឹកអ្នកទេសចរពីជើងភ្នំឡើងទៅលើកំពូលភ្នំដងរែក ដើម្បីទស្សនាប្រាសាទព្រះវិហារ និងដឹកភ្ញៀវទេសចរចុះមកវិញ ក៏ប៉ុន្តែកម្រៃដែលបានពីសេវាដឹកជញ្ជូននេះ មិនទៀងទាត់ទេ គឺអាស្រ័យលើថ្ងៃខ្លះមានភ្ញៀវច្រើន និងថ្ងៃខ្លះមានភ្ញៀវតិច៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
