ភ្ញៀវ​ទេសចរ​កើន​ឡើង​នៅ​ខេត្ត​កំពង់ឆ្នាំង​និង​ពោធិ៍សាត់​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី

0:00 / 0:00

រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ ឆ្នាំ​២០១៤ នេះ ចំនួន​ភ្ញៀវ​ទេសចរ​នៅ​ខេត្ត​កំពង់ឆ្នាំង បាន​កើន​ឡើង​ជាង ១​ម៉ឺន​នាក់ និង​ខេត្ត​ពោធិ៍សាត់ បាន​កើន​ឡើង​ជាង ១​ម៉ឺន​នាក់​ដែរ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន។ ចំណែក​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​បី​ថ្ងៃ​នេះ​វិញ គឺ​កើត​មាន​ច្រើន​ករណី​គួរ​ឲ្យ​ព្រួយ​បារម្ភ។

មន្ត្រី​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​ទាំង​ពីរ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ថា តំបន់​ទេសចរណ៍​ទឹក​ធ្លាក់​ច្រក​ល្អៀង នៅ​ស្រុក​ក្រគរ និង​ទឹក​ធ្លាក់​ល្បាក់​កំរោញ នៅ​ស្រុក​ភ្នំក្រវាញ មាន​អ្នក​ចូល​ទៅ​កម្សាន្ត​ច្រើន​ជាង​គេ​ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ចំនួន ៩​កន្លែង នៅ​ទូទាំង​ខេត្ត​ពោធិ៍សាត់។ ចំណែក​នៅ​កំពង់ឆ្នាំង មាន​តំបន់​ទេសចរណ៍​ភ្នំ​សន្ទូច នៅ​ស្រុក​រលាប្អៀរ និង​វត្ត​ត្រឡែងកែង នៅ​ស្រុក​កំពង់ត្រឡាច ដែល​មាន​មនុស្ស​ចូល​ទៅ​កម្សាន្ត​ច្រើន​ជាង​គេ ក្នុង​ចំណោម​តំបន់​ទេសចរណ៍​ចំនួន ២៤​កន្លែង​នៅ​ទូទាំង​ខេត្ត។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង លោក សេង សាលី មាន​ប្រសាសន៍​ថា ពលរដ្ឋ​ភាគ​ច្រើន​បាន​ចាប់​អារម្មណ៍​នឹង​ការ​កម្សាន្ត​នៅ​តាម​វត្ត​អារាម ដែល​មន្ទីរ​បាន​ចាត់​ទុក​ជា​មណ្ឌល​កម្សាន្ត​សំខាន់ៗ​ចំនួន ១២​កន្លែង ប៉ុន្តែ​នៅ​តាម​តំបន់​ទេសចរណ៍​របស់​ខេត្ត​វិញ មិន​សូវ​មាន​ការ​ទាក់ទាញ​មនុស្ស​ឲ្យ​ទៅ​កម្សាន្ត​ឡើយ ដោយសារ​តែ​នៅ​តំបន់​ទាំង​នោះ​មិន​ទាន់​មាន​ការ​អភិវឌ្ឍ។

លោក​បាន​បូក​សរុប​តួលេខ​នៃ​ចំនួន​ភ្ញៀវ​ទៅ​កម្សាន្ត​នៅ​តាម​តំបន់​ទេសចរណ៍ និង​មណ្ឌល​កម្សាន្ត​នានា​ក្នុង​ខេត្ត​សម្រាប់​រយៈពេល​បី​ថ្ងៃ នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​មាន​ជាង ៧​ម៉ឺន​នាក់ (៧៧.៩៣៩​នាក់) ដោយ​នៅ​ក្នុង​ឆ្នាំ​២០១៣ មាន​ជាង ៦​ម៉ឺន​នាក់ (៦៥.៦៩៣​នាក់) ក្នុង​នោះ​មាន​ភ្ញៀវ​អន្តរជាតិ​កើន​ឡើង​ចំនួន ២២​នាក់៖ «តំបន់​ទេសចរណ៍​នៅ​ក្នុង​ខេត្ត​ហ្នឹង គឺ​ពុំ​សូវ​មាន​សកម្មភាព​ទេសចរណ៍​ទៅ​លេង​កម្សាន្ត​នៅ​ទី​នោះ​ទេ​បាទ! មណ្ឌល​ដែល​កម្សាន្ត​ភាគ​ច្រើន គឺ​នៅ​តាម​វត្ត​អារាម»

ចំណែក​នាយក​រដ្ឋបាល​នៃ​មន្ទីរ​ទេសចរណ៍​ខេត្ត​ពោធិ៍សាត់ កញ្ញា ផល សំណាង ថ្លែង​ថា ក្នុង​រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ មាន​ភ្ញៀវ​ទេសចរណ៍​ជាង ៧​ម៉ឺន​នាក់ (៧២.៤៤៥​នាក់) ដោយ​នៅ​ក្នុង​ឆ្នាំ​២០១៣ មាន​ចំនួន​ជាង ៦​ម៉ឺន​នាក់ (៦៩.៥៤២​នាក់) ហើយ​មាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ៣៨៩​នាក់​ផ្សេង​ទៀត ប៉ុន្តែ​នៅ​ក្នុង​ឆ្នាំ​២០១៤ នេះ​ពុំ​មាន​វត្តមាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នោះ​ទេ៖ «ក្នុង​ចំណោម ៩​កន្លែង​ហ្នឹង​មាន​តែ​ទឹក​ធ្លាក់​ច្រក​ល្អៀង​ទេ​បង ព្រោះ​ខែ​ចូល​ឆ្នាំ​ខ្មែរ​គេ​តម្រូវ​ទៅ​ហ្នឹង។ ដល់​ពេល​ខ្ញុំ​ប្រៀបធៀប​គិត​ជា​ភាគរយ​ធៀប​ជាមួយ​ឆ្នាំ​២០១៣ ទៅ ឃើញ​ថា​វា​កើន​ឡើង ៣,៦០​ភាគរយ»

ទាក់ទង​នឹង​គ្រោះ​ថ្នាក់​ចរាចរណ៍​វិញ ត្រូវ​បាន​មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ទាំង​ពីរ​អះអាង​ថា ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​បាន​កើន​ឡើង បើ​ធៀប​នឹង​ឆ្នាំ​មុន។ សម្រាប់​ខេត្ត​កំពង់ឆ្នាំង មាន​គ្រោះ​ថ្នាក់​ចំនួន ៧​ករណី កើន​ឡើង​ជាង​ឆ្នាំ​២០១៣ ចំនួន ៣​ករណី ក្នុង​នោះ​មាន ២​នាក់​ស្លាប់ និង​របួស​ធ្ងន់​ចំនួន ១៦​នាក់។ ចំណែក​នៅ​ឯ​ខេត្ត​ពោធិ៍សាត់ មាន​គ្រោះ​ថ្នាក់​ចំនួន ៩​ករណី កើន​ឡើង​ជាង​ឆ្នាំ​ទៅ​ចំនួន ២​ករណី ក្នុង​នោះ​មាន​ក្មេង​ស្លាប់​ម្នាក់ និង​រង​របួស​ធ្ងន់​ចំនួន ១១​នាក់។

ប្រធាន​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោក នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ឆ្នាំង លោក អៀរ ប៊ុនធឿន គូស​បញ្ជាក់​ថា គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​រយៈពេល​បី​ថ្ងៃ​នេះ ភាគ​ច្រើន គឺ​បង្ក​ឡើង​ដោយ​ម៉ូតូ​ដែល​បើក​លើស​ល្បឿន​កំណត់ បើក​ជែង​ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់ និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ជាដើម៖ «ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​ថយ ឆ្នាំ​នេះ​ស្លាប់​តែ ២​ទេ ឆ្នាំ​មុន​ស្លាប់​រហូត​ដល់ ៤​នាក់។ ក្នុង​ហ្នឹង ខ្ញុំ​បញ្ជាក់​បន្តិច​ទៀត​ថា ខូច​ម៉ូតូ​រហូត​ដល់ ៩​គ្រឿង ក្នុង​ហ្នឹង​ម៉ូតូ​ខូច​ធ្ងន់ ៣​គ្រឿង»

ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ឆ្នាំ​មមី​នេះ បាន​ចាប់​ពី​ថ្ងៃ​ទី​១៤ ១៥ និង​ថ្ងៃ​ទី​១៦ ខែ​មេសា ដែល​នៅ​តាម​វត្ត​មួយ​ចំនួន​មិន​ទាន់​ឆ្លង​បញ្ចប់​នៅ​ឡើយ​ទេ គិត​មក​ដល់​ថ្ងៃ​ទី​១៧ ខែ​មេសា។ ឆ្នាំ​នេះ ទាក់ទង​នឹង​សន្តិសុខ​សុវត្ថិភាព គេ​មិន​សូវ​ឃើញ​មាន​ករណី​ក្មេង​ស្ទាវ​វាយ​កាប់​ចាក់​គ្នា​នៅ​តាម​វត្ត​អារាម ឬ​មណ្ឌល​កម្សាន្ត​ផ្សេងៗ ដូច​កាល​ពី​ឆ្នាំ​ទៅ​ឡើយ នៅ​ខេត្ត​កំពង់ឆ្នាំង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។