ព្រះវិហារ គឺជាខេត្តដាច់ស្រយាលមួយស្ថិតនៅចម្ងាយជិត ៣០០គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងលិចពីទីក្រុងភ្នំពេញ។ ខេត្តនេះមានប្រាសាទបុរាណដ៏ល្បីល្បាញ មានព្រៃធម្មជាតិ និងទឹកជ្រោះផង គឺបានទាក់ទាញអ្នកទេសចរជាតិយ៉ាងច្រើន ឱ្យទៅកម្សាន្តនៅក្នុងរដូវចូលឆ្នាំខ្មែរ។
មន្ទីរទេសចរណ៍ខេត្តព្រះវិហារ បានឱ្យដឹងថា ចំនួនអ្នកទេសចរក្នុងស្រុកបានកើនឡើងយ៉ាងខ្លាំងនៅតាមតំបន់រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ចំនួន ៤កន្លែងនៃខេត្តនេះ ក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំខ្មែរ។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ គឺលោក គង់ វិបុល។ លោកបានអះអាងថា ក្នុងរយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរ គឺមានភ្ញៀវទេសចរជិត ៣ម៉ឺននាក់ បានទៅសម្រាកកាយ និងកម្សាន្តនៅខេត្តរបស់លោក។ មន្ត្រីដដែលបញ្ជាក់ថា ចំនួនអ្នកទេសចរក្នុងឆ្នាំនេះ គឺមានអត្រាកើនឡើងប្រមាណ ៨៦,៨៩% បើប្រៀបធៀបទៅនឹងរយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំ កាលពីឆ្នាំ២០១៣ កន្លងទៅចំនួនប្រមាណជាង ១ម៉ឺន ៥ពាន់នាក់នោះ។
លោក គង់ វិបុល៖ «នៅខេត្តព្រះវិហារ នេះគោលដៅធំៗចំនួន ៤កន្លែង ដែលភ្ញៀវបានមកនៅរដូវចូលឆ្នាំនេះ។ ទី១ ប្រាសាទព្រះវិហារ ទី២ ប្រាសាទកោះកែរ ទី៣ ប្រាសាទព្រះខ័ន កំពង់ស្វាយ និងទី៤ ទឹកធ្លាក់ព្រះនិមិត្ត។ ក្រៅពីនោះ ឃើញមានភ្ញៀវទៅលេងតាមតំបន់ប្រាសាទតូចៗ ឬក៏កន្លែងផ្សេងៗជាច្រើនទៀត ក៏ប៉ុន្តែគោលដៅធំទាំងបួន ដូចខ្ញុំជម្រាបជូនអំបាញ់មិញ គឺជាគោលដៅសំខាន់»។
លោក គង់ វិបុល បញ្ជាក់ថា មូលហេតុដែលចំនួនភ្ញៀវទេសចរចាប់ផ្ដើមធ្វើដំណើរទៅកម្សាន្តតាមរមណីយដ្ឋានខេត្តព្រះវិហារ គឺដោយសារតែបច្ចុប្បន្ន កន្លែងជាច្រើនត្រូវបានធានាសន្តិសុខ ចំណែកឯផ្លូវថ្នល់ក៏ល្អស្អាត ងាយស្រួលធ្វើដំណើរខុសពីពេលមុនៗ។
ក្នុងចំណោមអ្នកទេសចរភាគច្រើនដែលទៅកម្សាន្តនៅខេត្តព្រះវិហារ នារដូវចូលឆ្នាំនេះ គឺសម្រុកទៅទស្សនាប្រាសាទបុរាណព្រះវិហារ លើកំពូលភ្នំដងរែក ដែលនៅជិតព្រំដែនថៃ។
មន្ត្រីផែនការ និងស្ថិតិទេសចរណ៍របស់អាជ្ញាធរជាតិព្រះវិហារ លោក យាន ស៊ុនថារ៉ាត់ បានមានប្រសាសន៍ថា អ្នកទេសចរក្នុងស្រុកដែលឡើងទៅទស្សនាប្រាសាទព្រះវិហារ រយៈពេល៣ថ្ងៃនៃបុណ្យចូលឆ្នាំខ្មែរ គឺប្រហែល ១ម៉ឺន ៣ពាន់នាក់។ ចំនួននេះ គឺកើនឡើងច្រើនជាងកាលពីអំឡុងចូលឆ្នាំខ្មែរឆ្នាំ២០១៣ កន្លងទៅ៖ «ខេត្តណាក៏មានដែរ ភាគច្រើនគាត់ចេញពីសៀមរាប ហើយគាត់ឡើងមកណេះ។ ប៉ុន្មានថ្ងៃហ្នឹងហត់ពេក អត់បានសម្រាកសោះ ពីព្រឹកទល់ល្ងាចៗ ហើយខ្ញុំអត់បានស្រង់ភ្ញៀវមកពីខេត្តណាៗ។ ភាគច្រើនមកគាត់ឡើងតែលើភ្នំហ្នឹង ហើយជួនកាលគាត់ហូបបាយហូបអីនៅកន្លែងបារាយណ៍ ដែលយើងស្ដាររៀបចំសាឡើងវិញហ្នឹង ហើយអាកាសធាតុក៏វាល្អដែរ វាមិនក្ដៅទេ ត្រជាក់ល្មម»។
មន្ត្រីអាជ្ញាធរជាតិព្រះវិហារ ដដែលបានបញ្ជាក់ថា កាលពីរដូវចូលឆ្នាំខ្មែរឆ្នាំ២០១៣ កន្លងទៅរយៈពេល៣ថ្ងៃ គឺមានប្រជាពលរដ្ឋប្រមាណ ៦ពាន់នាក់ ដែលទៅទស្សនាប្រាសាទព្រះវិហារ ដោយសារតែកាលណោះជម្លោះព្រំដែនខ្មែរ-ថៃ នៅក្បែរនោះមានស្ថានការណ៍មិនល្អ។ ចំណែកនៅឯប្រាសាទបុរាណកោះកែរ នាឃុំស្រយង់ ស្រុកគូលែន វិញ ក៏មានសេចក្តីរាយការណ៍ថា ចំនួនភ្ញៀវទេសចរបានកើនឡើងខុសធម្មតាដែរ នៅក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ។
បុគ្គលិកបច្ចេកទេសផ្នែកបុរាណវិទ្យាប្រចាំនៅប្រាសាទកោះកែរ លោក ជា ផលឡៃ បានមានប្រសាសន៍ថា ជាធម្មតានៅប្រាសាទកោះកែរ គឺមានតែភ្ញៀវទេសចរបរទេសបន្តិចបន្តួចតែងទៅទស្សនាប្រចាំថ្ងៃ ក៏ប៉ុន្តែនៅពេលបុណ្យចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃ គឺមានជនជាតិខ្មែរជាច្រើនពាន់នាក់ បាននាំគ្នាទៅកម្សាន្ត៖ «រកកន្លែងដាក់ឡានសឹងមិនចង់បានទេ។ ពេលធម្មតា១ថ្ងៃៗភ្ញៀវទេសចរបរទេសប្រហែលជា ៥០-៦០នាក់អីទេ។ ឆ្នាំនេះភ្ញៀវខ្មែរ គឺច្រើនលើសលប់តែម្ដង សម្រាប់បរទេសគឺ ៤-៥នាក់អីទេ»។
មន្ត្រីនគរបាលចរាចរខេត្តព្រះវិហារ បានឱ្យដឹងថា បើទោះបីជាឆ្នាំនេះមានប្រជាពលរដ្ឋច្រើនបានទៅកម្សាន្តនៅតាមរមណីយដ្ឋានខេត្តព្រះវិហារ លើសពីពេលមុនៗក៏ដោយ ក៏បញ្ហាគ្រោះថ្នាក់ចរាចរណ៍មិនកើតមានធំដុំទេ។
ប្រជាពលរដ្ឋមួយចំនួនដែលបានធ្វើដំណើរកម្សាន្តនៅតាមតំបន់ខ្លះនៃខេត្តព្រះវិហារ នារដូវបុណ្យចូលឆ្នាំខ្មែរ បានឱ្យដឹងថា ពួកគេមានអារម្មណ៍ប្លែក ដោយសារតែបានងូតទឹកជ្រោះ និងទស្សនាព្រៃព្រឹក្សាដុះអមតាមដងផ្លូវ។
ប្រជាពលរដ្ឋម្នាក់មកពីទីក្រុងភ្នំពេញ លោក ជួប មៀន បានមានប្រសាសន៍ថា ក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ លោកបានធ្វើដំណើរកម្សាន្តរហូតទៅដល់ឃុំកំពង់ស្រឡៅ ស្រុកឆែប នៃខេត្តព្រះវិហារ។ តំបន់នោះ គឺនៅជាប់គ្នានឹងព្រំដែនរបស់ប្រទេសឡាវ។ លោក ជួប មៀន បានបញ្ជាក់ទៀតថា លោកបានងូតទឹកជ្រោះព្រះនិមិត្ត ដែលជាជ្រោះធម្មជាតិដ៏ស្អាតមួយ ព្រមទាំងបានគយគន់ទេសភាពធម្មជាតិនៅទីនោះផង។ លោក ជួប មៀន បានបញ្ជាក់ថា បើទោះបីជាទឹកជ្រោះ និងព្រៃធម្មជាតិ បានធ្វើឱ្យលោកសប្បាយចិត្ត និងភ្លេចអស់កង្វល់ទាំងពួងក៏ដោយ ក៏មានបញ្ហាខ្លះដែលធ្វើឱ្យលោកអាក់អន់ចិត្តនៅក្នុងដំណើរកម្សាន្តនោះ។ បញ្ហា គឺដោយសារតែលោកឃើញតាមទីវត្តអារាមខ្លះក្នុងទឹកដីខ្មែរ បែរជាចាក់ចម្រៀងភាសាឡាវ នៅរដូវចូលឆ្នាំខ្មែរ ពិសេសជាងនេះទៅទៀត នៅតំបន់ជាប់ព្រំដែនឡាវ គឺតាមភោជនីយដ្ឋានមួយចំនួនសុទ្ធតែនិយាយគ្នាជាភាសាឡាវ៖ «គេហៅកំពង់ស្រឡៅ គេដាក់លក់ស្រាបៀ ដាក់ធុងបាសរាំក្នុងវត្ត ហើយប្រើភាសាឡាវ អត់មានប្រើភាសាខ្មែរ ទេ។ ខ្ញុំទៅអ៊ីចឹង ខ្ញុំចង់អង្គុយផឹក អង្គុយហូបនឹងគេ ខ្ញុំស្ដាប់គេអត់បាន មិនដឹងគេនិយាយថាយ៉ាងម៉េចខ្លះ ដូចជាខ្ញុំជាកូនខ្មែរ ខ្ញុំចង់រិះគន់ត្រង់ហ្នឹងបន្តិច»។
មន្ត្រីមន្ទីរទេសចរណ៍បានឱ្យដឹងថា ដោយសារកំណើនទេសចរណ៍បានចាប់ផ្ដើមចូលទៅខេត្តព្រះវិហារ គឺបច្ចុប្បន្នមានក្រុមហ៊ុនឯកជនចំនួន២ កំពុងវិនិយោគទុនលើតំបន់ទេសចរណ៍ធម្មជាតិជ្រោះទឹកធ្លាក់ព្រះនិមិត្ត នៅស្រុកឆែប និងនៅស្រុករវៀង។ ក្រុមហ៊ុនឯកជននោះកំពុងអភិវឌ្ឍ និងកែច្នៃតំបន់ទេសចរណ៍ ដើម្បីត្រៀមខ្លួនទទួលលំហូរអ្នកទេសចរឱ្យកាន់តែច្រើនឡើងៗនាពេលអនាគត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
