ភ្ញៀវ​ទេសចរ​ទៅ​កម្សាន្ត​នៅ​ខេត្ត​រតនគិរី​អំឡុង​ពិធី​បុណ្យ​អុំ​ទូក​កើន​ឡើង

0:00 / 0:00

រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំ​ទូក បណ្ដែត​ប្រទីប សំពះ​ព្រះ​ខែ និង​អក​អំបុក​ឆ្នាំ​នេះ អ្នក​ទេសចរ​មក​កម្សាន្ត​នៅ​ខេត្ត​រតនគិរី កើន​ឡើង ៨% ប្រៀបធៀប​ពិធី​បុណ្យ​អុំ​ទូក​បណ្ដា​ឆ្នាំ​កន្លង​ទៅ។ តំបន់​រមណីយដ្ឋាន​ក្នុង​ខេត្ត​រួម​មាន បឹង​យក្ស​ឡោម និង​ទឹកជ្រោះ​កាចាញ ទទួល​បាន​អ្នក​ទេសចរ​ច្រើន​កកកុញ​អញ្ជើញ​ពី​បណ្ដា​ខេត្ត​នានា និង​ទីក្រុង​ភ្នំពេញ រួម​ទាំង​អ្នក​ទេសចរ​បរទេស​ទៀត​ផង។

តំបន់​រមណីយដ្ឋាន​បឹង​យក្ស​ឡោម​ដ៏​ល្បីល្បាញ​ក្នុង​ខេត្ត​រតនគិរី រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ អ្នក​ទេសចរ​ច្រើន​រាប់​ពាន់​នាក់​មក​កម្សាន្ត​ក្នុង​មួយ​ថ្ងៃៗ។

អ្នក​ទេសចរ​ខ្លះ​មុជ​ទឹក​លេង​ក្នុង​បឹង អ្នក​ខ្លះ​ជួប​ជុំ​អង្គុយ​ហូប​អាហារ​ជុំវិញ​មាត់​បឹង អ្នក​ខ្លះ​ថតរូប​អនុស្សាវរីយ​នៅ​មុខ​ខ្ទម​និមិត្តរូប​របស់​កូន​កំលោះ​ក្រមុំ​ជនជាតិ​ដើម​ភាគ​តិច​ទំពួន អ្នក​ខ្លះ​ជិះ​ដំរី​ជុំវិញ​បឹង និង​អ្នក​ខ្លះ​ទៀត ទិញ​វត្ថុ​អនុស្សាវរីយ​ផលិត​ដោយ​សហគមន៍​ជនជាតិ​ដើម ដែល​ដាក់​លក់​ក្នុង​រមណីយដ្ឋាន។

អ្នក​ទេសចរ​មក​ពី​ទីក្រុង​ភ្នំពេញ កញ្ញា ចែមច័ន្ទ សុថារត្ន សម្ដែង​អារម្មណ៍​រីករាយ​ខណៈ​នាង និង​ក្រុម​គ្រួសារ បាន​មក​កម្សាន្ត​នៅ​បឹង​យក្ស​ឡោម​លើក​ដំបូង​នា​ឱកាស​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ។ កញ្ញា​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ធនធាន​ធម្មជាតិ ជាពិសេស​ព្រៃ​ឈើ​នៅ​ជុំវិញ​បឹង​យក្ស​ឡោម ដែល​រួម​ចំណែក​ធ្វើ​ឲ្យ​បឹង​ធម្មជាតិ​មួយ​នេះ ក្លាយ​ជា​តំបន់​ទេសចរណ៍​ពិសេស​នៃ​ខេត្ត​ភាគ​ឦសាន៖ «មាន​អារម្មណ៍​ថា​សប្បាយ​ចិត្ត ហើយ​ក៏​មាន​អារម្មណ៍​ថា​ស្រស់​ថ្លា​មែន​ទែន ពេល​ដែល​បាន​ឃើញ​ទេសភាព​ធនធាន​ធម្មជាតិ​របស់​ខ្មែរ ដូចជា​មាន​បឹង​យក្ស​ឡោម តាម​ទឹក​ជ្រោះ​ផ្សេងៗ តាម​ព្រៃ​ឈើ តាម​ជួរ​ភ្នំ ហើយ​ក៏​បាន​ឃើញ​ជនជាតិ​ភាគ​តិច។ អ៊ីចឹង​មាន​អារម្មណ៍​ថា​បាន​ស្គាល់​ច្បាស់​ពី​ជនជាតិ​ខ្មែរ ក៏ដូចជា​ធនធាន​ធម្មជាតិ​របស់​ខ្មែរ​យើង​ដែរ»

ចំណែក​អ្នក​ទេសចរ​មក​ពី​ខេត្ត​បាត់ដំបង អ្នកស្រី ម៉ា សុភ័ណ្ឌ រៀបរាប់​ដែរ​ថា បឹង​យក្ស​ឡោម​ពិត​ជា​ស្រស់​ស្អាត​មិន​ចាញ់​តំបន់​ទេសចរណ៍​នៅ​ខេត្ត​ភាគ​ពាយ័ព្យ​នោះ​ឡើយ។ ចំណុច​ដែល​ធ្វើ​ឲ្យ​អ្នកស្រី​រិះគន់ គឺ​តម្លៃ​ម្ហូប​អាហារ​មាន​តម្លៃ​ខ្ពស់ បើ​ប្រៀបធៀប​តំបន់​ទេសចរណ៍​នៅ​ខេត្ត​បាត់ដំបង៖ «មក​លេង​នេះ​សប្បាយៗ​ជាង​ខេត្ត​យើង​បាត់ដំបង ទៀត។ ខ្ញុំ​មក​មើល​ទឹក​បឹង​ហ្នឹង​ស្អាត​ធូរ​អារម្មណ៍​អ៊ីចឹង​ណា។ ម្ហូប​នៅ​នេះ​ថ្លៃ​ជាង​ខាង​យើង​នៅ​នោះ នៅ​នោះ​មាន់​មួយ ៤​ម៉ឺន នៅ​យើង​មាន់​មួយ ៣​ម៉ឺន ឬ ២​ម៉ឺន ៥​ពាន់​តែ​ប៉ុណ្ណឹង»

ក្រៅ​ពី​ការ​រិះគន់​នេះ អនុប្រធាន​គណៈកម្មការ​អភិរក្ស​តំបន់​ទេសចរណ៍ លោក សុវណ្ណ ហ៊ាន កត់​សម្គាល់​ដែរ​ថា ចំណុច​អវិជ្ជមាន​បន្ថែម​ទៀត គឺ​បញ្ហា​កាក​សំណល់​គ្មាន​ការ​វេច​ខ្ចប់​ដាក់​ធុង​សំរាម បន្ទាប់​ពី​អ្នក​ទេសចរ​នាំ​គ្នា​ហូប​អាហារ​ជា​លក្ខណៈ​គ្រួសារ​នៅ​បរិវេណ​បឹង។ ករណី​នេះ បង្ក​ឲ្យ​ប៉ះពាល់​អនាម័យ​សណ្ដាប់ធ្នាប់​ល្អ​នៃ​តំបន់​រមណីយដ្ឋាន។ ហេតុ​នេះ លោក​អំពាវនាវ​ឲ្យ​អ្នក​ទេសចរ យក​ចិត្ត​ទុក​ដាក់​បញ្ហា​នេះ ដើម្បី​រួម​ចំណែក​អនុវត្ត​ពាក្យ​ស្លោក រមណីយដ្ឋាន​ស្អាត មាន​អនាម័យ ទេសចរណ៍​រីក​ចម្រើន៖ «ចោល អូ! មិន​ធម្មតា​ទេ ហេហេ យើង​នៅ​តែ​មាន​បញ្ហា​ហ្នឹង ប៉ុន្តែ​ទាក់ទង​នឹង​សុវត្ថិភាព យើង​មើល​ទៅ​ល្អ ព្រោះ​ខ្មែរ​យើង​យល់​ច្រើន អត់​ដូច​ពី​មុនៗ​ទេ។ ឥឡូវ​គាត់​ផឹក​ស្រវឹង​មែន គាត់​អត់​មាន​វាយ​តប់​គ្នា​ឈ្លោះ​គ្នា​ទេ តែ​ខុស​ត្រង់​ថា​គាត់​អត់​បាន​វេច​ខ្ចប់​ថង់​ប្លាស្ទិក​ក្នុង​បឹង​ណា»

ទោះ​ជា​យ៉ាង​នេះ​ក្តី ម្ចាស់​តូប​លក់​អាហារ​នៅ​បឹង​យក្ស​ឡោម លោក ចំរើន កត់​សម្គាល់​ថា ឆ្នាំ​នេះ​អ្នក​លក់​ដូរ​អាច​រក​ប្រាក់​ចំណូល​សមរម្យ​ពី​ភ្ញៀវ​ទេសចរ ដោយសារ​ចំនួន​អ្នក​ទេសចរ​ច្រើន​ខុស​ធម្មតា។ លោក​បញ្ជាក់​ថា តម្លៃ​លក់​ម្ហូប​អាហារ​ជូន​អ្នក​ទេសចរ​ដូច​ថ្ងៃ​ធម្មតា ប៉ុន្តែ​វា​អាច​ថ្លៃ​ខ្ពស់​ជាង​បណ្ដា​ខេត្ត​ផ្សេង ដោយសារ​ខេត្ត​រតនគិរី គ្រឿង​អាហារ​បរិភោគ​មាន មាន់ ត្រី ជ្រូក នៅ​ទីផ្សារ​មាន​តម្លៃ​ខ្ពស់៖ «ភ្ញៀវ​ទេសចរ​មក​លេង​ច្រើន ហើយ​ណា​មួយ​ថ្ងៃ​នេះ​ចុង​បង្ហើយ​ផង មក​លេង​ច្រើន​តាំង​ពី​ព្រឹក​មក​ម្ល៉េះ។ និយាយ​ទៅ តម្លៃ​លក់​ថេរ​រហូត​មក មិន​ថា​ថ្ងៃ​បុណ្យ មិន​ថា​ថ្ងៃ​ធម្មតា បាទ! និយាយ​ទៅ​ឲ្យ​តែ​លក់​ដាច់​សប្បាយ​ចិត្ត​ណាស់»

នៅ​វេលា​យប់ ប្រជាពលរដ្ឋ​ក្នុង​ខេត្ត និង​អ្នក​ទេសចរ បាន​មក​ជួប​ជុំ​គ្នា​មាត់​បឹង​កន្សែង នៅ​កណ្ដាល​ក្រុង​បានលុង ជា​កន្លែង​កម្សាន្ត​មាន​តូប​លក់​ដូរ​នំ​ចំណី ភេសជ្ជៈ កន្លែង​អង្គុយ​យក​ខ្យល់​អាកាស​មាត់​បឹង និង​ជាពិសេស បឹង​នេះ​ក៏​ជា​និមិត្តរូប​នៃ​កន្លែង​បណ្ដែត​ប្រទីប​ធ្វើ​ដោយ​ដៃ​របស់​ពលរដ្ឋ​ចម្រុះ​ជនជាតិ មាន​ខ្មែរ ឡាវ ចិន វៀតណាម និង​ជនជាតិ​ដើម​ភាគ​តិច។

អធិការ​ប៉ូលិស​ក្រុង​បានលុង​ស្តីទី លោក យន់ ប៊ុណ្ណា មាន​ប្រសាសន៍​បញ្ជាក់​ថា សន្តិសុខ និង​សណ្ដាប់ធ្នាប់ ជាពិសេស​ការ​ធ្វើ​ចរាចរ​ដោយ​ម៉ូតូ និង​រថយន្ត​នៅ​បរិវេណ​មាត់​បឹង ត្រូវ​បិទ​ជា​បណ្ដោះអាសន្ន ការពារ​កកស្ទះ​ចរាចរណ៍។ លោក​បន្ត​ថា ការ​បាញ់​កាំជ្រួច និង​លេង​គ្រឿង​ផ្ទុះ​មាន​សំឡេង​ខ្លាំង​ត្រូវ​ហាម​ឃាត់ ដើម្បី​រក្សា​បរិយាកាស​មិន​ភ្ញាក់​ផ្អើល​ដល់​អ្នក​មក​កម្សាន្ត​នៅ​មាត់​បឹង​កន្សែង​នៅ​ពេល​យប់៖ «កម្លាំង​ប៉ុស្តិ៍​បឹង​កន្សែង និង​កម្លាំង​អធិការ គេ​រៀបចំ​សណ្ដាប់ធ្នាប់​ហ្នឹង​ឲ្យ​ឡាន និង​ម៉ូតូ​មាន​កន្លែង​ផ្ញើ​ត្រឹមត្រូវ អត់​ឲ្យ​ចូល​កន្លែង​មាត់​បឹង​កន្សែង​ហ្នឹង​ទេ ស្ទះ​ចរាចរណ៍។ ច្រើន​ណែនណាន់តាន់តាប់​រាប់​មិន​អស់​ទេ ខ្ទង់​ប្រហែល​ជា​រាប់​ពាន់ៗ​ជាង។ បាន​ណែនាំ​ដែរ មិន​ឲ្យ​បាញ់​កាំជ្រួច​ធំៗ​ដែល​អាច​ប៉ះពាល់​ដល់​ភ្ញៀវ ប៉ុន្តែ​ក្មេងៗ​ចេះ​តែ​បាញ់​អា​តូច»

អាជ្ញាធរ​ខេត្ត​រតនគិរី បាន​រៀបចំ​តំបន់​រមណីយដ្ឋាន​សំខាន់ៗ​មាន​បឹង​យក្ស​ឡោម ទឹក​ជ្រោះ​កាចាញ និង​ទឹក​ជ្រោះ​៧​ជាន់ ឬ​ទឹក​ជ្រោះ​អូរសៀនឡែ សម្រាប់​ទទួល​អ្នក​ទេសចរ​នា​ពេល​ឈប់​សម្រាក​ក្នុង​ពិធី​បុណ្យ​អុំ​ទូក ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា។

ទាក់ទិន​ដំណើរ​កម្សាន្ត​របស់​អ្នក​ទេសចរ​មក​កាន់​ខេត្ត​រតនគិរី នេះ​ដែរ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត លោក ង៉ែត វិទូ ថ្លែង​ថា ផ្ទះ​សំណាក់ សណ្ឋាគារ​មាន​បន្ទប់​គ្រប់គ្រាន់​សម្រាប់​អ្នក​ទេសចរ។ លោក​ថា មាន​ការ​ដំឡើង​ថ្លៃ​តិចតួច​ពី​ម្ចាស់​សណ្ឋាគារ​ខ្លះ ប៉ុន្តែ​មិន​មែន​ជា​បញ្ហា​ធំ​ដុំ​នោះ​ឡើយ៖ «យើង​ទទួល​បាន​គ្រប់គ្រាន់ ដោយសារ​សណ្ឋាគារ​យើង​នៅ​ឆ្នាំ​២០១៤ កើន​ឡើង​ជាង ១០០​បន្ទប់​ទៀត។ យើង​ថា​យើង​ណែនាំ​យ៉ាង​ម៉េច​ក៏​គាត់​នៅ ប៉ុន្តែ​សណ្ឋាគារ​ដែល​គេ​គោរព​ច្បាប់ គឺ​គេ​អត់​ឡើង​ទេ​បាទ»

ចំពោះ​ស្ថានភាព​សន្តិសុខ​សណ្ដាប់ធ្នាប់​ក្នុង​ពិធី​បុណ្យ​អុំ​ទូក​នៅ​ខេត្ត​រតនគិរី ស្នងការ​ប៉ូលិស លោក ងួន គឿន អះអាង​ថា មាន​លក្ខណៈ​ល្អ គ្មាន​អំពើ​លួច​ប្លន់​បង្ក​របួស​ស្នាម​អ្វី​ឡើយ ក្រៅ​ពី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី ទាក់ទិន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ម្នាក់​ស្លាប់។ លោក​បន្ត​ថា កង​កម្លាំង​ត្រូវ​បាន​ដាក់​ឲ្យ​ការពារ​សុវត្ថិភាព​តាម​តំបន់​ទេសចរណ៍ និង​ប៉ូលិស​ចរាចរ ត្រូវ​បាន​ដាក់​ពង្រាយ​តាម​ផ្លូវ​សាធារណៈ ដើម្បី​ត្រួត​ពិនិត្យ​សុវត្ថិភាព​ចរាចរណ៍​នា​ពិធី​បុណ្យ​អុំ​ទុក​នេះ៖ «បុណ្យ​អុំ​ទូក​នៅ​នេះ​សប្បាយ​ណាស់ ប្រជាពលរដ្ឋ​យើង​ទៅ​លេង​បុណ្យ​អុំ​ទូក​នៅ​ភ្នំពេញ​ស្ងាត់​ភូមិ​ស្ងាត់​ស្រុក​អត់​ស្អី​ទេ នៅ​នេះ​កម្លាំង​ការពារ​យើង​ការពារ​លំនៅឋាន​ផ្ទះ​សម្បែង​របស់​គាត់ សុវត្ថិភាព​អត់​មាន​បញ្ហា​អ្វី​ទេ​រហូត​មក​ដល់​ថ្ងៃ​នេះ»

តួលេខ​បណ្ដោះអាសន្ន​របស់​មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា រយៈពេល​បី​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំ​ទូក​នៅ​ខេត្ត​រតនគិរី មាន​អ្នក​ទេសចរ​សរុប​ជិត ៧​ពាន់​នាក់​មក​កម្សាន្ត ក្នុង​នោះ​អ្នក​ទេសចរ​បរទេស​មាន​ជាង ២០០​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។