ភ្ញៀវ​ទេសចរ​ជាង​៨​ម៉ឺន​នាក់​ទៅ​កម្សាន្ត​នៅ​ខេត្ត​ព្រះសីហនុ​អំឡុង​បុណ្យ​អុំ​ទូក

0:00 / 0:00

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ អះអាង​ពី​ការ​កើន​ឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ឆ្នេរ​សមុទ្រ ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ ថា​បាន​កើន​ចំនួន ១៥% បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូច​គ្នា​នេះ​កាល​ពី​ឆ្នាំ​២០១៣។ រីឯ​គ្រោះថ្នាក់​ចរាចរណ៍ បាន​កើត​មាន ២​ករណី ស្លាប់​មនុស្ស​ម្នាក់ និង​របួស​ធ្ងន់​ស្រាល​ជិត ១០​នាក់។

លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​នៅ​ថ្ងៃ​សៅរ៍ ទី​៨ ខែ​វិច្ឆិកា ថា ចំនួន​ភ្ញៀវ​ទេសចរ​ចូល​មក​ទស្សនា​ខេត្ត​ព្រះសីហនុ ចាប់​ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា មាន​ចំនួន​ជាង ៨​ម៉ឺន ២​ពាន់​នាក់ (៨២.២៥៩​នាក់)។ ក្នុង​នោះ ភ្ញៀវ​បរទេស​មាន​ចំនួន​ជិត ១​ម៉ឺន​នាក់ (៩.៨៧១​នាក់) រីឯ​ភ្ញៀវ​ក្នុង​ស្រុក​មាន​ជាង ៧​ម៉ឺន ២​ពាន់​នាក់ (៧២.៣៨៨​នាក់)។ លោក​បន្ត​ថា ចំនួន​នេះ​បើ​ប្រៀបធៀប​ឆ្នាំ​២០១៣ គឺ​បាន​កើន​ចំនួន​១៥%។ ឆ្នាំ​២០១៣ ចំនួន​ភ្ញៀវ​ទេសចរ​សរុប​មាន​ចំនួន​ជាង ៧​ម៉ឺន ១​ពាន់​នាក់ (៧១.៥១៧​នាក់)។

ទាក់ទិន​បញ្ហា​នេះ លោក ស៊ាង កុសល ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ថា រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ មិន​មាន​បទល្មើស​ព្រហ្មទណ្ឌ​កើត​ឡើង​ទេ។ ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍ បាន​កើត​មាន ២​ករណី សម្លាប់​មនុស្ស​ម្នាក់ និង​របួស​ធ្ងន់​ស្រាល​ជិត ១០​នាក់។ លោក​បន្ត​ថា គ្រោះថ្នាក់​នេះ​ក៏​មាន​ជន​បរទេស​រង​របួស​ចំនួន ៤​នាក់​ដែរ៖ «គ្រោះថ្នាក់​ចរាចរណ៍​យប់​មិញ​នេះ ទាំង​ជន​បរទេស​ទាំង​ខ្មែរ​ចំនួន ៧​នាក់។ ប៉ុន្តែ​គ្រាន់​តែ​ថា មាន​អ្នក​រង​របួស​តិចតួច គាត់​បាន​ទៅ​ផ្ទះ​ខ្លួន​ឯង​អស់​ទៅ។ ហើយ​អ្នក​ទាំង ៧​នាក់​ហ្នឹង​របួស​ស្រាល​ខ្លះ​ដែរ តែ​គាត់​នៅ​កន្លែង​កើត​ហេតុ​ហ្នឹង។ ឥឡូវ​យើង​កំពុង​តែ​ស្រាវជ្រាវ​ទៀត ព្រោះ​ឡាន​រង​គ្រោះថ្នាក់​មាន ៤​គ្រឿង ខ្លាច​មាន​អ្នក​រង​របួស​ទៀត ព្រោះ​អី​យប់​មិញ​យប់​ជ្រៅ​ពេក រហូត​ដល់​ម៉ោង ២ ជិត ៣ បាន​យើង​ធ្វើ​ការងារ​នេះ​ចប់»

លោក​បន្ថែម​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​ចំពោះ​រថយន្ត​ធុន​តូច និង​រថយន្ត​កុងតឺន័រ​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤។

លោក អ៊ី សុខា ស្នងការ​រង​ទទួល​បន្ទុក​សណ្ដាប់ធ្នាប់​នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ព្រះសីហនុ ឲ្យ​ដឹង​ដែរ​ថា ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំ​ទូក គ្រោះថ្នាក់​ចរាចរណ៍​ទាំង ២​ករណី​នេះ កើត​លើក​ទី​១​នៅ​ថ្ងៃ​ទី​៥ និង​លើក​ទី​២ នៅ​យប់​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា បង្ក​ដោយ​រថយន្ត​កុងតឺន័រ​បើក​បុក​រថយន្ត​ធុន​តូច​ចំនួន ៤​គ្រឿង នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤ នៅ​ឃុំ​បិតត្រាំង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ។

លោក​បន្ត​ថា បច្ចុប្បន្ន​ប៉ូលិស​ជំនាញ​កំពុង​ធ្វើ​ការងារ​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់ ព្រោះ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​យប់​ថ្ងៃ​ទី​៧ ខែ​វិច្ឆិកា គឺ​មាន​មនុស្ស​រង​របួស​ដែល​មាន​វត្តមាន​នៅ​នឹង​កន្លែង​កើត​ហេតុ​មាន​ចំនួន ៧​នាក់ ហើយ​អាច​មាន​អ្នក​រងគ្រោះ​ផ្សេង​ទៀត​ត្រូវ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ មុន​ប៉ូលិស​ទៅ​ដល់​កន្លែង​កើត​ហេតុ៖ «បី​ថ្ងៃ​ហ្នឹង​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង ២​លើក និង​ស្លាប់​មួយ​នាក់។ គ្រោះថ្នាក់​នេះ​កើត​ឡើង​នៅ​ឃុំ​បិតត្រាំង ត្រង់​គីឡូម៉ែត្រ​លេខ​២១១ និង ២១២។ យប់​មិញ​នេះ​អត់​មាន​ស្លាប់​ទេ។ ហើយ​ខ្ញុំ​ក៏​អត់​បាន​ដេក​ដែរ​យប់​មិញ​នេះ ដោយសារ​តែ​រថយន្ត​បុក​បន្ត​កន្ទុយ​គ្នា​៤ ទៅ ៥​គ្រឿង»

ទោះ​ជា​បែប​ណា លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ និង​លោក ស៊ាង កុសល ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បាន​វាយ​តម្លៃ​ថា សភាពការណ៍​សន្តិសុខ​រួម​ក្នុង​រយៈពេល ៣​ថ្ងៃ​នៃ​ពិធី​បុណ្យ​អុំ​ទូក​ឆ្នាំ​នេះ​នៅ​ខេត្ត​ព្រះសីហនុ គឺ​មាន​សុវត្ថិភាព​ល្អ មិន​មាន​ចោរកម្ម​រំខាន​ដល់​ការ​សប្បាយ​របស់​ភ្ញៀវ​ទេសចរ ចូល​មក​ទស្សនា​ខេត្ត​ទេសចរណ៍​មួយ​នេះ​គួរ​ឲ្យ​កត់​សម្គាល់​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។