ភ្ញៀវ​ទេសចរ​ជាង​១០​ម៉ឺន​នាក់​ទៅ​កម្សាន្ត​នៅ​រមណីយដ្ឋាន​ខេត្ត​កំពង់ធំ​អំឡុង​បុណ្យ​ចូល​ឆ្នាំ

0:00 / 0:00

អាជ្ញាធរ​ខេត្ត​កំពង់ធំ ឲ្យ​ដឹង​ថា ភ្ញៀវ​ទេសចរ​ទៅ​ទស្សនា​កម្សាន្ត​នៅ​ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​រយៈពេល​បួន​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ មេសា មាន​ចំនួន​ជាង ១០​ម៉ឺន​នាក់។ ចំនួន​នេះ​មាន​ការ​ថយ​ចុះ​ប្រមាណ ១០​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​កន្លង​ទៅ។

តើ​មាន​មូលហេតុ​អ្វី​ខ្លះ​ដែល​បណ្ដាល​ឲ្យ​ចំនួន​ភ្ញៀវ​ទេសចរ​ថយ​ចុះ​បែប​នេះ?

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ធំ លោក សេង អាន មាន​ប្រសាសន៍​ថា រយៈពេល​បួន​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ មេសា រមណីយដ្ឋាន​នៅ​ទូទាំង​ខេត្ត​កំពង់ធំ ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាង ១០​ម៉ឺន​នាក់ (១០៧,៦០៨​នាក់)។

លោក​បញ្ជាក់​ថា រមណីយដ្ឋាន​ដែល​មាន​មនុស្ស​ទៅ​លេង​កម្សាន្ត​ច្រើន​ជាង​គេ គឺ​រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ទទួល​បាន​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​ជាង ៧​ម៉ឺន​នាក់​ក្នុង​រយៈពេល​បួន​ថ្ងៃ។ លោក​បន្ត​ថា ចំនួន​នេះ គឺ​មាន​ការ​ធ្លាក់​ចុះ​ប្រមាណ ១០​ភាគរយ បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១៥ ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ដូច​គ្នា។ លោក​ឲ្យ​ដឹង​ថា មូលហេតុ​នាំ​ឲ្យ​ភ្ញៀវ​ធ្លាក់​ចុះ ដោយសារ​តែ​អាកាសធាតុ​ឆ្នាំ​នេះ​ក្តៅ​ខ្លាំង​ពេក ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​មិន​សូវ​ចង់​ដើរ​លេង​កម្សាន្ត ព្រម​ទាំង​ពួក​គាត់​មាន​តំបន់​គោលដៅ​ទៅ​លេង​កម្សាន្ត​ផ្សេង​ទៀត៖ « អាកាសធាតុ​ក្តៅ​ផង ដោយសារ​គោលដៅ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា វា​មាន​គោលដៅ​ច្រើន​គ្រប់​បណ្ដា​ខេត្ត »

កាល​ពី​ឆ្នាំ​២០១៥ ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រយៈពេល​បី​ថ្ងៃ រមណីយដ្ឋាន​ក្នុង​ខេត្ត​កំពង់ធំ ទាំងអស់ អាច​ទទួល​បាន​ភ្ញៀវ​ទៅ​លេង​កម្សាន្ត​ចំនួន​ជាង ១២​ម៉ឺន​នាក់។ ក្នុង​ចំណោម​រមណីយដ្ឋាន​ទាំងអស់ រមណីយដ្ឋាន​ប្រាសាទ​សំបូរ​ព្រៃ​គុក ដែល​បាន​រៀបចំ​ពិធី​សំបូរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​ដែរ​នោះ គឺ​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​ជាង ៩​ម៉ឺន​នាក់។

លោក សេង អាន ឲ្យ​ដឹង​ដែរ​ថា ថ្វីត្បិតតែ​ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​ធ្លាក់​ចុះ​ក៏ដោយ ប៉ុន្តែ​ចំពោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​វិញ ឆ្នាំ​នេះ​មាន​ចំនួន ១៤០​នាក់ គឺ​កើន​ឡើង​ជាង ១០០​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំ​មុន​ដែល​មាន​ចំនួន​ជាង ៣០​នាក់​ប៉ុណ្ណោះ។

ទោះ​បី​ជា​ចំនួន​ភ្ញៀវ​ទេសចរ​នៅ​ឆ្នាំ​នេះ​ថយ​ចុះ​ក៏ដោយ ប៉ុន្តែ​បញ្ហា​ផ្សេងៗ​មិន​បាន​ចោទ​ឡើង​ទេ ហើយ​ខាង​មន្ទីរ​ប្ដេជ្ញា​ចិត្ត​ថា នឹង​ខិតខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​លេង​កម្សាន្ត​នៅ​តំបន់​រមណីយដ្ឋាន​ក្នុង​ខេត្ត​កំពង់ធំ បន្ថែម​ទៀត​នា​ឱកាស​ក្រោយ។

អភិបាល​ខេត្ត និង​ជា​គណៈ​បញ្ជាការ​ខេត្ត​កំពង់ធំ លោក អ៊ុត សំអន មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ មេសា ថា ថ្វីត្បិតតែ​ចំនួន​ភ្ញៀវ​ទេសចរ​ធ្លាក់​ចុះ​ជាង​ឆ្នាំ​មុន​ក៏ដោយ ប៉ុន្តែ​ជា​ជោគជ័យ​មួយ​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​សំបូរ​សង្ក្រាន្ត​ឆ្នាំ​ថ្មី​នា​ទឹក​ដី​ប្រាសាទ​សំបូរ​ព្រៃ​គុក។ ម្យ៉ាង​ការ​ថែ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់ គឺ​មាន​ភាព​ប្រសើរ​ជាង​ឆ្នាំ​មុន​ទៀត​ផង៖ « យើង​ចាត់​ទុក​ថា​ជោគជ័យ ព្រោះ​ថា​នៅ​ពេល​យើង​មិន​បាន​ធ្វើ​សំបូរ​សង្ក្រាន្ត គឺ​មាន​មនុស្ស​ទៅ​មើល​ប្រហែល​ខ្ទង់ ១​ម៉ឺន​ទៅ ២​ម៉ឺន​ប៉ុណ្ណោះ​ទេ »

លោក​បន្ថែម​ទៀត​ថា ក្រោយ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​រួច អាជ្ញាធរ​បន្ត​ការពារ​សន្តិសុខ​សណ្ដាប់ធ្នាប់ ព្រម​ទាំង​ចាត់​វិធានការ​ថែរក្សា​អនាម័យ​នៅ​តំបន់​រមណីយដ្ឋាន​ទាំងអស់។ លើស​ពី​នេះ អាជ្ញាធរ​នាំ​គ្នា​ប្រជុំ​វាយ​តម្លៃ​អំពី​ចំណុច​ខ្លាំង និង​កង្វះ​ខាត​ដែល​កើត​មាន​កន្លង​មក ដើម្បី​ត្រៀម​រៀបចំ​ពិធី​បុណ្យ​ជាតិ​ធំៗ​នៅ​ឱកាស​ក្រោយ​ឲ្យ​កាន់​តែ​មាន​លក្ខណៈ​ប្រសើរ​ឡើង។

របាយការណ៍​វាយ​តម្លៃ​អំពី​ស្ថានភាព​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​រយៈពេល​បួន​ថ្ងៃ​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បង្ហាញ​ថា សន្តិសុខ​សណ្ដាប់ធ្នាប់​សាធារណៈ គឺ​ល្អ​ជាង​ពេល​ធម្មតា។ របាយការណ៍​បញ្ជាក់​ថា បទល្មើស​ព្រហ្មទណ្ឌ​ថយ​ចុះ ៣​ករណី។ បន្ថែម​ពី​នេះ គ្រោះថ្នាក់​ចរាចរណ៍​ថយ​ចុះ ៣​ករណី (៩៨​ករណី​នៅ​ឆ្នាំ​២០១៦ និង ១០១​ករណី​នៅ​ឆ្នាំ​២០១៥) ប៉ុន្តែ​មនុស្ស​ស្លាប់​កើន​ឡើង ១១​នាក់ (៤៧​នាក់​នៅ​ឆ្នាំ​២០១៦ និង ៣៦​នាក់​នៅ​ឆ្នាំ​២០១៥) បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។