កំណើនភ្ញៀវទេសចរទៅទស្សនាប្រាសាទព្រះវិហារ គឺជាផ្នែកដ៏សំខាន់មួយក្នុងការជួយប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិជិតៗនោះ ដែលគ្មានស្រែ និងចម្ការអាចរកកម្រៃចិញ្ចឹមជីវិតប្រចាំថ្ងៃបាន។
តើនៅពេលដែលប្រទេសកម្ពុជា និងថៃ កំពុងតែឡើងទៅឆ្លើយនៅឯតុលាការយុត្តិធម៌អន្តរជាតិ អំពីជម្លោះដីជិតតំបន់ប្រាសាទព្រះវិហារ ដែលធ្វើឱ្យព្រួយបារម្ភខ្លាចក្រែងមានការប្រយុទ្ធគ្នាជាថ្មីនេះ ស្ថានភាពភ្ញៀវទេសចរទៅទស្សនាប្រាសាទព្រះវិហារ យ៉ាងណា?
មន្ត្រីអាជ្ញាធរជាតិព្រះវិហារ ទទួលបន្ទុកគ្រប់គ្រងស្ថិតិភ្ញៀវទេសចរប្រចាំថ្ងៃ បានឱ្យដឹងថា ចំនួនអ្នកទស្សនាប្រាសាទព្រះវិហារ លើកំពូលភ្នំនៅក្នុងរដូវបុណ្យចូលឆ្នាំខ្មែរឆ្នាំនេះ គឺថយចុះច្រើន បើប្រៀបធៀបទៅនឹងបុណ្យចូលឆ្នាំចិន កាលពី១ខែមុន និងរយៈពេល ៣ថ្ងៃដូចគ្នាកាលពីឆ្នាំ២០១២ កន្លងទៅ។
ការថយចុះចំនួនភ្ញៀវទេសចរជាតិ អន្តរជាតិ ទៅទស្សនាប្រាសាទព្រះវិហារ នេះ គឺស្របពេលគ្នានឹងតំណាងប្រទេសកម្ពុជា និងថៃ កំពុងឡើងទៅឆ្លើយបំភ្លឺនៅឯតុលាការអន្តរជាតិ អំពីជម្លោះដីនៅជិតតំបន់ប្រាសាទព្រះវិហារ ហើយធ្វើឱ្យប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាចក្រែងមានការប្រយុទ្ធគ្នាណាមួយកើតឡើង។
មន្ត្រីទទួលបន្ទុកផែនការស្ថិតិ និងសេវាកម្មភ្ញៀវទេសចររបស់អាជ្ញាធរជាតិព្រះវិហារ គឺលោក យាន ស៊ុន្ថារ៉ាត។ លោកបានមានប្រសាសន៍ថា ចំនួនអ្នកទេសចរជាតិ និងអន្តរជាតិ ដែលមកទស្សនាប្រាសាទព្រះវិហារ នៅក្នុងរដូវចូលឆ្នាំខ្មែរ បានធ្លាក់ចុះយ៉ាងច្រើន។ ការធ្លាក់ចុះនេះ ដោយសារតែទាក់ទងទៅនឹងបញ្ហាជម្លោះព្រំដែនដែលនៅជិតនេះ ធ្វើឱ្យពួកគាត់មានការភ័យខ្លាច មិនហ៊ានមកកម្សាន្ត។ មន្ត្រីដដែលបានបញ្ជាក់ថា នៅក្នុងអំឡុងថ្ងៃបុណ្យចូលឆ្នាំខ្មែរកាលពីឆ្នាំមុន ជាធម្មតាចំនួនអ្នកទេសចរដែលមកមើលប្រាសាទព្រះវិហារ មានពី ៣.០០០នាក់ ទៅ ៤.០០០នាក់ ក្នុង១ថ្ងៃៗ ក៏ប៉ុន្តែក្នុងឆ្នាំនេះ ចំនួនអ្នកទេសចរ គឺបានប្រហែល ១.០០០នាក់ ក្នុង១ថ្ងៃៗ។
លោក យាន ស៊ុន្ថារ៉ាត៖ «បើគិតធៀបគ្នាឆ្នាំនេះ ឆ្នាំមុនប្រហែលជាខុសគ្នា ៧០%។ តាមដែលភ្ញៀវដែលគាត់មក គឺទាក់ទងនឹងគាត់បានព័ត៌មានមិនល្អថា នៅប្រាសាទយើង គេមិនឱ្យប្រជាពលរដ្ឋឡើងអីចឹង ហើយពេលគាត់មកដល់នេះ យើងប្រាប់មូលហេតុគាត់ទៅ បានគាត់ដឹង។ គាត់ថា អាហ្នឹងដោយសារថាគាត់បានព័ត៌មានគ្រាន់តែឮតាមគេ តាមអី។ មើលទៅ ដូចជាមិនមានបញ្ហាអីទេ វាស្ងប់ស្ងាត់ល្អដូចពីមុនៗដែរ។ យើងនៅតែបើកចំហឱ្យទេសចរឡើងទៅដដែល។ បើសិនជាគាត់ចង់មកមើល អញ្ជើញមកកុំមកហើយបកក្រោយទៅវិញ ដោយសារតែភ័យខ្លាច»។
ចាប់តាំងពីថ្ងៃទី១៥ រហូតមកដល់ថ្ងៃទី១៩ ខែមេសា ក្នុងពេលតំណាងប្រទេសកម្ពុជា និងថៃ កំពុងឡើងឆ្លើយបំភ្លឺនៅឯតុលាការយុត្តិធម៌អន្តរជាតិ អំពីរឿងជម្លោះដីនៅជិតតំបន់ប្រាសាទព្រះវិហារ នៅឡើយក៏ដោយ ក៏ស្ថានភាពកងទ័ពនៅតាមព្រំដែននៃប្រទេសទាំងពីរបានស្ងប់ស្ងាត់ មិនមានអ្វីគួរឱ្យព្រួយបារម្ភទេ។
ប្រជាពលរដ្ឋខ្មែរ និងបរទេសមួយចំនួន ដែលមិនព្រួយបារម្ភខ្លាចមានការប្រយុទ្ធគ្នានៅជិតតំបន់ប្រាសាទព្រះវិហារ នោះ នៅតែនាំគ្នាឡើងភ្នំទៅទស្សនាដដែល។
បុរសចំណាស់ម្នាក់ឈ្មោះ ផែង ជឿន ដែលរស់នៅភូមិប៉ោយស្មាច់ នៃស្រុកសូទ្រនិគម ខេត្តសៀមរាប បានឱ្យដឹងថា គាត់ទើបតែមកឃើញប្រាសាទព្រះវិហារ ជាលើកដំបូងនៅក្នុងជីវិតរបស់គាត់។ គាត់ និងអ្នកភូមិចំនួន ៩នាក់ទៀត មិនភ័យខ្លាចចំពោះការប្រយុទ្ធគ្នារវាងទាហានខ្មែរ និងថៃ ដែលអាចកើតឡើងនោះទេ គឺពួកគាត់បានសម្រេចចិត្តនាំគ្នាជិះលើគោយន្តមួយគ្រឿង ធ្វើដំណើរមកទស្សនាប្រាសាទព្រះវិហារ ឱ្យបាន៖ «ប្រាសាទព្រះវិហារ នេះ ស្អាតណាស់ ល្អណាស់។ មានអារម្មណ៍សប្បាយ ជួបឃើញបងប្អូនយើងមកពីខេត្តផ្សេងៗមកលេង ឃើញគ្នាត្រេកអរសប្បាយ។ នឹកឃើញថា កេរ្តិ៍របស់ជាតិនៅមានគង់វង្សសព្វថ្ងៃ ចង់ឃើញស្នាដៃបុព្វបុរសខ្មែរ។ ឮយូរហើយ តាំងពីកើតដឹងក្តីក៏ឮ។ ខ្ញុំសូមបួងសួងថា សូមឱ្យសៀម ទោះបីជាមានកំហឹងយ៉ាងណា ក៏ឱ្យឈប់មានកំហឹង ឈប់ឈ្លានពានមកខ្មែរ»។

ប្រាសាទព្រះវិហារ ដែលមានអាយុកាលជាង ១ពាន់ឆ្នាំមកហើយ បានជួយទ្រទ្រង់ចំណូលប្រចាំថ្ងៃដល់ប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលរស់នៅក្នុងភូមិធម្មជាតិសម្ដេចតេជោ និងប្រជាពលរដ្ឋនៃឃុំស្រអែម ស្រុកជាំក្សាន្ត ឱ្យរកកម្រៃបានពីទេសចរណ៍តាមរយៈការថតរូបអនុស្សាវរីយ៍ ការលក់ដូរម្ហូបអាហារនំចំណី ឬក៏ទឹកអំពៅទៅឱ្យអ្នកទេសចរជាដើម។
«សំឡេងកិនទឹកអំពៅ»
ស្ត្រីអ្នកភូមិធម្មជាតិសម្ដេចតេជោម្នាក់ បានមានប្រសាសន៍ថា គាត់គឺជាប្រជាពលរដ្ឋម្នាក់ក្នុងចំណោមជាច្រើនទៀត ដែលតែងឡើងភ្នំទៅលក់ដូររកចំណូលពីអ្នកទេសចរ។ ក៏ប៉ុន្តែ មួយរយៈមកនេះ គាត់បានផ្អាកទៅលក់ដូរនៅប្រាសាទព្រះវិហារ ហើយ ដោយសារតែពិបាកជញ្ជូនអីវ៉ាន់ផង និងភ័យខ្លាចផង។ ស្ត្រីដដែលបានបញ្ជាក់ថា ប្រសិនបើស្ថានភាពជម្លោះនៅជិតប្រាសាទព្រះវិហារ បានស្ងប់ស្ងាត់ គឺពួកគាត់អាចរកចំណូលពីទេសចរណ៍បានប្រហែលជាង ១០ម៉ឺនរៀលដែរក្នុង១ថ្ងៃៗ៖ «ពួកនៅទីនេះទីពឹងលើប្រាសាទ ហើយទីពឹងលើភ្ញៀវហ្នឹងដែរ។ ចេះតែបារម្ភ រឿងគេបាញ់គ្នា ព្រោះយើងខាតលក់ដូរ។ ដល់ពេលមានសភាពការណ៍អីចឹង យើងមិនដឹងទៅរកឯណាទៀតទេ អត់មានមុខរបរអីផងនៅទីនេះ ស្រែក៏មិនមាន។ ចង់ឱ្យព្រំដែនស្ងប់ស្ងាត់ទៅ ឱ្យមានសន្តិភាពទៅ ឱ្យគេបោះបង្គោលបោះអីទៅ យើងអាចថាចេញចូលពីថៃ មកភ្ញៀវអីមកយើងរស់ហើយ»។
ការទៅទស្សនាប្រាសាទព្រះវិហារ ជាប្រចាំថ្ងៃ ភ្ញៀវទេសចរអាចជ្រើសយកការជិះរថយន្តឈ្នួល ឬក៏ជិះម៉ូតូឌុបឡើងភ្នំ។
«សំឡេងម៉ូតូ»
បុរសអ្នករត់ម៉ូតូឌុបឡើងភ្នំទៅប្រាសាទព្រះវិហារ មួយរូបបានឱ្យដឹងថា ប្រសិនបើស្ថានភាពជម្លោះព្រំដែនខ្មែរ-ថៃ នៅជិតប្រាសាទព្រះវិហារ ស្ងប់ស្ងាត់ គឺគេអាចរកកម្រៃបានពីការឌុបភ្ញៀវ ប្រហែលពី ១០ ទៅ ២០ម៉ឺនរៀលក្នុង១ថ្ងៃៗ។
ក៏ប៉ុន្តែ ទោះយ៉ាងណា រហូតមកដល់ពេលនេះ ការឡើងឆ្លើយបំភ្លឺរបស់តំណាងកម្ពុជា និងថៃ នៅឯតុលាការអន្តរជាតិ អំពីបញ្ហាជម្លោះដីនៅជិតតំបន់ប្រាសាទព្រះវិហារ នោះ គឺភាគីទាំងពីរនៅតែមានការអះអាងយ៉ាងតឹងតែងរៀងៗខ្លួននៅឡើយ។
កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា លោក ហោ ណាំហុង ដែលជាប្រធានប្រតិភូកម្ពុជា បានមានប្រសាសន៍ថា លោកមានសង្ឃឹមថា តុលាការនឹងយល់ព្រមបកស្រាយសាលក្រមឆ្នាំ១៩៦២ តាមសំណើរបស់កម្ពុជា តែអ្វីដែលលោកបារម្ភនោះ គឺខ្លាចក្រែងតែតុលាការពិភពលោកនេះមិនឯករាជ្យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
