ភ្ញៀវទេសចរបរទេសជិះទូកខ្នាតតូចមួយគ្រឿង តាមសមុទ្រនៅខេត្តព្រះសីហនុ ត្រូវបានជួយសង្គ្រោះភ្លាមៗ បន្ទាប់ពីជួបគ្រោះថ្នាក់លិចទូកក្នុងសមុទ្រ នៅព្រឹកថ្ងៃទី៨ កុម្ភៈ។
ស្នងការខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ឲ្យដឹងថា ភ្ញៀវទេសចរបរទេសជិះទូកនោះ ជាជនជាតិវៀតណាម មានគ្នា៦នាក់ ស្រី៤នាក់ ក្នុងនោះមានក្មេងស្រី២នាក់ និងប្រុស២នាក់ រួមនឹងអ្នកបើកបរជនជាតិខ្មែរ២នាក់ទៀត សរុប៨នាក់៖ «យើងបានបិទការឆ្លងតាំងពីម្សិលមិញ តែគាត់ ( អ្នកទេសចរជនជាតិវៀតណាម ) ព្រឹកឡើងទៅជួលអូប័រធុនចំណុះ២០នាក់ ជាលក្ខណៈឯកជន ៦នាក់គ្នាគាត់ ទៅកោះរ៉ុង នៅព្រឹកម៉ោងជាង៧។ ពួកគាត់ធ្វើដំណើរនៅសល់ជាង២០គីឡូម៉ែត្រ ក៏លិចទៅ ដោយសារខ្យល់ធំបោកខ្ទប់ជាន់ៗគ្នា ហើយចេះបានទូកឈើដឹកទំនិញឃើញទាន់ ព្យាយាមជួយសង្គ្រោះ»។
លោក ជួន ណារិន្ទ បញ្ជាក់ថា ការដែលអាចជួយសង្គ្រោះបានភ្លាមៗនេះ ដោយសារមានទូកឈើដឹកទំនិញនៅក្បែរទូកដែលលិចនោះ ហើយអ្នកធ្វើដំណើរ ក៏មានពាក់អាវពោងជាប់ខ្លួនដែរ ។ លោកបញ្ជាក់ថា អាជ្ញាធរបានផ្អាកការធ្វើដំណើរតាមទូកឆ្លងទៅកោះរ៉ុងជាបណ្ដោះអាសន្ន កាលពីថ្ងៃទី៧ កុម្ភៈ មក បន្ទាប់ពីមានខ្យល់បក់ខ្លាំង និងរលកធំៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
