ទេសចរ​បរទេស​ចូល​មក​អង្គរវត្ត​តាម​រថយន្ត​ក្រុង​កើន​ឡើង

ក្រសួង​ទេសចរណ៍ បាន​អះអាងថា ចាប់​ពី​ពេល​នេះ​ត​ទៅ ចំនួន​ទេសចរ​បរទេស​ដែល​ចូល​មក​ទស្សនា​​​កម្ពុជា នឹង​មិន​ថយ​ចុះ​ទេ ពីព្រោះ​តែ​គោលដៅ​ធំ​នៃ​តំបន់​ទេសចរណ៍​នៅ​អាស៊ី​ប៉ាស៊ីហ្វិក ដែល​ជា​គោលដៅ​របស់​កម្ពុជា មាន​ចំនួន​ទេសចរ​កើន​ឡើង​ដល់ ៧៦​ភាគរយ ទៅ​ហើយ​នោះ។
ដោយ ហង្ស សាវយុត
2013-02-27
អ៊ីម៉ែល
មតិ
ចែករំលែក
បោះពុម្ព
  • បោះពុម្ព
  • ចែករំលែក
  • មតិ
  • អ៊ីម៉ែល
ទេសចរណ៍ សៀមរាប ៣០៥
ទេសចរ​បរទេស​នាំ​គ្នា​ដើរ​ចេញ​ពី​ប្រាសាទ​តាព្រហ្ម តាម​ខ្លោងទ្វារ​ទិស​ខាង​កើត កាល​ពី​ថ្ងៃ​ទី​១៨ មករា ឆ្នាំ​២០១៣។
RFA/Hang Savyouth

មន្ត្រី​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប បាន​ឱ្យ​ដឹង​ថា ពេល​បច្ចុប្បន្ន ចំនួន​ភ្ញៀវទេសចរ​បរទេស​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​ព្រំដែន​ដោយ​ជិះ​​រថយន្ត​ក្រុង​មក​ទស្សនា​ប្រាង្គ​ប្រាសាទ​បុរាណ គឺ​មាន​ការ​កើន​ឡើង​​​ជា​លំដាប់។ ក៏​ប៉ុន្តែ​ទោះ​យ៉ាង​ណា ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ទេសចរ​បរទេស​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​​នេះ គឺ​នៅ​មាន​តួលេខ​តិច​ជាង​ចំនួន​ភ្ញៀវទេសចរ​បរទេស ដែល​ធ្វើ​ដំណើរ​តាម​ជើង​យន្តហោះ​នៅ​​ឡើយ។

លោក ង៉ូវ សេងកាក់ ជា​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប។ លោក​បាន​មាន​ប្រសាសន៍​​ថា អ្នក​ទេសចរណ៍​ជនជាតិ​វៀតណាម និង​ជនជាតិ​រុស្ស៊ី​ដែល​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង​មក​ទស្សនា​តំបន់​អង្គរ កំពុង​តែ​មាន​កំណើន​ខ្ពស់​គួរ​ឱ្យ​ចាប់​អារម្មណ៍​នៅ​ពេល​បច្ចុប្បន្ន៖ «ឃើញ​មក​តាម​ឡាន​ក្រុង ផ្លូវ​គោក ប្រហាក់ប្រហែល ៤០% ហើយ​មក​តាម​ផ្លូវ​អាកាស វា ៥៥%។ មក​តាម​បាងកក មក​តាម​ច្រក​ប៉ោយប៉ែត មក​តាម​បាវិត។ បើ​យើង​គិត​ក្នុង​ខែ​មករា ហ្នឹង យើង​បាន​ភ្ញៀវ​ទេសចរ​​អន្តរជាតិ ២៤.៦១៤​នាក់»

​នៅ​ស្រប​ពេល​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មក​ទស្សនា​កម្ពុជា កាន់​តែ​ច្រើន​ឡើងៗ​នោះ គឺ​បាន​ធ្វើ​ឱ្យ​កម្ពុជា ប្រឈម​មុខ​នឹង​ការ​ខ្វះខាត​ធនធាន​មនុស្ស​ក្នុង​ការ​បម្រើ​សេវា​ផ្នែក​ទេសចរណ៍។

លោក ង៉ូវ សេងកាក់ បាន​បញ្ជាក់​ថា នៅ​ខេត្ត​សៀមរាប កំពុង​ចាប់​ផ្ដើម​ការងារ​មួយ​ចំនួន​ដែល​ពាក់ព័ន្ធ​នឹង​ការ​ពង្រឹង​គុណភាព​នៃ​សេវាកម្ម​ទេសចរណ៍ ការ​បណ្ដុះ​បណ្ដាល​ធនធាន​មនុស្ស​ក្នុង​ការ​បម្រើ​ភ្ញៀវ​ទេសចរ និង​បដិសណ្ឋារកិច្ច ជា​ពិសេស​ត្រូវ​​បំប៉ន​ភាសា​បរទេស​ទៅ​លើ​មគ្គុទ្ទេសក៍​ទេសចរណ៍​ថែម​ទៀត។

ទន្ទឹម​នឹង​នេះ បញ្ហា​ជា​ច្រើន​ទៀត​ក៏​ត្រូវ​ការ​កែលំអ ដូចជា​​ការ​ចាត់ចែង​​ឱ្យ​មាន​ចំណត់​រថយន្ត​ត្រឹម​ត្រូវ​សម្រាប់​ទេសចរណ៍ និង​ការ​សំអាត​បរិស្ថាន​ទីក្រុង ដើម្បី​ធានា​ដល់​​​សុខភាព​សាធារណៈ និង​បង្កើន​សម្រស់​​ទាក់ទាញ​ទេសចរណ៍​ជា​ដើម។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​នៃ​ប្រទេស​កម្ពុជា ធ្លាប់​បាន​ថ្លែង​បញ្ជាក់​កាល​ពី​ខែ​មករា កន្លង​ទៅ​ថា លោក​រំពឹង​ទៅ​លើ​ចំនួន​ភ្ញៀវ​ទេសចរណ៍​បរទេស ដែល​មក​ទស្សនា​កម្ពុជា គឺ​មិន​ថយ​ចុះ​ទេ៖ «ភ្ញៀវ​ពី​ថ្ងៃ​នេះ​ទៅ វា​អត់​មាន​ធ្លាក់​ទេ ព្រោះ​គោលដៅ​ធំ​របស់​យើង គឺ​ទេសចរណ៍​មក​ពី​អាស៊ី​ប៉ាស៊ីហ្វិក ឡើង​ដល់ ៧៦% ឯ​ណោះ។ ដូច្នេះ​វា​អត់​មាន low season (រដូវ​មិន​សូវ​មាន​ភ្ញៀវ) និង High season (រដូវ​ភ្ញៀវ​ច្រើន) នៅ​សៀមរាប ទេ។ ដូច្នេះ​មិន​ចាំបាច់​អី​ទៅ​បន្លំ​គុណភាព​លក់​តម្លៃ​អី​ចុះ​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេ Hotel ទាំង​អស់​ភ្ញៀវ​ពេញៗ ដូច្នេះ​ប្រឹង​ទៅ​លើ​គុណភាព​ទៅ កាល​ណា​យើង​ពង្រឹង​គុណភាព​ឱ្យ​ល្អ​ទៅ​ហ្នឹង គឺ​ថា ភ្ញៀវ​កាន់​តែ​មក​ថែម​ទៀត ហើយ​យើង​នឹង​ក្លាយ​ទៅ​ជា​គោលដៅ​ទេសចរណ៍​មួយ​ដ៏​ល្អ»

មន្ត្រី​ក្រសួង​ទេសចរណ៍​បាន​ឱ្យ​ដឹង​ថា ប្រទេស​កម្ពុជា មាន​កន្លែង​ប្រវត្តិសាស្ត្រ វប្បធម៌ រមណីយដ្ឋាន ឆ្នេសមុទ្រ និង​អេកូ​ទេសចរណ៍​ជា​ច្រើន ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឱ្យ​ចង់​មក​ទស្សនា។

ខេត្ត​សៀមរាប ក្នុង​រយៈ​ពេល​ពេញ​មួយ​ឆ្នាំ​២០១២ គឺ​​ទទួល​​បាន​ភ្ញៀវ​ទេសចរ​បរទេស​ចំនួន ២,៦​លាន​នាក់។ ចំនួន​នេះ​បាន​កើន​ឡើង ២៨.១៥% បើ​​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​២០១១ កន្លង​ទៅ។

ក្រសួង​ទេសចរណ៍​បាន​អះអាង​ថា ប្រទេស​កម្ពុជា បាន​ទទួល​ចំណូល​ពី​វិស័យ​ទេសចរណ៍​​សម្រាប់​ឆ្នាំ​២០១២ ​ប្រហែល​ជាង ២​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក។

កាល​ពី​ពេល​ថ្មីៗ ប្រទេស​ថៃ-​កម្ពុជា បាន​បើក​ឱ្យ​ដំណើរ​ការ​នូវ​សេវាកម្ម​ដឹក​ជញ្ជូន​អ្នក​ទេសចរណ៍​បរទេស​តាម​រថយន្ត​ក្រុង​ដោយ​ផ្ទាល់​ចេញ​ពី​ទីក្រុង​បាងកក ទៅ​ទីក្រុង​ភ្នំពេញ និង​ទៅ​ខេត្ត​សៀមរាប។ ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​​រថយន្ត​ក្រុង​ឆ្លង​កាត់​ប្រទេស​ថៃ និង​កម្ពុជា​នេះ បាន​ធ្វើ​ឱ្យ​កំណើន​អ្នក​ទេសចរណ៍​តាម​ផ្លូវ​គោក​អាច​នឹង​កើន​ឡើង​ថែម​ទៀត នៅ​ក្នុង​ខេត្ត​សៀមរាប។

ក្រុម​អ្នក​ប្រកប​របរ​លើ​វិស័យ​ទេសចរណ៍​ឯកជន បាន​ចាត់​ទុក​ថា ការ​ដឹក​ជញ្ជូន​អ្នក​ដំណើរ​តាម​រថយន្ត​ក្រុង​ឆ្លង​កាត់​ព្រំដែន​កម្ពុជា-​ថៃ កម្ពុជា និង​វៀតណាម​នេះ គឺ​ជា​ក្តី​បំណង​ដែល​វិស័យ​ឯកជន​ចង់​បាន​ជា​យូរ​មក​ហើយ។

លោក ហូ វណ្ឌី ជា​សហ​ប្រធាន​​ក្រុម​ការងារ​នៃ​វិស័យ​ទេសចរណ៍​ផ្នែក​ឯកជន បាន​មាន​ប្រសាសន៍​ថា ការ​ភ្ជាប់​សេវា​ដឹក​ជញ្ជូន​តាម​​រថយន្ត​ក្រុង​រវាង​កម្ពុជា-​ថៃ និង​កម្ពុជា-​វៀតណាម គឺ​វា​មាន​ផល​ប្រយោជន៍​ច្រើន ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​ចំណាយ​ថវិកា​តិច​ជាង​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​អាកាស ហើយ​ការ​ធ្វើ​ដំណើរ​តាម​ផ្លូវ​គោក​នេះ គឺ​អាច​ឱ្យ​ប្រជាពលរដ្ឋ​ខ្លះ​ដែល​រស់​នៅ​តាម​តំបន់​ទទួល​បាន​កម្រៃ​ខ្លះ​ពី​អ្នក​ដំណើរ​ទាំង​នោះ តាម​រយៈ​ការ​លក់​ដូរ​នំ​ចំណី​ផង​ដែរ។

ទោះ​យ៉ាង​ណា លោក ហូ វណ្ឌី បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​ចំនួន​អ្នក​ទេសចរណ៍​បរទេស​​​ចូល​មក​ទស្សនា​កម្ពុជា ចេះ​តែ​កើន​ឡើង​នោះ គឺ​វិស័យ​ឯកជន​នៅ​មាន​ការ​ព្រួយ​បារម្ភ​ជា​ច្រើន​​ដែល​ពាក់ព័ន្ធ​​ទៅ​នឹង​ការ​ធ្វើ​សមាហរណកម្ម​ពាណិជ្ជកម្ម​អាស៊ាន ដោយសារ​តែ​​ផ្នែក​សេវាកម្ម និង​ធនធាន​មនុស្ស​នៅ​កម្ពុជា នៅ​មាន​កម្រិត​នៅ​ឡើយ ដែល​មិន​អាច​ប្រកួតប្រជែង​ទីផ្សារ​ជាមួយ​នឹង​ប្រទេស​ដែល​​ជា​សមាជិក​​សមាគម​អាស៊ាន​មួយ​ចំនួន​នៅ​ជុំវិញ​បាន​ទេ។ វិបត្តិ​ទាំង​នេះ គឺ​ទាមទារ​ទាំង​ផ្នែក​ឯកជន និង​ទាំង​ស្ថាប័ន​រដ្ឋ ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​នេះ ​គឺ​ត្រូវ​ពង្រឹង​សមត្ថភាព​ជា​ចាំបាច់។

លោក ហូ វណ្ឌី៖ «ពីព្រោះ​ថា បច្ចុប្បន្ន​នេះ​យើង​ឃើញ​ហើយ​ថា ការ​ផ្សព្វផ្សាយ​ទូលំទូលាយ​ណាស់​របស់​គេ​នៅ​លើ​ទីផ្សារ​អន្តរជាតិ។ ទី​២ គេ​មាន​ស្ថាប័ន​របស់​គេ ដែល​ជា​ចំណែក​មួយ​នៃ​ការ​ចាប់​យក​​ទីផ្សារ​ធំៗ គេ​ដើរ​ទៅ​គ្រប់​ផ្នែក​នៃ​ពិភពលោក​តែម្ដង ហើយ​យើង​ឃើញ​ហើយ តួលេខ​របស់​ប្រទេស​ដែល​នៅ​ជិតៗ​យើង​ហ្នឹង គេ​ឡើង​ខ្ពស់​មែន​ទែន។ ដូច​ជា​ថៃ អ៊ីចឹង​គេ​ឡើង​ដល់ ១៨ ទៅ ២០​លាន​នាក់ ក្នុង​១​ឆ្នាំ រី​ឯ​ម៉ាឡេស៊ី និង​សិង្ហបុរី ក៏​ដូច​គ្នា»

នៅ​ក្នុង​កិច្ច​ប្រជុំ​ស្ដី​ពី​វិស័យ​ទេសចរណ៍​ជា​ច្រើន​លើក ទាំង​ផ្នែក​ឯកជន និង​មន្ត្រី​រដ្ឋាភិបាល សុទ្ធ​តែ​បាន​ទទួល​ស្គាល់​ថា កម្ពុជា​ត្រូវ​ការ​ពង្រឹង​ទៅ​លើ​សមត្ថភាព​ធនធាន​មនុស្ស​ផ្នែក​វិស័យ​ទេសចរណ៍​ថែម​ទៀត ការ​កែ​លំអ​ទៅ​លើ​គុណភាព​សេវាកម្ម ហេដ្ឋារចនា​សម្ព័ន្ធ​ខ្លះៗ សោភ័ណភាព​ទីក្រុង សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ និង​បរិស្ថាន​ស្អាត​ជា​ដើម ដើម្បី​ទាក់ទាញ​ចំនួន​អ្នក​ទេសចរ​បរទេស​ឱ្យ​ចូល​មក​ទស្សនា​កម្ពុជា បាន​កាន់​តែ​ច្រើន​ឡើង​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

មតិ (2)
  • បោះពុម្ព
  • ចែករំលែក
  • អ៊ីម៉ែល

អ្នក​អាន​អនាមិក

Tourism come visit spend more than 2billion Us dollas a year in Cambodia. Why khmer people still poor and under poor line

Feb 27, 2013 09:22 PM

អ្នក​អាន​អនាមិក

សូមអស់លោកដែលជំនាញខាងភាសាអង់គ្លេស ខ្មែរ មេត្តាជួយបកប្រែពាក្យ ( អេកូ) ឲ្យកូនខ្មែរបានចេះផង៕

Feb 27, 2013 03:20 PM