មន្ត្រីមន្ទីរទេសចរណ៍ ខេត្តព្រះសីហនុ អះអាងថា ឆមាសទី១ ឆ្នាំ២០១៥ ចំនួនភ្ញៀវទេសចរ ដែលចូលទៅទស្សនាខេត្តនេះ បានកើនឡើងជាងឆ្នាំ២០១៤ បើគិតពេលវេលាដូចគ្នានេះ។
មន្ត្រីសង្គមស៊ីវិលបញ្ជាក់ថា ចំនួនភ្ញៀវទេសចរអាចនឹងកើតច្រើនថែមទៀត បើសិនជាអាជ្ញាធរខេត្តនេះបើកឆ្នេរសមុទ្រ ដែលហ៊ុមព័ទ្ធដោយរបងថ្មធ្វើកម្មសិទ្ធិឲ្យបានទូលំទូលាយជូនភ្ញៀវទេសចរដើរកម្សាន្ត និងកំណត់តម្លៃសេវាទេសចរណ៍ឲ្យបានសមរម្យនោះ។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក នូ សុផល មានប្រសាសន៍ថា ៦ខែ ដើមឆ្នាំ២០១៥ ខេត្តជាប់មាត់សមុទ្រមួយនេះ ទទួលបានភ្ញៀវទេសចរសរុប ៨៨៥.៣៩៨នាក់ គឺកើនឡើងជាង ១៥ភាគរយ (១៥.៨៧%)។ ក្នុងនោះភ្ញៀវជាតិមានចំនួន ៦៦៩.០៦៦នាក់ គឺកើនជាង ១៨ភាគរយ (១៨.៧៣%) និងភ្ញៀវអន្តរជាតិមានចំនួនជាង ២១៦.៣០០នាក់ គឺកើនចំនួនជាង ៧ភាគរយ (៧. ៨៣%) បើគិត ៦ខែដូចគ្នាឆ្នាំ២០១៤។
លោក នូ សុផល ឲ្យដឹងថា ចំនួនភ្ញៀវទេសចរដែលចូលមកទស្សនាខេត្តនេះ គឺកើនទាំងភ្ញៀវធ្វើដំណើរតាមផ្លូវទឹក និងផ្លូវអាកាសជាដើម។ លោកបន្ថែមថា ភ្ញៀវទេសចរបរទេសភាគច្រើន គឺពួកគេនិយមទៅកម្សាន្តនៅលើកោះ ហើយភាគច្រើនមានជនជាតិរុស្សី ចិន វៀតណាម អាមេរិក អង់គ្លេស បារាំង និងអូស្ត្រាលី ជាដើម។
ផ្ដើមពីកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ បានបន្តចូលមកទស្សនាខេត្តព្រះសីហនុ មានចំនួនកើនខ្ពស់ជាបន្តបន្ទាប់ លោក នូ សុផល បានស្នើដល់ប្រតិបត្តិករទេសចរ ឬប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាបរិស្ថានឆ្នេរ និងមូលដ្ឋានរៀងៗ ឲ្យមានសោភណភាពល្អ និងត្រូវពង្រឹងសេវាកម្មទេសចរណ៍ឲ្យមានតម្លៃសមរម្យ៖ «តាមគោលការណ៍ជាយុទ្ធសាស្ត្ររបស់ក្រសួងទេសចរណ៍ ក៏ដូចជាខេត្តព្រះសីហនុ មន្ទីរទេសចរណ៍បានពង្រឹងអំពីគុណភាពផលិតផលទេសចរណ៍ តាមរយៈការចូលរួម និងការការពារនូវបរិស្ថាន។ ការជំរុញឲ្យមានការវិនិយោគ ការបណ្ដុះបណ្ដាលធនធានមនុស្សទៅលើវិស័យទេសចរណ៍។ ថ្មីៗនេះមន្ទីរទេសចរណ៍បានបណ្ដុះបណ្ដាលនូវជំនាញម៉ាស្សាដល់អ្នកបម្រើការងារខាងអាជីវកម្មម៉ាស្សាឲ្យមានជំនាញពិតប្រាកដ»។
ទាក់ទិនបញ្ហានេះដែរ លោក សុខ សុខុម ប្រធានអង្គការស្រាវជ្រាវជាតិកម្ពុជា ឬហៅកាត់ថា ស៊ី.អិន.រ៉ូ សាខាខេត្តព្រះសីហនុ មានប្រសាសន៍ថា ចំនួនភ្ញៀវទេសចរអាចចូលមកទស្សនាខេត្តនេះច្រើនថែមទៀតនៅថ្ងៃអនាគត ប្រសិនបើអាជ្ញាធរខេត្តនេះ ឬរដ្ឋាភិបាលបើករបងថ្មដែលឈ្មួញ និងមន្ត្រីមានអំណាចហ៊ុមព័ទ្ធរបងថ្មធ្វើកម្មសិទ្ធិ ទុកឲ្យទេសចរណ៍ដើរឆ្លងកាត់បានទូលំទូលាយដូចពេលមុន។
ជាងនេះ អាជ្ញាធរខេត្តនេះ ក៏ត្រូវអភិវឌ្ឍន៍ឆ្នេរសមុទ្រទាំងឡាយ ដែលនៅសេសសល់ពីការហ៊ុមព័ទ្ធរបងថ្មធ្វើកម្មសិទ្ធិឲ្យមានអនាម័យ សោភណភាព ហើយត្រូវណែនាំដល់ប្រតិបត្តិករទេសចរទាំងអស់ត្រូវកំណត់តម្លៃសេវាបម្រើវិស័យនេះ ឲ្យបានសមរម្យដល់ភ្ញៀវ ដើម្បីឲ្យពួកគេចូលមកស្នាក់នៅខេត្តនេះរយៈពេលវែង៖ «ឆ្នេរសមុទ្រនៅខេត្តព្រះសីហនុ មានទំហំធំ និងវិសាលភាពធំធេងណាស់។ ប៉ុន្តែមានអ្នកទៅព័ទ្ធរបងយកធ្វើកម្មសិទ្ធិឯកជន បានធ្វើឲ្យបាត់បង់ឆ្នេរទេសចរណ៍អស់ជាច្រើន។ បញ្ហានេះបើសិនជាអាជ្ញាធរ ឬរដ្ឋាភិបាលនៅតែបណ្ដោយឲ្យឲ្យមានភាពអនាធិបតេយ្យរបៀបនេះ នឹងធ្វើឲ្យបាត់បង់ចំនួនភ្ញៀវទេសចរជាតិ និងអន្តរជាតិចូលមកកម្សាន្តខេត្តព្រះសីហនុ នៅថ្ងៃអនាគត។ ដូច្នេះបើកាលណាបាត់បង់ចំនួនភ្ញៀវទេសចរចូលមកទស្សនាខេត្តនេះ នឹងនាំឲ្យបាត់បង់ចំណូលចូលរដ្ឋ និងចំណូលការងារធ្វើជូនប្រជាពលរដ្ឋនៅខេត្តព្រះសីហនុ»។
ឆ្នេរសមុទ្រប្រទេសកម្ពុជា សរុបមានប្រវែង ៤៤០គីឡូម៉ែត្រ។ ខេត្តមានមូលដ្ឋានជាប់ឆ្នេរសមុទ្ររួមមាន ខេត្តកោះកុង ខេត្តព្រះសីហនុ ខេត្តកំពត និងខេត្តកែប។ ខេត្តទាំង ៤នេះ ត្រូវបានដាក់បញ្ចូលជាសមាជិកពេញសិទ្ធិរបស់ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១ នៅប្រទេសសេណេហ្គាល់ (Senegal)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
