ម្ចាស់​រថយន្ត​ដឹក​ស្រូវ​ទៅ​លក់​នៅ​វៀតណាម​នៅ​តែ​បន្ត​ស្វែង​រក​យុត្តិធម៌

ឈ្មួញ​ដឹក​ស្រូវ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ម្នាក់ នៅ​តែ​បន្ត​ស្វែង​រក​យុត្តិធម៌​ជំទាស់​នឹង​មន្ត្រី​ក្រសួង​សាធារណការ ដែល​សម្រេច​ផាក​ពិន័យ​គាត់​ដោយ​ការ​ដឹក​លើស​ចំណុះ។ ឈ្មួញ​រូប​នោះ អះអាង​ថា រថយន្ត​របស់​គាត់​មិន​អាច​លើស​ដល់​ទៅ ១០​តោន​ដូច​នឹង​លទ្ធផល​នៃ​ការ​ថ្លឹង​ចល័ត​របស់​មន្ត្រី​មក​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន នោះ​ឡើយ។ ម្ចាស់​រថយន្ត បាន​ឱ្យ​ដឹង​ថា មន្ត្រី​ជំនាញ​ហាក់​កំពុង​ការ​គាប​សង្កត់​ពួក​គាត់ អាង​តែ​ពួក​គាត់​មិន​សូវ​យល់​ដឹង​ពី​ច្បាប់។

0:00 / 0:00

ម្ចាស់​រថយន្ត​ប្រកែក​តវ៉ា​ជាមួយ​មន្ត្រី​តុលាការ និង​ជាមួយ​មន្ត្រី​សាធារណការ និង​ដឹក​ជញ្ជូន​នៅ​អធិការ​ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម កាល​ពី​ព្រឹក​ថ្ងៃ​ទី​២០ ធ្នូ។ នៅ​ពេល​ព្រះរាជ​អាជ្ញា​ខេត្ត​កំពង់ចាម ចុះ​ត្រួត​ពិនិត្យ និង​ថ្លឹង​ម្តង​ទៀត​នូវ​រថយន្ត​ដែល​មន្ត្រី​សាធារណការ និង​ដឹក​ជញ្ជូន​ចាប់​កាល​ពី​ពេល​កន្លង​ទៅ ដើម្បី​រក​ឱ្យ​ឃើញ​នូវ​ភាព​ត្រឹមត្រូវ​នៃ​ទម្ងន់​ពិត​ប្រាកដ​របស់​រថយន្ត​នោះ។ ប៉ុន្តែ ម្ចាស់​រថយន្ត​នៅ​តែ​មិន​ព្រម​ទទួល​យក ពីព្រោះ​គាត់​ដឹង​ច្បាស់​នូវ​ទម្ងន់​រថយន្ត​របស់​ខ្លួន។

ម្ចាស់​រថយន្ត​ដឹក​ស្រូវ​ទៅ​លក់​នៅ​ប្រទេស​វៀតណាម ដែល​មក​តាំង​ពី​ខេត្ត​បន្ទាយមានជ័យ អ្នកស្រី សាំង ដាលីន បាន​ឱ្យ​ដឹង​ថា អ្នកស្រី​សុំ​ឱ្យ​មាន​ការ​រើ​ស្រូវ​ចេញ​ពី​រថយន្ត​ដើម្បី​ថ្លឹង ហើយ​យក​រថយន្ត​ទទេ​ទៅ​ថ្លឹង​ផ្សេង ប៉ុន្តែ​ខាង​សាធារណការ​មិន​អនុញ្ញាត។ អ្នកស្រី​បន្ត​ថា ការ​តវ៉ា​ពេញ​មួយ​ព្រឹក​ធំ ដើម្បី​សុំ​ថ្លឹង​ទម្ងន់​ស្រូវ​ដែល​មាន​ចំនួន ២១៧​បាវ គឺ​ថ្លឹង​ឱ្យ​ដឹង​ចំនួន​ស្រូវ​ពិត​ប្រាកដ។ ការ​ថ្លឹង​ទាំង​ស្រូវ និង​រថយន្ត​ជា​ផ្លូវ​ការ​ចាប់​ផ្ដើម​នៅ​ម៉ោង​ប្រមាណ​ជា ៧​ល្ងាច ហើយ​លទ្ធផល​ឃើញ​ជាង ៤៣​តោន ដែល​ថយ​ចុះ​ជាង​កាល​ពី​ថ្លឹង​លើក​មុន​ជាង ២​តោន ប៉ុន្តែ​អ្នកស្រី សាំង ដាលីន នៅ​តែ​មិន​អាច​ទទួល​យក​ទម្ងន់​នោះ​ដដែល។

អ្នកស្រី សាំង ដាលីន៖ «អត់​ទទួល​ស្គាល់​ទេ​បង អត់​ទទួល​ស្គាល់​ទេ ៤៣​តោន ៤៥០ ហ្នឹង ខ្ញុំ​អត់​ទទួល​ស្គាល់​ទេ។ អ៊ីចឹង​បង​ឯង​ត្រូវ​ធ្វើ​ម៉េច​បន្ត​ទៀត? ខ្ញុំ​នឹង​សុំ​ឱ្យ​យក​ឡាន​ហ្នឹង​ទៅ​ថ្លឹង​នៅ​កន្លែង​ណា​ក្រៅ​ពី​ហ្នឹង​ត​ទៅ​ទៀត ត្រូវ​តែ​មាន​ដំណោះស្រាយ​សម្រាប់​បង? ចា៎! ត្រូវ​តែ​មាន​ដំណោះស្រាយ»

អ្នកស្រី​បន្ត​ថា សកម្មភាព​របស់​មន្ត្រី​ដែល​មាន​សមត្ថកិច្ច​ពេល​នេះ ហាក់​ដូច​ជា​មាន​ការ​គាប​សង្កត់​មក​លើ​ពួក​គាត់​ដែល​ជា​អ្នក​មិន​សូវ​ដឹង​ច្រើន​ចំពោះ​បញ្ហា​ច្បាប់​នោះ ពីព្រោះ​កន្លង​មក​ការ​ចរចា​រក​ភាព​យុត្តិធម៌ ដូច​មិន​សូវ​មាន ប៉ុន្តែ​មាន​តែ​ការ​ចរចា​រឿង​លុយ​ច្រើន​ជាង​ទៅ​វិញ ដោយ​តម្រូវ​ឱ្យ​អ្នកស្រី​បង់​ការ​ផាក​ពិន័យ​ជាង ៦​លាន​រៀល៖ «ខ្ញុំ​ដឹង​ថា​គេ​គាប​សង្កត់​យើង​អ៊ីចឹង​បង។ ចា៎! ទី​១ យើង​ស្នើសុំ​គេ​យក​ឡាន​មក​ថ្លឹង គេ​ថា​ព្រមព្រៀង​ទៅ​សម្រួល​ម៉ាន​ភាគរយ​អី​ភាគរយ ដូច​ថា​លុយ ៦​លាន​រៀល ១៣​ម៉ឺន ២​ពាន់​ហ្នឹង យើង​សម្រួល​ម៉ាន​ភាគរយ ត្រូវ​នឹង​ចុះ​ម៉ាន។ តែ​ខ្ញុំ​អត់​ព្រម ពីព្រោះ​ថា​បើ​ខ្ញុំ​ខុស ខ្ញុំ​ព្រម​ទទួល​កំហុស តែ​អា​នេះ​ខ្ញុំ​អត់​ខុស អ៊ីចឹង​ខ្ញុំ​ត្រូវ​ការ​ឱ្យ​រក​យុត្តិធម៌​ឱ្យ​ឡាន​ខ្ញុំ​វិញ។ រឿង​លុយ​បើ​ខ្ញុំ​ខុស​ខ្ញុំ​បង់​ជូន​លោក​ភ្លាម​តាម​ច្បាប់ ប៉ុន្តែ​បើ​ខ្ញុំ​អត់​ខុស ខ្ញុំ​សូម​ធ្វើ​ការ​តវ៉ា​ហើយ។ អ៊ីចឹង​គេ​ថា​ឥឡូវ​សម្រួល​ចង់​បង់​ម៉ាន ២០ ឬ ៣០​ម៉ឺន ក៏ដោយ ខ្ញុំ​ថា​អត់ មើល​លុយ ៦​លាន​ជាង មក​បង់ ២០ ឬ ៣០​ម៉ឺន មិន​ធម្មតា​ទេ​ណា​បង»

សកម្មភាព​ថ្លឹង​ដុំ​ដែក​សាកល្បង​ជញ្ជីង នា​អធិការ​ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៣។
សកម្មភាព​ថ្លឹង​ដុំ​ដែក​សាកល្បង​ជញ្ជីង នា​អធិការ​ស្រុក​ត្បូងឃ្មុំ ខេត្ត​កំពង់ចាម កាល​ពី​ថ្ងៃ​ទី​២០ ខែ​ធ្នូ ឆ្នាំ​២០១៣។ (RFA/Saut Sokprathna)

ប្រធាន​លេខាធិការដ្ឋាន​នៃ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ប៉ែន បូរ៉ា បាន​មាន​ប្រសាសន៍​អំពី​នីតិវិធី​ក្នុង​ការ​ថ្លឹង​រថយន្ត​នោះ​ថា គឺ​មាន​ការ​ពិសោធន៍​ដុំ​ដែក​ទម្ងន់ ១​តោន​ចំនួន​ពីរ​ជា​មុន​សិន ទើប​មាន​ការ​ថ្លឹង​រថយន្ត​ជា​ក្រោយ ដើម្បី​មើល​ឱ្យ​ឃើញ​ពី​ភាព​ត្រឹមត្រូវ​របស់​ជញ្ជីង។ លោក​បញ្ជាក់​ថា ជញ្ជីង​ដែល​ប្រើប្រាស់​នោះ គឺ​មាន​វិញ្ញាបនបត្រ​ទទួល​ស្គាល់​ពី​ក្រសួង​យ៉ាង​ត្រឹមត្រូវ៖ «មាន​ការ​ទទួល​ស្គាល់​បាទ! ទទួល​ស្គាល់​ហ្នឹង គឺ​គេ​ហៅ​ថា​មជ្ឈមណ្ឌល​មាត្រាសាស្ត្រ​ជាតិ​នៃ​ក្រសួង​ឧស្សាហកម្ម។ កាល​ណា​គេ​យក​ទៅ​ធ្វើ​ការ​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ​ហើយ គឺ​គេ​មាន​ចេញ​វិញ្ញាបនបត្រ​ឱ្យ​យើង។ អា​ហ្នឹង​បាន​ថា បើ​សិន​ជា​ជញ្ជីង​ហ្នឹង​ថ្លឹង​ខុស គឺ​មាត្រាសាស្ត្រ​ជាតិ​ជា​អ្នក​ទទួល​ខុស​ដែរ ពីព្រោះ​ខ្ញុំ​អី​មិន​មាន​សមត្ថភាព​ទៅ​ធ្វើ​ម៉េច​ជញ្ជីង​ហ្នឹង ឬ​ក៏​កែ​តម្រូវ​ម៉េច​បាន​ទេ ហើយ​ជញ្ជីង​ហ្នឹង​ក៏​អត់​មាន​កត់​ដៃ​ទៅ​បូក​លេខ​អី​ដែរ»

លោក​បន្ថែម​ទៀត​ថា រថយន្ត​មួយ​នេះ គឺ​ធ្លាប់​មាន​បញ្ហា​ពី​មុន​មក ដោយ​ខាង​សមត្ថកិច្ច​ចាប់​បាន​នៅ​ក្នុង​ខេត្ត​កំពង់ធំ កាល​ពី​ខែ​មិថុនា កន្លង​ទៅ ប៉ុន្តែ​ម្ចាស់​រថយន្ត​បាន​បដិសេធ​ចំពោះ​ករណី​នេះ។ រីឯ​បញ្ហា​​ថា ម្ចាស់​រថយន្ត​ធ្លាប់​ទៅ​ចរចា​ជាមួយ​មន្ត្រី​ជំនាញ ប៉ុន្តែ​បែរ​ជា​មាន​​ការ​និយាយ​ពី​រឿង​លុយ​នោះ លោក​សូម​ឱ្យ​បង្ហាញ​មុខ​មន្ត្រី​ដែល​បាន​ប្រព្រឹត្ត ពីព្រោះ​លោក​កំពុង​តែ​ស្វែង​រក​មន្ត្រី​ណា​ដែល​មិន​បាន​គោរព​ច្បាប់​នោះ៖ «ឥឡូវ​បើ​និយាយ​ពាក់ព័ន្ធ​នឹង​បញ្ហា​លុយ គាត់​ចង្អុល​មក​គាត់​យក​លុយ​ទៅ​ឱ្យ​អ្នក​ណា អ្នក​ណា​ទៅ​ទារ​លុយ ហើយ​លុយ​ហ្នឹង​ឱ្យ​របៀប​ម៉េច។ តែ​ឱ្យ​ត្រូវ​ឃើញ​ថា​ធ្វើ​ម៉េច​បាន​ឱ្យ​លុយ​គាត់! ហើយ​ប្រសិន​បើ​ឃើញ​ទាំង​ពីរ​ល្អ​ហ្មង! ពីព្រោះ​ខ្ញុំ​រាល់​ថ្ងៃ​កំពុង​តែ​រក​មុខ​អ្នក​ណា​ដែល​ឃុបឃិត ដែល​មិន​បាន​អនុវត្ត​ច្បាប់​សោះ​នេះ។ យើង​ស្ដាយ​ណាស់ ហើយ​កាល​ណា​មិន​បាន​អនុវត្ត​ច្បាប់ វា​អសមធម៌​ចំពោះ​អ្នក​ដទៃ​ទៀត​ដែល​គេ​អនុវត្ត គេ​ខំ​ប្រឹង​ដាក់​តិច ជាពិសេស​ដូច​ជា​សមាគម​ដឹក​ជញ្ជូន​ដូច​អី តែ​យើង​នៅ​ប្រឹង​ដឹក​ល្មើស»

អ្នកស្រី​នឹង​នៅ​តែ​បន្ត​ស្វែង​រក​យុត្តិធម៌​ត​ទៅ​ទៀត ពីព្រោះ​អ្នកស្រី​បាន​បង្ហាញ​ពី​ទម្ងន់​ស្រូវ​ទាំង ២១៧​បាវ ដែល​ថ្លឹង​ដោយ​ជញ្ជីង​ដៃ គឺ​មាន​ប៉ុន្មាន​ជា​ជាង ២៣​តោន ចំណែក​ឯ​ទម្ងន់​រថយន្ត​របស់​គាត់​ទទេ ដែល​ស្ថានីយ​ជាច្រើន​បាន​ថ្លឹង​នា​ពេល​កន្លង​ទៅ គឺ​មាន​ជាង ១៥​តោន។ ដូច​នេះ អ្នកស្រី​អះអាង​ថា វា​មិន​អាច​លើស​ពី ៤០​តោន​បាន​ឡើយ។ ស្រូវ​ដែល​មាន​នៅ​ក្នុង​រថយន្ត​របស់​អ្នកស្រី ត្រូវ​បាន​ខូច​ខាត​ជា​បណ្ដើរៗ ពីព្រោះ​ត្រូវ​ទឹក​ភ្លៀង ហើយ​មាន​បាវ​ស្រូវ​ខ្លះ​បាន​ដុះ​ទៀត​ផង ប្រសិន​បើ​រក​ឃើញ​នូវ​ទម្ងន់​ពិត​ប្រាកដ អ្នកស្រី​នឹង​សូម​ឱ្យ​មន្ត្រី​សាធារណការ​ដោះស្រាយ​នូវ​ការ​ខាត​បង់​ទាំង​នោះ។

ព្រះរាជ​អាជ្ញា​ខេត្ត​កំពង់ចាម លោក ហួត វុទ្ធី បាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​រក​ឃើញ​ថា រថយន្ត​នោះ​ពិត​ជា​បាន​ដឹក​លើស​ចំណុះ​ពិត​មែន​នោះ ម្ចាស់​រថយន្ត​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ផាក​ពិន័យ​ដែល​មាន​ចែង​ក្នុង​ច្បាប់ ហើយ​ប្រសិន​បើ​រក​ឃើញ​ថា ម្ចាស់​រថយន្ត​មិន​បាន​ដឹក​លើស​ចំណុះ​នោះ​ទេ អាច​នឹង​មាន​ការ​សង​ការ​ខូច​ខាត​ពី​សំណាក់​ក្រសួង ប្រសិន​បើ​មាន​ការ​ស្នើ​សុំ​ពី​ភាគី​ខាង​ម្ចាស់​រថយន្ត៖ «តាម​ការ​ស្នើ​សុំ​ពី​ភាគី រឿង​ហ្នឹង​ទុក​ឱ្យ​ភាគី​អ្នក​សម្រេច​ចុះ។ ប៉ុន្តែ​យើង​ក្នុង​នាម​សមត្ថកិច្ច​ប្រើ​អស់​លទ្ធភាព ទី​មួយ។ ហើយ​ទី​២ ខ្ញុំ​ក្នុង​នាម​តំណាង​អយ្យការ តំណាង​ព្រះរាជ​អាជ្ញា ក៏​ខំ​ប្រឹង​ពន្លឿន​រឿង​ហ្នឹង​លឿន​ដែរ។ ខ្ញុំ​ជំរុញ​រឿង​ហ្នឹង​ដូច​ជា​ទៅ​ដល់​ខ្ញុំ​ថ្ងៃ​សុក្រ ល្ងាច ហើយ​ខ្ញុំ​ធ្វើ​លិខិត​ទាំង​ល្ងាច​ហ្នឹង​ទៅ​ក្រសួង»

រថយន្ត​របស់ អ្នកស្រី សាំង ដាលីន ត្រូវ​បាន​សមត្ថកិច្ច​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ធ្វើ​ការ​ឃាត់​តាំង​ពី​ថ្ងៃ​ទី​២ ធ្នូ នៅ​ចំណុច​ថ្នល់​ទទឹង​ខេត្ត​កំពង់ចាម។ បន្ទាប់​ពី​ម្ចាស់​រថយន្ត​មិន​ព្រម​ទទួល​យក​នូវ​ទម្ងន់​ដែល​ថ្លឹង​កាល​ពី​យប់​ថ្ងៃ​ទី​២០ ធ្នូ នោះ រថយន្ត​ដឹក​ស្រូវ​ត្រូវ​តម្កល់​ទុក​នៅ​ក្នុង​អធិការ​ស្រុក​ត្បូងឃ្មុំ ចំណែក​ឯ​អ្នកស្រី សាំង ដាលីន គ្រោង​នឹង​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ ដើម្បី​ធ្វើ​ការ​ដោះស្រាយ​រក​ភាព​យុត្តិធម៌​ជុំវិញ​រឿង​រថយន្ត​របស់​អ្នកស្រី​ត​ទៅ​ទៀត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។