មន្ត្រី​ក្រសួង​និង​តំណាង​កម្មករ​ពិភាក្សា​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ

មន្ត្រី​ក្រសួង​ការងារ សហជីព តំណាង​កម្មករ និង​និយោជក កំពុង​មមាញឹក​ក្នុង​ការ​ចរចា​ពី​បច្ចេកទេស​នៃ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ថ្មី​ដល់​កម្មករ​កាត់​ដេរ និង​ផលិត​ស្បែក​ជើង សម្រាប់​អនុវត្ត​ឆ្នាំ​២០១៤។ អ្នក​ពាក់ព័ន្ធ​បាន​ជួប​ប្រជុំ​គ្នា នៅ​ថ្ងៃ​ទី​១៦ ធ្នូ ពី​បញ្ហា​នេះ តែ​នឹង​លើក​ធ្វើ​សេចក្ដី​សម្រេច​នៅ​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ខាង​មុខ។

0:00 / 0:00

មន្ត្រី​សហជីព​ទូទាំង​ប្រទេស​កម្ពុជា គ្រោង​នឹង​ជួប​ប្រជុំ​គ្នា​ពី​បច្ចេកទេស​នៃ​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​ក្នុង​វិស័យ​ឧស្សាហកម្ម​កាត់​ដេរ និង​ស្បែក​ជើង សម្រាប់​ឆ្នាំ​២០១៤ នៅ​ថ្ងៃ​ទី​១៨ ធ្នូ នៅ​ក្រសួង​ការងារ។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៧ ធ្នូ ថា សហជីព​ធំៗ​ប្រមាណ​៤០ ឬ​គណៈកម្មការ​ប្រឹក្សា​ការងារ នឹង​ជួប​ប្រជុំ​គ្នា​ថ្ងៃ​ទី​១៨ ធ្នូ រួច​បញ្ជូន​របាយការណ៍​លទ្ធផល​នៃ​ការ​ជជែក​គ្នា​នេះ​ទៅ​ក្រសួង​ការងារ​វិញ ដើម្បី​ឈាន​ទៅ​ដល់​ការ​សម្រេច​សម្រាប់​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​កម្មករ​នៅ​ដើម​ឆ្នាំ​២០១៤ ខាង​មុខ។

កាល​ពី​ថ្ងៃ​ទី​១៦ ធ្នូ ក្រុម​ការងារ​ជជែក​ពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​អប្បបរមា បាន​ដាក់​រូបមន្ត​៣ សម្រាប់​រៀប​ចំ​ដំឡើង​ប្រាក់​ឈ្នួល​ជូន​កម្មករ ដែល​ត្រូវ​ធ្វើ​ការ​ពិនិត្យ និង​ជ្រើស​រើស​យក​១ ដូច​ជា​ការ​កំណត់​ដំឡើង​ជា​អត្រា​រួម​រយៈពេល ៥​ឆ្នាំ ពី​ឆ្នាំ​២០១៤ ដល់​ឆ្នាំ​២០១៨ រួច​បែង​ចែក​ស្មើភាព​ជា​អត្រា​ដំឡើង​ប្រចាំ​ឆ្នាំ។ ការ​កំណត់​ដំឡើង​ប្រាក់​ឈ្នួល​ជា​សន្ទស្សន៍​រួម​ក្នុង​រយៈពេល ៥​ឆ្នាំ ឲ្យ​បាន ១០០% នៃ​ប្រាក់​ឈ្នួល​អប្បបរមា ឆ្នាំ​២០១៣ គឺ​ពី ៨០​ដុល្លារ​រហូត​ដល់ ១៦០​ដុល្លារ​នៅ​ឆ្នាំ​២០១៨ និង​រូបមន្ត​ទី​៣ គឺ​កំណត់​ដំឡើង​តែ​ម្ដង​គត់​នៅ​ឆ្នាំ​២០១៤ គឺ​ដំឡើង ១០០% ដែល​ស្មើ​នឹង ១៦០​ដុល្លារ ហើយ​នឹង​មាន​ការ​ពិភាក្សា​ជា​រៀង​រាល់​ឆ្នាំ។

ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា លោក អាត់ ធន់ បាន​បញ្ជាក់​ថា ការ​ចង់​បាន​របស់​សហជីព​លោក​មិន​ស្ថិត​នៅ​ក្នុង​រូបមន្ត​ណា​មួយ​នោះ​ទេ។ ប៉ុន្តែ​វា​ស្រដៀង​បន្តិចបន្តួច​ទៅ​នឹង​រូបមន្ត​ទី​៣។ ស្រដៀង​នោះ​ត្រង់​ថា លោក​ចង់​ឲ្យ​ដំឡើង​នៅ​ឆ្នាំ​ទី​១ គឺ​ឆ្នាំ​២០១៤ ឲ្យ​ដល់ ១៥៤​ដុល្លារ មិន​មែន ១៦០​ដុល្លារ​ទេ រួច​សឹម​គិត​អំពី​ការ​ចរចា​គ្នា​ពី​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​នៅ​ឆ្នាំ​បន្ត​បន្ទាប់​ទៀត​បាន ដែល​ធ្វើ​ដូច្នេះ​កម្មករ​អាច​រស់​នៅ​សមរម្យ ហើយ​ទប់ទល់​នឹង​ស្ថានភាព​អតិផរណា ឬ​ទំនិញ​នៅ​លើ​ទីផ្សារ​បាន។

លោក អាត់ ធន់ អះអាង​ថា ការ​ចរចា​នេះ ទាំង​រដ្ឋាភិបាល និយោជក និង​កម្មករ សុទ្ធ​តែ​មាន​ចេតនា​ចង់​ដំឡើង​ប្រាក់​ឈ្នួល​បន្ថែម​នៅ​ឆ្នាំ​២០១៤។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ជាតិ ខេមរា មន្ត្រី​ជាន់​ខ្ពស់​នៃ​សមាគម​និយោជក​រោងចក្រ​កាត់​ដេរ​កម្ពុជា បាន​ទេ នៅ​ថ្ងៃ​ទី​១៧ ធ្នូ។ ប៉ុន្តែ​នៅ​ក្នុង​កិច្ច​ប្រជុំ​នៅ​ថ្ងៃ​ទី​១៦ នៅ​ក្រសួង​ការងារ អគ្គលេខាធិការ​នៃ​សមាគម​នេះ លោក ខេន លូ (Ken Loo) បាន​ថ្លែង​តាម​រយៈ​អ្នក​បក​ប្រែ​ថា លោក​បាន​ប្រជុំ​ជាមួយ​សមាជិក​កាល​ពី​ថ្ងៃ​អាទិត្យ ដោយ​ទាំងអស់​គ្នា​បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ពី​ការ​ចរចា​ក្នុង​ការ​ដំឡើង​ប្រាក់​ឈ្នួល​នេះ។ ប៉ុន្តែ​ពួក​គេ​យល់​ស្រប​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល។ លោក​បន្ត​ថា តាម​តួលេខ និង​រូបមន្ត​ដែល​បាន​លើក​ឡើង គឺ​មាន​រោងចក្រ​ជាច្រើន​អាច​នឹង​ប្រឈម​ទៅ​នឹង​ការ​បិទ​ទ្វារ ដោយសារ​មាន​ការ​បិទ​ទ្វារ​ជាច្រើន​រួច​មក​ហើយ។

លោក ខេន លូ បាន​លើក​ឡើង​ពី​មតិ​ភាគ​ច្រើន​របស់​សមាជិក​សមាគម​រោងចក្រ​កាត់​ដេរ​ថា ពួក​គេ​ឯកភាព​លើ​ចំណុច​១ គឺ​ដំឡើង​ប្រាក់​ឈ្នួល​នៅ​រយៈពេល ២​ឆ្នាំ​ដំបូង​ក្នុង​បន្តិច​ទាប​បន្តិច រួច​បន្ទាប់​មក​ចាប់​ពី​ឆ្នាំ​ទី​៣ ទី​៤ ទៅ​ត្រូវ​បង្កើត​កំណើន​បន្តិច​វិញ និង​ឆ្នាំ​ទី​៥ នឹង​ត្រូវ​កំណត់​ដំឡើង​ឲ្យ​ដល់​គោល​ដៅ​តែ​ម្ដង។

របាយការណ៍​របស់​ក្រុម​ការងារ​តូចៗ​របស់​ក្រសួង​ការងារ ដែល​បាន​រក​ឃើញ​ថា កម្មករ​ម្នាក់​ត្រូវ​មាន​ប្រាក់​ចំណូល​ក្នុង​រង្វង់​ពី ១៥៧​ដុល្លារ ទៅ ១៧៧​ដុល្លារ ក្នុង​១​ខែ ទើប​ឲ្យ​កម្មករ​រស់​នៅ​សមរម្យ​បាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។