ក្រុម​សហជីព​កម្មករ​គ្រោង​ដាក់​ញត្តិ​តាម​បណ្ដា​ស្ថានទូត​និង​តំណាង​ក្រុមហ៊ុន​បញ្ជា​ទិញ​ខោអាវ

0:00 / 0:00

សហជីព និង​សមាគម​តំណាង​កម្មករ ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៧៧​ដុល្លារ មាន​គម្រោង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា ចូលរួម​ដាក់​ការ​គាប​សង្កត់​ជួយ​ទាមទារ​ឡើង​ប្រាក់​ខែ​ឲ្យ​កម្មករ។

ក្រុម​សហជីព មាន​ជំនឿ​ថា ការ​ចូលរួម​របស់​ក្រុមហ៊ុន​បញ្ជា​ទិញ មាន​ប្រសិទ្ធភាព​អាច​ជួយ​កម្មករ​បាន។ ការ​ត្រៀម​ធ្វើ​សកម្មភាព​បន្ត​នេះ កើត​មាន​ក្រោយ​ពី​សហជីព និង​សមាគម​ទាំង ១៩ បាន​ប្រកាស​បើក​យុទ្ធនាការ​ទាមទារ​ប្រាក់​ខែ ១៧៧​ដុល្លារ កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កញ្ញា កន្លង​ទៅ។

ក្រុម​សហជីព និង​សមាគម​ទាំង ១៩ ដែល​ទាមទារ​ឡើង​ប្រាក់​ខែ​គោល​កម្មករ​ចំនួន ១៧៧​ដុល្លារ មាន​គម្រោង​ដាក់​ញត្តិ​តាម​បណ្ដា​ស្ថានទូត និង​ការិយាល័យ​តំណាង​ក្រុមហ៊ុន​បញ្ជា​ទិញ​ខោអាវ​បរទេស​ប្រចាំ​នៅ​កម្ពុជា។

លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ និង​ជា​អ្នក​រៀបចំ​មួយ​រូប​ក្នុង​សកម្មភាព​ទាមទារ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​១៨ កញ្ញា ឲ្យ​ដឹង​ថា សកម្មភាព​បន្ត​ក្រោយ​ប្រកាស​ធ្វើ​យុទ្ធនាការ គឺ​ការ​ជំរុញ​ឲ្យ​ចេញ​ជា​លទ្ធផល​ដូច​ការ​ទាមទារ៖ «ទី​១ មាន​ការ​ដាក់​ញត្តិ​ទៅ​កាន់​ការិយាល័យ Branch ដែល​នៅ​ស្រុក​ខ្មែរ រួម​ទាំង​ស្ថានទូត​មួយ​ចំនួន​ដែល​មាន​វិនិយោគិន​មក​ពី​ប្រទេស​គាត់ មក​រក​ស៊ី​ស្រុក​ខ្មែរ ហើយ​នាំ​ទំនិញ​ពី​ខ្មែរ​ទៅ​កាន់​ប្រទេស​គាត់​នោះ។ ទី​២ រៀបចំ​ក្រុម​ការងារ​ទាំងអស់ គ្រោង​ចុះ​ទៅ​តាម​តំបន់​ខេត្ត​មួយ​ចំនួន ដែល​កំពុង​រង​ការ​រឹតត្បិត​សេរីភាព​សហជីព ដូចជា​មាន​នៅ​ខេត្ត​ស្វាយរៀង កំពង់សោម កំពង់ឆ្នាំង និង​កំពង់ស្ពឺ។ អា​នេះ​ជា​សកម្មភាព​យើង​ប្រុង​ធ្វើ​មុន​ភ្ជុំ»

លោក ប៉ាវ ស៊ីណា ឲ្យ​ដឹង​បន្ថែម​ថា ការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​នេះ​មាន​កម្មករ​ប្រមាណ ២០​ម៉ឺន​នាក់​ចូលរួម។ លោក​មាន​ប្រសាសន៍​ថា តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា ១៧៧​ដុល្លារ ដែល​សហជីព និង​សមាគម​ទាំង​១៩ ទាមទារ​នេះ គឺ​ជា​តួលេខ​គោល ហើយ​ថៅកែ​រោងចក្រ យល់​ព្រម​ផ្តល់​ឲ្យ​កម្មករ​តែ ១១០​ដុល្លារ​ប៉ុណ្ណោះ និង​ក្រោយ​មក ក្រុម​សហជីព​យល់​ព្រម​ទាមទារ​ត្រឹម ១៥០​ដុល្លារ ប៉ុន្តែ​ភាគី​ក្រុមហ៊ុន​ម្ចាស់​រោងចក្រ​មិន​យល់​ព្រម​ទេ។

ទាក់ទង​ជាមួយ​សកម្មភាព​ចាប់​ផ្តើម​យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល ១៧៧​ដុល្លារ នេះ លោក ប៉ាវ ស៊ីណា ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​រាយ​កម្លាំង​ប៉ូលិស​ឃ្លាំ​មើល និង​រារាំង​នៅ​ខេត្ត​មួយ​ចំនួន​ដែរ ប៉ុន្តែ​គ្មាន​ការ​ប៉ះ​ទង្គិច​កើត​ឡើង​ទេ។

យុទ្ធនាការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៧៧​ដុល្លារ នេះ មាន​ក្រុម​សហជីព​មួយ​ចំនួន​មិន​ចូលរួម​ទេ។

លោក ជួន មុំថុល ប្រធាន​សហភាព​សហព័ន្ធ​សហជីព​ជាតិ​កម្ពុជា (CCTU) មាន​ប្រសាសន៍​ថា ក្រុម​សហជីព​លោក​មិន​ចូលរួម​សកម្មភាព​ទាមទារ​នោះ​ទេ ព្រោះ​តួលេខ ១៧៧​ដុល្លារ​នោះ សហជីព​តំណាង​កម្មករ​ដែល​ចូលរួម​ចរចា​កន្លង​មក បាន​បោះ​បង់​ចោល​ហើយ និង​ព្រមព្រៀង​គ្នា​ទាមទារ​តែ ១៥០​ដុល្លារ​ប៉ុណ្ណោះ។ ដូច្នេះ ការ​ប្រើ​តួលេខ​ទាមទារ​មិន​ត្រឹមត្រូវ​នេះ​ហើយ ដែល​ក្រុម​លោក​យល់​ថា មិន​គោរព​ពាក្យ​សន្យា​ព្រមព្រៀង​គ្នា​កន្លង​មក៖ «បាន​ន័យ​ថា អា​នេះ​ប្រជាភិថុតិ មិន​មែន​ការ​ពិត យើង​យក​តួលេខ​នេះ​ទៅ​កុហក​គេ»

ចំពោះ​ការ​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា ១៧៧​ដុល្លារ​នេះ លោក ជាតិ ខេមរា មន្ត្រី​ជាន់​ខ្ពស់​សមាគម​និយោជក​រោងចក្រ​កាត់​ដេរ ហៅ​កាត់​ថា ជីម៉ាក់ (GMAC) មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​ទី​១៧ ថា ជំហរ​របស់​និយោជក គឺ​គោរព​ទៅ​តាម​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ការងារ​ត្រី​ភាគី ដែល​មាន​តំណាង​សហជីព តំណាង​រដ្ឋាភិបាល និង​តំណាង​និយោជក ចូលរួម​ប្រជុំ​ជាមួយ​គ្នា ហើយ​អនុម័ត​សម្រេច​ជាមួយ​គ្នា៖ «ហើយ​ឥឡូវ គាត់​ធ្វើ​សកម្មភាព​ក្នុង​គោលដៅ​មួយ មុន​ការ​ពិភាក្សា​ទាក់ទង​ប្រាក់​ឈ្នួល​អប្បបរមា។ តែ​ចំពោះ​យើង យន្តការ​អី​ក៏ដោយ ទោះ​បី​មាន​ការ​ជជែក​អី​ក៏ដោយ ក៏​យើង​នៅ​តែ​ដើរ​តាម​យន្តការ​មួយ​ហៅ​ថា ថ្នាក់​ជាតិ​ក្រុមប្រឹក្សា​ការងារ គឺ​មាន​តែ​យន្តការ​ក្រុមប្រឹក្សា​ការងារ​នេះ​ទេ ដែល​មាន​សិទ្ធិ​សម្រេច​លើ​ប្រាក់​ឈ្នួល​អប្បបរមា​នេះ»

ក្រុមប្រឹក្សា​ការងារ​ត្រី​ភាគី មាន​គម្រោង​កោះ​ប្រជុំ​ពិភាក្សា​លើ​ប្រាក់​ឈ្នួល​អប្បបរមា នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ខាង​មុខ។

កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០១៤ សហជីព​កម្មករ បាន​ធ្វើ​សកម្មភាព​ទាមទារ​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន ១៦០​ដុល្លារ​ម្តង​ហើយ ប៉ុន្តែ​មិន​បាន​សម្រេច​ទេ។ មិន​តែ​ប៉ុណ្ណោះ ត្រូវ​ទទួល​រង​ការ​បង្ក្រាប​យ៉ាង​ខ្លាំង​ពី​សំណាក់​អាជ្ញាធរ​ទៀត​ផង។ ចុង​ក្រោយ មាន​ការ​សម្រេច​ផ្តល់​ប្រាក់​ឈ្នួល​អប្បបរមា ឲ្យ​កម្មករ​ត្រឹម​ចំនួន ១០០​ដុល្លារ​ប៉ុណ្ណោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។