តំណាងសម្ព័ន្ធ និងសហព័ន្ធសហជីពកម្មករចំនួន៨ នាំគ្នាទៅដាក់ញត្តិដល់ក្រុមហ៊ុនអ្នកបញ្ជាទិញសម្លៀកបំពាក់ម៉ាក អេច្ឆ.អែន.អឹម (H&M) និង អឹម.អែន.អែស (M&S) ដែលនៅអគារភ្នំពេញថាវើរ (Phnom Penh Tower) តាមបណ្ដោយផ្លូវមុនីវង្សរាជធានីភ្នំពេញ។ ពួកគេទាមទារអោយក្រុមហ៊ុននេះ ដំឡើងប្រាក់ខែគោលកម្មករអោយបាន ១៧៧ដុល្លារ។
តំណាងកម្មករប្រមាណ ៥០នាក់ ដែលមកពីសម្ព័ន្ធ និងសហព័ន្ធសហជីពកម្មករចំនួន៨ នៅព្រឹកថ្ងៃទី១៩ កញ្ញា នាំគ្នាមកដាក់ញត្តិដល់ក្រុមហ៊ុនអ្នកបញ្ជាទិញសម្លៀកបំពាក់ម៉ាក អេច្ឆ.អែន.អឹម និង អឹម.អែន.អែស ឱ្យបញ្ឈប់ការធ្វើឱ្យរងគ្រោះដោយការកេងប្រវ័ញ្ចលើកម្មករវិស័យកាត់ដេរនៅកម្ពុជា។
ស្របពេលដាក់ញត្តិក្នុងរយៈពេលប្រមាណ ១៥នាទី តំណាងសម្ព័ន្ធសហជីពទាំង៨ ស្រែកទាមទារឱ្យក្រុមហ៊ុនអ្នកបញ្ជាទិញសម្លៀកបំពាក់ម៉ាក អេច្ឆ.អែន.អឹម និង អឹម.អែន.អែស ជួយបង្កើតកិច្ចព្រមព្រៀងជាមួយសហជីពកម្មករកម្ពុជា ដែលទាមទារដំឡើងប្រាក់ខែគោលសម្រាប់កម្មករឱ្យបាន ១៧៧ដុល្លារ។
សំឡេងស្រែក៖ «អេច្ឆ អែន អឹម! ១៧៧ដុល្លារ!»
ប្រធានសហជីពកម្ពុជា នៅរោងចក្រ គីន តាយ រាជធានីភ្នំពេញ អ្នកស្រី ឈាង ធីតា មានប្រសាសន៍ថា ពួកអ្នកស្រីទាមទារដល់ក្រុមហ៊ុនអ្នកបញ្ជាទិញ ឱ្យជួយគិតគូរដំឡើងប្រាក់ខែកម្មករកាត់ដេរកម្ពុជា ឱ្យបាន ១៧៧ដុល្លារ ដើម្បីឱ្យមានជីវភាពរស់នៅសមរម្យ។ អ្នកស្រីថា ការទាមទារបែបនេះ ក៏ព្រោះកម្មករមិនអាចទ្រាំរស់នៅពឹងប្រាក់ខែ ១០០ដុល្លារដូចសព្វថ្ងៃនេះទៀតទេ៖ «រាល់ថ្ងៃមួយខែមិនមែនសល់លុយទេ គឺសល់ថ្ងៃ។ អ៊ីចឹងបានពួកយើងព្យាយាមដើម្បីរកភាពជោគជ័យឱ្យបាន។ យើងមិនទម្លាក់ការទាមទារទេ ប្រសិនបើមិនបាន ១៧៧ដុល្លារនេះ»។
ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន ថ្លែងថា ការដែលតំណាងសហជីពមកស្រែកទាមទារនៅក្រុមហ៊ុនអ្នកបញ្ជាទិញទាំងពីរនេះ គឺជាការសម្ដែងមតិអំពីការដំឡើងប្រាក់ខែ ១៧៧ដុល្លារ ហើយក្រុមរបស់លោកនឹងធ្វើដូចគ្នានេះនៅក្រុមហ៊ុនបញ្ជាទិញផ្សេងៗទៀតដូចគ្នា។ លោកថា នៅថ្ងៃទី២៦ កញ្ញា ក្រុមរបស់លោកនឹងប្រមូលផ្ដុំគ្នានៅមុខក្រសួងការងារ នៅពេលដែលគណៈកម្មការនៃក្រុមប្រឹក្សាការងារប្រជុំសម្រេចអំពីប្រាក់ខែកម្មករ។
លោក រ៉ុង ឈុន៖ «ជំហរសហព័ន្ធសហជីពក៏ដូចជាសហភាព យើងចង់បានឱ្យមានការដំឡើង ១៧៧ដុល្លារនេះ បានកម្មករអាចរស់នៅបាន សមទៅនឹងតម្លៃទីផ្សារបច្ចុប្បន្ន ហើយការសម្រេច បើផ្ទុយទៅនឹងការទាមទាររបស់បងប្អូនកម្មករកម្មការិនី សហព័ន្ធសហជីពសហភាពដែលមានគម្លាតឆ្ងាយពីការទាមទារនេះ យើងនឹងធ្វើមហាបាតុកម្ម កូដកម្មដូចជាលើកទីពីរម្ដងទៀត»។
លោកបន្តថា ទោះបីជាបច្ចុប្បន្ននេះ សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅអ្នកដឹកនាំសហព័ន្ធសហជីពជាបន្តបន្ទាប់ក្ដី ក៏មិនមែនជាឧបសគ្គដល់ការទាមទាររបស់ពួកលោកដែរ។ លោករក្សាជំហរទាមទាររហូតដល់កម្មករទទួលបានប្រាក់ឈ្នួល ១៧៧ដុល្លារ៖ «យើងមិនរាថយទៅនឹងដីកាកោះ ការគំរាមកំហែង ការបិទសិទ្ធិសេរីភាពរបស់មេដឹកនាំសហជីពទេ ហើយដែលយើងឃើញដីកាសម្រេចទៅលើ លោក អាត់ ធន់ ប៉ាវ ស៊ីណា បន្តបន្ទាប់ យើងឃើញថាប្រព័ន្ធតុលាការក៏ដូចជាកម្ពុជាយើង កំពុងតែឃុំឃាំងមេដឹកនាំសហជីព។ យើងអាចនិយាយបានថា ដាក់គុកឥតជញ្ជាំង ពីព្រោះបិទសិទ្ធិសេរីភាព បានន័យថាដកសិទ្ធិសេរីភាពពីមេដឹកនាំសហជីពអស់ហើយ»។
ការដាក់ញត្តិនៅព្រឹកថ្ងៃទី១៩ កញ្ញា ខាងក្រុមហ៊ុនមិនបានចេញមកទទួលទេ ប៉ុន្តែខាងអ្នកទទួលខុសត្រូវអគារភ្នំពេញ ថាវើរ ចេញមកទទួលញត្តិ ហើយប្រាប់ថា លោកនឹងផ្ញើបន្តទៅក្រុមហ៊ុន អេច្ឆ.អែន.អឹម និង អឹម.អែន.អែស។
លោក រ៉ុង ឈុន ឱ្យដឹងថា បន្ទាប់ពីក្រុមហ៊ុន អេច្ឆ.អែន.អឹម និង អឹម.អែន.អែស នេះ ក្រុមលោកនឹងបន្តដាក់ទៅក្រុមហ៊ុនអ្នកបញ្ជាទិញផ្សេងៗនៅបន្ទាប់ពីបុណ្យភ្ជុំបិណ្ឌហើយ។ ការដាក់ញត្តិទៅក្រុមហ៊ុនអ្នកបញ្ជាទិញនេះ គឺជាសកម្មភាពបន្តពីយុទ្ធនាការទាមទារប្រាក់ឈ្នួល ១៧៧ដុល្លារនៅតាមរោងចក្រកាលពីថ្ងៃទី១៧ កញ្ញា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
