សហព័ន្ធសហជីពនិងសមាគម ១៨អង្គភាព គ្រោងដាក់លិខិតអញ្ជើញតំណាងរដ្ឋាភិបាលស្ថាប័នតុលាការ និងថ្នាក់ដឹកនាំគណបក្សប្រឆាំង នៅថ្ងៃច័ន្ទ ទី៣ ខែមីនា ឲ្យចូលរួមក្នុងវេទិកាសាធារណៈនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ខាងមុខ។
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោក រ៉ុង ឈុន មានប្រសាសន៍នៅថ្ងៃអាទិត្យ ទី២ ខែមីនា ថា តាមគម្រោងសហព័ន្ធសហជីពនិងសមាគម នឹងរៀបចំការជួបជុំនៅទីលានប្រជាធិបតេយ្យដោយមានអញ្ជើញលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានលោក ជីវ កេង ប្រធានសាលាដំបូងរាជធានីភ្នំពេញ លោក គាត ឈន់ តំណាងក្រុមចរចាប្រាក់ខែគោលកម្មករ លោក សម រង្ស៊ី និងលោក កឹម សុខា ប្រធាននិងអនុប្រធានគណបក្សសង្គ្រោះជាតិ ឲ្យចូលរួមសួរដេញដោលចំពោះការដំឡើងប្រាក់ខែគោលឲ្យកម្មករ ការបាញ់សម្លាប់កម្មករ និងការឃុំខ្លួនមនុស្សជាច្រើននាក់កាលពីដើមខែមករា ដាក់ពន្ធនាគារ។
សហព័ន្ធសហជីពនិងសមាគមធំៗចំនួន ១៨ បានបញ្ចប់យុទ្ធនាការចែកខិត្តប័ណ្ណដល់កម្មករនៅចុងសប្ដាហ៍នេះ ក្នុងការអំពាវនាវឲ្យកម្មករដែលជាសមាជិកទាំងអស់មិនធ្វើការថែមម៉ោង។
លោក រ៉ុង ឈុន ប្រាប់ថា គម្រោងនោះបានជោគជ័យ ហើយខាងសហព័ន្ធសហជីពកំពុងបោះជំហានទី២ ដើម្បីរៀបចំវេទិកាសាធារណៈនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៨ មីនា ប្រសិនបើនៅតែមិនមានដំណោះស្រាយទៀត កូដកម្មទ្រង់ទ្រាយធំនឹងធ្វើឡើងនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ មីនា ដោយកម្មករនិងមន្ត្រីរាជការធ្វើកូដកម្មអត់មកធ្វើការ និងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ មីនា កម្មករនឹងមកកន្លែងធ្វើការ ប៉ុន្តែអត់បំពេញការងារ។ គោលបំណងសំខាន់ដែលកម្មករធ្វើកូដកម្មនោះ គឺទាមទារដំឡើងប្រាក់ខែគោល ១៦០ដុល្លារ និងទាមទារឲ្យដោះលែងមនុស្ស ២១នាក់ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុង នៅខេត្តកំពង់ចាម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
