ថ្នាក់ដឹកនាំសហព័ន្ធសហជីពជាតំណាងកម្មករក្នុងវិស័យកាត់ដេរ និងស្បែកជើង បានស្វាគមន៍ចំពោះគម្រោងរៀបចំឲ្យមានជំនួបចរចារវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដើម្បីបញ្ចប់ភាពជាប់គាំងនយោបាយឲ្យបានឆាប់ក្នុងពេលខាងមុខនេះ។ ការស្វាគមន៍ចំពោះការចរចានេះ ថ្នាក់ដឹកនាំសហជីពបានស្នើបញ្ហាមួយចំនួនដែលពាក់ព័ន្ធប្រយោជន៍កម្មករដែលមិនត្រូវបានដោះស្រាយនៅឡើយ។
ថ្នាក់ដឹកនាំសហព័ន្ធសហជីពក្នុងវិស័យកាត់ដេរ និងស្បែកជើងនៅកម្ពុជា បានស្នើឲ្យមេបក្សធំទាំងពីរ គឺគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ លើកយកបញ្ហាធំៗ ៣ចំណុចដែលកម្មករកំពុងទាមទារមកចរចារកដំណោះស្រាយ។
នៅក្នុងសេចក្ដីថ្លែងការណ៍រួមរបស់សហព័ន្ធសហជីព ចំនួន ៦ គឺសម្ព័ន្ធសហជីពចលនាកម្មករ សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា សហព័ន្ធសហជីពវាយនភណ្ឌឧស្សាហកម្មកាត់ដេរកម្ពុជា សហព័ន្ធសហជីពមិត្តភាពកម្មករ សហព័ន្ធសហជីពយុវជនឯករាជ្យ និងសម្ព័ន្ធសហជីពជាតិ នៅថ្ងៃទី១៩ ឧសភា បានលើយកបញ្ហា៣ ដាក់ជូនមេដឹកនាំគណបក្សប្រជាជន និងគណបក្សសង្គ្រោះជាតិ គឺស្នើឲ្យគណបក្សទាំងពីរចរចាឈរលើគោលការណ៍ប្រយោជន៍ជាតិជាធំ។
ចំណុចទី២ ស្នើឲ្យគណបក្សទាំងពីរ និងសមាជិករដ្ឋសភាជួយអន្តរាគមន៍តាមផ្លូវច្បាប់ ឲ្យដោះលែងអ្នកទាំង២១ ដែលកំពុងជាប់ឃុំ និងសុំឲ្យរដ្ឋាភិបាលបន្តចរចាជាមួយភាគីពាក់ព័ន្ធ ឲ្យកម្មករទទួលបានប្រាក់ខែគោលសមរម្យដែលអាចរស់នៅបាន និងចំណុចទី៣នោះ គឺសុំឲ្យគណបក្សទាំងពីរ អន្តរាគមន៍ដកពាក្យបណ្ដឹងពីតុលាការដែលប្ដឹងថ្នាក់ដឹកនាំសហជីព និងបញ្ឈប់ការធ្វើទុក្ខបុកម្នេញ គ្រប់រូបភាពមកលើមេដឹកនាំ និងសកម្មជនសហជីព។
ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ លោក ប៉ាវ ស៊ីណា ថ្លែងថា នេះជាឱកាសមួយដែលគណបក្សទាំងពីរត្រូវលើកយកបញ្ហាកម្មករមកចរចារកដំណោះស្រាយ។ លោកថា ដោយសារការជាប់គាំងនយោបាយទើបធ្វើឲ្យបញ្ហាគ្រប់យ៉ាងរាំងស្ទះ។
លោក ប៉ាវ ស៊ីណា៖ «ប្រសិនបើគាត់ចរចាគ្នា មានន័យថា ជាឱកាសមួយដែលបក្សទាំងពីរហ្នឹងត្រូវតែធ្វើការពិភាក្សាគ្នា ហើយក្នុងនោះយើងគួរតែឲ្យគាត់យកចំណុចដែលសហជីពយើងស្នើឡើងជារបៀបវារៈមួយដែលសំខាន់ ដែលបច្ចុប្បន្ននេះយើងឃើញថា នៅតែបន្តការទាមទារនៅឡើយ។ ដូច្នេះបញ្ហាទាំងអស់នេះ មិនទាន់បានស្ថាប័នមួយដោះស្រាយទេ។ អ៊ីចឹងមានតែបក្សទាំងពីរហ្នឹងឯង គាត់ជាអ្នកធ្វើឲ្យអ្វីៗគ្រប់នៅរាំងស្ទះ អ៊ីចឹងមានតែគាត់ទាំងពីរហ្នឹងហើយជាអ្នកដោះស្រាយ»។
នៅថ្ងៃទី២០ ឧសភា សាលាដំបូងរាជធានីភ្នំពេញ នឹងជំនុំជម្រះលើសំណុំរឿងជនសង្ស័យទាំង ២១នាក់បន្តទៀត បន្ទាប់ពីតុលាការបានបើកសវនាការចំនួន២លើកមិនទាន់ចប់សព្វគ្រប់នោះ។
ការស្នើនេះគឺធ្វើឡើងបន្ទាប់ពីប្រកាសលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី២ កាលពីថ្ងៃទី១៨ ឧសភា ឆ្នាំ២០១៤ ហើយគណបក្សសង្គ្រោះជាតិថានឹងរៀបចំក្រុមការងារដើម្បីធ្វើការចរចាជាមួយគណបក្សប្រជាជនកម្ពុជានោះ។ប៉ុន្តែមន្ត្រីជាន់ខ្ពស់នៃគណបក្សទាំងពីរ អះអាងថា មិនទាន់រៀបចំក្រុមការងារចរចាឬកំណត់ពេលវេលាចរចាណាមួយជាផ្លូវការនៅឡើយ។
ប្រធានក្រុមដឹកនាំការចរចានៃគណបក្សប្រជាជនកម្ពុជា លោក ព្រុំ សុខា មានប្រសាសន៍ថា ជាជំហររបស់គណបក្ស ការដោះស្រាយបញ្ហានយោបាយដោយសន្តិវិធីតាមរយៈការចរចាដោយផ្អែកលើប្រយោជន៍ជាតិ និងក្របខណ្ឌច្បាប់។ ប៉ុន្តែលោកមិនបកស្រាយចំពោះសំណើរបស់សហព័ន្ធសហជីពថាយ៉ាងណានោះទេ។
លោក ព្រុំ សុខា៖ «និយាយរឿងជាក់ស្ដែងអីផ្សេងទៀតទេ ចាំដល់ពេលដែលជួបគ្នាហើយ មានក្រុមការងារអីជួបគ្នាហើយ យើងនឹងជជែកគ្នាជាក់ស្ដែងទៀត។ ខ្ញុំសូមជម្រាបជូនអ៊ីចឹង គឺថាធ្វើអីក៏ដោយ ធ្វើតាមក្របខ័ណ្ឌច្បាប់ យើងមិនអាចធ្វើអីមិនផ្អែកលើច្បាប់ទេ បើមិនផ្អែកលើច្បាប់យើងពិបាកនឹងរកដំណោះស្រាយណាស់»។
ទាក់ទងបញ្ហានេះ ប្រធានក្រុមចរចាគណបក្សសង្គ្រោះជាតិ លោក សុន ឆ័យ បានទទួលយកសំណើរបស់មេដឹកនាំកម្មករ។ លោកថា សំណើទាំងនេះ ត្រូវនឹងគោលការណ៍របស់គណបក្សស្រាប់ ដែលកន្លងមកគណបក្សបានធ្វើ ហើយនឹងបន្តធ្វើទៀត។
លោក សុន ឆ័យ៖ «យើងត្រេកអរដែលសហជីពបានស្នើ ក៏ប៉ុន្តែសុំឲ្យសហជីពជឿទុកចិត្តថា ទោះបីមិនស្នើក៏យើងត្រូវតែបំពេញគោលការណ៍ទាំងនោះដែរ។ ការប្ដេជ្ញាចិត្តរបស់យើង គឺយើងយកមូលដ្ឋាននៃការចរចា ជំរុញឲ្យការចង់បានជាគោលការណ៍សំខាន់»។
មន្ត្រីនៃគណបក្សទាំងពីរឲ្យដឹងថា នៅថ្ងៃទី២០ ឧសភា គណៈប្រតិភូខាងកែទម្រង់ការបោះឆ្នោតប្រទេសជប៉ុន គ្រោងនឹងជួបជាមួយក្រុមការងារចម្រុះនៃការងារបោះឆ្នោតគណបក្សទាំងពីរ។ ក្រៅពីនេះ ក្រុមការងារដដែល ក៏នឹងជួបជាមួយអង្គការអន្តរជាតិមួយចំនួន សង្គមស៊ីវិលពាក់ព័ន្ធ ក្រសួងមហាផ្ទៃ និងមន្ត្រី គ.ជ.ប ដោយជជែកផ្ដោតសំខាន់លើកំណែទម្រង់ការបោះឆ្នោត និងការជាប់គាំងនយោបាយនៅកម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
