តំណាងសមាគមនានា រួមទាំងតំណាងសហជីពកម្មករប្រហែល ១០អង្គភាព ដែលចូលរួមកិច្ចប្រជុំនៅថ្ងៃទី១២ កុម្ភៈ នេះ បានសម្រេចកំណត់យកថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៤ ដើម្បីបន្តធ្វើមហាបាតុកម្មទាមទារដំឡើងប្រាក់ខែគោលកម្មករឲ្យបាន ចំនួន ១៦០ដុល្លារ និងទាមទារឲ្យដោះលែងអ្នកជាប់ឃុំនៅគុកត្រពាំងផ្លុង ចំនួន ២១នាក់។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បញ្ជាក់នៅក្រោយកិច្ចប្រជុំថា ការសម្រេចជ្រើសយកថ្ងៃទី១២ មីនា ធ្វើមហាបាតុកម្ម គឺដោយសារតំណាងសមាគមនានា រួមទាំងតំណាងសហជីពកម្មករទាំងអស់ ត្រូវការពេលវេលាច្រើនបន្តិចទៀត ដើម្បីចុះទៅដល់សហគមន៍តាមមូលដ្ឋាន និងតាមរោងចក្រកាត់ដេរនានា ដើម្បីជួបកម្មករផ្សព្វផ្សាយអំពីខ្លឹមសារពេលធ្វើបាតុកម្ម។
ស្របពេលនេះដែរ អង្គការសង្គមស៊ីវិលចំនួន៥ បានចេញសេចក្ដីថ្លែងការណ៍រួម ថ្កោលទោសតុលាការទាមទារឲ្យដោះលែងអ្នកជាប់ឃុំទាំង ២១នាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
