ទិវាសប្ដាហ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកសកលលើកទី៣ បានប្រារព្ធឡើងនៅថ្ងៃទី៩ ឧសភា នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ "សង្គ្រោះជីវិតកុមារពីគ្រោះថ្នាក់ចរាចរណ៍"។ គោលបំណងសំខាន់នៃទិវានេះ គឺដើម្បីដាស់ស្មារតី និងលើកទឹកចិត្តដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់ ពិសេសអ្នកបើកបរនៅលើដងផ្លូវទាំងអស់ ឲ្យចូលរួមទប់ស្កាត់ និងកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យនៅកម្រិតទាបបំផុត ជាពិសេសបង្ការកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ទៅលើកុមារ។
របាយការណ៍ដែលបានប្រកាសនៅក្នុងទិវានេះ បានបង្ហាញថា យ៉ាងហោចណាស់មានកុមារជិត ២០ម៉ឺននាក់នៅក្នុងសកលលោក បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងមួយឆ្នាំៗ។
ថ្លែងក្នុងកម្មវិធីទិវាសប្ដាហ៍សុវត្ថិភាពចរាចរណ៍ ដែលធ្វើឡើងនៅសាលាបឋមសិក្សា ទួលគោក តំណាងរដ្ឋាភិបាល និងសង្គមស៊ីវិលចាត់ទុកថា នេះជាគ្រោះមហន្តរាយដ៏ធំមួយដែលទាមទារឲ្យមានការយកចិត្តទុកដាក់ទប់ស្កាត់ជាបន្ទាន់។
អគ្គនាយករងដឹកជញ្ជូន និងជាតំណាងប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោក ឈួន វ៉ុន មានប្រសាសន៍ថា ចំនួនកុមារស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ទូទាំងពិភពលោក ពិសេសប្រទេសកម្ពុជា នៅតែជាបញ្ហាក្តៅ។ លោកថា ជាក់ស្តែងក្នុងចំណោមចំនួនកុមារដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជិត ២០ម៉ឺននាក់នៅក្នុងពិភពលោក ក្នុងនោះមានកុមារកម្ពុជា ជិត ២០០នាក់ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៖ «ខ្ញុំយល់ថា ចំនួនកុមារដែលស្លាប់នៅក្នុងសកលលោក ពិសេសសម្រាប់កុមារកម្ពុជា គឺជាគ្រោះមហន្តរាយដ៏ធំមួយ យើងមិនអាចមើលរំលងបានឡើយ ព្រោះថាជារៀងរាល់ឆ្នាំ កុមារកម្ពុជា បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍រហូតដល់ ១៧៨នាក់ ចឹងមានន័យថា រយៈពេលតែ ២ថ្ងៃប៉ុណ្ណោះមានកុមារកម្ពុជា ១នាក់បានស្លាប់។ ខ្ញុំសូមឲ្យអាណាព្យាបាលទាំងអស់យកចិត្តទុកដាក់ចំពោះអាយុជីវិតកុមារ»។
ជាមួយគ្នានេះ ប្រធានក្រុមការងារជំងឺមិនឆ្លង និងសុវត្ថិភាពចរាចរណ៍នៃអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា លោកវេជ្ជបណ្ឌិត ស្ទីវឹន អ៊ីឌីង បានឲ្យដឹងថា ទិវាសប្ដាហ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកសកលលើកទី៣ របស់អង្គការសហប្រជាជាតិនៅពេលនេះ គឺជាព្រឹត្តិការណ៍សំខាន់មួយជួយទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ទៅលើកុមារ។ លោក ស្ទីវឹន អ៊ីឌីង មានប្រសាសន៍ទៀតថា នៅក្នុងពិភពលោក កុមារដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ ៩០ភាគរយ កើតឡើងក្នុងប្រទេសកំពុងអភិវឌ្ឍ មានចំណូលទាប និងមធ្យម។ ចំពោះបញ្ហានេះ លោកបានស្នើឲ្យរដ្ឋាភិបាលកម្ពុជា និងស្ថាប័នពាក់ព័ន្ធទាំងអស់ ធ្វើការវិនិយោគលើគម្រោងអ្វីមួយដើម្បីជួយឲ្យកុមារកម្ពុជា គេចផុតពីការស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៖ «ខ្ញុំគិតថា កុមារគឺជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិនីមួយៗ ដូច្នេះដើម្បីដោះស្រាយបញ្ហានេះបាន វាទាមទារឲ្យរដ្ឋាភិបាលកម្ពុជា ក៏ដូចជាដៃគូអភិវឌ្ឍន៍ទាំងអស់ ផ្ដោតការយកចិត្តទុកដាក់ចំពោះបញ្ហានេះ»។
ចំណែកឯតំណាងកុមារនៅក្នុងសាលាបឋមសិក្សា ទួលគោក យុវតី ហួត សុវតី្ត បានសាទរចំពោះទិវាសប្ដាហ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកសកលលើកទី៣ ក្រោមប្រធានបទ "សង្គ្រោះជីវិតកុមារពីគ្រោះថ្នាក់ចរាចរណ៍" ព្រោះជាការបង្ហាញការយកចិត្តទុកដាក់លើកុមារ។ យុវតីរូបនេះបន្តថា កុមារគួរតែទទួលបានសុវត្ថិភាពក្នុងការធ្វើដំណើរទៅកាន់សាលារៀន៖ «ក្នុងនាមខ្ញុំជាតំណាងកុមារនៅក្នុងប្រទេសកម្ពុជា ខ្ញុំសូមអំពាវនាវដល់លោកពូ អ្នកមីងជាថ្នាក់ដឹកនាំ ខិតខំដោះស្រាយបញ្ហាដែលបណ្ដាលឲ្យកុមារកម្ពុជា ស្លាប់ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍ ដើម្បីឲ្យពួកខ្ញុំទទួលបានការសិក្សាអប់រំដោយមិនមានភាពភ័យខ្លាច នៅពេលដែលធ្វើដំណើរទៅសាលារៀន»។
ឆ្លើយតបនឹងបញ្ហានេះ រដ្ឋលេខាធិការនៃក្រសួងសាធារណការ និងដឹកជញ្ជូន អ្នកស្រី មឹន មាណវី មានប្រសាសន៍ថា រដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ទប់ស្កាត់ចំពោះគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ប៉ុន្តែយ៉ាងណាក៏ដោយ ក៏ចំនួនកុមារកម្ពុជា ដែលបានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍មានការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ អ្នកស្រីថា កត្តានេះដោយសារកុមារកម្ពុជា បានចូលរៀនច្រើន ហើយក៏ត្រូវធ្វើដំណើរទៅកាន់សាលារៀននៅតាមដងផ្លូវមានចំនួនច្រើនផងដែរ។ អ្នកស្រីសូមធ្វើការអំពាវនាវដល់អ្នកប្រើប្រាស់ផ្លូវ មានការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍៖ «ដើម្បីរួមចំណែកកាត់បន្ថយចំនួនអ្នកស្លាប់ឲ្យបាន ៥០ភាគរយនៅក្នុងឆ្នាំ២០២០ វាចាំបាច់បំផុតត្រូវមានការចូលរួមអនុវត្ត និងយកចិត្តទុកដាក់ទាំងអស់គ្នា»។
ផ្អែកតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក បានបង្ហាញថា កុមារនៅក្នុងសកលលោកយ៉ាងហោចណាស់ជិត ២០ម៉ឺននាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ឆ្នាំ ភាគច្រើន ឬអាចនិយាយថា មានកុមារចំនួន ៥០០នាក់បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជារៀងរាល់ថ្ងៃ។ របាយការណ៍បន្តថា ភាគច្រើនកុមារដែលបានស្លាប់ដោយថ្មើរជើងជិត ៤០% (៣៨%) ឯជាង ៣០% (៣៦%) ជាអ្នកប្រើប្រាស់យានយន្ត និង ១៤% ជាអ្នកជិះម៉ូតូ។ សម្រាប់ប្រទេសកម្ពុជា យោងតាមរបាយការណ៍បឋមនៃប្រព័ន្ធព័ត៌មានជនរងគ្រោះ និងគ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៤ បានបង្ហាញថា អ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាង ២.២០០នាក់ ក្នុងនោះមានកុមារអាយុក្រោម ១៨ឆ្នាំបានស្លាប់ប្រមាណ ១១% នៃអ្នកស្លាប់ ភាគច្រើនជាអ្នកថ្មើរជើង ៣១% និងអ្នកជិះម៉ូតូ ៤៥%។ គ្រោះថ្នាក់ទាំងនោះ បណ្ដាលមកពីការបើកបរលើសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង និងមិនពាក់មួកសុវត្ថិភាព៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
