របាយការណ៍របស់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង បង្ហាញថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលបួនថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ២០១៦ បានកើនឡើងជាងឆ្នាំ២០១៥។ សមត្ថកិច្ចនគរបាលចរាចរណ៍បញ្ជាក់ថា គ្រោះថ្នាក់ភាគច្រើនបណ្ដាលមកពីបើកបរលើសល្បឿនកំណត់ និងបើកបរក្នុងស្ថានភាពស្រវឹង។
មន្ត្រីជំនាញចរាចរណ៍ផ្លូវគោកនៃខេត្តទាំងពីរ ពង្រឹងការត្រួតពិនិត្យច្បាប់ចរាចរណ៍ និងអំពាវនាវឲ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គោរពច្បាប់ចរាចរណ៍ ដើម្បីសុវត្ថិភាពទាំងអស់គ្នាក្នុងពេលបើកបរ។
ខេត្តពោធិ៍សាត់ មានអ្នកគ្រោះថ្នាក់ ១០លើក បណ្ដាលឲ្យមនុស្សរបួសធ្ងន់ស្រាល ៤៨នាក់ និងនៅខេត្តកំពង់ឆ្នាំង មួយករណី បណ្ដាលឲ្យមនុស្សម្នាក់របួសធ្ងន់ក្នុងរយៈពេលបួនថ្ងៃនៃពិធីបុណ្យភ្ជុំបិណ្ឌ គឺគិតចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា។
នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ លោក រស់ ចំរើន ឲ្យដឹងនៅថ្ងៃទី៤ ខែតុលា ថា ពីរឆ្នាំចុងក្រោយនៃពិធីបុណ្យភ្ជុំបិណ្ឌ ពុំមានមនុស្សណាម្នាក់ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នោះទេនៅក្នុងខេត្តពោធិ៍សាត់ ប៉ុន្តែអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍បានកើនឡើង ៤៨នាក់ ដោយឆ្នាំ២០១៥ មានគ្រោះថ្នាក់បួនលើក និងមនុស្សរបួស ១៣នាក់ទេ៖ « នៅក្នុងចំណោម ១០ករណី បញ្ហាល្បឿនមានបីករណីហើយ អ៊ីចឹងបញ្ហាល្បឿនលេខមួយហើយ។ របួសក្នុងឆ្នាំ២០១៥ គិតទាំងធ្ងន់ស្រាលមានតែ ១៣នាក់ទេ។ វាកើនឡើងចំនួន ៣៥នាក់ »។
ចំណែកនៅខេត្តកំពង់ឆ្នាំង វិញពុំមានគ្រោះថ្នាក់ចរាចរណ៍សោះក្នុងរយៈពេលបួនថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ តែថ្ងៃភ្ជុំបិណ្ឌមានគ្រោះថ្នាក់មួយករណីនៅស្រុកកំពង់ត្រឡាច បណ្ដាលឲ្យមនុស្សម្នាក់របួសធ្ងន់។
នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង លោក ឈឹម សារុន ថ្លែងថា គ្រោះថ្នាក់មួយករណីនេះបង្កដោយតៃកុងឡានងងុយដេក ជ្រុលចង្កូតទៅបុកម៉ូតូ៖ « ជិះម៉ូតូទៅលេងស្រុកដល់កំពង់ត្រឡាច អាតៃកុងឡានងោកយ៉ាងម៉េចទេ ? យើងបង្កើនការត្រួតពិនិត្យច្បាប់ចរាចរណ៍ ដូចជាយើងអប់រំតាមគោលដៅដែលយើងចុះ និងតាមបេនឡានអ៊ីចឹងទៅណា។ យើងបិទស្ទីកឃ័រ (Sticker) នោះផង ហើយអប់រំអ្នកប្រើប្រាស់ផ្លូវឲ្យយល់ពីផ្លូវច្បាប់ ជាពិសេសប្រើល្បឿន និងបើកបរក្នុងស្ថានភាពស្រវឹង »។
ទោះបីជាយ៉ាងណា របាយការណ៍អគ្គនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បង្ហាញថា ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី១ តុលា មានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសចំនួន ៤២លើក ដោយមានមនុស្សស្លាប់ចំនួន ១៩នាក់ ដោយថយចុះចំនួន ២នាក់ បើធៀបនឹងឆ្នាំ២០១៥។ ចំនួនអ្នករបួសមាន ៦៩នាក់។ តួលេខនេះថយចុះចំនួន ៣០នាក់នៅរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
