មនុស្ស​៣៤​នាក់​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​បី​ថ្ងៃ​ក្នុង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ

0:00 / 0:00

សង្គម​ស៊ីវិល​លើកឡើងថា ការ​រឹង​បន្តឹង​ច្បាប់​ឱ្យមាន​ប្រសិទ្ធភាព និង​ការបង្រៀន​ប្រជាពលរដ្ឋ​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី គឺជា​អ្វីដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​បង្កើន​ការយកចិត្ត​ដាក់។ មន្ត្រី​ប៉ូលីស​ចរាចរណ៍​និយាយ​ថា ដើម្បី​អាច​កាន់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​បាន លុះត្រា​ណា​ប្រជាពលរដ្ឋ​អ្នកបើកបរ​គោរព​ច្បាប់​ចរាចរណ៍។

មនុស្ស​៣៤​នាក់​ស្លាប់ និង​របួស​១៤៧​នាក់ ក្នុង​គ្រោះ​ថា្នក់​ចរាចរណ៍​៧៤​ករណី នៅ​ទូទាំង​ប្រទេស​នា​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ រយៈពេល​៣​ថ្ងៃ ប៉ុន្តែ​ថយចុះ​៣​ករណី បើ​ប្រៀប​ធៀប​ទៅ​នឹង​ឆ្នាំ​២០១៤ ក្នុង​រយៈពេល​៣​ថ្ងៃ​ដូចគ្នា។

របាយការណ៍​អគ្គស្នងការដ្ឋាន​នគរបាលជាតិ ចេញផ្សាយ​នៅ​ថ្ងៃទី​១៣​តុលា​ថា មូលហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​គិត​ត្រឹម​រយៈពេល​៣​ថ្ងៃ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺ​បើក លើស​ល្បឿន​កំណត់​៣១​ករណី មិន​គោរព​សិទ្ធិ​អាទិភាព​១៦​ករណី ប្រជែង​គ្រោះថ្នាក់ ៨​ករណី មិន​ប្រកាន់​ស្តាំ​៥​ករណី ស្រវឹង​៦​ករណី​និង​បត់​ឆ្វេង ស្តាំ​មិន​ប្រុងប្រយ័ត្ន​៨​ករណី។

មន្ត្រី​កម្មវិធី​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក នៃ​អង្គការ​សុខភាព​ពិភពលោក លោក​វេជ្ជបណ្ឌិត សៅ សុវណ្ណរតនៈមាន​ប្រសាសន៍​ថាការ​អន្តរាគមន៍​របស់​មន្ត្រី​ប៉ូលីស​ចរាចរណ៍ និង​ការរៀបចំ​ប៉ូលិស​នៅ​តាម​គោលដៅ ដែល​ងាយ​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ចរាចរណ៍ អាចជា​ផ្នែក​មួយ​ជួយ​កាត់បន្ថយ​អត្រា​នៃ​គ្រោះថ្នាក់​ចរាចរណ៍។

ការ​រឹង​បន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឱ្យមាន​ប្រសិទ្ធភាព និង​ការបង្រៀន​ប្រជាពលរដ្ឋ​យល់ដឹង​ពី​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ថ្មី គឺជា​អ្វីដែល​រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​បង្កើន​ការយកចិត្ត​ដាក់ឱ្យ​បាន​ខ្ជាប់ខ្ជួន​ជាពិសេស​ពេល​មាន​បុណ្យជាតិ​ធំៗ។

លោក​វេជ្ជបណ្ឌិត សៅ សុវណ្ណរតនៈ បញ្ជាក់​ថា៖ «ប៉ុន្តែ​ប្រទេស​យើង​ក្នុង​ថ្ងៃ​បុណ្យទាន​ហ្នឹង​មិនអាច​ធ្វើ​បានទេ។ ខ្ញុំ​មើលឃើញថា​មិនមាន​កម្លាំង​ចុះ​ទប់ស្កាត់​ទេ បើ​ស្រុក​គេ គេ​ មាន​ត្រង់ចំណុច ​នេះ​គឺជា​ការខ្វះខាត​របស់​យើង»។

មន្ត្រី​ប៉ូលិស​ប្រចាំការ​នៅ​ផ្លូវ​ព្រះមុនីវង្ស​ម្នាក់ និយាយថា ភាគច្រើន​នៃ​អ្នកបើកបរទាំង​ទីក្រុង និង​តាម​បណ្តាល​ខេត្ត​នានា បើកបរ​លឿន​លើស​ល្បឿន​កំណត់ ដោយ​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក។

លោក​បញ្ជាក់​ថា ភាគច្រើន​នៃ​អ្នក​ប្រឈមមុខ​នឹង​គ្រោះថ្នាក់​ចរាចរណ៍ គឺ​អ្នកបើកបរ​ស្ថិតក្នុង​ភាពស្រវឹង។ គ្រោះថ្នាក់​ចរាចរណ៍​អាច​កាត់បន្ថយ​បាន លុះត្រា​ណា​អ្នកបើកបរ​មានការ​ប្រុងប្រយ័ត្ន ចេះ​អធ្យាស្រ័យ ឱ្យ​គ្នា​ទៅវិញទៅមក​ក្នុងពេល​បើកបរ និង​បើកបរ​តាម​គន្លង​ផ្លូវ​ដែល​បានកំណត់៖ «ជួនកាល​អ្នក​ដែល​មិនសូវ​គោរព​ច្បាប់​ចរាចរណ៍​ហ្នឹង អ្នកដឹង មិនមែន​អ្នក​មិនដឹង​ទេ ប៉ុន្តែ​បំពាន»។

លោក​បន្តថា ការ​បើកបរ​ក្នុង​ឆ្នាំ​នេះ មាន​សណ្តាប់ធ្នាប់​ល្អ​ជាង​ឆ្នាំមុនៗ ដូចជា​ការដឹក​ទំនិញ​សំពីងសំពោង និង​ដឹក​អ្នកដំណើរ​នៅលើ​ក​ដំបូល​មានការ​កាត់បន្ថយ ហើយ​ភាគច្រើន​នៃ​អ្នកដំណើរ​ហាក់​ផ្តល់​តម្លៃ​ចំពោះ​ជីវិត​ខ្លួនឯង​ជាង​លុយ​ថ្លៃ​ឡាន​ឈ្នួល។

លោក​អំពាវនាវ​ដល់​អ្ន​ក​បើកបរ​ទាំងអស់ គោរព​ច្បាប់​ចរាចរ​ឲ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​ជៀសវាង​គ្រោះថ្នាក់ ជាពិសេស​ត្រូវ​ពាក់​ខ្សែក្រវ៉ាត់​ពេល​បើកឡាន និង​អ្នកបើកបរ​ម៉ូតូ​ត្រូវតែ​ពាក់​មួក​សុវត្ថិភាព។

របាយការណ៍​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បញ្ជាក់ថា ខេត្ត​ដែល​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ គឺ​ខេត្តកណ្តាល មាន​រហូត​៦​ករណី និង​ស្លាប់​៤​នាក់ ខេត្តតាកែវ មាន​៩​ករណី​ស្លាប់​៣​នាក់ និង​ខេត្ត​ដែលមាន​អ្នករងរបួស ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ច្រើនជាងគេ គឺ​ខេត្តកំពត ចំនួន​៨​ករណី របួស​១៨​នាក់ និង​ស្លាប់​១​នាក់។

មន្ត្រី​សង្គម​ស៊ីវិល​លើកឡើង​ថា រដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​បង្កើត​យន្តការ ឱ្យ​ជាក់លាក់​ណាមួយ​ក្នុង​ការ​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍និង​ត្រូវ​ដាក់​ពង្រាយ​កម្លាំង​សមត្ថកិច្ច​ឱ្យបាន​ច្រើន​នៅ​ពេល​មានបុណ្យ​ជាតិ​ធំៗ ដើម្បី​អាចជួយ​សម្រួល​ការ​កកស្ទះ​ចរាចរណ៍ និង​ឃ្លាំមើល​រាល់​ការបើកបរ​ដែល​មិន​គោរព​ច្បាប់ និង​ការបើកបរ​ក្នុងស្ថានភាព​ស្រវឹង ពិសេស​គឺ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឲ្យ​មាន​ប្រសិទ្ធិភាព៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។