នាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ បានចេញរបាយការណ៍ផ្លូវការនៅថ្ងៃទី១៨ មេសា បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៥ថ្ងៃ គិតពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ មេសា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរប៉ុន្មានថ្ងៃកន្លងមកនេះ មានការថយចុះ បើប្រៀបធៀបទៅនឹងពិធីចូលឆ្នាំខ្មែរកាលពីឆ្នាំ២០១២ ប៉ុន្តែចំនួនមនុស្សស្លាប់បានកើនឡើងទៅវិញ។
មូលហេតុចម្បងដែលធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍នៅកើតមានច្រើន និងធ្វើឲ្យមនុស្សស្លាប់កាន់តែច្រើនទៀតនេះ មកពីការបើកបរក្នុងល្បឿនលើសកំណត់ និងការបើកបរនៅពេលស្រវឹង។
គ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេល ៥ថ្ងៃ នាឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ បានធ្វើឲ្យមនុស្សស្លាប់ចំនួន ៦៦នាក់ និងរបួស ៣០៥នាក់ គឺច្រើនជាងឆ្នាំ២០១២ ចំនួន ១៨នាក់ ដែលនៅឆ្នាំ២០១២ មានមនុស្សស្លាប់ចំនួន ៤៨នាក់។
លោកឧត្ដមសេនីយ៍ទោ ហ៊ឹម យ៉ាន និងជាប្រធាននាយកដ្ឋានសណ្ដាប់អគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ មានប្រសាសន៍ថា ចំណុចដែលមានគ្រោះថ្នាក់ច្រើនជាងគេ មាននៅខេត្តកំពង់ចាម ស្លាប់ ១២នាក់ ភ្នំពេញ ស្លាប់ ៧នាក់ និងនៅខេត្តរតនគិរី ស្លាប់ ៨នាក់។ លោក ហឹម យ៉ាន បញ្ជាក់ថា មូលហេតុដែលធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍នៅតែកើតឡើងរហូតដល់ស្លាប់នោះ ភាគច្រើនមកពីអ្នកបើកបរលើសល្បឿនកំណត់ និងបើកបរក្នុងពេលស្រវឹង មិនប្រកាន់ស្ដាំ ជែងគ្នា បត់ឆ្វេងស្ដាំមិនប្រយ័ត្នជាដើម។
លោកឧត្ដមសេនីយ៍ទោ ហ៊ឹម យ៉ាន៖ «ប៉ុន្តែ អ្វីដែលសំខាន់នោះ គឺការទទួលខុសត្រូវរបស់អ្នកបើកបរនោះតែម្ដង ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់។ យើងឃើញថា បញ្ហាសំខាន់គឺល្បឿន និងស្រវឹង។ ពេលនេះគឺជាបញ្ហាប្រឈមដែលយើងនឹងបន្តដោះស្រាយទៅមុខទៀត។ ក្នុងពេលនេះ យើងសូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់គោរពច្បាប់ ត្រូវប្រុងប្រយ័ត្នគ្រប់ពេល»។
របាយការណ៍នាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ បានចេញរបាយការណ៍ផ្លូវការនៅថ្ងៃទី១៨ មេសា នេះ សរសេរថា គ្រោះថ្នាក់កើតឡើងចំនួន ១៤៨លើក ធៀបនឹងឆ្នាំ២០១២ មាន ១៦៥លើក ថយចុះ ១៧លើក។ ចំពោះអ្នករងរបួសវិញ ថយចុះ ៣៩នាក់ គឺមាន ៣០៥នាក់ រីឯកាលពីឆ្នាំ២០១២ អ្នករងរបួសមានចំនួន ៣៤៤នាក់។
លោកឧត្ដមសេនីយ៍ទោ ហ៊ឹម យ៉ាន បានសង្កត់ធ្ងន់ថា ការបើកបរនៅតាមផ្លូវជាតិ នៅតាមទីក្រុងមិនសូវជាមានបញ្ហាចោទប៉ុន្មានទេ គ្រោះថ្នាក់កើតឡើងច្រើននៅតាមបណ្ដាខេត្ត ពិសេសនៅទីជនបទ៖ «ដងផ្លូវសំខាន់ៗ ពិសេសផ្លូវជាតិមានការគោរពច្បាប់ល្អណាស់ គ្រោះថ្នាក់កើតឡើងតិចតួចជាង។ ដោយឡែកដងផ្លូវខេត្ត ឬជនបទ គ្រោះថ្នាក់ច្រើន ករណីខ្លះគាត់បើកបរទៅបុកឡានស្លាប់ក៏មាន ករណីខ្លះដួលខ្លួនឯងស្លាប់ដោយសារស្រវឹង»។
នាយកប្រចាំប្រទេសកម្ពុជា នៃអង្គការមូលនិធិបង្ការរបួសអាស៊ី (AIP) លោក គឹម បញ្ញា បានលើកហេតុផលថា គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជា មានការថយចុះនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប៉ុន្តែចំនួនថយចុះនេះនៅតែជាបញ្ហាគួរឲ្យព្រួយបារម្ភដដែល ហើយចំនួនអ្នកស្លាប់បានកើនឡើងទៅវិញ។ លោកបញ្ជាក់ថា បញ្ហាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងជាទ្រង់ទ្រាយធំ។ ករណីខ្លះស្លាប់ម្ដង ៥នាក់ ទៅ ១០នាក់ជាដើម៖ «បើយើងពិនិត្យជារួម ភាគច្រើនគ្រោះថ្នាក់កើតមានទោចក្រយានយន្ត និងថ្មើរជើង។ បើមើលតួលេខគ្រោះថ្នាក់ស្មើនឹង ៧០% នៃគ្រោះថ្នាក់សរុប។ បើតួលេខអ្នកបើកបរអីហ្នឹង គ្រោះថ្នាក់មានចំនួនតិចជាងពួកគាត់ទេ»។
លោក គឹម បញ្ញា បញ្ជាក់ទៀតថា ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់គោរពច្បាប់ចរាចរណ៍នៅឡើយ ទោះបីជាមានការជំរុញពីស្ថាប័នពាក់ព័ន្ធ ដើម្បីឲ្យប្រជាពលរដ្ឋមានការគោរពច្បាប់ក្ដី ប៉ុន្តែជាក់ស្ដែង ប្រជាពលរដ្ឋមួយចំនួនមិនគោរពច្បាប់ទេ ដូចជាករណីពាក់មួកសុវត្ថិភាពជាដើម។ ប្រជាពលរដ្ឋពាក់មួកតែនៅពេលថ្ងៃ នៅពេលយប់ពួកគាត់មិនពាក់នោះទេ ពីព្រោះមន្ត្រីនគរបាលចរាចរណ៍មិនផាកពិន័យនៅពេលយប់។ ម្យ៉ាងទៀត មួកសុវត្ថិភាពខ្លះមិនមានគុណភាព ដែលអាចការពារក្បាលនៅពេលដួលបាននោះទេ ពោលគឺមួកសុវត្ថិភាពខ្លះ ប្រជាពលរដ្ឋប្រើឲ្យតែបានបន្លំភ្នែកប៉ូលិសប៉ុណ្ណោះ។
យ៉ាងនេះក្ដី លោក គឹម បញ្ញា សង្ឃឹមថា ប្រជាពលរដ្ឋនឹងយល់ដឹង ហើយអនុវត្តច្បាប់បានកាន់តែច្រើនថែមទៀត នៅពេលសេចក្ដីព្រាងច្បាប់ចរាចរណ៍ថ្មីត្រូវបានសភាអនុម័ត។ បច្ចុប្បន្ន សេចក្ដីព្រាងច្បាប់នេះ ទីស្ដីការគណៈរដ្ឋមន្ត្រីកំពុងត្រួតពិនិត្យនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
