មនុស្ស​៤៧​នាក់​ស្លាប់​និង​២០៧​នាក់​រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​អំឡុង​ចូល​ឆ្នាំ

0:00 / 0:00

គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវ​គោក​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នៅ​ឆ្នាំ​នេះ បាន​ថយ​ចុះ​ច្រើន បើ​ប្រៀបធៀប​នឹង​ឆ្នាំ​មុន ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​ទៅ​វិញ។ ការ​បើកបរ​ហួស​ល្បឿន​កំណត់ ជា​មូលហេតុ​ឈាន​មុខ​គេ​ដែល​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ចរាចរណ៍ និង​រងគ្រោះ​ដល់​ស្លាប់។ អង្គការ​សង្គម​ស៊ីវិល ជំរុញ​ឲ្យ​អ្នក​ប្រើប្រាស់​ផ្លូវ និង​ស្ថាប័ន​ពាក់ព័ន្ធ យក​ចិត្ត​ទុក​ដាក់​បន្ថែម ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ជា​ជំងឺ​រ៉ាំរ៉ៃ​ក្នុង​សង្គម​កម្ពុជា។

របាយការណ៍​របស់​នាយកដ្ឋាន​នគរបាល​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​១៧ មេសា បង្ហាញ​ថា ក្នុង​ឱកាស​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង​ចំនួន ៩៨​លើក ដែល​បណ្ដាល​ឲ្យ​មនុស្ស​ជិត ៥០​នាក់ (៤៧​នាក់) បាត់បង់​ជីវិត និង​ជាង ២០០​នាក់​ផ្សេង​ទៀត (២០៧​នាក់) រង​របួស។

តួលេខ​នេះ​បង្ហាញ​ថា គ្រោះថ្នាក់​ចរាចរណ៍​អំឡុង​ពេល​ចូល​ឆ្នាំ​ខ្មែរ​រយៈពេល ៤​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​១៦ មេសា បាន​ថយ​ចុះ ២០​ភាគរយ បើ​ប្រៀប​នឹង​ពេលវេលា​ដូច​គ្នា​ក្នុង​ឆ្នាំ​២០១៥ ដែល​មាន​ចំនួន ១២៣​លើក។

ថ្វីត្បិតតែ​ចំនួន​គ្រោះថ្នាក់​ត្រូវ​បាន​កាត់​បន្ថយ ប៉ុន្តែ​ចំនួន​អ្នក​ស្លាប់​បែរ​ជា​មាន​ច្រើន​ជាង​ឆ្នាំ​មុន​ទៅ​វិញ។ កាល​ពី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​២០១៥ មាន​អ្នក​បាត់បង់​ជីវិត ៤៣​នាក់ ដោយឡែក​នៅ​ឆ្នាំ​២០១៦ នេះ មាន​អ្នក​ស្លាប់​ដល់​ទៅ ៤៧​នាក់ ពោល​គឺ​កើន​ឡើង​ចំនួន ៤​នាក់។

ជុំវិញ​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម លោក ប៉ូ សំណាង យល់​ឃើញ​ថា វា​បណ្ដាល​មក​ពី​ប្រជាពលរដ្ឋ​ខ្មែរ​ភាគ​ច្រើន​មិន​ទាន់​បាន​យល់​ដឹង​ច្បាស់​អំពី​ច្បាប់ និង​ស្លាក​សញ្ញា​ចរាចរណ៍ ហើយ​ពួក​គេ​ថែម​ទាំង​បើកបរ​ដោយ​បំពាន មិន​ខ្លាច​គ្រោះថ្នាក់​ទៀត​ផង។ ក្រៅ​ពី​នេះ លោក​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​មួយ​ផ្នែក​ធំ​ទៅ​លើ​មន្ត្រី​អាជ្ញាធរ ដែល​មិន​បាន​ទទួល​ខុស​ត្រូវ​ពេញ​លេញ​ចំពោះ​តួនាទី​របស់​ខ្លួន និង​ឆកល្វែង​ក្នុង​ការ​អនុវត្ត​ច្បាប់៖«ឲ្យ​តែ​មាន​លុយ អាច​ទៅ​ទិញ​ឡាន​យក​មក​បើក​បាន។ បើ​គ្មាន​គ្រូ ចេះ​តែ​បើក​តាម​គ្នា ត្រង់​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​យើង​ទាំងអស់​គ្នា​ជួប​ប្រទះ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍។ ពិត​មែន​តែ​មាន​ផ្លាក​សញ្ញា​ចរាចរណ៍ សួរ​គាត់​សាក​មើល មាន​អ្នក​ឆ្លើយ​ខុស​រហូត​ដល់​ទៅ ៩៧​នាក់ មាន​តែ ៣​នាក់​ប៉ុណ្ណោះ​ ដែល​ច្បាស់លាស់»។

មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​កើត​ឡើង គឺ​ដោយសារ​អ្នក​បើកបរ បើក​ហួស​ល្បឿន​កំណត់ បើក​ក្នុង​ស្ថានភាព​ស្រវឹង បើក​ប្រជែង​គ្នា មិន​គោរព​សិទ្ធិ​អ្នក​ដទៃ មិន​ប្រកាន់​ស្តាំ បត់​គ្រោះថ្នាក់ ងងុយ​គេង និង​កត្តា​យានយន្ត។ ក្នុង​ចំណោម​មូលហេតុ​ទាំង​នេះ ការ​បើកបរ​ហួស​ល្បឿន​កំណត់ គឺ​ជា​កត្តា​ឈាន​មុខ​ដែល​ផ្តាច់​ជីវិត​អ្នក​បើកបរ ឬ​អ្នក​ដំណើរ (២៧​នាក់)។ ចំណែក​កត្តា​ពីរ​សំខាន់​ទៀត​ដែល​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ដែរ​នោះ គឺ​បើកបរ​ដោយ​ស្រវឹង (៥​នាក់) និង​ប្រជែង​គ្នា (៨​នាក់)។

ខេត្ត​ដែល​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ច្រើន​ជាង​គេ គឺ​ខេត្ត​ព្រៃវែង (៨​នាក់) ខេត្ត​តាកែវ (៧​នាក់) និង​ខេត្ត​កណ្ដាល (៦​នាក់)។

ប្រធាន​មជ្ឈមណ្ឌល​វប្បធម៌​ជាតិ និង​សីលធម៌​សង្គម លោក ប៉ូ សំណាង យល់​ឃើញ​ថា ការ​អប់រំ​ពលរដ្ឋ​ឲ្យ​យល់​ដឹង​ច្បាស់​ពី​ច្បាប់​ចរាចរណ៍ និង​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍ គឺ​ជា​ដំណោះស្រាយ​ដែល​ត្រូវ​ធ្វើ​ព្រម​គ្នា ដើម្បី​ដោះស្រាយ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។