មន្ត្រី៖ អ្នក​កាសែត​គួរ​រាយការណ៍​ស៊ី​ជម្រៅ​អំពី​សុវត្ថិភាព​ចរាចរណ៍

0:00 / 0:00

មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​តំណាង​អង្គការ​សុខភាព​ពិភពលោក (WHO) នៅ​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី២៧ ខែ​មីនា បាន​សម្ដែង​ការ​ព្រួយ​បារម្ភ​ចំពោះ​គ្រោះថ្នាក់​ចរាចរណ៍​ដែល​កើត​មាន​ជាច្រើន​នៅ​ប្រទេស​កម្ពុជា។

ដើម្បី​ការពារ​កុំ​ឲ្យ​កើត​មាន​គ្រោះថ្នាក់​ចរាចរណ៍​នេះ ស្ថាប័ន​រដ្ឋ និង​ក្រសួង​ពាក់ព័ន្ធ​មួយ​ចំនួន ទទូច​សុំ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដូច​ជា កាសែត ទស្សនាវដី្ត វិទ្យុ និង​ទូរទស្សន៍ ចូលរួម​ចំណែក​ផ្សព្វផ្សាយ​ឲ្យ​បាន​ច្រើន និង​ស៊ី​ជម្រៅ ឲ្យ​ប្រជាពលរដ្ឋ​យល់​ដឹង និង​បង្ការ​គ្រោះថ្នាក់​ចរាចរណ៍​នេះ។

មូលហេតុ​សំខាន់ៗ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​រៀង​រាល់​ថ្ងៃ​នៅ​កម្ពុជា នោះ ត្រូវ​បាន​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល និង​មន្ត្រី​អង្គការ​សុខភាព​ពិភពលោក លើក​ឡើង​ថា មាន ៩៥% កើត​ឡើង​ដោយសារ​មនុស្ស​ជា​អ្នក​បង្ក។ នៅ​ក្នុង​នោះ បញ្ហា​ទី១ គឺ​អ្នក​បើកបរ​ស្រវឹង ទី២ អ្នក​បើកបរ​បើក​ក្នុង​ល្បឿន​លឿន​ហួស​ច្បាប់​កំណត់ និង​មិន​បាន​ប្រុង​ប្រយ័ត្ន ទី៣ អ្នក​បើកបរ​ម៉ូតូ មិន​បាន​ពាក់​មួក​សុវត្ថិភាព អ្នក​បើកបរ​មិន​អនុវត្តន៍​តាម​ច្បាប់​ចរាចរណ៍ និង​បញ្ហា​កំណើន​រថយន្ត ម៉ូតូ ច្រើន​ពេក។

កិច្ច​ប្រជុំ​ស្ដីពី​ស្ថានការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ គឺ​បន្ទាប់​ពី​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​កាល​ពី​សប្ដាហ៍​មុន​នេះ​អំពី​ពាក្យ​ស្លោក​មួយ​ឃ្លា អប់រំ​ថា "ថ្ងៃ​នេះ និង​ថ្ងៃ​ស្អែក គ្មាន​គ្រោះថ្នាក់​ចរាចរណ៍"។

របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា កាល​ពី​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ មនុស្ស​ដែល​រង​គ្រោះថ្នាក់​ចរាចរណ៍​សរុប​ចំនួន​ជាង ១៦.៦០០​នាក់ ក្នុង​នោះ​មាន​អ្នក​ស្លាប់​ចំនួន​ជាង ១.៩០០​នាក់ និង​អ្នក​រង​របួស​ចំនួន​ជាង ៥.៨០០​នាក់ គិត​ជា​មធ្យម​មាន​មនុស្ស​ស្លាប់​រវាង ៥​នាក់ ទៅ ៦​នាក់​ក្នុង​មួយ​ថ្ងៃៗ។

ជន​រងគ្រោះ​មាន​អាយុ​រវាង ១៥​ឆ្នាំ ទៅ​ជាង ៣០​ឆ្នាំ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​ធ្វើ​ឲ្យ​កម្ពុជា ខាត​បង់​ថវិកា​សរុប​ចំនួន ៣១០​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១១ កន្លង​ទៅ​នេះ។ មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល បាន​វាយ​តម្លៃ​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង​នៅ​ឆ្នាំ​២០១២ និង​ឆ្នាំ​២០១៣។

រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន លោក ត្រាំ អ៊ីវតឹក និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​មាន​ប្រសាសន៍​ថា ចំនួន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​កម្ពុជា ច្រើន​ជាង​ប្រទេស​ជិត​ខាង​នៅ​ក្នុង​តំបន់ ដូចជា វៀតណាម និង​ថៃ ជាដើម៖ «សូម​អំពាវនាវ ជាពិសេស​ដល់​អ្នក​សារព័ត៌មាន​ទាំងអស់ សូម​មេត្តា​បង្កើន​ការ​សរសេរ​អត្ថបទ​ប្រកប​ដោយ​គុណភាព និង​មាន​ការ​វិភាគ​ស៊ី​ជម្រៅ​អំពី​សុវត្ថិភាព​ចរាចរណ៍ រួម​មាន​ប្រភព​ព័ត៌មាន​ដ៏​ច្បាស់លាស់ ទំហំ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ផល​ប៉ះពាល់​សេដ្ឋកិច្ច​សង្គម សុខភាព​សាធារណៈ ក៏​ដូច​គ្នា​បច្ចុប្បន្នភាព​នៃ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី»

ជាមួយ​គ្នា​នេះ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​មាន​ប្រសាសន៍​ថា គ្រោះថ្នាក់​ចរាចរណ៍​ភាគ​ច្រើន កើត​ឡើង​ដោយសារ​ការ​មិន​យោគយល់​គ្នា និង​គ្មាន​សុជីវធម៌​ក្នុង​ការ​បើកបរ៖ «កន្លង​មក​នេះ យើង​បាន​ចេញ​ច្បាប់​ហាម​មិន​ឲ្យ​ជក់​បារី មិន​ឲ្យ​ផ្សាយ​អំពី​បារី ប៉ុន្តែ​សូម​ជម្រាប​ថា នៅ​ក្នុង​ទូរទស្សន៍ និង​វិទ្យុ​របស់​រដ្ឋ យើង​អត់​ដែល​ផ្សាយ​អំពី​គ្រឿង​ស្រវឹង​ទេ ប៉ុន្តែ​យើង​មិន​អាច​ឃាត់​មិន​ឲ្យ​ខាង​ឯកជន​ធ្វើ​បាន​ទេ ទាល់​តែ​យើង​មាន​ច្បាប់​មួយ​ស្ដីពី​បញ្ហា​នេះ»

ប្រធាន​វិទ្យាស្ថាន​កម្ពុជា សម្រាប់​ការ​សិក្សា​ផ្នែក​សារព័ត៌មាន​នៅ​កម្ពុជា លោក មឿន ឈានណារិទ្ធ បាន​មាន​ប្រសាសន៍​ថា អ្នក​កាសែត​គប្បី​រាយការណ៍​ឲ្យ​បាន​ច្រើន​អំពី​ច្បាប់​ស្ដីពី​ចរាចរណ៍ និង​ការ​វិភាគ​អំពី​មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ ច្រើន​ជាង​រាយការណ៍​តែ​ព័ត៌មាន​ផ្ដោត​លើ​គ្រោះថ្នាក់​ចរាចរណ៍ និង​ភាព​សាហាវ៖ «បង្ក​គ្រោះថ្នាក់​ណា​មួយ គឺ​យើង​ត្រូវ​និយាយ​យោង​ទៅ​លើ​ច្បាប់​ចរាចរណ៍ តើ​នៅ​ក្នុង​ច្បាប់​ចរាចរណ៍ បើ​សិន​ជា​បើកបរ​លើស​ល្បឿន​កំណត់​ហ្នឹង តើ​មាន​ការ​ផាក​ពិន័យ ការ​ដាក់​ទោសទណ្ឌ​អ្វី​ខ្លះ? បើ​សិន​ជា​បើកបរ​ប្រើ​គ្រឿង​ស្រវឹង តើ​យើង​មាន​ការ​ដាក់​ទោស​យ៉ាង​ម៉េច​ខ្លះ?»

មួយ​វិញ​ទៀត មន្ត្រី​តំណាង​អង្គការ​សុខភាព​ពិភពលោក នៅ​កម្ពុជា លោក ស្ទីវីន អ៊ីឌីង (Steven Iddings) បាន​មាន​ប្រសាសន៍​ថា ជា​ការ​ចាំបាច់​ណាស់ ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​រដ្ឋាភិបាល​គប្បី​មាន​ឆន្ទៈ​នយោបាយ ដើម្បី​កាត់​បន្ថយ ឬ​បញ្ចប់​សោកនាដកម្ម​គ្រោះថ្នាក់​ចរាចរណ៍​នេះ។

របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន បាន​ឲ្យ​ដឹង​ថា គិត​ដល់​ឆ្នាំ​២០១២ កន្លង​មក​នេះ ប្រទេស​កម្ពុជា មាន​ម៉ូតូ​ចំនួន ១​លាន ៨​សែន​គ្រឿង និង​រថយន្ត​ចំនួន ៣៥០​ពាន់​គ្រឿង។

ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន សហការ​ជាមួយ​ក្រសួង​មហាផ្ទៃ កំពុង​តែ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ថ្មី​មួយ​ស្ដីពី​ចរាចរណ៍​ផ្លូវ​គោក ដាក់​ជូន​ក្រុម​ប្រឹក្សា​អ្នក​ច្បាប់​ពិនិត្យ មុន​ពេល​ដាក់​ជូន​កិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រី​ឆ្លង និង​អនុម័ត​នៅ​ថ្ងៃ​អនាគត។

ជាមួយ​គ្នា​នេះ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវ​គោក បាន​ឆ្លង​គណៈរដ្ឋមន្ត្រី​រួច​ហើយ​នូវ​គោលការណ៍​ចំនួន ៨​ចំណុច ស្ដីពី​បញ្ហា​ផ្លូវ​ថ្នល់ បញ្ហា​យានយន្ត បញ្ហា​មនុស្ស និង​ការ​គ្រប់គ្រង​រថយន្ត​ធុន​ធំ ដើម្បី​ឈាន​ទៅ​រក​ការ​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​រក្សា​សុវត្ថិភាព​ប្រជាពលរដ្ឋ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។