គ្រោះថ្នាក់ចរាចរណ៍នៅតែកើតមានច្រើនគួរឲ្យកត់សម្គាល់ដដែល ពុំមានការថយចុះទេនៅក្នុងរយៈពេលពីរថ្ងៃ គឺនៅថ្ងៃទី១៤ និងថ្ងៃទី១៥ មេសា នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនេះ។
គ្រោះថ្នាក់ចរាចរណ៍ គឺជាកង្វល់នៃបញ្ហាសុខភាពសាធារណៈ ដែលនៅតែធ្វើឲ្យពលរដ្ឋខ្មែររងរបួស និងស្លាប់ជាបន្តបន្ទាប់។ អ្នកធ្វើការទាក់ទងនឹងចរាចរណ៍លើកឡើងថា មានតែការពង្រឹងច្បាប់ចរាចរណ៍ និងការអនុវត្តច្បាប់ឲ្យតឹងរ៉ឹងទេ ទើបអាចមានជោគជ័យក្នុងការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ទាំងនោះបាន។
របាយការណ៍នាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិ បង្ហាញថា គ្រោះថ្នាក់ចរាចរណ៍រយៈពេលពីរថ្ងៃក្នុងពិធីបុណ្យចូលឆ្នាំថ្មីនេះ គ្រោះថ្នាក់ចរាចរណ៍ធ្វើឲ្យមនុស្សស្លាប់ និងរបួសជាង ១៥០នាក់នៅទូទាំងប្រទេស។
នៅក្នុងរបាយការណ៍ដែលផ្សព្វផ្សាយនៅលើគេហទំព័រអគ្គស្នងការនគរបាលជាតិ គឺនៅថ្ងៃទី១៤ និងថ្ងៃទី១៥ មានគ្រោះថ្នាក់ចំនួន ៦៣លើក មនុស្សស្លាប់ចំនួន ២១នាក់ របួសធ្ងន់ ៧៣នាក់ និងរបួសស្រាលចំនួន ៥៩នាក់ទៀត។
មន្ត្រីជាន់ខ្ពស់នៃនាយកដ្ឋានសណ្ដាប់ធ្នាប់នៃអគ្គស្នងការនគរបាលជាតិឲ្យដឹងថា ចំពោះរបាយការណ៍គ្រោះថ្នាក់នៅថ្ងៃទី៣នៃថ្ងៃចូលឆ្នាំថ្មី គឺត្រូវនឹងថ្ងៃទី១៦ មេសា គេមិនទាន់បានប្រមូលបូកសរុបរួចរាល់នៅឡើយ។
នៅក្នុងរបាយការណ៍ដដែលនេះបញ្ជាក់ថា មូលហេតុបណ្ដាលឲ្យគ្រោះថ្នាក់ចរាចរណ៍នេះមកពីការបើកបរមិនប្រកាន់ស្ដាំ ស្រវឹង មិនគោរពសិទ្ធិគ្នា បើកប្រជែងគ្នា ល្បឿនលើសកំណត់ជាដើម។
ប្រធានមជ្ឈមណ្ឌលវប្បធម៌ និងសីលធម៌សង្គម លោក ប៉ូ សំណាង មានប្រសាសន៍ថា ខាងអង្គការលោកនឹងបញ្ចេញរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍រយៈពេលបីថ្ងៃនៃពិធីបុណ្យចូលឆ្នាំនេះ នៅថ្ងៃទី១៧ មេសា។ លោកបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍នៅក្នុងពិធីចូលឆ្នាំនេះ មិនថយចុះនោះឡើយ ដោយសារមនុស្សមិនសូវយល់ពីច្បាប់ ហើយការផ្សព្វផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូននៅមានកម្រិតនៅឡើយ៖ «ប្រជាជនលោកមិនបានយល់ពីច្បាប់ ឬពីការបញ្ជាយានយន្តឲ្យបានច្បាស់លាស់ទេ គឺក្នុងចំណោម ១០០នាក់ គឺមានតែ ៤០នាក់មានប័ណ្ណបើកបរ ចំពោះអ្នកជិះម៉ូតូវិញស្ទើរតែទាំងអស់គ្មានប័ណ្ណបើកបរ»។
រដ្ឋាភិបាលមានទិសដៅកាត់បន្ថយចំនួនមនុស្សស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ឲ្យបានយ៉ាងតិច ១០ភាគរយនៅឆ្នាំ២០១៥ ក៏ប៉ុន្តែទិសដៅកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នេះ ត្រូវបានអ្នកធ្វើការទាក់ទងនឹងចរាចរណ៍លើកឡើងថា ទិសដៅនេះនឹងមិនទទួលបានជោគជ័យទេ ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាចោទខ្លាំងនៅឡើយ។
របាយការណ៍របស់គណៈកម្មការជាតិដើម្បីសុវត្ថិភាពចរាចរណ៍ផ្លូវគោក បង្ហាញរបាយការណ៍ថា អំឡុងពេល ៥ថ្ងៃនៃបុណ្យចូលឆ្នាំនៅឆ្នាំ២០១៤ គឺមានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤៨នាក់ អ្នករងរបួស ២៥០នាក់។
អង្គការសុខភាពពិភពលោក ដែលហៅកាត់ថា ដាប់បែលយូ.អេច្ឆ.អូ (WHO) បានបង្ហាញរបាយការណ៍ថា កាលពីឆ្នាំ២០១៣ កន្លងទៅ កម្ពុជា ខាតបង់សេដ្ឋកិច្ចជាតិប្រមាណ ៣៣៧លានដុល្លារសហរដ្ឋអាមេរិក ដោយសារបញ្ហាគ្រោះថ្នាក់ចរាចរណ៍។ ទឹកប្រាក់ខាតបង់នេះ គឺកើនឡើងចំនួន ៨លានដុល្លារ បើប្រៀបធៀបទៅនឹងឆ្នាំ២០១២ កន្លងទៅ ដែលគ្រោះថ្នាក់ចរាចរណ៍ខូចខាតសេដ្ឋកិច្ចជាតិប្រមាណ ៣២៩លានដុល្លារអាមេរិកនោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
