គ្រួសារក្រីក្រមួយដែលជាជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កំពុងដង្ហោយរកយុត្តិធម៌ពីប្រព័ន្ធតុលាការ ខណៈពន្លឺនៃយុត្តិធម៌សម្រាប់ពួកគាត់ហាក់កំពុងលិចបាត់បន្តិចម្តងៗ បើទោះជាគ្រោះថ្នាក់ដែលបានផ្ដាច់ផ្ដិលជីវិតកូនប្រុសម្នាក់របស់ពួកគាត់ និងធ្វើឲ្យបុរសជាឪពុកធ្លាក់ខ្លួនពិការ បានកើតឡើងតាំងពីខែឧសភា ឆ្នាំ២០១៥ ក្ដី។ ពួកគាត់សង្ឃឹមថា តុលាការនឹងរកយុត្តិធម៌ឲ្យពួកគាត់ក្នុងពេលឆាប់ៗ ព្រោះថា រថយន្តបង្កហេតុដែលគេដឹងថា ជារបស់ក្រុមហ៊ុនលក់ទឹកកកមួយ ក៏ត្រូវបានសមត្ថកិច្ចឃាត់ និងប្រគល់ជូនតុលាការរក្សាទុករួចហើយដែរ។
ក្ដីសង្ឃឹម និងពន្លឺជីវិតនៃគ្រួសារក្រីក្រមួយសឹងរលត់សូន្យឈឹងដោយសារគ្រោះថ្នាក់ចរាចរណ៍នោះ គឺជីវិតកូនប្រុសតែមួយគត់ដែលទើបតែបញ្ចប់ការសិក្សាត្រូវបានបាត់បង់ រីឯបុរសជាឪពុកក៏បានធ្លាក់ខ្លួនពិការបាត់បង់សមត្ថភាពពលកម្មដែរ។
កាលពីខែឧសភា ឆ្នាំ២០១៥ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងទៅលើលោក ខេង សុខុម ហៅ ម៉ៅ ក្នុងពេលលោកកំពុងដឹកកូនប្រុសសម្លាញ់ឈ្មោះ ទឹង សុខា ពីខណ្ឌឫស្សីកែវ ទៅឡើងឡាននៅវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មក្នុងសង្កាត់ទឹកថ្លា ដើម្បីរួមដំណើរជាមួយមិត្តរួមថ្នាក់ធ្វើទស្សនកិច្ចសិក្សានៅក្រុងព្រះសីហនុ។ ប៉ុន្តែក្រោយចេញពីផ្ទះមិនបាន ១០នាទីផង ជាអកុសលលោក ខេង សុខុម និងយុវជន ទឹង សុខា បានជួបនឹងគ្រោះថ្នាក់ចរាចរណ៍ដោយសារមានរថយន្តដឹកទឹកកករបស់ក្រុមហ៊ុនមួយ បើកមកបុកពួកគេចំពីមុខ ហើយអូសជាច្រើនម៉ែត្រ។ គ្រោះថ្នាក់នោះបានឆក់យកជីវិតយុវជនជាកូនក្រោយពីបញ្ជូនទៅមន្ទីរពេទ្យ។ ចំណែកលោក ខេង សុខុម ហៅ ម៉ៅ ត្រូវជាឪពុក បានពិការជើង ហើយបាត់សមត្ថភាពពលកម្មរហូតមកទល់សព្វថ្ងៃ។
ជាកសិករមកពីស្រុកស្រីសន្ធរ ខេត្តកំពង់ចាម លោក ខេង សុខុម និងភរិយា គឺលោកស្រី ម៉ម សារ៉ុម បច្ចុប្បន្នរស់នៅក្នុងបន្ទប់ជួលមួយតម្លៃ ២០ដុល្លារក្នុង១ខែ ឋិតនៅភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ពួកគាត់បានរៀបរាប់ប្រាប់វិទ្យុអាស៊ីសេរី ថា គ្រោះថ្នាក់ចរាចរណ៍នេះមិនត្រឹមតែបំផ្លាញក្តីសង្ឃឹមរបស់គាត់ដែលតែងមានចំពោះកូនប្រុសនោះទេ តែវាថែមទាំងធ្វើឲ្យក្រុមគ្រួសារទាំងមូលជួបនូវទុក្ខលំបាកសព្វបែបយ៉ាង មិនថា ជីវភាពគ្រួសារ ឬសតិអារម្មណ៍រស់នៅប្រចាំថ្ងៃនោះឡើយ៖ «ចាប់ពីកូនខ្ញុំស្លាប់ទៅ ខ្ញុំលែងមានសង្ឃឹមតែម្ដង។ សព្វថ្ងៃធៀបដូចត្នោតមួយដើមដែលគ្មានចុង សឹងថាលែងចង់រស់តទៅទៀត។ ភ្លេចភ្លាំងស្មារតី»។
ក្នុងលោកនេះប្រហែលជាគ្មានទេយុត្តិធម៌ចំពោះអ្នកក្រដូចខ្ញុំ អ្នកលីសែង អ្នកលីបាវដូចខ្ញុំ ប្រហែលជាអត់មានមែន។
ដោយសារជីវភាពទីទ័លក្រ ម្យ៉ាងមិនចង់ឃើញកូនប្រុសស្រីទាំងពីរធំឡើងជួបប្រទះការលំបាកដូចខ្លួនដោយសារតែមិនមានចំណេះដឹង លោក ខេង សុខុម និងលោកស្រី ម៉ម សារ៉ុម បានសម្រេចចិត្តធ្វើចំណាកស្រុកមកធ្វើការងារជាកម្មករនៅតាមរោងចក្រនានា នៅរាជធានីភ្នំពេញ ក្នុងឆ្នាំ២០០៣។ ក្រៅពីការខិតខំរកចំណូលសម្រាប់ផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ ពួកគាត់បានសន្សំ និងដាក់ទុនវិនិយោគតែមួយគត់ទៅលើការសិក្សារបស់កូន។ ប៉ុន្តែជាអកុសល កូនប្រុសដែលទើបបញ្ចប់ការសិក្សាថ្នាក់មហាវិទ្យាល័យទៅហើយនោះ បានស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍បន្សល់ទុកតែភាពសោកសៅសម្រាប់ក្រុមគ្រួសារនេះទៅវិញ។
លោកស្រី ម៉ម សារ៉ុម៖ «កុំឲ្យថា មកពីក្រទើបកូនអត់បានរៀន នឹកឃើញថា ខ្លួនឯងអត់មានជម្រើសពីកម្មករលីសែង មកទល់ចំណាស់នេះនៅតែលីរហូត អ៊ីចឹងខ្ញុំត្រូវខំប្រឹងយ៉ាងណាឲ្យកូនខ្ញុំបានរៀន បានធ្វើការនឹងគេទៅ វាស្រួល ទោះថា កូនជួយខ្ញុំ ឬមិនបានជួយ ក៏ខ្ញុំអត់តូចចិត្តដែរ សំខាន់ឲ្យតែកូនមានអនាគតល្អជាងខ្ញុំ។ ខ្ញុំប្រឹង ប្រឹងដល់ដំណាក់កាលចុងក្រោយ ខ្ញុំស្ដាយ!»។
ចាប់ពីមានគ្រោះថ្នាក់កើតឡើង ប្រភពចំណូលរបស់គ្រួសារទាំងមូលគឺត្រូវពឹងផ្អែកទាំងស្រុងទៅលើការងាររបស់លោកស្រី ម៉ម សារ៉ុម ដែលសព្វថ្ងៃប្រកបរបរជាកម្មករសែងដំឡូងនៅរោងចក្រមួយក្នុងខណ្ឌឫស្សីកែវ។ ការងារនេះផ្ដល់ចំណូលជាមធ្យម ១៥.០០០រៀលក្នុង១ថ្ងៃ។ ចំណែកបុរសជាឪពុកធ្លាក់ខ្លួនពិការមិនអាចធ្វើការងារអ្វីបានឡើយ។
លោក ខេង សុខុម និងលោកស្រី ម៉ម សារ៉ុម និយាយថា ពួកគាត់កំពុងរង់ចាំយុត្តិធម៌សម្រាប់កូនអស់រយៈពេលជិតមួយឆ្នាំហើយ។ ពួកគាត់ត្អូញត្អែរថា រហូតមកទល់ពេលនេះ ពួកគាត់មិនបានទទួលសំណងសូម្បីមួយរៀលពីជនបង្ក ដោយសារតែនៅរង់ចាំចំណាត់ការរបស់តុលាការ។ ពួកគាត់ឲ្យដឹងថា ក្រោយហេតុការណ៍គ្រោះថ្នាក់កើតឡើង អាជ្ញាធរចាប់បានរថយន្តរបស់ជនបង្កដែលគេដឹងថា ជាកម្មសិទ្ធិរបស់ក្រុមហ៊ុនលក់ទឹកកកមួយ ហើយបានយកទៅរក្សាទុកនៅស្នងការរាជធានីភ្នំពេញ រួមជាមួយម៉ូតូរបស់ពួកគាត់ដែលខូចខាតខ្ទេចខ្ទីដែរនោះ។ ពួកគាត់ស្នើឲ្យតុលាការជួយពន្លឿនរឿងក្ដីរបស់គាត់ ដើម្បីទទួលបានសំណងពីជនបង្កយកទៅសងថ្លៃព្យាបាលបុរសជាឪពុកនិងថ្លៃធ្វើបុណ្យកូន។
លោក ខេង សុខុម ឲ្យដឹងថា តុលាការបានហៅលោកមកសាកសួរពីសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍នេះចំនួន ២ដង ហើយតុលាការបានប្រាប់ឲ្យលោករង់ចាំការដោះស្រាយ។ ប៉ុន្តែលោក ខេង សុខុម ថាពេលវេលាដែលគ្រួសារលោករង់ចាំវាហាក់យូរពេកណាស់ហើយ។
វិទ្យុអាស៊ីសេរី បានព្យាយាមទាក់ទងចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក នូ វាសនា ដើម្បីសួរនាំពីរឿងនេះ ប៉ុន្តែអ្នកទទួលទូរស័ព្ទអះអាងថា រូបគេមិនមែនជាចៅក្រមឈ្មោះ នូ វាសនា ឡើយ។ ចំណែកក្រឡាបញ្ជីរបស់លោក នូ វាសនា គឺលោក គន្ធា មិនហ៊ានធ្វើអត្ថាធិប្បាយចំពោះរឿងនេះឡើយ ដោយបញ្ជាក់ថា លោកគ្មានតួនាទីសម្រេចអ្វីឡើយ។
មេក្រុម៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ លោក វ៉ែន គឹមសេង ថ្លែងថា លោកសោកស្ដាយចំពោះគ្រោះថ្នាក់ដែលបានកើតលើក្រុមគ្រួសារលោក ខេង សុខុម៖ «អត់ទាន់មានដំណោះស្រាយអី ហើយថា ចាំមើលគេដោះស្រាយ មិនដឹងដោះស្រាយយ៉ាងម៉េច។ ចង់ឲ្យជួយដោះស្រាយឲ្យគាត់ឲ្យលឿន គ្នាក្រ ដោះស្រាយឆាប់ៗ បានសំណងមក គ្រាន់សងគេកាលពីគាត់ដេកពេទ្យ គាត់ធ្វើបុណ្យឲ្យកូន ជំពាក់គេ បើមានសំណងវាជួយរំលែកទុក្ខគាត់ខ្លះៗ»។
ជុំវិញរឿងនេះ មន្ត្រីការពារសិទ្ធិមនុស្សអង្គការលីកាដូ (LICADHO) លោក អំ សំអាត កត់សម្គាល់ថា បើតុលាការចេះតែអូសបន្លាយមិនចាត់ការ វានឹងធ្វើឲ្យពលរដ្ឋដែលជាជនរងគ្រោះបាត់ជំនឿទៅលើប្រព័ន្ធតុលាការនៅកម្ពុជា៖ «ដើម្បីជៀសវាងប្រជាពលរដ្ឋដែលរងគ្រោះ លោករិះគន់ថា លោកគ្មានលុយគ្មានកាក់ ដើម្បីផ្តល់ជូនតុលាការ តុលាការគួរតែអនុវត្តទៅទោះបីពួកគាត់ជាជនក្រីក្រយ៉ាងណាក៏ដោយ ទើបប្រជាពលរដ្ឋមើលឃើញថា វាមានភាពស្មើគ្នាចំពោះមុខច្បាប់»។
ក្ដីសង្ឃឹមបានរសាត់បាត់អស់ទៅហើយ នៅឡើយតែពន្លឺយុត្តិធម៌សម្រាប់គ្រួសារក្រីក្រមួយនេះ។ ជនរងគ្រោះលោក ខេង សុខុម និងលោកស្រី ម៉ម សារ៉ុម ថ្លែងថា ពួកគាត់នៅតែទន្ទឹងរង់ចាំយុត្តិធម៌ពីប្រព័ន្ធតុលាការ។ ពួកគាត់សង្ឃឹមថា តុលាការនឹងជួយពន្លឿនសំណុំរឿងរបស់គាត់៖ «ខ្ញុំមានរឿងជួបប្រទះបែបហ្នឹង ហើយខ្ញុំអត់លុយទៀត។ គេក្រដោះស្រាយឲ្យ ខ្ញុំយំក្នុងបន្ទប់ទឹក ខ្ញុំថា ក្នុងលោកនេះប្រហែលជាគ្មានទេយុត្តិធម៌ចំពោះអ្នកក្រដូចខ្ញុំ អ្នកលីសែង អ្នកលីបាវដូចខ្ញុំ ប្រហែលជាអត់មានមែន។ ខ្ញុំបានត្រឹមតែសម្រក់ទឹកភ្នែកដេកអោបខ្នើយ យំអាលោះអាល័យកូនតាំងពីខែ៥ រហូតដល់ខែ ២ទៀត។ គាត់ចេះតែថា រង់ចាំៗរហូត មិនដឹងរង់ចាំដល់ពេលណា? មានគេថាឲ្យខ្ញុំថា រង់ចាំទៅ ២០ឆ្នាំទៀតក៏មិនបានដែរ យើងអត់មានអី អត់មានបងប្អូនណាទៅដោះស្រាយឲ្យ គ្មានលុយអ៊ីចឹង ២០ទៀត។ គេថាឲ្យខ្ញុំអ៊ីចឹង ខ្ញុំរត់ឡើងមកលើផ្ទះប្រាប់ប្ដីខ្ញុំ»៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
