ក្រុមអ្នកធ្វើការខាងសុវត្ថិភាពចរាចរណ៍ និងអាជ្ញាធរដាក់ទិសដៅកាត់បន្ថយអត្រាស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍ឲ្យបាន ៥០% នៅឆ្នាំ២០២០។ ទិសដៅនេះ គឺយោងតាមតួលេខគ្រោះថ្នាក់ថយចុះលើសផែនការនៅឆ្នាំ២០១៦។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ចាត់ទុកថា ការថយចុះចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ជាង ១០% នៅក្នុងឆ្នាំ២០១៦ ជាបទពិសោធន៍ជោគជ័យនៅក្នុងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកថ្មីក្នុងមួយឆ្នាំ៖ «ខ្ញុំគិតថា ជោគជ័យធំ ពីព្រោះថា យើងកាត់បន្ថយបានជិត ៣០០នាក់ មនុស្សស្លាប់ គឺ ២៧០ជាង ហើយបើគិតជាភាគរយ ១៥ភាគរយនេះ ដូចដែលយើងបានដឹងទាំងអស់គ្នាថា ខាងអង្គការសហប្រជាជាតិ បានកំណត់ ៩% មួយឆ្នាំទេ សម្រាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២០។ ប៉ុន្តែយើងបានជាង ១០% បានន័យថា ១៤ ជិត ១៥%»។
លោក ស ខេង មានប្រសាសន៍ទៀតថា ដើម្បីកាត់បន្ថយពាក់កណ្ដាលនៅឆ្នាំ២០២០ នោះ គឺគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកដាក់ទិសដៅកាត់បន្ថយចំនួនគ្រោះថ្នាក់ចរាចរណ៍យ៉ាងតិចឲ្យបាន ៩% នៅក្នុងឆ្នាំ២០១៧ នេះ។
របាយការណ៍របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកបង្ហាញថា ក្នុងចំណោមយានយន្តដែលបានត្រួតពិនិត្យជិត ១០លានគ្រឿង មានយានយន្តជិត ១,៥លាន (១.៤៨១.៣៧៨) គ្រឿងល្មើសច្បាប់ក្នុងឆ្នាំ២០១៦។ ក្នុងនោះភាគច្រើន (៦២%) ជាម៉ូតូ។ គេរកឃើញថា មានយានយន្តជាង ៣៥ម៉ឺន (៣៥៩.៨៨១) គ្រឿងល្មើសល្បឿន ហើយអ្នកបើកបរល្មើសជាតិស្រវឹងជិត ២៨ម៉ឺន (២៧៨.២១៨) នាក់ ត្រូវបានផាកពិន័យ ហើយអ្នកបើកបរ ៦០៥នាក់ ត្រូវបាននគរបាលបញ្ជូនទៅតុលាការ។ ទន្ទឹមគ្នានេះ មានអ្នកបើកបររថយន្តដឹកអ្នកដំណើរ និងទំនិញចំនួន ៦៦៥នាក់ ត្រូវបានគេពិនិត្យឃើញអ្នកបើកបរចំនួន ១២៩នាក់ ស្មើ ២០% មានសារធាតុញៀន។
ក្រៅពីនេះ ក៏មានយានយន្តដឹកដី និងដឹកអីវ៉ាន់សំពីងសំពោង ១៥១គ្រឿង ក៏ត្រូវបានផាកពិន័យដែរ។
របាយការណ៍ដដែលបង្ហាញថា តួលេខគ្រោះថ្នាក់ចរាចរណ៍នៅក្នុងឆ្នាំ២០១៦ បានថយចុះ ៤៤៣ករណី (ស្មើ ១១%) អ្នករបួសបានថយចុះ ៥៤២នាក់ (ស្មើ ៨%) ហើយអ្នកស្លាប់ថយចុះ ២៧១នាក់ (ស្មើ ១៤%)។ អ្នកស្លាប់ភាគច្រើនជាអ្នកធ្វើដំណើរតាមម៉ូតូ (ស្មើ ៧៤%) ហើយជាងពាក់កណ្ដាល (ស្មើ ៥៧%) មិនបានពាក់មួកសុវត្ថិភាព។
ទោះបីជាតួលេខគ្រោះថ្នាក់ចរាចរណ៍ថយចុះក្ដី ក៏គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសង្កេតឃើញថា នៅមានបញ្ហាជាហានិភ័យ និងមហន្តរាយដល់អាយុជីវិតមួយចំនួនទៀត ដែលត្រូវធ្វើមានជាអាទិការបើកបរធ្វេសប្រហែសខ្ជីខ្ជា មិនអើពើចំពោះការអនុវត្តច្បាប់ អ្នកជិះម៉ូតូមិនពាក់មួកសុវត្ថិភាព បើកបរលើសល្បឿនកំណត់ បើកបរក្រោមឥទ្ធិពលជាតិស្រវឹង ការបើកលើសចំណុះ និងការបត់ ឬជែងមិនត្រឹមត្រូវជាដើម។
បញ្ហាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ជាពិសេសទាក់ទងនឹងសុវត្ថិភាពយានយន្ត ការអនុវត្តច្បាប់ ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខូច មានជង្ហុកជាបញ្ហាចម្បងមួយ ដែលពលរដ្ឋ និងមន្ត្រីគណបក្សប្រឆាំងរិះគន់រដ្ឋាភិបាល។
ឆ្លើយតបបញ្ហានេះ រដ្ឋមន្ត្រីសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល មានប្រសាសន៍ថា ខាងលោកកំពុងបញ្ជូនក្រុមម៉ូតូកង់បី ចុះគូសជង្ហុកសម្បុកមាន់ ដើម្បីជួសជុលខ្លះហើយ៖ «តាំងពីថ្ងៃទី៣១ មក មន្ទីរសាធារណការនៅខេត្តមួយចំនួន បានធ្វើកិច្ចការនេះ។ ម្សិលមិញយើងបានធ្វើការច្រើន គូសគំនូសទាំងអស់នៅតាមផ្លូវជាតិរបស់យើង ដើម្បីឲ្យប្រជាពលរដ្ឋយើងដឹងថា យើងបានឃើញ ហើយសំបុកមាន់នៅថ្ងៃនេះ ក៏ប៉ុន្តែមិនទាន់បានជួសជុលនៅឡើយ ឲ្យបងប្អូនលោកបានដឹង ដែលថា យើងមិនបានមើល យើងមើលឃើញហើយ។ អ៊ីចឹងនឹងខិតខំប្រឹងប្រែងជាបន្តទៀត។ រាជធានីភ្នំពេញ យើងបានផ្ដល់ជូន ១២គ្រឿង គឺមួយខណ្ឌ ១គ្រឿងៗ។ អ៊ីចឹងខ្ញុំសុំសំណូមពរដល់អភិបាលរាជធានីភ្នំពេញ ខណ្ឌ មេត្តាយកសម្ភារៈនោះ យកទៅប្រើប្រាស់ ហើយចាប់ផ្ដើមគូសគំនូស»។
ការធ្វើដំណើររបស់ពលរដ្ឋចេញចូលរាជធានីភ្នំពេញ ត្រូវបានពលរដ្ឋត្អូញត្អែរអំពីការកកស្ទះខ្លាំងជារៀងរាល់ថ្ងៃ។ ទន្ទឹមគ្នានេះដែរ លោក ស៊ុន ចាន់ថុល ថ្លែងថា ការងារអាទិភាពឆ្នាំ២០១៧ ដើម្បីសម្រួលការធ្វើដំណើររបស់ពលរដ្ឋចេញចូលរាជធានីភ្នំពេញ លោកបានដាក់ការដឹកជញ្ជូនអ្នកដំណើរតាមរយៈខ្សែរថភ្លើងទៅវាលយន្តហោះភ្នំពេញ និងសេវាដឹកជញ្ជូនតាមទន្លេពីភ្នំពេញ ទៅកៀនស្វាយ ទៅក្រុងតាខ្មៅ និងស្រុកស្អាង ខេត្តកណ្ដាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
