ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល ខេត្តព្រះសីហនុ រិះគន់ថា អ្នកប្រើប្រាស់ផ្លូវ ឬអ្នកបើកបរយានយន្តនាមូលដ្ឋានខេត្តជាប់មាត់សមុទ្រមួយនេះ មិនទាន់គោរពច្បាប់ចរាចរណ៍បានត្រឹមត្រូវទេ។ ជាងនេះ ក៏មានការព្រួយបារម្ភពីករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយជនបរទេស ដែលមិនសូវចេះច្បាប់ចរាចរណ៍ថែមទៀត។
អ្នកប្រើប្រាស់ផ្លូវ ឬក៏អ្នកបើកបរម៉ូតូ និងរថយន្តនៅខេត្តព្រះសីហនុ មិនទាន់គោរពច្បាប់ចរាចរណ៍បានត្រឹមត្រូវទេ ទោះបីមន្ត្រីជំនាញនគរបាលខេត្តនេះ បានបើកយុទ្ធនាការចុះអប់រំអំពីច្បាប់ចរាចរណ៍ផ្លូវគោកនៅតាមផ្លូវសាធារណៈជារៀងរាល់ថ្ងៃបែបណាក្តី។
ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋច្រើនទៀតនៅខេត្តព្រះសីហនុ លោក សួង សារី បានស្នើដល់កម្លាំងនគរបាលចរាចរណ៍ខេត្តនេះ ឲ្យជួយពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋឲ្យបានដល់មូលដ្ឋាន ជាពិសេសជនបរទេសដែលប្រើប្រាស់ម៉ូតូ។ ប្រជាពលរដ្ឋឲ្យដឹងទៀតថា កន្លងមកមានគ្រោះថ្នាក់ចរាចរណ៍ជាច្រើនករណីបង្កដោយជនបរទេស បើកបរមិនចេះច្បាប់ ឬបើកបរក្នុងល្បឿនលឿនជាដើម ហើយប៉ូលិសមូលដ្ឋាននេះមិនមានវិធានការទប់ស្កាត់។
ទាក់ទិនបញ្ហានេះដែរ លោក ឃុន សាវឿន មន្ត្រីសម្របសម្រួលអង្គការលីកាដូ (Licadho) ខេត្តព្រះសីហនុ បានសង្កេតឃើញថា អ្នកបើកបរ ឬប្រើប្រាស់ផ្លូវនាខេត្តទេសចរណ៍មួយនេះ ពិតជាមិនទាន់គោរពច្បាប់ចរាចរណ៍បានត្រឹមត្រូវពិតមែនទេ។ ជាងនេះ ជនបទេស គឺពួកគេមានសិទ្ធិបើកបរម៉ូតូដោយគ្មានការហាមឃាត់ ទាំងជនបរទេសខ្លះមិនចេះបើកបរជាដើម ហើយបញ្ហានេះ ក៏បានបង្កឲ្យមានគ្រោះថ្នាក់ជាបន្តបន្ទាប់ដែរ។
មន្ត្រីសង្គមស៊ីវិលរូបនេះ ស្នើដល់សមត្ថកិច្ចគ្រប់ជំនាញខេត្តនេះ ត្រូវចុះពង្រឹង ឬអប់រំពីច្បាប់ចរាចរណ៍ជូនពលរដ្ឋ ពិសេសជនបរទេសនៅខេត្តព្រះសីហនុ ឲ្យបានច្រើនថែមទៀត ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ និងអត្រាស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃអនាគត៖ «សូមឲ្យស្ថាប័នពាក់ព័ន្ធជួយពិនិត្យឡើងវិញ ថាតើជនបរទេសដែលស្នាក់នៅក្នុងប្រទេសកម្ពុជា រយៈពេលប៉ុន្មានឆ្នាំ បានអាចមានសិទ្ធិបើកបរម៉ូតូ? បញ្ហាមួយទៀត គឺការជួលម៉ូតូឲ្យជនបរទេស គឺត្រូវពិនិត្យបញ្ហាហ្នឹងឡើងវិញ ឬក៏ត្រូវហៅអ្នកជួលម៉ូតូឲ្យជនបរទេសទាំងនោះមកព្រមានឲ្យបានត្រឹមត្រូវ»។
ឆ្លើយតបបញ្ហានេះ លោក អ៊ី សុខា ស្នងការរងនគរបាលខេត្តព្រះសីហនុ និងជាប្រធានការិយាល័យកណ្ដាលនគរបាលសណ្ដាប់ធ្នាប់សាធារណៈ មានប្រសាសន៍ថា មន្ត្រីជំនាញរបស់លោកបានបង្កើនសកម្មភាពចុះអប់រំច្បាប់ចរាចរណ៍ ដល់ប្រជាពលរដ្ឋនៅតាមផ្លូវសាធារណៈជារៀងរាល់ថ្ងៃ នៅគ្រាច្បាប់ចរាចរណ៍ផ្លូវគោកថ្មីត្រូវដាក់ឲ្យអនុវត្តនៅឆ្នាំ២០១៥ តទៅ។ លោកទទួលស្គាល់ថា អាចមានពលរដ្ឋចន្លោះពី ៣០ ទៅ ៤០ភាគរយមិនទាន់គោរពច្បាប់ចរាចរណ៍ពិតមែន មានដូចជា ពួកគេមិនពាក់មួកការពារសុវត្ថិភាព បើកបរមិនគោរពភ្លើងសញ្ញាចរាចរណ៍ ឬក៏ម៉ូតូមិនមានកញ្ចក់ត្រឹមត្រូវ ជាដើម។
លោកបានអំពាវនាវដល់ប្រជាពលរដ្ឋទូទៅ ឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានទាំងអស់គ្នា ដើម្បីកាត់បន្ថយអត្រាស្លាប់ និងគ្រោះថ្នាក់នេះឲ្យថយមកចំនួនទាបចាប់ពីឆ្នាំ២០១៥៖ «សមត្ថកិច្ចខ្ញុំបានណែនាំដល់ជនបរទេសដែលជាភ្ញៀវទេសចរ មកស្នាក់នៅមួយសប្ដាហ៍ ឬពីរសប្ដាហ៍ហ្នឹង ឲ្យបានយល់អំពីច្បាប់ចរាចរណ៍ផ្លូវគោក ហើយមានជនបរទេសខ្លះ ត្រូវប៉ូលិសនាំខ្លួនទៅអប់រំដល់ប៉ុស្តិ៍ប៉ូលិសជាបន្តបន្ទាប់ដែរ»។
បញ្ហានេះដែរ លោក ឈួន វ៉ន់ អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ដែលកើតមាននៅកម្ពុជា គឺភាគច្រើនបណ្ដាលមកពីមនុស្សមិនគោរពច្បាប់ចរាចរណ៍ មានដូចជា បើកបរក្នុងល្បឿនលឿនហួសច្បាប់កំណត់ បើកប្រជែងគ្នា គ្មានការយោគយល់ មិនគោរពសញ្ញាចរាចរណ៍ និងបើកបរក្នុងសភាពស្រវឹង ជាដើម។
ផ្ដើមពីបញ្ហានេះ លោកស្នើដល់ប្រជាពលរដ្ឋ ពិសេសយុវជន ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នាពេលបើកបរយានយន្តគ្រប់ប្រភេទ មានរថយន្ត ឬម៉ូតូ ជាដើម នៅតាមផ្លូវសាធារណៈ។ ជាងនេះ អ្នកប្រើប្រាស់ម៉ូតូ ដាច់ខាតត្រូវតែពាក់មួកការពារសុវត្ថិភាពជាប្រចាំ ទោះជាចម្ងាយផ្លូវជិត ឬឆ្ងាយបែបណាក្តី។
បញ្ហានេះ លោក ឈិត សុខុន អភិបាលខេត្តព្រះសីហនុ ក៏បានស្នើដល់ប្រជាពលរដ្ឋទូទៅ ពិសេសយុវជន ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់គ្នា ដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ដល់អាយុជីវិត និងបំផ្លាញសេដ្ឋកិច្ចគ្រួសាររបស់ខ្លួន។ លោកស្នើឲ្យអ្នកបើកបរ កុំបើកបរក្រោមឥទ្ធិពលនៃជាតិស្រវឹង កុំបើកហួសល្បឿនកំណត់ ត្រូវគោរពសិទ្ធិអាទិភាពក្នុងពេលបើកបរ កុំប្រើប្រាស់ទូរស័ព្ទដៃពេលកំពុងបើកបរ កុំបើកបរវ៉ាជែងគ្នាក្នុងស្ថានភាពគ្រោះថ្នាក់ និងការពារជីវិតអ្នកដោយពាក់មួកសុវត្ថិភាព និងពាក់ខ្សែក្រវាត់ ជាដើម។
របាយការណ៍បូកសរុបការងារឆ្នាំ២០១៤ របស់ការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលខេត្តព្រះសីហនុ បានបង្ហាញថា ខេត្តនេះមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ២០៤ករណី ក្នុងនោះកើតឡើងទៅលើជនបរទេសចំនួន ៥០ករណី។ បើប្រៀបធៀបឆ្នាំ២០១៣ គឺថយចុះចំនួន ១២ករណី។ ឆ្នាំ២០១៣ គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងចំនួន ២១៦ករណី។ គ្រោះថ្នាក់ភាគច្រើន គឺកើតឡើងរវាងរថយន្ត និងម៉ូតូ ៨៩ករណី និងគ្រោះថ្នាក់រវាងរថយន្ត និងរថយន្ត កើតមាន ២២ករណី។ គ្រោះថ្នាក់នេះ សម្លាប់មនុស្ស ៨៤នាក់ ក្នុងនោះមានជនបរទេសចំនួន ៦នាក់ និងរងរបួសធ្ងន់ស្រាលសរុបមានចំនួន ៣៩០នាក់ ខូចខាតយានយន្តចំនួន ៣៥៩គ្រឿង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
