មន្ត្រី​ជំនាញ​និង​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​រំលឹក​អ្នក​បើកបរ​ឲ្យ​គោរព​ច្បាប់

0:00 / 0:00

អភិបាល​ខេត្ត​ព្រះសីហនុ និង​មន្ត្រី​នគរបាល ក្រសួង​មហាផ្ទៃ ផ្ញើ​សា​ក្រើន​រំលឹក​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ ឬ​អ្នក​បើកបរ​យានយន្ត​គ្រប់​ប្រភេទ ពិសេស​អ្នក​បើកបរ​រថយន្ត​កុងទឺន័រ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ទាំង​អស់​គ្នា ដើម្បី​ទប់ស្កាត់​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុង​អំឡុង​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណី​ជាតិ​ឆ្នាំ​នេះ។

ក្រុម​អ្នក​បើក​បរ​រថយន្ត​កុងទឺន័រ ចេញ​ពី​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ បាន​ប្ដេជ្ញា​ថា នឹង​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា ជាពិសេស​ពួកគេ​បាន​ប្ដេជ្ញា​មិន​ទទួល​ទាន​គ្រឿង​ស្រវឹង​ពេល​បើកបរ​នោះ​ទេ។

អភិបាល​ខេត្ត​ព្រះសីហនុ លោក ឈិត សុខុន បាន​អំពាវនាវ​ដល់​អ្នក​បើក​បរ​យានយន្ត​គ្រប់​ប្រភេទ ពិសេស​អ្នក​បើកបរ​រថយន្ត​កុងទឺន័រ ត្រូវ​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​មិន​ត្រូវ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ឬ​បើក​វ៉ា​ជែង​ក្នុង​ស្ថានភាព​ផ្លូវ​កោង​នោះ​ទេ។ ជាង​នេះ លោក​ស្នើ​ដល់​អ្នក​ប្រើប្រាស់​ផ្លូវ ឬ​អ្នក​បើកបរ​យានយន្ត ត្រូវ​មាន​​ការ​យោគយល់ និង​អធ្យាស្រ័យ​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក ដើម្បី​ចូល​រួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ។

​បញ្ហា​នេះ មន្ត្រី​នគរបាល​ក្រសួង​មហាផ្ទៃ បាន​សហការ​ជាមួយ​មន្ត្រី​មន្ទីរ​សាធារណការ តំណាង​កំពង់ផែ​អន្តរជាតិ និង​កម្លាំង​សមត្ថកិច្ច​ខេត្ត​ព្រះសីហនុ ក៏​បាន​បើក​យុទ្ធនាការ​ចុះ​អប់រំ​អ្នក​បើក​រថយន្ត​កុងទឺន័រ តាម​ផ្លូវ​ជាតិ​លេខ​៤ ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់​ពេល​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នេះ​ដែរ។

លោក យ៉ើ យ៉ាន់ណូ តំណាង​ក្រុម​ត្រួតពិនិត្យ​ចម្រុះ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​គោលដៅ​ដើម​ទី​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​ក្រសួង​មហាផ្ទៃ មាន​ប្រសាសន៍​ថា តំណាង​មន្ទីរ​សាធារណការ និង​តំណាង​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ព្រម​ទាំង​មន្ត្រី​កងរាជអាវុធហត្ថ និង​នគរបាល​ខេត្ត​នេះ កាល​ពី​ថ្ងៃ​ទី​៦ ខែ​មេសា បាន​ចុះ​អប់រំ​អ្នក​បើក​រថយន្ត​កុងទឺន័រ​ទាំង​អស់ ត្រូវ​គោរព​ច្បាប់​ពេល​ដឹក​ជញ្ជូន​ទំនិញ​ចេញ​ពី​ក្នុង​កំពង់ផែ​អន្តរជាតិ​ខេត្ត​ព្រះសីហនុ ឲ្យ​បាន​ខ្ជាប់ខ្ជួន។ ជាង​នេះ មន្ត្រី​ជំនាញ​ក៏​បាន​តម្រូវ​ឲ្យ​ក្រុមហ៊ុន​រថយន្ត​ដឹក​កុងទឺន័រ ទាំង​អស់ ត្រូវ​មាន​បច្ចេកទេស​ត្រឹមត្រូវ​មុន​នឹង​ដឹក​ទំនិញ​ចេញ​ពី​កំពង់ផែ​ដើម​ទី​ពី​ខេត្ត​ព្រះសីហនុ។

​លោក យ៉ើ យ៉ាន់ណូ បញ្ជាក់​ថា គោលបំណង​បើក​យុទ្ធនាការ​ត្រួត​ពិនិត្យ និង​ចុះ​អប់រំ​ពី​ច្បាប់​ចរាចរណ៍​ដល់​អ្នក​បើកបរ​រថយន្ត​កុងទឺន័រ ដែល​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ​៤ ពេល​នេះ គឺ​មាន​គោលដៅ​ចូល​រួម​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ឲ្យ​ថយ​មក​កម្រិត​ទាប ក្នុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ឆ្នាំ​នេះ។

ឆ្លើយ​តប​ការ​អំពាវនាវ​នេះ ក្រុម​អ្នក​បើកបរ​រថយន្ត​ក្រុង ពិសេស​អ្នក​បើកបរ​រថយន្ត​កុងទឺន័រ នៅ​តាម​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ប្រើប្រាស់​ផ្លូវ​ជាតិ​លេខ​៤ បាន​ប្ដេជ្ញា​ថា នឹង​ចូល​រួម​កាត់​បន្ថយ​អត្រា​ស្លាប់ ឬ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​អំឡុង​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ឆ្នាំ​នេះ។

​អ្នក​បើកបរ​រថយន្ត​កុងទឺន័រ ចេញ​ពី​កំពង់ផែ​អន្តរជាតិ ខេត្ត​ព្រះសីហនុ ជា​ច្រើន​នាក់ បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​វិទ្យុ​អាស៊ីសេរី​ថា នឹង​ចូល​រួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ទាំង​អស់​គ្នា ជាពិសេស​ពួកគេ​បាន​ប្ដេជ្ញា​មិន​ទទួល​ទាន​គ្រឿង​ស្រវឹង​ពេល​បើកបរ​ជា​ដាច់​ខាត។

​តាម​រយៈ​ការ​ប្ដេជ្ញា​នេះ លោក ឈិត សុខុន អភិបាល​ខេត្ត​ព្រះសីហនុ និង​លោក យ៉ើ យ៉ាន់ណូ តំណាង​ក្រុម​ត្រួតពិនិត្យ​ចម្រុះ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​គោលដៅ​ដើម​ទី​នៃ​អគ្គស្នងការ​នគរបាល​ជាតិ មាន​ជំនឿ​ថា នឹង​អាច​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ថយ​មក​ចំនួន​ទាប​នៅ​ក្នុង​អំឡុង​ពេល​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​រយៈពេល ៣​ថ្ងៃ ដែល​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​មេសា ជា​មិន​ខាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។