សង្គមស៊ីវិល និងយុវជនលើកឡើងថា អំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋ កំពុងក្លាយជាជំងឺឆ្លងដ៏រ៉ាំរ៉ៃ និងបានចាក់ឫសយ៉ាងជ្រៅនៅកម្ពុជា។ ទាំងសង្គមស៊ីវិល និងយុវជន ចាត់ទុកថា បក្ខពួកនិយម គ្រួសារនិយមនៅក្នុងស្ថាប័នរដ្ឋ បានរាំងស្ទះដល់ឱកាសយុវជន ប៉ះពាល់ដំណើរការអភិវឌ្ឍប្រទេស មិនអាចប្រព្រឹត្តទៅដោយឈរលើគោលការណ៍សមធម៌ សុចរិតភាព និងធានាឲ្យបាននូវផលប្រយោជន៍ដល់ពលរដ្ឋគ្រប់រូបនោះទេ។
សង្គមស៊ីវិល និងយុវជន ជំរុញឲ្យរដ្ឋាភិបាលបង្កើតច្បាប់ហាមឃាត់បុគ្គលិកដែលជាប់សាច់ឈាមគ្នាជិតស្និទ្ធ ធ្វើការនៅក្នុងស្ថាប័នរដ្ឋតែមួយដូចគ្នា បើទោះបីជាបេក្ខជននោះមានសមត្ថភាពគ្រប់គ្រាន់ក៏ដោយ។
ការបង្ហាញនេះ នៅក្នុងវេទិកាស្ដីពី «ការប្រកួតជើងឯកជជែកតស៊ូមតិដើម្បីតម្លាភាពឆ្នាំ២០១៥» នៅថ្ងៃទី២១ ខែមិថុនា នារាជធានីភ្នំពេញ ដែលរៀបចំឡើងដោយអង្គការតម្លាភាពកម្ពុជា។
យុវជនដែលបានចូលរួមវេទិកាតស៊ូមតិដើម្បីតម្លាភាព កញ្ញា ឡាយ ឈីម៉ី លើកឡើងថា អំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋ ដូចជាការទាញយកសាច់ញាតិមកបម្រើការដើម្បីរក្សាអំណាច រក្សាផលប្រយោជន៍ និងជួយបិទបាំងទង្វើរបស់ខ្លួនណាមួយ គឺជាភាពមិនប្រក្រតី ជាអំពើអយុត្តិធម៌ និងមិនផ្តល់ឱកាសឲ្យមានភាពចម្រុះបែបនៅក្នុងស្ថាប័នជាតិ។ យុវតីរូបនេះបន្តថា បញ្ហានេះរដ្ឋាភិបាលមិនអាចមើលរំលងបានឡើយ។ ដូច្នេះ រដ្ឋាភិបាលគួរតែបង្កើតច្បាប់ហាមឃាត់បុគ្គលិកជាប់សាច់ឈាមគ្នា ធ្វើការក្នុងស្ថាប័នរដ្ឋតែមួយ៖ «នៅពេលដែលមានសាច់ញាតិបម្រើការនៅក្នុងស្ថាប័នតែមួយ ប្រព័ន្ធទិន្នន័យ ឬប្រព័ន្ធព័ត៌មានអីហ្នឹង វាអត់មានតម្លាភាព សុចរិតភាពនោះទេ»។
យុវជនម្នាក់ទៀតមកពីសាកលវិទ្យាល័យជាតិគ្រប់គ្រង លោក ហេង សុវណ្ណ បានលើកឡើងដែរថា ដោយសារអំពើពុករលួយ គ្រួសារនិយមនៅក្នុងស្ថាប័នរដ្ឋ បានធ្វើឲ្យយុវជនជាច្រើនដែលបញ្ចប់ការសិក្សា គ្មានការងារធ្វើ និងមានយុវជនមួយចំនួនដែលមានសមត្ថភាពមិនអាចបម្រើការនៅក្នុងស្ថាប័នរដ្ឋបាន។ លោកបន្តថា មានយុវជនកម្ពុជា ជាច្រើន ចង់បម្រើការងាររដ្ឋ តែផ្ទុយទៅវិញពួកគេមិនសូវមានឱកាសច្រើនដូចជាអ្នកដែលជាប់សាច់ឈាមជិតស្និទ្ធនៅក្នុងស្ថាប័នរដ្ឋនោះឡើយ។ យុវជនរូបនេះ ចង់ឲ្យរដ្ឋាភិបាលបង្កើតច្បាប់ហាមឃាត់បុគ្គលិកជាប់សាច់ឈាមគ្នាធ្វើការក្នុងស្ថាប័នរដ្ឋតែមួយ ដើម្បីលុបបំបាត់អំពើពុករលួយនៅកម្ពុជា៖ «ប្រសិនជាយើងហាមឃាត់បក្ខពួកនិយម ឬសាច់ញាតិនៅក្នុងស្ថាប័នរដ្ឋបាន មានន័យថា យើងអាចរកចំណុចរួមដែលជួយដោះស្រាយអំពើពុករលួយនៅកម្ពុជា បាន»។
អង្គការតម្លាភាពអន្តរជាតិរកឃើញថា ប្រទេសកម្ពុជា ជាប្រទេសដែលមានអំពើពុករលួយខ្លាំងជាងគេនៅតំបន់អាស៊ានក្នុងឆ្នាំ២០១៤។ កម្ពុជា មានប្រជាជនជិត ២០% ឬជិត ៣លាននាក់ រស់នៅក្រោមបន្ទាត់នៃភាពក្រីក្រ ហើយប្រជាជនរាប់លាននាក់ផ្សេងទៀត កំពុងរស់នៅកៀកបន្ទាត់ក្រីក្រ។
ករណីនេះ ត្រូវបាននាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បញ្ជាក់ថា ដើម្បីឲ្យស្ថាប័នរដ្ឋមានគុណភាព និងតម្លាភាព កម្ពុជា គួរតែបង្កើតច្បាប់ហាមឃាត់បុគ្គលិកដែលជាប់សាច់ឈាមគ្នាជិតស្និទ្ធ ធ្វើការនៅក្នុងស្ថាប័នរដ្ឋតែមួយដូចគ្នា។ លោកថា តាមការស្រាវជ្រាវកន្លងមកឃើញថា គ្រប់ស្ថាប័នរដ្ឋសុទ្ធតែជាប់ពាក់ព័ន្ធនឹងបក្ខពួកនិយម ឬគ្រួសារនិយម។ លោកបន្តថា ការដែលយកសាច់ញាតិមកបម្រើការនៅក្នុងស្ថាប័នរដ្ឋ ងាយនឹងអាចបង្កជាទំនាស់ផលប្រយោជន៍៖ «យើងអាចធ្វើការក្នុងស្ថាប័នរដ្ឋតែមួយបាន ប៉ុន្តែយើងត្រូវធានាថាមិននៅក្នុងនាយកដ្ឋានតែមួយ និងធានាមិនមានការផ្តល់ព័ត៌មាន ឬរាយការណ៍ណាមួយដែលអាចបង្កលក្ខណៈឲ្យមានបញ្ហាពុករលួយនៅក្នុងស្ថាប័នរដ្ឋ ហើយជំហររបស់ខ្ញុំ ខ្ញុំគិតថារដ្ឋាភិបាលត្រូវតែបង្កើតច្បាប់ហាមឃាត់បុគ្គលិកដែលជាប់សាច់ឈាមគ្នាជិតស្និទ្ធ ធ្វើការនៅក្នុងស្ថាប័នរដ្ឋតែមួយដូចគ្នា ទើបកម្ពុជា អភិវឌ្ឍទៅបាន»។
ចំណែកសាស្ត្រាចារ្យផ្នែកច្បាប់នៃសាកលវិទ្យាល័យកម្ពុជា និងសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច លោក សៅ ឌឺលុច បញ្ជាក់ថា ច្បាប់ដែលយុវជនចង់ឲ្យបង្កើតនេះ គឺដើម្បីធានាគ្រប់គ្រងតែមន្ត្រីគ្រប់គ្រងរដ្ឋបាលប៉ុណ្ណោះ ដោយគិតត្រឹមអគ្គនាយកដ្ឋានចុះក្រោម។ សាស្ត្រាចារ្យច្បាប់រូបនេះយល់ថា បើកម្ពុជា បង្កើតច្បាប់នេះបាន កម្ពុជា នឹងចំណេញច្រើនក្នុងការប្រឆាំងអំពើពុករលួយ។ លើសពីនេះ នឹងធ្វើឲ្យការចូលបម្រើការងារនៅក្នុងក្របខ័ណ្ឌមន្ត្រីរាជការមានភាពច្បាស់លាស់។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រី និងជារដ្ឋលេខាធិការ លោក ផៃ ស៊ីផាន ដើម្បីឆ្លើយតបជុំវិញការស្នើរបស់យុវជនបាននៅឡើយ នៅថ្ងៃទី២១ ខែមិថុនា។
កាលពីចុងឆ្នាំ២០១៤ កន្លងទៅ អនុប្រធានគណៈកម្មការធនាគារ ហិរញ្ញវត្ថុ និងសវនកម្មរដ្ឋសភា លោក សុន ឆ័យ បានបញ្ចេញឯកសារមួយបង្ហាញថា ក្រុមគ្រួសារអគ្គលេខាធិការរងរដ្ឋសភា លោក មិត្ត ការ៉េន ជាអ្នកក្ដោបក្ដាប់សិទ្ធិអំណាចផ្នែកចាត់តាំងបុគ្គលិក ផ្នែកកាន់លុយ និងត្រួតពិនិត្យក្នុងរដ្ឋសភាទាំងមូល នៅក្នុងស្ថាប័នមួយនេះដាក់សុទ្ធតែសាច់ញាតិខ្លួនឯង។
របាយការណ៍ស្ដីពីការវាយតម្លៃប្រព័ន្ធសុចរិតភាពថ្នាក់ជាតិឆ្នាំ២០១៤ កត់សម្គាល់ថា បញ្ហាបក្ខពួកនិយម និងអំពើពុករលួយមានការជាប់ទាក់ទងគ្នាយ៉ាងជ្រៅ ហើយបានរីករាលដាលក្នុងវិស័យសាធារណៈ និងស្ថាប័នសំខាន់ៗរបស់រាជរដ្ឋាភិបាល ដែលបានធ្វើឲ្យអន្តរាយដល់ប្រព័ន្ធនីតិរដ្ឋ ភាពស្មោះត្រង់ ធ្វើឲ្យបាត់ថវិកាជាតិរាប់រយលានដុល្លារក្នុងមួយឆ្នាំៗ និងពេលខ្លះបានបង្អាក់កិច្ចប្រឹងប្រែងរបស់អង្គភាពប្រឆាំងអំពើពុករលួយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។