កម្មករ​រោងចក្រ​ធី.អ.ស៊ី.អេ​ធ្វើ​បាតុកម្ម​ពីរ​ថ្ងៃ​ជាប់​គ្នា​ទាមទារ​ប្ដូរ​លក្ខខណ្ឌ​ការងារ​១០​ចំណុច

ដោយ អ៊ុក សាវបូរី
2015.03.21
កម្មករ​តវ៉ា​ប្ដូរ​លក្ខខណ្ឌ​ការងារ ៦២០ កម្មករ​រោងចក្រ​កាត់​ដេរ ធី.អ.ស៊ី.អេ (TRCA) ធ្វើ​បាតុកម្ម​នៅ​ខាង​មុខ​រោងចក្រ ទាមទារ​ប្ដូរ​លក្ខខណ្ឌ​ការងារ ១០​ចំណុច នៅ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០១៥។
Photo: RFA

កម្មករ​រោងចក្រ​កាត់​ដេរ ធី.អ.ស៊ី.អេ (TRCA) បាន​ធ្វើ​បាតុកម្ម​ពីរ​ថ្ងៃ​ហើយ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​ផ្តល់​ប្រាក់​អាហារ​មួយ​ថ្ងៃ ២​ពាន់​រៀល ដំឡើង​ប្រាក់​រង្វាន់ ឬ​លុយ​ព្រីម ៣​ដុល្លារ​ក្នុង​១​ខែ សុំ​ឲ្យ​មាន​ទារកដ្ឋាន សុំ​ឲ្យ​មាន​រោង​សម្រាប់​ដាក់​កង់ ជាដើម។ ទោះ​យ៉ាង​ណា ការ​ទាមទារ​នេះ​មិន​ទាន់​មាន​ដំណោះស្រាយ​យ៉ាង​ណា​ទេ។

កម្មករ​រោងចក្រ​កាត់​ដេរ ធី.អ.ស៊ី.អេ ជិត ៧០០​នាក់ បាន​ធ្វើ​បាតុកម្ម ២​ថ្ងៃ​ជាប់​គ្នា​សុំ​ឲ្យ​ថៅកែ​ប្ដូរ​លក្ខខណ្ឌ​ការងារ​ចំនួន ១០​ចំណុច។

កម្មការិនី វណ្ណ ស្រីពៅ ឲ្យ​ដឹង​ថា គាត់​ធ្វើ​ការ​ពី​ឆ្នាំ​២០១០ មក​មិន​ដែល​មាន​ប្រាក់​អាហារ​ថ្ងៃ​ត្រង់​ទេ ទើប​កម្មករ​ទាមទារ​ថ្លៃ​បាយ​ថ្ងៃ​ត្រង់ ព្រោះ​រោងចក្រ​ដទៃ​បាន​ផ្តល់​ឲ្យ​កម្មករ​មួយ​ថ្ងៃ ២​ពាន់​រៀល៖ «រោងចក្រ​មាន​តែ​លុយ​ព្រីម លុយ​អតីតភាព ដំណាច់​ឆ្នាំ ហើយ​និង​លុយ​ធ្វើ​ដំណើរ។ ពួក​ខ្ញុំ​ស្នើសុំ​លុយ​បាយ​ថ្ងៃ​ត្រង់​មួយ​ថ្ងៃ ២​ពាន់​រៀល»

បន្ថែម​លើ​នោះ កម្មការិនី ស្រីនាង ឲ្យ​ដឹង​ថា ក្រៅ​ពី​ប្រាក់​អាហារ​ថ្ងៃ​ត្រង់ កម្មករ​ទាមទារ​ឲ្យ​មាន​រោង​សម្រាប់​ដាក់​កង់​ម៉ូតូ បន្ទប់​ទឹក​ឲ្យ​មាន​ទឹក​ប្រើ ក៏ដូចជា​ទឹក​ទទួល​ទាន​ត្រូវ​ឲ្យ​សម្បូរ សុំ​ឲ្យ​មាន​ទារកដ្ឋាន និង​សុំ​ដំឡើង​ប្រាក់​រង្វាន់ ឬ​លុយ​ព្រីម ៣​ដុល្លារ​បន្ថែម​ទៅ​លើ​ប្រាក់​ព្រីម​មាន​ពី​មុន៖ «បង្គន់​ចង់​ឲ្យ​ការ​ជួសជុល​បន្ថែម»

ចំណែក​កម្មការិនី ឃី សុខមុនី អះអាង​ថា ថៅកែ​បាន​ប្រើ​កម្មករ​មិន​ថា​ថ្ងៃ​ឈប់ ឬ​ថ្ងៃ​បុណ្យ ដល់​ពេល​កម្មករ​មាន​ធុរៈ​សុំ​ឈប់ ថៅកែ​មិន​អនុញ្ញាត ទើប​កម្មករ​ទាំងអស់​តវ៉ា​ពី​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​មីនា មក​ដល់​ថ្ងៃ​ទី​២១ ខែ​មីនា នេះ ដើម្បី​ឲ្យ​ថៅកែ​ប្ដូរ​លក្ខខណ្ឌ​ការងារ ១០​ចំណុច។ ប៉ុន្តែ​ថៅកែ​នៅ​ធ្វើ​ព្រងើយ​មិន​ព្រម​ដោះស្រាយ ទើប​កម្មករ​បន្ត​តវ៉ា​ទៀត៖ «ព្រោះ​អី​កន្លែង​ក្នុង​វា​អត់​ទាន់​មាន​កន្លែង​ទុក​ដាក់​ទារក ចង់​ឲ្យ​មាន​អ្នក​មើល​ទារក មើល​ថែ ពេល​អ្នក​ខ្លះ​ពោះធំ​ត្រូវ​ការ​កូន​ង៉ែត​អី ចង់​ឲ្យ​គេ​មាន​អា​ហ្នឹង»

តំណាង​រោងចក្រ​កាត់​ដេរ ធី.អ.ស៊ី.អេ ឲ្យ​ដឹង​ថា ថៅកែ​មក​ពី​ប្រទេស​ចិន និង​ម្ចាស់​ជំនួយ កំពុង​តែ​ប្រជុំ​មិន​ទាន់​ដឹង​លទ្ធផល​យ៉ាង​ណា​នៅ​ឡើយ។

តំណាង​សហព័ន្ធ​សហជីព​ដើម្បី​កម្មករ លោក នៅ ចំរើន ឲ្យ​ដឹង​ថា សហជីព​នេះ​នឹង​ជួយ​តវ៉ា​ឲ្យ​កម្មករ​ទទួល​បាន​អត្ថប្រយោជន៍​យ៉ាង​ហោច​ណាស់​ក្នុង​ចំណោម ១០​ចំណុច​ដែល​បាន​ទាមទារ អាច​បាន​ទទួល​ប្រាក់​បាយ​ថ្ងៃ​ត្រង់​មួយ​ថ្ងៃ ២​ពាន់​រៀល និង​ប្រាក់​ព្រីម ៣​ដុល្លារ​បន្ថែម​ទៅ​លើ​ប្រាក់​ព្រីម​ពី​មុន ១២​ដុល្លារ៖ «ខាង​សហព័ន្ធ​យើង​ខ្ញុំ​នេះ ខ្ញុំ​ទាមទារ​ដើម្បី​ឲ្យ​ខាង​ក្រុមហ៊ុន​មាន​ដំណោះស្រាយ​ជាមួយ​បង​ប្អូន​កម្មករ ហើយ​ជាមួយ​ខាង​សហព័ន្ធ​យើង​ខ្ញុំ»

លក្ខខណ្ឌ​ការងារ​ចំនួន ១០​ចំណុច ដែល​កម្មករ​ទាមទារ​សុំ​ប្ដូរ​រួម​មាន សុំ​ឲ្យ​មាន​រោង​ដាក់​កង់​ម៉ូតូ សុំ​ផ្តល់​លុយ​បាយ​ថ្ងៃ​ត្រង់ ២​ពាន់​រៀល​ក្នុង​១​ថ្ងៃ ផ្តល់​លុយ​រង្វាន់​ទៀង​ទាត់ (លុយ​ព្រីម) សរុប ១៥​ដុល្លារ​ក្នុង​១​ខែ សុំ​ឲ្យ​ថៅកែ​កុំ​បង្ខំ​កម្មករ​ធ្វើ​ការ​បន្ថែម​ម៉ោង​បើ​កម្មករ​មិន​ស្ម័គ្រ​ចិត្ត សុំ​ឲ្យ​ថៅកែ​អនុញ្ញាត​ឲ្យ​ស្រី​មាន​ផ្ទៃពោះ​ចេញ​មុន​ម៉ោង​ធ្វើ​ការ ១៥​នាទី សុំ​ឲ្យ​ថៅកែ​សង់​ទារកដ្ឋាន​សម្រាប់​កូន​ក្មេង និង​ទារក​ដែល​ម្តាយ​កំពុង​ធ្វើ​ការ​នៅ​ក្នុង​រោងចក្រ សុំ​ឲ្យ​ថៅកែ​ណែនាំ​អ្នក​គ្រប់គ្រង​កម្មករ​ជនជាតិ​ចិន ឲ្យ​ប្រើ​សម្ដី​សមរម្យ​លើ​កម្មករ សុំ​ឲ្យ​ថៅកែ​ផ្តល់​លុយ​លើក​ទឹក​ចិត្ត​កម្មករ​មួយ​ខែ ៦​ពាន់​រៀល​តាម​ការ​សន្យា​ពេល​រោងចក្រ​បើក​ដំណើរ​ការ ព្រោះ​កម្មករ​ធ្វើ​ការ​យូរ​ទៅ ថៅកែ​បំបាត់​ប្រាក់​លើក​ទឹក​ចិត្ត​កម្មករ​ឆ្នើម សុំ​កែលំអ​ផាសុកភាព​នៅ​ក្នុង​រោងចក្រ និង​សុំ​ឲ្យ​មាន​គ្រូពេទ្យ​ប្រចាំ​ការ​នៅ​ក្នុង​រោងចក្រ។

កម្មករ​ទាំងអស់ សន្យា​បន្ត​ការ​តវ៉ា​នៅ​សប្ដាហ៍​ក្រោយ​ទៀត បើ​ថៅកែ​មិន​អាច​ដោះស្រាយ​បាន​ចំណុច​ណា​មួយ​ទេ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។