ធ្រីប​អែដវ៉ាយសឺ​យក​ពាន​រង្វាន់​ចំណាត់​ថ្នាក់​លេខ​១​នៃ​គោលដៅ​ទេសចរណ៍​ជូន​ទីក្រុង​សៀមរាប

0:00 / 0:00

តំណាង​អង្គការ ធ្រីប អែដវ៉ាយសឺ (Trip Advisor) ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហបុរី (Singapore) បាន​មក​ដល់​ខេត្ត​សៀមរាប ប្រទេស​កម្ពុជា ហើយ​បាន​ប្រកាស​ជា​ផ្លូវ​ការ​កាល​ពី​រាត្រី​ថ្ងៃ​ទី​៧ ខែ​មេសា កន្លង​ទៅ ថា​ទីក្រុង​សៀមរាប បាន​ជាប់​លេខ​១ សម្រាប់​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ី និង​លេខ​២ នៅ​ទូទាំង​ពិភពលោក សម្រាប់​ឆ្នាំ​២០១៥ នេះ។

ការ​ប្រកាស​ជ័យលាភី​ដែល​បាន​ពី​ការ​បោះ​ឆ្នោត​នៅ​ជុំវិញ​ពិភពលោក​នេះ ធ្វើ​ឡើង​នៅ​លើ​ទ្រូង​ផ្លូវ ផបស្ទ្រីត (Pub Street) ជិត​ផ្សារ​ចាស់ ដែល​ជា​កន្លែង​ប្រជុំ​ក្រុម​អ្នក​ទេសចរ​ចម្រុះ​ជាតិ​សាសន៍​របស់​ទីក្រុង​សៀមរាប។

មន្ត្រី​ក្រសួង​ទេសចរណ៍ នៃ​ប្រទេស​កម្ពុជា និង​អាជ្ញាធរ​ខេត្ត​សៀមរាប រួម​ទាំង​ប្រជាពលរដ្ឋ​ជាច្រើន​ទៀត​មាន​មោទនភាព​យ៉ាង​ខ្លាំង​នៅ​ក្នុង​ពេល​ដែល​អង្គការ ធ្រីប អែដវ៉ាយសឺ បាន​ប្រកាស​ថា ទីក្រុង​សៀមរាប បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ខាង​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ី និង​ចំណាត់​ថ្នាក់​លេខ​២ នៅ​ទូទាំង​ពិភពលោក​នោះ។

ក្រុម​ភ្លៀង​ឆៃយ៉ាំ​ដែល​មាន​លក្ខណៈ​ជា​ប្រពៃណី​ខ្មែរ បាន​ប្រគំ ហើយ​ឈរ​នៅ​ចាំ​នាំ​មុខ​គណៈប្រតិភូ​ចម្រុះ ដើម្បី​ឆ្ពោះ​ទៅ​កាន់​វេទិកា​មួយ​ដែល​សង់​កណ្ដាល​ផ្លូវ​នៃ​ទីប្រជុំ​ភ្ញៀវ​ទេសចរ​បរទេស នៅ​ជិត​តំបន់​ផ្សារ​ចាស់ ធ្វើ​ឲ្យ​ពិធី​នៅ​ក្នុង​ពេល​រាត្រី​កាន់​តែ​មាន​សភាព​អធិកអធម និង​គួរ​ឲ្យ​រំភើប។

រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ នៃ​ប្រទេស​កម្ពុជា គឺ​លោក​បណ្ឌិត ថោង ខុន។ លោក​បាន​ថ្លែង​នៅ​ក្នុង​ពិធី​អបអរ​សាទរ​នៃ​ការ​ទទួល​ជ័យលាភី​របស់​ទីក្រុង​សៀមរាប នោះ​ថា មិន​ត្រឹម​តែ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប ប៉ុណ្ណោះ​ទេ គឺ​ប្រជាពលរដ្ឋ​ខ្មែរ​នៅ​ទូទាំង​ប្រទេស​ពិត​ជា​មាន​មោទនភាព​យ៉ាង​ក្រៃលែង ដោយសារ​ទីក្រុង​សៀមរាប​អង្គរ​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក បាន​ជាប់​លេខ​១ ខាង​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ី និង​លេខ​២ នៅ​ទូទាំង​ពិភពលោក​សម្រាប់​ឆ្នាំ​២០១៥។ លោក ថោង ខុន មាន​ប្រសាសន៍​ទៀត​ថា លោក​សូម​ថ្លែង​អំណរ​គុណ​ចំពោះ​អង្គការ ធ្រីប អែដវ៉ាយសឺ ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក និង​ប្រតិភូ​ដែល​បាន​នាំ​យក​ជ័យលាភី​មក​ប្រកាស​ជា​ផ្លូវ​ការ​នេះ៖ «ជា​ការ​ពិត អ្វី​ដែល​យើង​បាន​ទទួល​ដ៏​វិសេសវិសាល​នេះ គឺ​ដោយសារ​ការ​ខិតខំ​ប្រឹងប្រែង​របស់​យើង​ទាំងអស់​គ្នា​ទាំង​ផ្នែក​សាធារណៈ ទាំង​ផ្នែក​ឯកជន ជាពិសេស​ពី​ក្រសួង​ទេសចរណ៍ ពី​អាជ្ញាធរ​ខេត្ត​សៀមរាប និង​កម្លាំង​ប្រដាប់​អាវុធ ដែល​ខិតខំ​ការពារ​សន្តិសុខ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ»

អង្គការ ធ្រីប អែដវ៉ាយសឺ បាន​បញ្ជាក់​ថា សម្រាប់​ឆ្នាំ​២០១៥ នេះ គេ​បាន​ជ្រើសរើស​យក​គោលដៅ​ទេសចរណ៍​ដ៏​អស្ចារ្យ​ចំនួន ៤៦៩​កន្លែង​ពី​ជុំវិញ​ពិភពលោក​នៃ​តំបន់​អាស៊ី អាហ្វ្រិក អាមេរិក និង​អាមេរិក​កណ្ដាល ជាដើម ដាក់​ឲ្យ​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​បោះ​ឆ្នោត ហើយ​ទីបំផុត ទីក្រុង​សៀមរាប​អង្គរ បាន​ជាប់​ចំណាត់​ថ្នាក់​លេខ​១ ក្នុង​តំបន់​អាស៊ី និង​លេខ​២ នៅ​ទូទាំង​ពិភពលោក។

តំណាង​អង្គការ ធ្រីប អែដវ៉ាយសឺ ប្រចាំ​តំបន់​អាស៊ី-ប៉ាស៊ីហ្វិក កញ្ញា លីឡាយ ចេង (Lily Cheng) មាន​ប្រសាសន៍​នៅ​ក្នុង​ពិធី​ប្រកាស​ជ័យលាភី​នោះ​ថា ទីក្រុង​សៀមរាប ដែល​ត្រូវ​ជ្រើសរើស​ឲ្យ​ជាប់​ចំណាត់​ថ្នាក់​លេខ​១ នៃ​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ី និង​លេខ​២ នៅ​ទូទាំង​ពិភពលោក​នោះ គឺ​បាន​ពី​ការ​វិនិច្ឆ័យ​ដ៏​ពិសេស​របស់​ប្រជាពលរដ្ឋ​រាប់​លាន​នាក់​នៅ​ជុំវិញ​ពិភពលោក៖ «ដោយសារ​តែ​ប្រជាពលរដ្ឋ​ច្រើន​លាន​នាក់​បាន​ឲ្យ​ឈ្មោះ​ទីក្រុង​សៀមរាប ជា​គោលដៅ​ទេសចរណ៍​លេខ​១ ក្នុង​តំបន់​អាស៊ី និង​លេខ​២ នៅ​ទូទាំង​ពិភពលោក​នេះ គឺ​ខ្ញុំ​ដែល​គ្រាន់​តែ​ជា​តំណាង​នាំ​យក​ជ័យលាភី​មក​ជូន ក៏​សូម​សម្ដែង​ការ​អបអរ​សាទរ​ដែរ»

កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា កន្លង​ទៅ រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍ បាន​ប្រកាស​ព័ត៌មាន​ជា​បន្ទាន់​មួយ​ថា ទីក្រុង​សៀមរាប​អង្គរ បាន​ជាប់​លេខ​១ នៃ​គោលដៅ​ទេសចរណ៍​ក្នុង​តំបន់​អាស៊ី ទីក្រុង​អ៊ីស្តាន់ប៊ុល (Istanbul) នៃ​ប្រទេស​ទួរគី (Turkey) ជាប់​លេខ​២ និង​ទីក្រុង​ហាណូយ (Hanoi) របស់​វៀតណាម (Vietnam) ជាប់​លេខ​៣។ ចំណែក​ចំណាត់​ថ្នាក់​នៅ​ក្នុង​ពិភពលោក គឺ​ទីក្រុង​ម៉ារ៉ាកេច (Marrakech) នៃ​ប្រទេស​ម៉ារ៉ុក (Morocco) ជាប់​លេខ​១ និង​ទីក្រុង​សៀមរាប​អង្គរ​របស់​ខ្មែរ​ជាប់​លេខ​២ ហើយ​ទីក្រុង​អ៊ីស្តាន់ប៊ុល ជាប់​លេខ​៣។

ក្រុម​អ្នក​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥។
ក្រុម​អ្នក​ទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​ចូល​ទស្សនា​ប្រាសាទ​អង្គរវត្ត កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កុម្ភៈ ឆ្នាំ​២០១៥។ (RFA/Hang Savyouth)

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា និង​ផ្នែក​ឯកជន បាន​ប្រឹងប្រែង​ទាក់ទាញ​អ្នក​ទេសចរ​បរទេស​ឲ្យ​ចូល​មក​ទស្សនា​ទេសចរណ៍​ធម្មជាតិ និង​ទេសចរណ៍​វប្បធម៌​នៅ​កម្ពុជា ជា​យូរ​មក​ហើយ រហូត​ដល់​គេ​បាន​លើក​តម្កើង​ប្រទេស​កម្ពុជា គឺ​ជា​ព្រះរាជាណាចក្រ​អច្ឆរិយ​ទៀត​ផង។

សហ​ប្រធាន​ក្រុម​ការងារ​វិស័យ​ទេសចរណ៍​ឯកជន លោក ហូ វណ្ឌី មាន​ជំនឿ​ថា អង្គការ ធ្រីប អែដវ៉ាយសឺ ដែល​ប្រកាស​លទ្ធផល​នៃ​ចំណាត់​ថ្នាក់​នៃ​គោលដៅ​ទេសចរណ៍​មក​ឲ្យ​កម្ពុជា នេះ គឺ​ច្បាស់​លាស់។ លោក ហូ វណ្ឌី ចាត់​ទុក​ថា ការ​វិនិច្ឆ័យ​នេះ គឺ​កាន់​តែ​ធ្វើ​ឲ្យ​អ្នក​ទេសចរ​បរទេស​មាន​ទំនុក​ចិត្ត ក្នុង​ការ​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​កម្ពុជា កាន់​តែ​ច្រើន​ឡើងៗ៖ «មិន​មែន​វាយ​តម្លៃ​ត្រឹម​ថា​ប្រាសាទ​មួយ​ដ៏​ល្អ​ស្អាត​ប៉ុណ្ណឹង​ទេ គឺ​គេ​វាយ​តម្លៃ​ទាំងអស់ ទាំង​ហេដ្ឋារចនាសម្ព័ន្ធ តាំង​ពី​ការ​បដិសណ្ឋារកិច្ច ការ​ផ្គត់ផ្គង់​សេវា​ឯកជន​យ៉ាង​ម៉េច និង​រដ្ឋ​យ៉ាង​ណា​នោះ»

កាល​ពី​ថ្ងៃ​ទី​១០ ខែ​មីនា កន្លង​ទៅ ទីក្រុង​សៀមរាប ធ្លាប់​បាន​រដ្ឋាភិបាល​ផ្ដល់​ជ័យលាភី​ជា​ទីក្រុង​ស្អាត ដែល​មាន​រហស្សនាម​ថា រំដួល ៣​ទង ម្ដង​មក​ហើយ​នៅ​ក្នុង​ចំណោម​ខេត្ត-ក្រុង​ចំនួន ៤​ផ្សេង​ទៀត។

អភិបាល​ខេត្ត​សៀមរាប លោក ឃឹម ប៊ុនសុង ធ្លាប់​បាន​លោក​ថ្លែង​នៅ​ក្នុង​ការ​ប្រារព្ធ​ពិធី​អបអរ​សាទរ​ទីក្រុង​សៀមរាប ដែល​ដណ្ដើម​បាន​ចំណាត់​ថ្នាក់​ជា​ទីក្រុង​ស្អាត ផ្កា​រំដួល ៣​ទង នោះ​ថា ទីក្រុង​ស្អាត​ជា​ស្ពាន​ចម្លង​វប្បធម៌​ជួប​គ្នា ជា​កន្លែង​ដែល​មាន​ការ​ប្រាស្រ័យ​ទាក់ទង​គ្នា ផ្លាស់​ប្ដូរ​គំនិត និង​ចំណេះ​ដឹង ជា​ស្ពាន​ចម្លង​ឲ្យ​មាន​ការ​ត​ភ្ជាប់​រវាង​ប្រជាជន និង​ប្រជាជន​នៅ​គ្រប់​ទិសទី និង​គ្រប់​ជាតិ​សាសន៍ ហើយ​ក៏​កំពុង​ដើរ​តួ​ជា​ផលិតផល​ទេសចរណ៍​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។