រយៈពេល​៥​ថ្ងៃ​នៃ​ការ​អនុវត្ត​បម្រាម​មិន​ឲ្យ​រថយន្ត​ធុន​ធំ​ចូល​ក្រុង

រាជធានី​ភ្នំពេញ មាន​ការ​កក​ស្ទះ​ចរាចរណ៍​រាល់​ថ្ងៃ ហើយ​ក៏​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍​ជាច្រើន​កើត​ឡើង ដោយសារ​រថយន្ត​ធុន​ធំ និង​កុងតឺន័រ​ជាដើម កិន​ស្លាប់​មនុស្ស​គួរ​ឲ្យ​ខ្លាច។ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ដោយសារ​រថយន្ត​ធំ​នេះ សាលា​រាជធានី​ភ្នំពេញ បាន​ជូន​ដំណឹង​ទៅ​ក្រុមហ៊ុន​ដឹក​ជញ្ជូន​នានា ឲ្យ​ផ្អាក​រថយន្ត​ធុន​ធំ និង​រថយន្ត​ដឹក​កុងតឺន័រ ធ្វើ​ចរាចរណ៍​ក្នុង​ទីក្រុង​ចាប់​ពី​ម៉ោង ៥​ភ្លឺ ទៅ​ទល់​ម៉ោង ៩​យប់។ សេចក្តី​ជូន​ដំណឹង​នោះ ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា មក។

0:00 / 0:00

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា សេចក្តី​ជូន​ដំណឹង​នោះ​មិន​មែន​ជា​ការ​ផាក​ពិន័យ​ទេ ជា​ការ​ណែនាំ​មួយ​ឲ្យ​ក្រុមហ៊ុន និង​អ្នក​រក​ស៊ី រួម​គ្នា​ដោះស្រាយ​បញ្ហា​កក​ស្ទះ​ចរាចរណ៍ និង​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​ភាគ​ច្រើន​បង្ក​ដោយ​រថយន្ត​ធុន​ធំ។

រយៈពេល ៥​ថ្ងៃ នៃ​ការ​ដាក់​ឲ្យ​អនុវត្ត​សេចក្តី​ជូន​ដំណឹង​របស់​សាលា​រាជធានី​ភ្នំពេញ ហាម​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ និង​រថយន្ត​ដឹក​កុងតឺន័រ បើកបរ​ពេល​ថ្ងៃ​នៅ​ក្នុង​ទីក្រុង គឺ​គេ​ឃើញ​មាន​ក្រុមហ៊ុន​ដឹក​ទំនិញ​មួយ​ចំនួន​បាន​អនុវត្ត តែ​មាន​អ្នក​បើកបរ​រថយន្ត​ធុន​ធំ​ខ្លះ មិន​ទាន់​អនុវត្ត​បាន​នៅ​ឡើយ។

អ្នក​បើកបរ​រថយន្ត​ដឹក​ស៊ីម៉ងត៍ និង​ដឹក​ដែក​ឲ្យ​ក្រុមហ៊ុន​សំណង់​នៅ​ក្បែរ​ស្ទឹងមានជ័យ សុំ​មិន​បញ្ចេញ​ឈ្មោះ ថ្លែង​ថា គាត់​ស្តាប់​តាម​ការ​ជូន​ដំណឹង​របស់​សាលា​រាជធានី។ គាត់​បាន​ដឹក​ស៊ីម៉ងត៍​មក​ដល់​ភ្នំពេញ នៅ​ពេល​ទៀប​ភ្លឺ តែ​គាត់​មិន​បើក​រថយន្ត​ដឹក​ឥវ៉ាន់​ក្នុង​នោះ​ទៅ​ដាក់​ក្នុង​ក្រុមហ៊ុន​ភ្លាម​ទេ។

គាត់​ចត​រថយន្ត​អែប​ផ្លូវ វ៉េង ស្រេង រង់ចាំ​ដល់​ម៉ោង ៩​យប់ ទើប​បើក​ចូល​ការដ្ឋាន​សំណង់៖ «ឡាន​ប្រភេទ​ធុន​ធំ ដូច​សេរី​ពួក​ខ្ញុំ​ហ្នឹង អា​ប្លាតហ្វម ហើយ​និង​អា​ម៉ា​តួ​ភ្លៅ​៥ ហើយ​និង​កុងតឺន័រ វា​ប្រភេទ​ហ្នឹង​ហើយ​បើ​អា ២​តោន​កន្លះ ខ្ញុំ​មិន​ដឹង​ទេ ព្រោះ​ខ្ញុំ​មិន​បាន​រៀន​ច្បាប់​ចរាចរណ៍​ទេ គ្រាន់​តែ​ខ្ញុំ​ស្តាប់​តាម​វិទ្យុ​គេ​ផ្សាយ​តាម​ហ្នឹង ខ្ញុំ​ស្តាប់​គេ​ទៅ ម៉ោង​៩​ចូល​ម៉ោង ៥​ជិត​ភ្លឺ​ហ្នឹង គេ​ឲ្យ​ចេញ​វិញ»

អ្នក​បើកបរ​មួយ​រូប​ទៀត ថ្លែង​ថា បញ្ហា​អនុវត្ត​សេចក្តី​ជូន​ដំណឹង​នោះ​អាច​ឲ្យ​គាត់​ខាត​ពេល​ជាច្រើន​ម៉ោង ក្នុង​ការ​បញ្ជូន​ឥវ៉ាន់​ពី​កន្លែង​មួយ​ទៅ​មួយ។ ប៉ុន្តែ គាត់​គោរព​តាម​ការ​ណែនាំ​នោះ៖ «បញ្ហា​ចរាចរណ៍​មិន​មែន​មក​ពី​ចរាចរណ៍​ទេ។ តៃកុង​ឡាន​មួយៗ​គេ​បើក​ឡាន​គេ​មិន​ចង់​ឲ្យ​មាន​បញ្ហា​គ្រោះ​ថ្នាក់​ចរាចរណ៍​ទេ ម៉ូតូ​ខ្លះ​វ៉ា វេ​លិច​វេ​កើត ចាក់​លិច​ចាក់​កើត ភ្លូច​កង់​ឡាន​គ្នា​ហ្នឹង​ដួល​មុខ​កង់​ឡាន​គ្នា​ហ្នឹង។ ធម្មតា​ឡាន​គ្នា ៥​ម៉ែត្រ ទៅ ១០​ម៉ែត្រ ហ្វ្រាំង​ម៉េច​ទាន់។ អា​រឿង​តៃកុង​ឡាន​អត់​មាន​ចង់​ឲ្យ​ប៉ះពាល់​ដល់​បង​ប្អូន​ណា អាយុ​ជីវិត​បង​ប្អូន​ណា​ទេ រឿង​ឡាន​ធំ​នោះ។ គឺ​ឡាន​បើក​អត់​ចេះ​យោគយល់​ក៏​បាន តែ​គ្រាន់​បញ្ហា គឺ​មិន​មក​ពី​ឡាន​ទាំង​ស្រុង​ពេក​ទេ វា​អាច​មក​ពី​អ្នក​ជិះ​ម៉ូតូ មិន​សូវ​ចេះ​គិត ស្រវឹង​បើកបរ ហើយ​ចូល​ឡាន​ភ្លូច ហើយ​អាង​បន្ទោស​តៃកុង​ឡាន​ឲ្យ​ខុស​រហូត»

កាល​ពី​ចុង​ខែ​តុលា សាលា​រាជធានី​ភ្នំពេញ បាន​ធ្វើ​សេចក្តី​ជូន​ដំណឹង​ហាម​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ និង​រថយន្ត​កុងតឺន័រ ចេញ​ចូល​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ចាប់​ពី​ម៉ោង ៥​ភ្លឺ ដល់​ម៉ោង ៩​យប់ ហើយ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ឆ្នាំ​២០១៣។

អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ លោក ឡុង ឌីម៉ង់ ថ្លែង​ថា ការ​អនុវត្ត​សេចក្តី​ជូន​ដំណឹង (ស.ជ.ណ) កំពុង​ធ្វើ​ហើយ។ ប៉ុន្តែ មាន​រថយន្ត​ធុន​ធ្ងន់​មួយ​ចំនួន​នៅ​តែ​ឆ្លង​កាត់​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្នុង​ម៉ោង​ហាម​ឃាត់​នៅ​ឡើយ អាច​មក​ពី​អ្នក​បើកបរ​មិន​ទទួល​បាន​សេចក្តី​ជូន​ដំណឹង​នោះ។ លោក​បន្ត​ថា សេចក្តី​ជូន​ដំណឹង​នោះ មិន​មែន​ជា​ឱសានវាទ​ទេ គឺ​គ្រាន់​តែ​ជា​ការ​ទើប​ចាប់​ផ្ដើម​អនុវត្ត​ការ​រៀប​ចំ​សណ្ដាប់ធ្នាប់​រាជធានី​ភ្នំពេញ ដោយ​បន្ថយ​ការ​កក​ស្ទះ​ចរាចរណ៍ និង​គ្រោះ​ថ្នាក់​ចរាចរណ៍ និង​ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដូច​ជា​ផ្លូវ ចំណត​ក្នុង​ក្រុង និង​ការ​ដឹក​ជញ្ជូន​សាធារណៈ ពុំ​ទាន់​សមស្រប​ទៅ​នឹង​កំណើន​ពលរដ្ឋ​ក្នុង​ទីក្រុង​កំណើន​រោងចក្រ សហគ្រាស ឃ្លាំង និង​កំណើន​មធ្យោបាយ​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ៖ «យើង​ហាម​ឃាត់​គាត់​ផង យើង​អប់រំ​ណែនាំ​គាត់​ផង ហើយ​យើង​ទុក​ពេល​ឲ្យ​គាត់ ដើម្បី​ឲ្យ​គាត់​អាច​ទៅ​សុំ​ច្បាប់ និង​បែបបទ​ដើម្បី​នាំ​ឲ្យ​រថយន្ត​របស់​គាត់​អាច​ចេញ​ចូល​ទៅ​មក​ភ្នំពេញ តាម​ម៉ោង​យើង​បាន​កំណត់ និង​តាម​តម្រាយ​ផ្លូវ​ដែល​យើង​បាន​កំណត់​ជូន តាម​ប្រភេទ​រថយន្ត​របស់​គាត់»

លោក​បន្ត​ថា ការ​អនុវត្ត​ភ្លាម​ឃើញ​មាន​ការ​កក​ស្ទះ​តាម​ផ្លូវ​ជុំវិញ​ទីក្រុង​មួយ​ចំនួន បណ្ដាល​មក​ពី​ផ្លូវ​ក្រវាត់​ក្រុង​មិន​ទាន់​បាន​រៀប​ចំ​ឲ្យ​បាន​ល្អ​នៅ​ឡើយ។ បញ្ហា​នេះ សាលា​រាជធានី​ភ្នំពេញ នឹង​អភិវឌ្ឍ ឬ​កសាង​ផ្លូវ​ក្រវាត់​ក្រុង​បន្តបន្ទាប់​ទៀត ដើម្បី​ឲ្យ​រថយន្ត​ធុន​ធ្ងន់​ទាំងអស់​ហ្នឹង មាន​លទ្ធភាព​ក្នុង​ការ​ពង្វាង​ផ្លូវ។

លោក​លើក​ឧទាហរណ៍ ស្ពាន​អាកាស​ក្បាល​ថ្នល់​បាន​ហាម​បើកបរ​ឆ្លង​កាត់​មែន ប៉ុន្តែ​សាលា​រាជធានី មិន​អាច​អនុវត្ត​បាន​ទាំង​ស្រុង ដោយសារ​ផ្លូវ​វាង​មិន​ទាន់​កសាង​រួច ព្រោះ​ទើស​ស្ពាន​តាខ្មៅ​មិន​ទាន់​បាន​ធ្វើ​ហើយ។ ហេតុ​នេះ សេចក្តី​ជូន​ដំណឹង​មិន​មែន​ជា​គោលដៅ​នៃ​ការ​ផាក​ពិន័យ​ទេ គឺ​ជា​ការ​រៀប​ចំ​ឲ្យ​មាន​ការ​កែ​ទម្លាប់​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​ដឹក​ជញ្ជូន ដើម្បី​ចាប់​ផ្ដើម​រួម​គ្នា​អភិវឌ្ឍ​សណ្ដាប់ធ្នាប់​ផ្លូវ​ក្នុង​ខណ្ឌ​ចំនួន​៤ កុំ​ឲ្យ​រថយន្ត​បើកបរ​ក្នុង​នោះ​នាំ​ឲ្យ​ចង្អៀត​ទីក្រុង។

លោក​ថា ខណ្ឌ​ទាំង​៤ ដែល​អភិវឌ្ឍ​មុន​គេ ក្នុង​ចំណោម​ខណ្ឌ​ទាំង​៩ មាន​ខណ្ឌ​ដូនពេញ ខណ្ឌ​ទួលគោក ខណ្ឌ​៧​មករា និង​ខណ្ឌ​ចម្ការមន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ​៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។