ប្រជាពលរដ្ឋនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ស្នើសុំឲ្យអាជ្ញាធរបញ្ឈប់សកម្មភាពឡានដឹកដី ដែលបំផ្លាញផ្លូវ ធ្វើឲ្យពិបាកធ្វើដំណើរឆ្លងកាត់ និងមានដីហុយ តែម្ចាស់ឡានដឹកដី បដិសេធការចោទប្រកាន់នេះ។
ប្រជាពលរដ្ឋនៅភូមិអូរអណ្ដូង១ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ត្អូញត្អែរពីបញ្ហាធូលីដី និងការពិបាកធ្វើដំណើរ ដោយសារផ្លូវចាក់បេតុងមួយខ្សែដែលពួកគាត់ខំកសាងនោះ កំពុងរងការខូចខាត នៅបន្ទាប់ពីមានឡានដឹកដីឆ្លងកាត់ជាច្រើនជើងក្នុងមួយថ្ងៃៗ។
អ្នកភូមិម្នាក់ឈ្មោះ យឹម សាវុធ លើកឡើងថា រយៈពេលប្រមាណ ៤ខែហើយដែលឡានធំៗ ដឹកដីយកទៅចាក់នៅតំបន់ភូមិអូរអណ្ដូង១ នោះ ហើយបណ្ដាលឲ្យប៉ះពាល់បរិស្ថាន និងខូចខាតផ្លូវ ពិបាកធ្វើដំណើរ និងរស់នៅ៖ «ដឹកហុយ បាក់បែកខូចខាតគ្មានអ្នកណាទទួលខុសត្រូវឡើយ។ អ៊ីចឹងគ្នាអ្នករស់នៅទីនេះ រស់នៅម៉េចបាន? ប៉ះពាល់បរិស្ថាន គ្រោះថ្នាក់ចរាចរណ៍ ពេលភ្លៀងវិញពិបាកធ្វើដំណើរកាន់តែខ្លាំង សិស្សសាលាដួលច្រងាប់ច្រងិល»។
ប្រជាពលរដ្ឋផ្សេងទៀត គឺលោក ផេង ផល្លាប ឲ្យដឹងដែរថា ពួកគាត់ទាមទារឲ្យអាជ្ញាធរផ្អាកសកម្មភាពក្រុមហ៊ុនឡានដឹកដីឯកជននោះ ដោយសារក្រុមហ៊ុនឡានដឹកដីមិនបានគោរពទៅតាមការសន្យាដែលថា ជួយសម្អាត និងជួសជុលផ្លូវជូនប្រជាពលរដ្ឋវិញ ប្រសិនបើមានការខូចខាត៖ «សំណូមពររបស់អ្នកភូមិ គឺឲ្យក្រុមហ៊ុនធ្វើផ្លូវឡើងវិញ ឬក៏ផ្អាកការដឹកតែម្តង។ បើបន្តដឹក គឺក្រុមហ៊ុនត្រូវដឹងថា តើក្រុមហ៊ុនត្រូវធ្វើអីដើម្បីប្រជាពលរដ្ឋធ្វើដំណើរបាន»។
ទន្ទឹមគ្នានេះដែរ អនុប្រធានភូមិ និងមន្ត្រីសង្កាត់ព្រែកប្រា ក៏មិនចង់ឃើញវត្តមានក្រុមហ៊ុនឡានដឹកដីនោះដែរ ប៉ុន្តែពួកគាត់គ្មានសមត្ថភាពទប់ស្កាត់ឡើយ។ ឡានដឹកដីនោះ ដឹកដីពីទីក្រុងភ្នំពេញ យកអាចម៍ដីទៅចាក់នៅដីឡូមួយកន្លែងនៅក្នុងសង្កាត់ព្រែកប្រា ដែលអ្នកភូមិអះអាងថា ក្រុមហ៊ុននេះនឹងដឹកដីរយៈពេល ២ឆ្នាំ។
ម្ចាស់ឡានដឹកដី លោកស្រី សុផារី បានច្រានចោលការចោទប្រកាន់របស់ប្រជាពលរដ្ឋ។ លោកស្រីខំប្រឹងនិយាយទាំងទឹកភ្នែកថា កន្លងមក ក្រុមហ៊ុនឡានដឹកដីតែងតែជួសជុលផ្លូវដែលខូចខាតវិញជាបន្តបន្ទាប់៖ «បើដឹងថាសង្កាត់ និងវៀតណាម អស់ហ្នឹងចិត្តខ្មៅ ខ្ញុំមិនទទួលកុងត្រាគេធ្វើទេ។ ខ្ញុំចាក់ថ្មអស់ប្រមាណ ៤ ទៅ ៥ពាន់ហើយ។ ប៉ុន្មានថ្ងៃមុន ក៏កៀរដីចេញស្អាតដែរ តើខ្ញុំចាក់ដីប៉ុណ្ណឹង តើខ្ញុំចំណេញប៉ុណ្ណា?»។
ផ្ទុយពីការលើកឡើងនេះ ប្រជាពលរដ្ឋអះអាងថា ពួកគាត់មិនបានហាមឃាត់ការងាររកស៊ីរបស់ក្រុមហ៊ុនឡានដឹកដីនោះទេ ប៉ុន្តែសុំឲ្យមានការទទួលខុសត្រូវ។ ប្រជាពលរដ្ឋដាក់ការសង្ស័យថា ម្ចាស់ក្រុមហ៊ុននេះមានអំណាច ដែលអាចពាក់ព័ន្ធនឹងអាជ្ញាធរខណ្ឌនៅពីក្រោយខ្នង។ អ្នកភូមិរៀបរាប់ថា ពេលព្រឹកធ្វើឲ្យស្ទះអ្នកដំណើរ មានសិស្សានុសិស្សទៅសាលាមិនទាន់។ រីឯអ្នកធ្វើការវិញ ក៏ខកម៉ោងដែរ។ នៅពេលយប់ ឡានដឹកដីនេះបានដឹករហូតដល់ជិតម៉ោង ១០យប់ ដែលរំខានដល់ការសម្រាករបស់អ្នកភូមិ និងដីហុយ។
ប្រជាពលរដ្ឋតែងតែចោទក្រុមឡានធំៗដែលដឹកដី ខ្សាច់ គ្រួស ថ្ម ថាគិតតែប្រយោជន៍ផ្ទាល់ខ្លួន មិនគិតប្រយោជន៍អ្នកដទៃឡើយ ដោយធ្វើឲ្យខូចផ្លូវ និងប៉ះពាល់បរិស្ថាន។ ប្រជាពលរដ្ឋអំពាវនាវឲ្យអាជ្ញាធរពាក់ព័ន្ធ មានវិធានការចំពោះឡានដឹកដីហៀររឡិករឡាក់ទាំងនោះ ដើម្បីប្រយោជន៍រួម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
