កូដកម្មរបស់អ្នកធ្វើការនៅក្នុងក្រុមហ៊ុន ទ្រូថាម អាស៊ី (Truetime Asia) ទាមទារបញ្ឈប់អ្នកគ្រប់គ្រង ៣នាក់ មានរយៈពេល ១ខែមកហើយ តែនៅមិនទាន់មានដំណោះស្រាយនៅឡើយ។ អ្នកគ្រប់គ្រងម្នាក់ក្នុងចំណោម ៣នាក់នោះ គឺលោក ទឹម ណារិន ប្រាប់វិទ្យុអាស៊ីសេរីថា ក្រុមហ៊ុននៅតែទទួលយកអ្នកតវ៉ានោះឲ្យចូលធ្វើការ ប្រសិនបើពួកគេចង់មានការងារធ្វើ។
សម្ព័ន្ធសហជីពកម្ពុជា និងអ្នកគ្រប់គ្រងក្រុមហ៊ុនផលិតផ្ទាំងរូបភាពនិងរចនាម៉ូដឈ្មោះ ទ្រូថាម អាស៊ី ជួបចរចានៅរសៀលថ្ងៃទី១០ ខែវិច្ឆិកា រកដំណោះស្រាយចំពោះការតវ៉ារបស់បុគ្គលិកសុំប្តូរអ្នកគ្រប់គ្រង និងប្តូរលក្ខខណ្ឌការងារ។
ការចរចានេះបានធ្វើឡើងក្រោយពីបុគ្គលិកក្រុមហ៊ុនធ្វើកូដកម្មអស់រយៈពេល ១ខែហើយ ដើម្បីសុំប្តូរអ្នកគ្រប់គ្រង ៣នាក់ មានឈ្មោះលោក ញ៉ែម សុភៈ លោក ញ៉ែម សុភា និងលោក ទឹម ណារិន ដែលពាក់ព័ន្ធការប្រើហិង្សាលើបុគ្គលិកវេនយប់ កាលពីយប់ថ្ងៃ១៥ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅ និងសុំដំឡើងប្រាក់ឈ្នួលពលកម្ម និងមិនព្រមធ្វើការនៅថ្ងៃឈប់សម្រាក។
លោក ញ៉ែម សុភៈ ថ្លែងនៅក្នុងការចរចានៅរសៀលថ្ងៃ១០ ខែវិច្ឆិកា ថា មុននឹងគាត់ចូលមកការិយាល័យនេះ គឺបន្ទាប់ពីគាត់ត្រូវបាន លោក ម៉ៃ (MIKE ) នាយកក្រុមហ៊ុន ទ្រូថាម អាស៊ី ដកសិទ្ធិច្រើនខែមិនឲ្យចូលមកក្នុងការិយាល័យ ក្រោយពីគាត់បានធ្វើឲ្យមានកំហុសលើបុគ្គលិកវេនយប់។
លោកបន្តថា វត្តមានគាត់ចូលមកធ្វើការជាថ្មី គឺដោយសារនាយកក្រុមហ៊ុនបានអនុញ្ញាត៖ «ខ្ញុំចូលមកកាន់ការងារនេះវិញគឺបានជូនដំណឹងពីលោក ម៉ៃ គាត់ចេញបញ្ជា និងសេចក្ដីជូនដំណឹងមួយដល់បុគ្គលិកទាំងអស់ មុនពេលដែលខ្ញុំចូលមកកាន់ ហើយគាត់បានប្រាប់ខ្ញុំថា ថ្ងៃទីប៉ុណ្ណេះៗ ចូលធ្វើការវិញ ព្រោះការងារត្រូវការចាំបាច់ណា សុភៈ។ ទើបខ្ញុំមកកាន់ការងារដោយផ្ទាល់ ព្រោះកាលមុនខ្ញុំកាន់ការងារដោយប្រយោលនៅខាងក្រៅ គឺទាក់ទងតាមទូរស័ព្ទ ស៊ីញ៉េបើកប្រាក់ខែអី មានខាងរដ្ឋបាលអីគេយកទៅឲ្យខ្ញុំស៊ីញ៉េនៅក្រៅ ដល់ហើយខ្ញុំមានការលំបាកពេក គាត់ក៏បានជូនដំណឹងដល់បុគ្គលិកទាំងអស់ មុនពេលដែលខ្ញុំចូលមកកាន់ការងារនេះ»។
បុគ្គលិកតវ៉ាឲ្យដឹងថា លោក ញ៉ែម សុភៈ ចូលមកការិយាល័យមុនសេចក្ដីប្រកាសពីនាយកក្រុមហ៊ុន។ ពួកគេអះអាងថា នៅពេលលោក ញ៉ែម សុភៈ ចូលមកធ្វើការក៏ប្រកាសពីកំណែទម្រង់ការងារ ដោយឲ្យបុគ្គលិកធ្វើការពីថ្ងៃចន្ទ ដល់ថ្ងៃអាទិត្យ ផ្ទុយពីការសន្យារបស់លោក ម៉ៃ ជានាយកក្រុមហ៊ុន ដែលមកចរចាជាមួយបុគ្គលិកកាលពីថ្ងៃ១៦ ខែកក្កដា កន្លងទៅ។
ពួកគេបន្តថា អ្នកគ្រប់គ្រងមាន ៣នាក់ គឺលោក ញ៉ែម សុភៈ លោក ញ៉ែម សុភា និងលោក ទឹម ណារិន បានបញ្ឈប់មេក្រុមពួកគេចំនួន ៩នាក់ ដែលនាំឲ្យបុគ្គលិកទាំង ៣វេន មានជាង ១៤០នាក់ធ្វើកូដកម្មចាប់ពីថ្ងៃ៩ ខែតុលា មកដល់បច្ចុប្បន្ន៖ «មានន័យថា គាត់អត់ព្រមចេញទាំង ៣នាក់ទេ តែគាត់អាចឈប់ម្នាក់ពីរនាក់ ឬក៏នៅម្នាក់អ៊ីចឹង។ អ៊ីចឹងម្នាក់ហ្នឹងត្រូវដាក់បេក្ខភាពថាជាអ្នកណា? ហើយពូកខ្ញុំនឹងពិភាក្សាថា តើពួកខ្ញុំអាចទទួលយកម្នាក់ហ្នឹង ឬ ២នាក់ហ្នឹងនៅធ្វើការឬអត់? ហើយបើទទួលបាន លុះត្រាតែពួកខ្ញុំត្រូវគេទទួលយកលក្ខខណ្ឌរបស់ពួកខ្ញុំយកទៅជាមួយដែរ ហ្នឹងបានហៅថា ចរចា ហើយទន់សងខាង»។
ប្រធានសម្ព័ន្ធសហជីពកម្ពុជា តំណាងឲ្យបុគ្គលិកតវ៉ា អ្នកស្រី យ៉ាង សុភ័ណ្ឌ ស្នើសុំឲ្យក្រុមហ៊ុនដំឡើងប្រាក់ប្រចាំឆ្នាំលើសពី ៥០% ឡើងទៅ លើប្រាក់ខែបច្ចុប្បន្នដល់បុគ្គលិក៖ «ប៉ុន្តែឮវាសំខាន់យើងអត់ដឹងថា ចំណេញខាតហ្នឹងវាប៉ុន្មានភាគរយ ពីព្រោះគ្នាយើងអត់ដឹងផង។ អ៊ីចឹងខ្ញុំសុំឲ្យបងសុំទៅគាត់ឲ្យដាច់តែម្ដង ថាឥឡូវបុគ្គលិកណា ២០ដុល្លារ បុគ្គលិកណា ១០ដុល្លារ បុគ្គលិកណា ១៥ដុល្លារ តែកុំឲ្យទាបជាង ១០ដុល្លារ ព្រោះទាបពេក ១ឆ្នាំទម្រាំដំឡើងឲ្យគ្នាម្ដង។ រាល់ឆ្នាំ ខ្ញុំចង់ឲ្យឡើង ២០ដុល្លារឯណោះ បើឡើងម្នាក់ ២០ដុល្លារ រាល់ឆ្នាំល្អតែម្តង។ ខ្ញុំសុំនិយាយពីវិស័យកាត់ដេរ ឆ្នាំមុន២០១៣ ដំឡើងពីលើប្រាក់ឈ្នួល ២០ដុល្លារ តែក្រុមហ៊ុននេះអត់ទាន់ដំឡើងទេ»។
ការចរចានេះមិនទាន់បានសម្រេចតាមការទាមទារច្រើនចំណុចនោះទេ ដោយតំណាងក្រុមហ៊ុនមានលោក ញ៉ែម សុភៈ លោក ទឹម ណារិន ជាដើម ស្នើសុំយោបល់ទៅនាយកក្រុមហ៊ុន លោក ម៉ៃ សិន។
ក្រុមហ៊ុនផលិតផ្ទាំងរូបភាពនិងរចនាម៉ូដ ទ្រូថាម អាស៊ី បានដំណើរការពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១១ មក មានបុគ្គលិក ២៥០នាក់ ធ្វើការផ្នែកកែច្នៃម៉ូដសម្លៀកបំពាក់ គ្រឿងអលង្ការ ផ្ទាំងរូបភាព ដើម្បីផ្ដល់ទៅឲ្យក្រុមហ៊ុននៅក្រៅប្រទេសផលិតជាទស្សនាវដ្ដី៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
