បុគ្គលិក​ក្រុមហ៊ុន​ទ្រូថាម​អាស៊ី​តវ៉ា​មិន​ឲ្យ​បុគ្គលិក​ថ្មី​ចូល​ធ្វើ​ការ

0:00 / 0:00

បុគ្គលិក​ក្រុមហ៊ុន ទ្រូថាម អាស៊ី (Truetime Asia) ជាង ១០០​នាក់​បាន​នាំគ្នា​បិទ​ច្រក​ចូល​ទៅ​ក្រុមហ៊ុន​នេះ នៅ​ព្រឹក​ថ្ងៃ ទី​១៤ ខែ​វិច្ឆិកា ដើម្បី​រារាំង​មិន​អោយ​បុគ្គលិក​ដែល​ក្រុមហ៊ុន​ទើប​ជ្រើសរើស​ថ្មី​ចូល​ធ្វើការ។ តំណាង​ក្រុមហ៊ុន​​ចាត់​ទុក​សកម្មភាព​របស់​ក្រុម​បុគ្គលិក​ដែល​តវ៉ា​ថា ជា​ទង្វើ​ខុស​ច្បាប់។

ក្រុម​បុគ្គលិក​ដែល​តវ៉ា​ស្រែក​ប្រកូកប្រកាស​តាម​ឧបករណ៍​បំពង​សំឡេង ដោយ​បន្ត​ទាមទារ​អោយ​ក្រុមហ៊ុន​បំពេញ​តាម​សំណើ​របស់​ពួកគេ គឺ​បញ្ឈប់​អ្នក​គ្រប់គ្រង ៣​នាក់​ពី​ការងារ។ ការ​តវ៉ា​នោះ​ឈាន​ដល់​ប្រតាយប្រតប់​គ្នា​មួយ​ប្រាវ​ទៀត​ផង។

តំណាង​អ្នក​ធ្វើ​កូដកម្ម​ម្នាក់ លោក យី វិចិត្រ មាន​ប្រសាសន៍​ថា ការ​រារាំង​នេះ​កើត​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​បាន​បដិសេធ​ការ​ស្នើ​សុំ​ជួប​ចរចា​ជា​ថ្មី ដែល​ដាក់​ដោយ​សហព័ន្ធ​សហជីព​តំណាង​អោយ​កម្មករ។ លោក​បន្ត​ថា សំណើ​របស់​អ្នក​តវ៉ា​មិន​បាន​ផ្លាស់​ប្ដូរ​ទេ គឺ​នៅ​តែ​បន្ត​ទាមទារ​អោយ​ក្រុមហ៊ុន​បញ្ឈប់​អ្នកគ្រប់គ្រង ៣​នាក់​ពី​ការងារ៖ «រើស​បុគ្គលិក​ថ្មី​ចូល​អំឡុង​ពេល​កូដកម្ម អ៊ីចឹង​​ចំណុច​ហ្នឹង​គឺ​ធ្វើ​ខុស​ច្បាប់​ហើយ។ អ៊ីចឹង​យើង​ក៏​មាន​សិទ្ធិ​បិទ​មិន​អោយ​ពួក​គាត់​ចូល​ដូច​គ្ន​ដែរ»

បុគ្គលិក ទ្រូថាម អាស៊ី បាន​ធ្វើ​កូដកម្ម​ទាមទារ​បញ្ឈប់​អ្នក​គ្រប់គ្រង ៣​នាក់​នេះ​មាន​រយៈពេល ជាង​១​ខែ​មក​ហើយ តែ​នៅ​មិន​ទាន់​មាន​ដំណោះស្រាយ​នៅ​ឡើយ។ ក្នុង​អំឡុង​ពេល​មាន​ការ​តវ៉ា ក្រុមហ៊ុន​ក៏​បាន​រើស​បុគ្គលិក​ថ្មី​អោយ​ចូល​ធ្វើការ​ជា​បន្ត​បន្ទាប់។ ភាគី​ដែល​តវ៉ា និង​ភាគី​ក្រុមហ៊ុន​ធ្លាប់​បាន​ចរចា​គ្នា​ដែរ​នា​ពេល​កន្លងទៅ ក្នុង​នោះ​ក្រុមហ៊ុន​ប្រកាន់​ជំហរ​មិន​បញ្ឈប់​អ្នកគ្រប់គ្រង ៣​នាក់​តាម​ការ​ទាមទារ និង​ទុក​ឱកាស​អោយ​អ្នក​តវ៉ា​ដែល​ចង់​ចូល​ធ្វើការ​វិញ​ក្រុមហ៊ុន​នឹង​ទទួល​យក។

យ៉ាង​ណា​បុគ្គលិក​ដែល​ប្រឆាំង​ការ​សម្រេច​នេះ​អះអាង​ថា ពួកគេ​មិន​អាច​ទទួល​បាន ដោយ​សំអាង​ថា អ្នក​គ្រប់គ្រង​ទាំង ៣​នាក់​នោះ​ធ្លាប់​រំលោភ​សិទ្ធិ និង​ប្រើ​ហិង្សា​ដាក់​បុគ្គលិក។ អ្នក​គ្រប់គ្រង​​ទាំង​បី​រូប​នោះ​មាន​ឈ្មោះ ញ៉ែម សុភៈ ញ៉ែម សុភា និង​លោក ទឹម ណារិន។ អ្នក​ទាំង​បី​ត្រូវ​បាន​ក្រុមហ៊ុន​ផ្អាក​មិន​ឲ្យ​ធ្វើ​ការ​អស់​រយៈពេល​បី​ខែ​រួច​មក​ហើយ លុះ​ដល់​ពេល​ពួកគេ​ចូល​ធ្វើការ​វិញ បុគ្គលិក​បាន​ងើប​តវ៉ា​ជា​ថ្មី។ លុះ​ក្រោយ​មក​ភាគី​ក្រុមហ៊ុន​បាន​បណ្តេញ​តំណាង​បុគ្គលិក​ដែល​ដឹកនាំ​ការ​តវ៉ា​នៅ​ពេល​កន្លង​ទៅ​ចំនួន ៩​នាក់​ចេញ​ពី​ការងារ ដោយ​បញ្ជាក់​មូលហេតុ​ពិត​ប្រាកដ។ ក្រុមហ៊ុន​បាន​ឲ្យ​ប្រាក់​មួយ​ចំនួន​ទៅ​តំណាង​បុគ្គលិក​ដើម្បី​ឲ្យ​ពួកគេ​ឈប់​ធ្វើ​ការ ប៉ុន្តែ​បុគ្គលិក​តប​ថា ពួកគេ​ត្រូវ​ការ​យុត្តិធម៌។

អ្នក​គ្រប់​គ្រង​ម្នាក់ គឺ​លោក ញ៉ែម សុភា ដែល​ព្យាយាម​នាំ​បុគ្គលិក​មួយ​ចំនួន​ចូល​ទៅ​ក្នុង​ការិយាល័យ​របស់​ក្រុមហ៊ុន និង​បាន​ប៉ះទង្គិច​ពាក្យ​សម្ដី​ជាមួយ​បុគ្គលិក​ដែល​តវ៉ា​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ពុំ​បាន​រើស​បុគ្គលិក​ថ្មី​ទេ ហើយ​ថា អ្នក​តវ៉ា​គួរតែ​គោរព​ច្បាប់។

លោក​ក៏​បាន​បដិសេធ​ដែរ​ចំពោះ​ការ​ចោទ​ប្រកាន់​ថា លោក​បាន​ប្រើ​ហិង្សា​លើ​បុគ្គលិក៖ «រួច​ឥឡូវ​មក​កាត់​ពួក​បុគ្គលិក​ចាស់​ហើយ​បុគ្គលិក​ថ្មី​ទៀត។ បើ​ថា​យើង​ទាមទារ​អត់​អោយ​បុគ្គលិក​ថ្មី​ចូល យើង​ធ្វើ​អោយ​បុគ្គលិក​ចាស់​ហ្នឹង​ត្រូវ​អោយ​គេ​ចូល​វិញ។ យើង​ហាម​គេ​អត់​អោយ​ចូល​ធ្វើ​ការ បើ​មាន​សិទ្ធិ​ ច្បាប់​ក្រឹត្យក្រម​គេ​ចែង​ ​ក្រដាស​មក​បាន​ខ្ញុំ​ប្រាប់​អត់​អោយ​ចូល តែ​នេះគេ​អត់​មាន​ក្រដាស​ស្នាម គេ​ធ្វើ​អី​ស្រេច​នឹង​ចិត្ត កាន់​ដៃ​អត់​អោយ​គេ​ចូល សួរ​ថា​តើ​គេ​ធ្វើ​ត្រូវ​ ឬ​ខុស?»

ប្រធាន​សហព័ន្ធ​សហជីព​អភិវឌ្ឍន៍​កម្មករ លោក តែប តុន មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​គួរតែ​ជួប​ចរចា​ជា​ថ្មី​ជាមួយ​សហជីព​ដើម្បី​រក​ដំណោះស្រាយ។

ការ​តវ៉ា​មិន​អោយ​បុគ្គលិក​ថ្មី​ចូល​ធ្វើ​ការ​នេះ​ធ្វើ​ឡើង​នៅ​ក្រោយ​ពេល​ដែល​ក្រុម​បុគ្គលិក​ដែល​តវ៉ា​ទើប​ផ្លាស់​ប្ដូរ​សហព័ន្ធ​សហជីព​ថ្មី ដើម្បី​អោយ​ជួយ​ការងារ​តវ៉ា​របស់​ពួក​គេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។