នាយកក្រុមហ៊ុនផលិតផ្ទាំងរូបភាពនិងរចនាម៉ូដទ្រូថាមអាស៊ី truetime asia លោក ញ៉ែម សុភៈ ឲ្យដឹងថាបុគ្គលិកទាំង៣វេន ចំនួន២៥០នាក់ ព្រមចូលធ្វើការវិញហើយ នៅថ្ងៃ១៧ ខែកក្កដា បន្ទាប់ពីប្រធានក្រុមហ៊ុននោះ ចូលដោះស្រាយបញ្ចប់ជម្លោះ រវាងអ្នកគ្រប់គ្រងនិងបុគ្គលិក។
លោក ហែម ធា បុគ្គលិករងរបួសក្នុងការប្រទូសរ៉ាយ ជាមួយលោក ញ៉ែម សុភៈ នាយកគ្រប់គ្រងក្រុមហ៊ុនឲ្យដឹងថាក្នុងការដោះស្រាយនោះ បុគ្គលិកទាំងអស់ទាមទារប្ដូរលក្ខណការងារ ច្រើនចំណុច ហើយប្រធានក្រុមហ៊ុនបានយល់ព្រមសំណើនោះ៖ «គឺបុគ្គលិកទាំងអស់គេទាមទារឲ្យបញ្ឈប់ប្រធានក្រុមហ៊ុនឈ្មោះ ញ៉ែម សុភៈចេញពីក្រុមហ៊ុន។ ទី២សុំឈប់សម្រាកប្រចាំឆ្នាំ ១៨ថ្ងៃស្របតាមច្បាប់ការងារ។ ទី៣ សុំឲ្យធ្វើការថែមម៉ោងដោយគ្មានការ បង្ខិតបង្ខំពីប្រធានក្រុមហ៊ុន ឬអ្នកណាម្នាក់ទេ គឺធ្វើការដោយស្ម័គ្រចិត្ត និងចំណុចមួយទៀតទាមទារសុំឲ្យធ្វើការ ថ្ងៃអាទិត្យគុណលុយ ឲ្យបុគ្គលិកនឹង២ អត់គុណនឹង១ដូចកាល លោក ញ៉ែម សុភៈ ប្រាប់កាលមុនទេ ហើយនិងដូចជាចូលឆ្នាំ ថ្ងៃភ្ជុំ ថ្ងៃអុំទូក គឺសុំគុណនឹង៣ ហើយគាត់ព្រមទទួលទាំងអស់»។
កាលពីរំលងអធ្រាត្រ ថ្ងៃ១៥ ខែកក្កដា ជម្លោះរវាងអ្នកគ្រប់គ្រងក្រុមហ៊ុន លោក ញ៉ែម សុភៈ ជាមួយបុគ្គលិកដោយមានហិង្សា និងប្រើកាំភ្លើងផងនោះ ធ្វើឲ្យបុគ្គលិកប្រតាយប្រតប់យកកាំភ្លើង ពីនាយកគ្រប់គ្រងក្រុមហ៊ុនបណ្ដាលឲ្យបុគ្គលិក វេនទី៣ ចំនួន៤នាក់ រងរបួសស្រាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
