បុគ្គលិកក្រុមហ៊ុនផលិតផ្ទាំងរូបភាព និងរចនាម៉ូត ទ្រូថាមអាស៊ី (Truetime Asia) ដែលធ្វើកូដកម្ម យល់ព្រមចូលធ្វើការវិញនៅថ្ងៃសុក្រ ទី២១ ខាងមុខ បន្ទាប់ពីភាគីក្រុមហ៊ុនយល់ព្រមតាមការទាមទារមួយចំនួន។
ការព្រមព្រៀងនេះ ធ្វើឡើងនៅក្នុងការចរចានៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា រវាងតំណាងបុគ្គលិក តំណាងក្រុមហ៊ុន សហជីព និងតំណាងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ប្រធានសហព័ន្ធសហជីពសាមគ្គីភាព លោក ណៃ សុខវាសនា មានប្រសាសន៍នៅក្រោយការចរចាថា ចំណុចដែលចម្រូងចម្រាសជាងគេ គឺការទាមទារអោយដកអ្នកគ្រប់គ្រងពីការងារ និងការបណ្ដេញតំណាងបុគ្គលិកបានដោះស្រាយរួច ដោយភាគីទាំងពីរព្រមព្រៀងគ្នាបន្តធ្វើការជាមួយគ្នាទៀត ប៉ុន្តែត្រូវបំពេញតាមលក្ខខណ្ឌមួយចំនួន។ លោកបន្តថា ចំណុចចំនួនពីរ គឺការទាមទារដំឡើងប្រាក់ខែគោល និងប្រាក់បៀវត្សរ៍ក្នុងរយៈពេលជាង ១ខែ អំឡុងពេលធ្វើបាតុកម្ម នៅមិនទាន់សះជា៖ «ក្រុមហ៊ុនគាត់មិនអាចដកបុគ្គលិកគាត់បាន ហើយគាត់ក៏មិនដកតំណាងយើងទាំង ៩នាក់ដែរ គឺយើងចូលធ្វើការទាំងអស់គ្នា ចាប់ដៃគ្នា យើងកែអត្តចរិតអី យើងធ្វើមិញអោយការងារទៅវិញ។ សំខាន់យើងភ្ជាប់លក្ខខណ្ឌមួយថ្ងៃក្រោយ បើមានបញ្ហាអី គឺសុំអោយទាំងនិយោជកក៏ដោយ ទាំងបុគ្គលិកក៏ដោយ គឺដោះស្រាយតាមនីតិវិធីអោយអស់លទ្ធភាព ចាំយើងជូនដំណឹងធ្វើកូដកម្ម។ យើងក៏សំណូមពរទៅគាត់ដែរ អោយបុគ្គលិកគាត់ ២នាក់ជាសំខាន់ប្អូនគាត់ គឺ ញ៉ែម សុភា ហ្នឹង អោយគាត់បន្ទន់ឥរិយាបថ ធ្វើយ៉ាងម៉េចកុំអោយគាត់ចេះតែប្រើអំណាច ធ្វើអោយបងប្អូនអត់សប្បាយចិត្ត វាអាចធ្វើកូដកម្មទៀត»។
ប្រធាននាយកដ្ឋានដោះស្រាយវិវាទការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក វ៉ា យុវវឌ្ឍនា មានប្រសាសន៍ថា ចំណុចដែលនៅសេសសល់ នឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សាអាជ្ញាកណ្ដាល។
ការព្រមព្រៀងគ្នានៅពេលនេះ គឺបន្ទាប់ពីតុលាការរាជធានីភ្នំពេញ បានចេញដីកាកោះចំនួន៩ ហៅតំណាងបុគ្គលិកដែលចូលរួមការតវ៉ាជាងមួយខែមកនេះ អោយចូលខ្លួនទៅតាមបណ្ដឹងរបស់ក្រុមហ៊ុន។ នៅក្នុងលទ្ធផលការចរចា ក៏បានបញ្ជាក់ថា ក្រុមហ៊ុននឹងដកពាក្យបណ្ដឹងវិញនៅក្រោយពេលបុគ្គលិកចូលធ្វើការវិញ និងបំពេញការងារបានល្អ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
