កង​រក្សា​សន្តិសុខ​មួក​ខៀវ​កម្ពុជា​២​នាក់​ស្លាប់​នៅ​ប្រទេស​ម៉ាលី

0:00 / 0:00

មន្ត្រី​យោធា​ជាន់​ខ្ពស់​កម្ពុជា ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា បាន​បាត់​បង់​កង​រក្សា​សន្តិភាព​ជ្រក​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ ចំនួន ២​នាក់ ដែល​ស្លាប់​ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ប្រទេស​ម៉ាលី។ មន្ត្រី​ជំនាញ​កំពុង​បំពេញ​បែបបទ​បញ្ជូន​សាកសព​កងទ័ព​ទាំង​ពីរ មក​កាន់​ប្រទេស​កម្ពុជា វិញ​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក​ឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ គ្រប់គ្រង​កង​កម្លាំង​រក្សា​សន្តិសុខ បោស​សម្អាត​មីន និង​កាក​សំណល់​សង្គ្រាម​កម្ពុជា មាន​ប្រសាសន៍​នៅ​រសៀល​ថ្ងៃ​ពុធ ទី​១១ ខែ​មិថុនា ថា កង​រក្សា​សន្តិភាព​កម្ពុជា ទាំង​ពីរ បាន​ស្លាប់​នៅ​ប្រទេស​ម៉ាលី កាល​ពី​ថ្ងៃ​ទី​១០ ខែ​មិថុនា ម្សិលមិញ។

លោក​ថា តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង ការ​ស្លាប់​របស់​កងទ័ព​ទាំង​ពីរ អាច​បណ្ដាល​មក​ពី​ពុល​ចំណី ឬ​មាន​ជំងឺ​ផ្លូវ​ដង្ហើម៖ «ឥឡូវ​នេះ​យើង​គិត​តាម​ការ​យើង​មើល​ឃើញ​ដោយ​ភ្នែក​យើង​ផ្ទាល់ អាច​ទាស់​ចំណី ឬ​ជំងឺ​ផ្លូវ​ដង្ហើម។ ហើយ​ឥឡូវ​នេះ ទាំង​អង្គការ​សហប្រជាជាតិ គេ​កំពុង​ធ្វើ​កោសល្យវិច័យ​ទៅ​លើ​សាកសព គឺ​គេ​យក​លាមក និង​ទឹក​នោម ឈាម ទៅ​ពិនិត្យ ហើយ​បន្ទាប់​មក​គេ​ទៅ​ពិនិត្យ​នៅ​កន្លែង​រស់នៅ មាន​ទឹក មាន​អាហារ និង​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​នៅ​កន្លែង​ជុំវិញ​ខ្លួន។ កន្លែង​អង្គភាព​យើង​ហ្នឹង គេ​កំពុង​ធ្វើ ហើយ​លទ្ធផល​យ៉ាង​ណា ខ្ញុំ​នឹង​ជម្រាប​ជូន​នៅ​ពេល​ក្រោយ»

លោក​ឧត្តមសេនីយ៍ សែម សុវណ្ណនី បន្ថែម​ថា សាកសព​របស់​កងទ័ព​ទាំង​ពីរ​មិន​ទាន់​បញ្ជូន​មក​ដល់​ប្រទេស​កម្ពុជា នៅ​ឡើយ​ទេ ព្រោះ​មន្ត្រី​ជំនាញ​កំពុង​បំពេញ​សំណុំ​បែបបទ ប៉ុន្តែ​នឹង​បញ្ជូន​មក​ដល់​កម្ពុជា ក្នុង​ពេល​ឆាប់ៗ។ លោក​បន្ត​ថា សាកសព​កង​រក្សា​សន្តិភាព​ទាំង​ពីរ ក្រុម​គ្រូពេទ្យ​ជំនាញ​កំពុង​ធ្វើ​កោសល្យវិច័យ​ជា​មុន មុន​នឹង​បញ្ជូន​មក​កម្ពុជា៖ «សាកសព​ទាំង​ពីរ​ជា​ធម្មតា​មុន​នឹង​គេ​បញ្ជូន​មក​កម្ពុជា គឺ​ត្រូវ​រៀបចំ​បែបបទ និង​នីតិវិធី​បញ្ជូន​ឆ្លង​ប្រទេស។ ហើយ​ក្រោយ​ពី​បំពេញ​បែបបទ​ហើយ ជា​ធម្មតា​គេ​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ឋ​គ្រប់​ប្រទេស ដែល​នៅ​តំបន់​បេសកកម្ម​ហ្នឹង គឺ​ធ្វើ​ពិធី​គោរព​វិញ្ញាណក្ខន្ឋ ហើយ​បាន​គេ​រុញ​សាកសព​ចូល​យន្តហោះ ដើម្បី​ធ្វើ​មាតុភូមិ​និវត្តន៍។ ជា​ធម្មតា យើង​ធ្លាប់​ធ្វើ​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ ដូចជា នៅ​ស៊ូដង់ និង​ប្រទេស​ផ្សេងៗ គឺ​ដូច​គ្នា។ រីឯ​ពេល​វេលា​សាកសព​មក​ដល់​កម្ពុជា មិន​ទាន់​ដឹង​ពិត​ប្រាកដ​ពេល​ណា​ទេ ប៉ុន្តែ​ឆាប់ៗ​ហ្នឹង​ហើយ»

លោក​ឧត្តមសេនីយ៍ សែម សុវណ្ណនី បញ្ជាក់​ថា ចាប់​តាំង​ពី​ប្រទេស​កម្ពុជា បាន​បញ្ជូន​កង​រក្សា​សន្តិភាព​ក្នុង​ក្របខ័ណ្ឌ ឬ​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ តាំង​ពី​ឆ្នាំ​២០០៦ រួម​ក គឺ​ទើប​តែ​ពេល​នេះ ទើប​មាន​កង​រក្សា​សន្តិភាព ២​នាក់​បាន​ស្លាប់។ កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៤ ប្រទេស​កម្ពុជា បាន​បញ្ជូន​កងទ័ព​ជ្រក​ក្រោម​ឆត្រ​របស់​អង្គការ​សហប្រជាជាតិ ជាង ៣០០​នាក់ (៣០៩) ក្នុង​បេសកកម្ម​រក្សា​សន្តិភាព​នៅ​ប្រទេស​ម៉ាលី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។