សកម្មជន​សហជីព​២​នាក់​ត្រូវ​បាន​ដោះ​លែង​បន្ទាប់​ពី​ឃាត់​ខ្លួន​សាកសួរ​នៅ​ខណ្ឌ​ឫស្សីកែវ

0:00 / 0:00

អាជ្ញាធរ​ប៉ូលិស​ខណ្ឌ​ឫស្សីកែវ បាន​ចាប់​ខ្លួន​សកម្មជន​សហជីព​ចំនួន ២​នាក់ ដើម្បី​សាកសួរ​ក្នុង​ពេល​ចែក​លិខិត​ជូន​ដំណឹង​ដល់​កម្មករ អំពី​ការ​ផ្អាក​ធ្វើ​ការ​លើស​ម៉ោង និង​បាន​ដោះ​លែង​មក​វិញ ក្រោយ​ពី​ឃាត់​ខ្លួន​ប្រមាណ ១​ម៉ោង។

ប្រធាន​សម្ព័ន្ធ​សហជីព​ជាតិ លោក ហ្វា សាលី បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ កុម្ភៈ ថា សកម្មជន​នៅ​ក្នុង​សហជីព​របស់​លោក​ចំនួន ២​នាក់ ត្រូវ​អាជ្ញាធរ​ស្លៀកពាក់​ស៊ីវិល​ចាប់​ខ្លួន និង​នាំ​ខ្លួន​ទៅ​សាកសួរ​នៅ​ទីស្នាក់ការ ដោយ​ចោទ​ប្រកាន់​ថា ចែក​ខិត្តប័ណ្ណ​ជូន​ដំណឹង​សហជីព​ដល់​កម្មករ​ដោយ​គ្មាន​ការ​អនុញ្ញាត។

លោក ហ្វា សាលី បាន​ឲ្យ​ដឹង​បន្ថែម​ថា ការ​ចាប់​នោះ​កើត​ឡើង​នៅ​ម៉ោង ១១​ថ្ងៃ​ត្រង់ នៅ​មុខ​រោងចក្រ​កាត់​ដេរ អេហ្វឺគ្រីន (EVER GREEN) នៅ​ក្នុង​សង្កាត់​គីឡូលេខ៦ ខណ្ឌ​ឫស្សីកែវ និង​បាន​ដោះ​លែង​មក​វិញ​មួយ​ម៉ោង​ក្រោយ​មក។ លោក​ចាត់​ទុក​ថា នេះ​គឺ​ជា​សកម្មភាព​រំលោភ​ច្បាប់ ពីព្រោះ​នៅ​ប្រទេស​កម្ពុជា មិន​មាន​ច្បាប់​ចែង​ថា ការ​ចែក​លិខិត​ជូន​ដំណឹង​ពី​សហជីព​ឲ្យ​ទៅ​កម្មករ ត្រូវ​សុំ​ច្បាប់​អាជ្ញាធរ​នោះ​ទេ៖ «ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ទង្វើ​របស់​អាជ្ញាធរ ដែល​ធ្វើ​ជា​សមត្ថកិច្ច​តែ​ដូច​ជា​ចោរ​ប្លន់។ គ្មាន​ឯកសណ្ឋាន​ត្រឹមត្រូវ ឃាត់​គេ​ឃាត់​ឯង គ្មាន​បង្ហាញ​តួនាទី ស្ថាប័ន​ថា​មក​ពី​ទីណា? ដូច្នេះ យើង​សុំ​ថ្កោលទោស»

លិខិត​ដែល​ចែក​ជូន​កម្មករ​នោះ គឺ​ការ​អំពាវនាវ​របស់​សហជីព សុំ​ឲ្យ​កម្មករ​ចូល​រួម​ធ្វើ​សកម្មភាព​តវ៉ា ដោយ​កុំ​ឲ្យ​ធ្វើ​ការ​ថែម​ម៉ោង​ចាប់​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ ដល់​ថ្ងៃ​ទី​២៨ កុម្ភៈ អញ្ជើញ​កម្មករ​ចូល​រួម​វេទិកា​សាធារណៈ​នៅ​ថ្ងៃ​ទី​៨ មីនា នៅ​ទីលាន​ប្រជាធិបតេយ្យ និង​បើ​គ្មាន​ដំណោះស្រាយ នឹង​មាន​កូដកម្ម​ទូទាំង​ប្រទេស​អត់​មក​ធ្វើ​ការ​ចាប់​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​១៥ មីនា និង​ចាប់​ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​១៩ មីនា គឺ​កម្មករ​និយោជិត​មក​កន្លែង​ធ្វើ​ការ ប៉ុន្តែ​អត់​បំពេញ​ការងារ។

សមាជិក​សម្ព័ន្ធ​សហជីព ២​នាក់ ដែល​ត្រូវ​ចាប់​ខ្លួន​នោះ​ឈ្មោះ លោក យិន សារឿន ជា​អគ្គលេខាធិការ​រង និង​លោក ជួប និត ជា​ហេរញ្ញិក​របស់​សម្ព័ន្ធ​សហជីព​ជាតិ។

លោក យិន សារឿន ជា​អគ្គលេខាធិការ​រង​សម្ព័ន្ធ​សហជីព​ជាតិ ដែល​ត្រូវ​ចាប់​ខ្លួន និង​សាកសួរ បាន​និយាយ​ឲ្យ​ដឹង​ថា ការ​ចាប់​នោះ​ជា​ការ​ខុស​ច្បាប់៖ «ពេល​នោះ​គាត់​មក​សួរ​ថា ខ្ញុំ​មក​ពី​ណា មក​ពី​ខាង​សហជីព គេ​ថា​អ្នក​ណា​គេ​អ្នក​ឲ្យ​មក​ចែក ខ្ញុំ​ថា​អត់​មាន​អ្នក​ណា​ឲ្យ​មក​ចែក​ទេ គឺ​មក​ខ្លួន​ឯង ហើយ​គាត់​ថា ហាម​អត់​ឲ្យ​ចែក ហើយ​គាត់​ឃាត់​ខ្ញុំ ហើយ​ឲ្យ​ឈប់ និង​ហៅ​ទៅ​ខាង​ខណ្ឌ។ គេ​ថា​មេ​គេ​ហៅ​ឲ្យ​ទៅ​ខណ្ឌ។ ពី​ដំបូង ខ្ញុំ​សួរ​ដែរ ថា​បង​ឯង​មក​ពី​ខាង​ណា? ព្រោះ​គាត់​អត់​មាន​ស្លៀកពាក់​ត្រឹមត្រូវ​សោះ»

ទាក់ទង​ការ​ចាប់​ខ្លួន​សមាជិក​សហជីព​នេះ លោក ស៊ិន សំអាត ប៉ូលិស​នៅ​ក្នុង​ខណ្ឌ​ឫស្សីកែវ ទទួល​បន្ទុក​សន្តិសុខ បាន​ឲ្យ​ដឹង​ថា ការ​ឃាត់​ខ្លួន​សាកសួរ​សមាជិក​សហជីព​នោះ មិន​មែន​ជា​ការ​ចាប់​ខ្លួន​ទេ ហើយ​អ្នក​សាកសួរ​នោះ​ជា​អាជ្ញាធរ​ថ្នាក់​សង្កាត់​ទេ៖ «គេ​មាន​ចាប់​ឯណា គេ​គ្រាន់​តែ​ហៅ​មក​សួរ​នាំ ហើយ​គេ​អោយ​គាត់​ទៅ​វិញ​ហើយ»

លោក អំ សំអាត ប្រធាន​ផ្នែក​ស៊ើប​អង្កេត​របស់​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) បាន​ចាត់​ទុក​សកម្មភាព​ចាប់​ខ្លួន និង​ហៅ​ទៅ​សាកសួរ​នៅ​ទីស្នាក់ការ​របស់​អាជ្ញាធរ​នេះ​ថា ជា​អំពើ​ខុស​ច្បាប់ គំរាម​កំហែង​លើ​សកម្មជន​សហជីព។

កាល​ពី​ថ្ងៃ​ទី​១៣ កុម្ភៈ តំណាង​សហព័ន្ធ​សហជីព​សមាគម និង​កម្មករ​និយោជិត​នៅ​គ្រប់​វិស័យ បាន​អំពាវនាវ​ដល់​សមាជិក​សមាជិកា កម្មករ​និយោជិត មន្ត្រី​រាជការ និង​ប្រជាពលរដ្ឋ សូម​ចូល​រួម​តវ៉ា​ទាមទារ​ទាំងអស់​គ្នា ធ្វើ​ពហិការ​មិន​ធ្វើ​ការ​ថែម​ម៉ោង និង​ធ្វើ​កូដកម្ម​ទូទាំង​ប្រទេស ដើម្បី​សុំ​ឲ្យ​មាន​ការ​ដោះ​លែង​ជន​ជាប់​ចោទ ២១​នាក់ និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​សកម្មជន​សិទ្ធិ​មនុស្ស និង​កម្មករ​ទាំង ២៣​នាក់ សុំ​ឲ្យ​មាន​ការ​ចរចា​ដំឡើង​ប្រាក់​ឈ្នួល​គោល ១៦០​ដុល្លារ ក្នុង​មួយ​ខែ​ឡើង​វិញ និង​ត្រូវ​ដាក់​ទោស​ដល់​ជន​ល្មើស​ដែល​បាន​ប្រើ​ហិង្សា និង​សម្លាប់​កម្មករ ព្រម​ទាំង​ផ្តល់​សំណង​ជំងឺ​ចិត្ត​ដល់​ជន​រងគ្រោះ ដែល​បាន​របួស បាត់​បង់​ជីវិត និង​ជាប់​ឃុំឃាំង ជាដើម៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។