បុគ្គលិក​ស្ត្រី​ណាហ្គាវើល​២​នាក់​រង​របួស​ពេល​បាតុកម្ម

0:00 / 0:00

នៅ​ព្រឹក​ថ្ងៃ​ទី២៥ មិថុនា នេះ ការ​ធ្វើ​បាតុកម្ម​របស់​បុគ្គលិក​ក្រុមហ៊ុន ណាហ្គាវើល នេះ បាន​ផ្ទុះ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​ក្រុម​សន្តិសុខ បាន​ប្រើ​អំពើ​ហិង្សា​មក​លើ​បុគ្គលិក​ជា​ស្ត្រី​ធ្វើ​ឲ្យ​រង​របួស​ចំនួន​ពីរ​នាក់។

ស្ត្រី​ជា​បុគ្គលិក ណាហ្គាវើល ពីរ​នាក់ រង​របួស​ក្នុង​ចំណោម​បុគ្គលិក​រាប់​រយ​នាក់ ខណៈ​ធ្វើ​ការ​តវ៉ា​ទាមទារ​ឲ្យ​ថៅកែ​គោរព​សេចក្ដី​បង្គាប់​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល និង​សុំ​ដំឡើង​ប្រាក់​ឈ្នួល​នៅ​ថ្ងៃ​ទី២៥ មិថុនា។

ក្រុម​កម្មករ​បាន​អះអាង​ថា ក្រុម​សន្តិសុខ​ការពារ​ក្រុមហ៊ុន​ជាច្រើន​នាក់​បាន​យក​ដែក​ដាក់​របាំង​មិន​ឲ្យ​បុគ្គលិក​ចូល​ទៅ​ក្នុង​អគារ​កាស៊ីណូ ណាហ្គាវើល នោះ រុញ​ទម្លាក់​សង្កត់​លើ​បុគ្គលិក​ខ្លះ​ត្រូវ​ក្បាល និង​ខ្លះ​ទៀត​លើ​ដង​ខ្លួន និង​ធ្វើ​ឲ្យ​របួស​ធ្ងន់​ពីរ​នាក់ ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​ភ្លាមៗ។

សេចក្ដី​សម្រេច និង​បង្គាប់​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល កាល​ពី​ឆ្នាំ​២០១០ បង្គាប់​ឲ្យ​និយោជក​សហការ និង​ផ្ដល់​លទ្ធភាព​ឲ្យ​សហជីព​បាន​រៀបចំ​ទី​កន្លែង​ប្រជុំ​របស់​ខ្លួន ដូច​ដែល​អនុវត្ត​កន្លង​មក និង​អនុញ្ញាត​ឲ្យ​ថ្នាក់​ដឹកនាំ​សហជីព​មាន​សិទ្ធិ​ចេញ​ចូល​ក្នុង​ក្រុមហ៊ុន ដើម្បី​បំពេញ​ភារកិច្ច​ទទួល​ខុស​ត្រូវ​ស្រប​តាម​អាណត្តិ​សហជីព​របស់​ខ្លួន។ បង្គាប់​ឲ្យ​ក្រុមហ៊ុន​ទទួល​យក​បុគ្គលិក ៤​នាក់ ឲ្យ​ចូល​ធ្វើ​ការ​កន្លែង​ដើម​វិញ ចាប់​ពី​សេចក្ដី​បង្គាប់​នេះ​ចូល​ជា​ធរមាន និង​ផ្ដល់​ប្រាក់​រំឭក​ចាប់​ពី​ថ្ងៃ​បញ្ឈប់ រហូត​ដល់​ថ្ងៃ​ចូល​ធ្វើ​ការ​វិញ និង​សម្រេច​មោឃភាព​កិច្ច​ព្រមព្រៀង​ទទួល​យក​ប្រាក់​បំណាច់​កិច្ចសន្យា​ជា​កញ្ចប់ ចុះ​ថ្ងៃ​ទី២៧ កុម្ភៈ ឆ្នាំ​២០០៩ និង​ថ្ងៃ​ទី២ ខែ​មីនា ឆ្នាំ​២០០៩។

អនុប្រធាន​សហជីព​ទ្រទ្រង់​សិទ្ធិ​ការងារ​បុគ្គលិក​កម្មករ​ខ្មែរ នៃ​ក្រុមហ៊ុន ណាហ្គាវើល កញ្ញា ឈឹម ស៊ីថរ អះអាង​ថា បុគ្គលិក​ដែល​ធ្វើ​បាតុកម្ម​នេះ​មាន​ជាង ១​ពាន់​នាក់ ក្នុង​ចំណោម​បុគ្គលិក ណាហ្គាវើល ទាំងអស់​មាន​ជាង ៤៥.០០​នាក់។ កញ្ញា ឈឹម ស៊ីថរ បញ្ជាក់​ថា មូលហេតុ​ដែល​បុគ្គលិក​ទាំងអស់​នៅ​តែ​បន្ត​ធ្វើ​បាតុកម្ម​នេះ ដោយសារ​តែ​ខាង​និយោជក​មិន​ព្រម​ធ្វើ​តាម​សេចក្ដី​បង្គាប់​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល និង​ដំឡើង​ប្រាក់​ឈ្នួល​ជូន​បុគ្គលិក​ទាប​បំផុត ១៥០​ដុល្លារ​ក្នុង​មួយ​ខែ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អនុប្រធាន​ការិយាល័យ​វិវាទ​ការងារ​នៃ​នាយកដ្ឋាន​វិវាទ​ការងារ ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ លោក ហួន សឿ ដើម្បី​សួរ​អំពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២៥ មិថុនា។

ក្រៅ​ពី​ក្រុមហ៊ុន​មិន​គោរព​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​នោះ ក្រុម​បុគ្គលិក​បាន​ចោទ​ប្រកាន់​ក្រុមហ៊ុន ណាហ្គាវើល ថា​បាន​គាប​សង្កត់​បុគ្គលិក និង​រំលោភ​ច្បាប់​ការងារ​ជាដើម។

មេធាវី​តំណាង​ឲ្យ​ក្រុមហ៊ុន ណាហ្គាវើល មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​បញ្ហា​នេះ​ទេ ដោយ​ប្រាប់​ថា គាត់​ជាប់​រវល់។

អនុប្រធាន​ផ្នែក​អង្កេត​សិទ្ធិ​មនុស្ស​នៃ​សមាគម​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) និង​ជា​ជំនួយ​ការ​ផ្នែក​ច្បាប់ លោក ណៃ វ៉ង់ដា មាន​ប្រសាសន៍​ថា ប្រសិន​បើ​ក្រុមហ៊ុន ណាហ្គាវើល មិន​ទទួល​យក​សេចក្ដី​សម្រេច​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ទេ ក្រុមហ៊ុន​នេះ​គួរ​តែ​ប្ដឹង​ទៅ​តុលាការ តែ​បែរ​ជា​ក្រុមហ៊ុន​ប្រើ​អំណាច​របស់​ខ្លួន​បញ្ឈប់​បុគ្គលិក​ថែម​ទៀត។

សេចក្ដី​សម្រេច និង​បង្គាប់​របស់​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល កាល​ពី​ឆ្នាំ​២០១០ នោះ បាន​បញ្ជាក់​ថា សេចក្ដី​បង្គាប់​នេះ​នឹង​ក្លាយ​ជា​ស្ថាពរ បន្ទាប់​ពី​ថ្ងៃ​ជូន​ដំណឹង​អំពី​សេចក្ដី​បង្គាប់​ចំនួន ៨​ថ្ងៃ បើ​សិន​ជា​មិន​មាន​ភាគី​ណា​មួយ​ដាក់​ពាក្យ​ជំទាស់​ជា​លាយលក្ខណ៍អក្សរ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ តាម​រយៈ​លេខាធិការដ្ឋាន​នៃ​ក្រុម​ប្រឹក្សា​អាជ្ញា​កណ្ដាល​ក្នុង​រយៈពេល​នេះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។